ជំពូក ១
នាងយូឌីត
ព្រះបាទនេប៊ូកានេសារធ្វើសង្គ្រាមឈ្នះព្រះបាទអរផាសាដ
1 នៅឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះបាទនេប៊ូកានេសារ ជាស្ដេចស្រុកអាស្ស៊ីរីនៅក្រុងនីនីវេ ជាមហានគរ។ ចំណែកឯព្រះបាទអរផាសាដវិញ ព្រះអង្គគ្រងរាជ្យលើជនជាតិម៉ែដ ហើយគង់នៅរាជធានីអែកបាតាន។ 2 ព្រះបាទអរផាសាដបញ្ជាឲ្យគេយកថ្ម ដែលមានបណ្ដោយប្រវែងប្រាំមួយហត្ថ និងទទឹងបីហត្ថ មកសាងកំពែងជុំវិញអែកបាតាន។ កំពែងនេះមានកម្ពស់ចិតសិបហត្ថ ទទឹងហាសិបហត្ថ។ 3 នៅសងខាងខ្លោងទ្វារក្រុង ស្ដេចឲ្យគេសង់ប៉មដែលមានកម្ពស់មួយរយហត្ថ ហើយចាក់គ្រឹះមានទទឹងហុកសិបហត្ថ។ 4 ស្ដេចក៏សង់ទ្វារក្រុងដែរ។ ទ្វារទាំងនោះមានកម្ពស់ចិតសិបហត្ថ និងទទឹងសែសិបហត្ថ សម្រាប់ឲ្យកងទ័ព និងកងពលថ្មើរជើងចេញទៅច្បាំង។ 5 នៅគ្រានោះ ព្រះបាទនេប៊ូកានេសារចេញទៅធ្វើសង្គ្រាមនឹងព្រះបាទអរផាសាដ នៅវាលទំនាបដ៏ធំក្បែរក្រុងរ៉ាកូ។ 6 អ្នកស្រុកទាំងអស់ដែលរស់នៅតាមតំបន់ភ្នំ តាមទន្លេអឺប្រាត ទន្លេទីគ្រ ទន្លេហ៊ីដាស់ ព្រមទាំងអ្នកស្រុងដែលរស់នៅតាមវាល ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទអរីយុគ ជាស្ដេចជនជាតិអេលីម៉ាអ៊ីស ក៏ចូលរួមជាមួយកងទ័ពរបស់ស្ដេចនេប៊ូកានេសារដែរ។ កងទ័ពនៃប្រជាជាតិជាច្រើន រួមគ្នាជាមួយកងទ័ពបាប៊ីឡូន។ 7 គ្រានោះ ព្រះបាទនេប៊ូកានេសារ ជាស្ដេចនៅស្រុកអាស្ស៊ីរី ចាត់អ្នកនាំសារ ទៅទាក់ទងគ្រប់ជាតិសាសន៍ គឺអស់អ្នកដែលរស់នៅស្រុកពែរ្ស និងអ្នកដែលរស់នៅប៉ែកខាងលិចនៃស្រុកពែរ្ស អ្នកដែលនៅស្រុកស៊ីលីស៊ី និងក្រុងដាម៉ាស់ នៅតំបន់ភ្នំលីបង់ ភ្នំអង់ទីលីបង់ អស់អ្នកដែលរស់នៅតាមឆ្នេរសមុទ្រ 8 ព្រមទាំងប្រជាជនដែលរស់នៅតាមតំបន់ភ្នំការមែល ស្រុកកាឡាដប៉ែកខាងជើង ស្រុកកាលីឡេ និងនៅតាមវាលអេស្រ្តឡូនផង។ 9 ស្ដេចក៏ចាត់អ្នកនាំសារទៅទាក់ទងនឹងអ្នកស្រុកសាម៉ារីទាំងអស់ និងតំបន់ប៉ែកខាងលិចនៃទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡឹម ក្រុងបាតាណេ កេលូសកាដែស រហូតដល់ជ្រោះនៃព្រំប្រទល់ស្រុកអេស៊ីប ទៅក្រុងតាបាណែស រ៉ាមសេស និងតំបន់កូសែមទាំងមូល 10 គឺរហូតទៅដល់ក្រុងតានិ ម៉ឹមភីស ហើយនិងអស់អ្នកដែលរស់នៅក្នុងស្រុកអេត្យូពីទៀត។ 11 ប៉ុន្តែ អ្នកស្រុកនៅតំបន់ទាំងនោះបានមើលងាយរាជឱង្ការរបស់ព្រះបាទនេប៊ូកានេសារ ជាស្ដេចស្រុកអាស្ស៊ីរី ហើយមិនព្រមចូលរួមជាមួយដើម្បីធ្វើសង្គ្រាមទៀតផង ព្រោះគេមិនខ្លាចស្ដេចទេ ហើយរួមគ្នាជាធ្លុងតែមួយប្រឆាំងស្ដេចវិញ។ ពួកគេក៏បណ្ដេញអ្នកនាំសាររបស់ស្ដេចឲ្យត្រឡប់ទៅស្រុកវិញ ទាំងអាម៉ាស់មុខយ៉ាងខ្លាំង ដោយគ្មានកងទ័ពណាម្នាក់ទៅជាមួយឡើយ។ 12 ហេតុការណ៍ទាំងនេះបានធ្វើឲ្យព្រះបាទនេប៊ូកានេសារព្រះអង្គព្រះពិរោធយ៉ាងខ្លាំងហើយស្បថដោយយករាជបល្ល័ង្ក និងរាជាណាចក្រ ធ្វើជាសាក្សីថា នឹងសងសឹកទៅលើប្រជាជនដែលរស់នៅតំបន់នោះ គឺប្រហារជីវិតអ្នកស្រុកស៊ីលីស៊ី តំបន់ក្រុងដាម៉ាស និងស្រុកស៊ីរី ស្រុកម៉ូអាប់ ស្រុកអាំម៉ូន អ្នកស្រុកយូដាទាំងមូល និងអ្នកស្រុកអេស៊ីប រហូតដល់សមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហម។ 13 នៅឆ្នាំទីដប់ប្រាំពីរនៃរជ្ជកាលព្រះបាទនេប៊ូកានេសារ ព្រះអង្គចេញទៅច្បាំងជាមួយព្រះបាទអរផាសាដ ហើយទទួលបានជ័យជម្នះ។ ស្ដេចវាយកម្ទេចកងទ័ពរបស់ព្រះបាទអរផាសាដឲ្យបាក់ទ័ពរត់ទាំងកងពលសេះ ទាំងរទេះចម្បាំង។ 14 ព្រះបាទនេប៊ូកានេសារឡើងគ្រប់គ្រងលើក្រុងទាំងប៉ុន្មានរបស់ខ្មាំងសត្រូវ ហើយយាងឆ្ពោះទៅកាន់ក្រុងអែកបាតាន។ ស្ដេចវាយដណ្ដើមយកប៉មទាំងប៉ុន្មាន ហើយរឹបអូសយកអ្វីៗទាំងអស់ដែលនៅតាមទីផ្សារ ធ្វើជាជយភណ្ឌ ព្រមទាំងបំផ្លាញលំអដ៏ល្អថ្កុំថ្កើងរបស់ក្រុងឲ្យបាក់បែកខ្ទេចខ្ទីអស់។ 15 ព្រះបាទនេប៊ូកានេសារ ចាប់ព្រះបាទអរផាសាដបាននៅតំបន់ភ្នំរ៉ាកូ រួចក៏យកលំពែងចាក់ធ្វើគុត បំផ្លាញរាជអំណាចនោះចោល រហូតមកដល់សព្វថ្ងៃ។ 16 ក្រោយមក ព្រះបាទនេប៊ូកានេសារ យាងត្រឡប់មកទីក្រុងនីនីវេវិញ ដោយមានទាំងកងទ័ពជាច្រើនមកជាមួយផង។ ស្ដេចគង់សម្រាកនៅទីនោះ ហើយជប់លៀងយ៉ាងសប្បាយជាមួយកងទ័ព អស់រយៈពេលមួយរយម្ភៃថ្ងៃ។