ជំពូក ៥

លោក​ហូឡូភែរ​ពិ‌ភាក្សា​ជា​មួយ​មេ‌ទ័ព

1 នៅ​ពេល​នោះ លោក​ហូឡូភែរ​ជា​មេ​បញ្ជា​ការ​កង‌ទ័ព​ជន​ជាតិ​អាស្ស៊ីរី ទទួល​ដំណឹង​ថា ជន​ជាតិ​អ៊ីស្រា‌អែល​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម។ ពួក​គេ​បិទ​ច្រក​ភ្នំ​ទាំង‌ឡាយ សង់​កំពែង​នៅ លើ​កំពូល​ភ្នំ​ទាំង​នោះ​សម្រាប់​ការ‌ពារ​ខ្លួន ព្រម​ទាំង​បង្ក​ឧបសគ្គ​ស្ទាក់​ផ្លូវ​តាម​វាល​ទំនាប 2 លោក​ខឹង​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ហើយ​កោះ​ហៅ​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ម៉ូអាប់​ទាំង​អស់ មេ​ទ័ព​របស់​ជន​ជាតិ​អាំម៉ូន និង​ទេសា‌ភិបាល​ដែល​ត្រួត​ត្រា​នៅ​តាម​ឆ្នេរ​សមុទ្រ។ 3 លោក​មាន​ប្រ‌សាសន៍​ថា៖ «ជន​ជាតិ​កាណាន​អើយ! ចូរ​ប្រាប់​ខ្ញុំ​ឲ្យ​បាន​ដឹង​ផង តើ​ប្រជាជន​ណាដែល​រស់​នៅ​តាម​តំបន់​ភ្នំ​នោះ? ពួក​គេ​រស់​នៅ​ក្នុង​ក្រុង​ណា​ខ្លះ? មាន​ទ័ព​ប៉ុន្មាន? ពួក​គេ​មាន​អំណាច និង​កម្លាំង​ដោយ​សារ​អ្វី? ស្ដេច​ណា​ដឹក​នាំ​កង‌ទ័ព​របស់​ពួក​គេ? 4 ហេតុ​អ្វី​បាន​ជា​ក្នុង​ចំណោម​ប្រជាជន​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ប៉ែក​ខាង​លិច មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​បដិ‌សេធ​មិន​មក​ជួយ​យើង?»។

សុន្ទរ‌កថា​លោក​អឃីយ័រ

5 លោក​ឃីយ័រ ជា​មេ​ដឹក​នាំ​ជន​ជាតិ​អាំម៉ូន​ទាំង​អស់ មាន​ប្រសាសន៍​ទៅ​កាន់​លោក​ហូឡូភែរ​ថា៖ «សូម​លោក​ម្ចាស់​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រ‌បាទ​ជម្រាប​ជូន។ ខ្ញុំ​ប្រ‌បាទ​នឹង​ជម្រាប​ជូន​សេចក្ដី​ពិត​ពី​ប្រជាជន​ដែល​រស់​នៅ​តាម​តំបន់​ភ្នំ ក្បែរ​ជំរំ​របស់​លោក​ម្ចាស់។ ខ្ញុំ​ប្រ‌បាទ​មិន​កុហក​លោក​ទេ។ 6 ប្រជាជន​នេះ ជា​ពូជ‌ពង្ស​របស់​ជន​ជាតិ​ខាល់ដេ​មួយ​ក្រុម។ 7 មុន​ដំបូង ពួក​គេ​រស់​នៅ​ស្រុក​មេសូ‌ប៉ូតាមី តែ​គេ​មិន​ព្រម​គោរព​បម្រើ​តាម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ដូន‌តា​គេ ដែល​រស់​នៅ​ស្រុក​ខាល់ដេ​ទេ។ 8 ពួក​គេ​ឃ្លាត​ចាក​ពី​មាគ៌ា​របស់​ដូន‌តា​គេ ហើយ​នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម​សុខ ជា​ព្រះ​ដែល​គេ​ទើប​នឹង​ស្គាល់។ អ្នក​ស្រុក​ដេញ​ពួក​គេ​ឲ្យ​ឆ្ងាយ​ពី​ព្រះ​ទាំង​នោះ រួច​ហើយ​ពួក​គេ​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​មេសូ‌ប៉ូតាមី​ប៉ែក​ខាង​ជើង​វិញ ហើយ​ក៏​រស់​នៅ​យ៉ាង​យូរ​ក្នុង​ស្រុក​នោះ។ 9 ព្រះ​របស់​ពួក​គេ មាន​ព្រះ‌បន្ទូល ឲ្យ​ចាក​ចេញ​ពី​តំបន់​នោះ ទៅ​ស្រុក​កាណាន។ ពួក​គេ​តាំង​ទី​លំ​នៅ​នៅ​ទី​នោះ ហើយ​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​ទៀត​ផង។ 10 ក្រោយ​មក ពួក​គេ​ចុះ​ទៅ​ស្រុក​អេស៊ីប ព្រោះ​មាន​ទុរ្ភិក្ស ពេញ​ស្រុក​កាណាន​ទាំង​មូល។ ពួក​គេ​ស្នាក់​អាស្រ័យ​នៅ​ស្រុក​អេស៊ីប ព្រោះ​ទី​នោះ​មាន​អាហារ​គ្រប់​គ្រាន់ អាច​ឧបត្ថម្ភ​ឲ្យ​ពួក​គេ​រស់​តទៅ​ទៀត​បាន។ ពួក​គេ​បង្កើត​កូន​ចៅ​យ៉ាង​ច្រើន​នៅ​ស្រុក​អេស៊ីប​នោះ ហើយ​បាន​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ មាន​ចំនួន​ច្រើន​ឥត​គណនា។ 11 ប៉ុន្តែ ស្ដេច​អេស៊ីប​បែរ​មក​ប្រឆាំង​នឹង​ពួក​គេ ហើយ​ប្រើ​នយោ‌បាយ​ដ៏​ឈ្លាស​វៃ គឺ​ប្រើ​ពួក​គេ​យ៉ាង​ធ្ងន់​ធ្ងរ​ឲ្យ​ធ្វើ​ឥដ្ឋ។ ព្រះ‌អង្គ​បាន​ជិះ​ជាន់​ពួក​គេ និង​ចាត់​ទុក​ពួក​គេ​ជា​ទាស‌ករ។ 12 ពួក​គេ​ស្រែក​អង្វរ​ព្រះ​របស់​ពួក​គេ ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​គ្រោះ​កាច​ជា​ច្រើន​ធ្លាក់​មក​លើ​ស្រុក​អេស៊ីប​ទាំង​មូល។ នៅ​ពេល​នោះ ប្រជាជន​អេស៊ីប​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក។ 13 ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម​រីង​ស្ងួត​នៅ​មុខ​ពួក​គេ 14 រួច​នាំ​ពួក គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ស៊ីណៃ និង​ភូមិ​កាដែស‌បារណេ។ ពួក​គេ​បាន​ដេញ​ប្រជាជន​ទាំង​អស់ ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន 15 រួច​ពួក​គេ​មក​តាំង​ទី​លំនៅ ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី។ ពួក​គេ​មាន​កម្លាំង​ខ្លាំង​ក្លា វាយ​កម្ទេច​ជន​ជាតិ​ហេសបូន​អស់។ បន្ទាប់​មក ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​ដណ្ដើម​យក​តំបន់​ភ្នំ​ទាំង​មូល​មក​កាន់​កាប់ ទុក​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ 16 ពួក​គេ​បណ្ដេញ​ជន​ជាតិ​កាណាន ជន​ជាតិ​ពេរីស៊ី ជន​ជាតិ​យេប៊ូស ជន​ជាតិ​ស៊ីគែម និង​ជន​ជាតិ​គៀកាស៊ី​ទាំង​អស់ ហើយ​រស់​នៅ​លើ​ទឹក​ដី​នេះ​យ៉ាង​យូរ។ 17 ក្នុង‌រយៈ​ពេល​ដែល​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ​របស់​ពួក​គេ ពួក​គេ​ជួប​តែ​សេចក្ដី​សុខ​សាន្ត ដ្បិត​ព្រះ​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ស្អប់​អំពើ​ទុច្ចរិត​ជា​ខ្លាំង។ 18 ប៉ុន្តែ នៅ​ពេល​ពួក​គេ​ឃ្លាត​ចាក​ពី​មាគ៌ា ដែល​ព្រះ​របស់​ពួកគេ​ចាត់​ចែង​ឲ្យ​ដើរ​តាម​នោះ ពួក​គេ​ត្រូវ​វិនាស​អន្ត‌រាយ​ដោយ​ទទួល​បរា‌ជ័យ​យ៉ាង​ធ្ងន់​បំផុត ក្នុង​សង្គ្រាម​ជា​ច្រើន​លើក។ ទី​បំផុត ខ្មាំង​សត្រូវ​កៀរ​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​ដទៃ ព្រម​ទាំង​កម្ទេច​ព្រះ‌វិហារ​ព្រះ​របស់​ពួក​គេ ហើយ​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​ទៀត​ផង។ 19 នៅ​ពេល​នេះ ពួក​គេ​វិល​ត្រឡប់​មក​រក​ព្រះ​របស់​ពួក​គេ​វិញ គេ​ត្រឡប់​ពី​ស្រុក​នានា ជា​កន្លែង​ដែល​ព្រះ‌អង្គ​បាន​កម្ចាត់​កម្ចាយ​ឲ្យ​ពួក​គេ​ទៅ​នៅ។ ពួក​គេ​កាន់​កាប់​ក្រុង​យេរូ‌សាឡឹម​ជា​ថ្មី គឺ​ជា​កន្លែង​ដែល​មាន​ព្រះ‌វិហារ​របស់​គេ ហើយ​តាំង​ទី​លំនៅ​តាម​តំបន់​ភ្នំ ព្រោះ​គ្មាន​ប្រជាជន​ណា​រស់​នៅ​ទេ។ 20 លោក​ម្ចាស់! ឥឡូវ​នេះ ប្រសិន​បើ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះ​របស់​គេ ហើយ​ប្រសិន​បើ​យើង​ចាប់​គេ​បាន ចូរ​វាយ​ពួក​គេ​ចុះ យើង​មុខ​ជា​ឈ្នះ​មិន​ខាន។ 21 ប៉ុន្តែ បើ​សិន​ប្រជាជន​ទាំង​នេះ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស ទាស់​នឹង​ព្រះ​របស់​ពួក​គេ​ទេ សូម​លោក‌ម្ចាស់​ចៀស​ចេញ​ពី​ពួក​គេ​ទៅ! ក្រែង​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​គេ​ជួយ​ការ‌ពារ​ពួក​គេ។ ពេល​នោះ​មនុស្ស​នៅ​លើ​ផែន​ដី​ទាំង​មូល នឹង​មើល​ងាយ​យើង​ជា​មិន​ខាន»។ 22 ពេល​លោក​អឃីយ័រ​មាន​ប្រសាសន៍​សព្វ​គ្រប់​ហើយ ប្រជាជន​ដែល​នៅ​ជុំ​វិញ​ជំរំ​ហូឡូភែរ​នាំ​គ្នា​រអ៊ូ​រទាំ​តវ៉ា​គ្រប់ៗ​គ្នា។ ពួក​ទ័ព​របស់​លោក​ហូឡូភែរ និង​អស់​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​ប្រជាជន​ម៉ូអាប់ មាន​បំណង​ចង់​ប្រហារ​ជីវិត​លោក​អឃីយ័រ។ 23 ពួក​គេ​ពោល​ឡើង​ថា៖ «យើង​មិន​ត្រូវ​ខ្លាច​ជន​ជាតិ​អ៊ីស្រា‌អែល​ទេ! ពួក​គេ​គ្មាន​កម្លាំង គ្មាន​ទ័ព​ទប់​ទល់​ក្នុង​ចម្បាំង​ដ៏​ខ្លាំង​ឡើយ។ 24 យើង​នាំ​គ្នា​វាយ​ពួក​វា​ទៅ! ពេល​នោះ កង‌ទ័ព​របស់​លោក​ហូឡូភែរ​នឹង​ស៊ី​សាច់​ហុត​ឈាម​វា​ជា​មិន​ខាន»។