ជំពូក ៨
នាងយូឌីត
1 នៅគ្រានោះ នាងយូឌីតឮដំណឹងពីព្រឹត្តិការណ៍នេះ។ នាងជាកូនរបស់លោកមេរ៉ារី ដែលជាកូនរបស់លោកអូស ជាកូនរបស់លោកយ៉ូសែប ជាកូនរបស់លោកអូស៊ីអែល ជាកូនរបស់លោកអែលគីយ៉ា ជាកូនរបស់លោកអាណនី ជាកូនរបស់លោកកេដេអូន ជាកូនរបស់លោករ៉ាផាអ៊ីន ជាកូនរបស់លោកអាគីតូប ជាកូនរបស់លោកអេលី ជាកូនរបស់លោកខេលគីយ៉ា ជាកូនរបស់លោកអេលីយ៉ាប ជាកូនរបស់លោកណាថាណាអែល ជាកូនរបស់លោកសាឡាមីអែល ជាកូនរបស់លោកសារ៉ាសាដៃ ជាកូនរបស់លោកអ៊ីស្រាអែល។
2 ស្វាមីរបស់នាងយូឌីតឈ្មោះម៉ាណាសេ ដែលស្ថិតនៅក្នុងកុលសម្ព័ន្ធតែមួយ ហើយត្រូវជាសាច់ញាតិនឹងនាងផង។ លោកម៉ាណាសេបានទទួលមរណភាពនៅរដូវចម្រូត។ 3 ពេលលោកដើរពិនិត្យមើលពួកអ្នកចងកណ្ដាប់ស្រូវ ដោយត្រូវកម្ដៅថ្ងៃខ្លាំង គាត់ក៏ឈឺទៅសម្រាកនៅឯផ្ទះ។ លោកទទួលមរណភាពនៅក្រុងបេតធូលី ជាក្រុងដែលគាត់រស់នៅ។ គេបញ្ចុះសព លោករួមជាមួយដូនតារបស់លោកក្នុងចម្ការ ដែលស្ថិតនៅចន្លោះក្រុងដូតន និងបាឡាម៉ូន។ 4 នាងយូឌីតរស់នៅជាស្ត្រីមេម៉ាយ អស់រយៈពេលបីឆ្នាំ បួនខែកន្លងមកហើយ។ 5 នាងតែងតែស្លៀកបាវពីក្រោមសម្លៀកបំពាក់របស់ស្ត្រីមេម៉ាយ។ នាងតែងតែនៅក្នុងបន្ទប់មួយ ដែលនាងសង់នៅលើផ្ទះរបស់នាង។ 6 តាំងពីប្ដីរបស់នាងទទួលមរណភាពមក នាងតែងតែតមអាហារជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃសប្ប័ទ ថ្ងៃមុនថ្ងៃសប្ប័ទ ថ្ងៃចូលខែថ្មី ថ្ងៃដាច់ខែ ថ្ងៃបុណ្យ និងថ្ងៃដែលជនជាតិអ៊ីស្រាអែលនាំគ្នាសប្បាយរីករាយ។ 7 នាងមានរូបឆោមស្រស់ល្អ គួរឲ្យចាប់ចិត្ត។ លោកម៉ាណាសេជាស្វាមី បានបន្សល់ទុកនូវមាសប្រាក់ អ្នកបម្រើស្រីប្រុស ហ្វូងសត្វ ស្រែចម្ការ សម្រាប់នាងប្រើប្រាស់ជាច្រើន។ នាងបានថែរក្សាទ្រព្យសម្បត្តិទាំងនោះ ដោយប្រយ័ត្នប្រយែងជាទីបំផុត។ 8 គ្មាននរណានិយាយអាក្រក់ពីនាងទេ ព្រោះនាងគោរពកោតខ្លាចព្រះជាម្ចាស់យ៉ាងខ្លាំង។
9 នាងបានឮដំណឹងថា ប្រជាជនក្រុងបេតធូលីពោលពាក្យរិះគន់លោកអសារីយ៉ា ដែលជាអ្នកដឹកនាំ ព្រោះពួកគេបាក់ទឹកចិត្តដោយគ្មានទឹក។ នាងយូឌីតក៏ដឹងពីសេចក្ដីទាំងប៉ុន្មានដែលលោកអសារីយ៉ាបានឆ្លើយតបទៅពួកគេ ដោយសន្យាថាប្រាំថ្ងៃទៀត លោកសុខចិត្តប្រគល់ក្រុងទៅឲ្យជនជាតិអាស្ស៊ីរី។ 10 នាងចាត់អ្នកបម្រើ ដែលមើលការខុសត្រូវលើទ្រព្យសម្បត្តិ ឲ្យទៅអញ្ជើញលោកអសារីយ៉ា លោកខាព្រីស និងលោកខារមី ជាព្រឹទ្ធាចារ្យនៅទីក្រុងនោះមកផ្ទះនាង។
11 ពេលមេដឹកនាំទាំងបីនាក់មកដល់ នាងនិយាយទៅកាន់លោកទាំងបីថា៖ «អស់លោកមេដឹកនាំក្រុងបេតធូលីអើយ សូមស្ដាប់ខ្ញុំផង! ពាក្យដែលអស់លោកនិយាយទៅកាន់ប្រជាជន នៅថ្ងៃនេះ មិនស្មោះត្រង់ទេ អស់លោកបានស្បថក្នុងនាមព្រះជាអម្ចាស់ ប្រសិនបើព្រះអម្ចាស់ មិនសង្គ្រោះយើងក្នុងរយៈពេលប្រាំថ្ងៃទេ អស់លោកនឹងប្រគល់ក្រុងនេះទៅឲ្យខ្មាំងសត្រូវ។ 12 តើអស់លោកជានរណា បានជាហ៊ានល្បងលព្រះជាម្ចាស់នៅថ្ងៃនេះដូច្នេះ? អស់លោកចង់ធ្វើកិច្ចការជំនួសព្រះអង្គឫ...? 13 ឥឡូវនេះអស់លោកល្បងនឹងព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ តែអស់លោកមិនស្គាល់គម្រោងការ របស់ព្រះអង្គទេ។ 14 អស់លោកមិនស្គាល់ជម្រៅចិត្តរបស់មនុស្ស និងមិនយល់ពីការត្រិះរិះពិចារណារបស់មនុស្សផង! តើអស់លោកអាចយល់ពីព្រះជាម្ចាស់ដែលបង្កើតអ្វីៗសព្វសារពើបានឬ? តើអស់លោកអាចយល់ពីព្រះតម្រិះ និងគម្រោងការរបស់ព្រះអង្គដូចម្ដេចកើត? ទេ! បងប្អូនអើយ! កុំធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់យើង ព្រះអង្គព្រះពិរោធឡើយ! 15 ប្រសិនបើព្រះអង្គមិនសព្វព្រះហឫទ័យមកសង្គ្រោះយើងក្នុងរយៈពេលប្រាំថ្ងៃនេះទេ ព្រះអង្គមុខជាមានអំណាចការពារយើង នៅពេលណាដែលព្រះអង្គសព្វព្រះហឫទ័យ ឬមួយព្រះអង្គធ្វើឲ្យយើងវិនាសអន្តរាយ នៅមុខខ្មាំងសត្រូវ។ 16 ប៉ុន្តែ អ្នករាល់គ្នាមិនអាចកំណត់ពេលបង្ខំព្រះអម្ចាស់ជាព្រះរបស់យើង ឲ្យសង្គ្រោះយើងបានទេ ដ្បិតព្រះជាម្ចាស់មិនដូចមនុស្សទេ គ្មាននរណាអាចគំរាម ឬបង្ខំព្រះអង្គឲ្យចរចាបានឡើយ។ 17 ហេតុនេះហើយ នៅពេលដែលយើងរង់ចាំការសង្គ្រោះរបស់ព្រះជាម្ចាស់ យើងនាំគ្នាអង្វរព្រះអង្គ ព្រះអង្គមុខជាស្ដាប់សូរសំឡេងរបស់យើង ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ។
18 កាលពីជំនាន់មុនៗ រហូតដល់សព្វថ្ងៃ គ្មានកុលសម្ព័ន្ធណា ក្រុមគ្រួសារណា ឬអ្នកភូមិ អ្នកក្រុងណាម្នាក់ ថ្វាយបង្គំព្រះក្លែងក្លាយ ដែលមនុស្សបានធ្វើនោះទេ។ កាលពីដើម ដូនតារបស់យើងបានប្រព្រឹត្តបែបនោះ! 19 ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រគល់ដូនតារបស់យើង ឲ្យខ្មាំងសត្រូវសម្លាប់ដោយមុខដាវ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិទៀតផង។ ដូនតារបស់យើងត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរនៅមុខខ្មាំងសត្រូវ។
20 ចំពោះយើង យើងមិនដែលគោរពបម្រើព្រះណាក្រៅពីព្រះអម្ចាស់ឡើយ។ ដូច្នេះយើង សង្ឃឹមថាព្រះអង្គមិនបោះបង់ចោលយើងទេ ព្រះអង្គមុខជាអាណិតអាសូរ សង្គ្រោះដល់ជាតិសាសន៍យើងជាពុំខាន។ 21 ប្រសិនបើខ្មាំងសត្រូវដណ្ដើមក្រុងរបស់យើង ពួកវាមុខជាដណ្ដើមយកស្រុកយូដាទាំងមូលដែរ។ ពួកគេរឹបអូសយកទ្រព្យសម្បត្តិពីទីសក្ការៈរបស់យើង ហើយព្រះអង្គនឹងដាក់ទោសយើង ព្រោះពួកគេបង្អាប់បង្ឱនទីសក្ការៈនោះ។ 22 ប្រសិនបើខ្លាំងសត្រូវកាប់សម្លាប់ជនរួមជាតិយើង កៀរប្រជាជនទៅជាឈ្លើយ និងបំផ្លាញទឹកដីរបស់យើង ព្រះអង្គនឹងដាក់ទោសយើង។ យើងនឹងទៅជាទាសកររបស់ជនជាតិដទៃ ហើយអ្នកដែលត្រួតត្រាលើយើងមុខជាជេរប្រមាថមើលងាយយើង។ 23 គ្មានអ្នកណាម្នាក់អាណិតអាសូរយើង ដែលជាទាសកររបស់គេ រីឯព្រះអម្ចាស់ជាព្រះរបស់យើងក៏នឹងធ្វើឲ្យយើងអាម៉ាស់មុខដែរ។ 24 បងប្អូនអើយ! ឥឡូវនេះ យើងត្រូវបង្ហាញឲ្យបងប្អូនដឹងថា ជីវិតរបស់ពួកគេស្ថិតនៅលើយើង! ទីសក្ការៈ ព្រះដំណាក់របស់ព្រះអម្ចាស់ និងអាសនៈក៏អាស្រ័យនៅលើយើងដែរ។ 25 ម្យ៉ាងទៀត យើងត្រូវតែនាំគ្នាអរព្រះគុណព្រះអម្ចាស់ជាព្រះរបស់យើង ដែលព្រះអង្គល្បងលយើង ដូចព្រះអង្គបានល្បងលបុព្វបុរសរបស់យើងដែរ។ 26 ចូរនឹកគិតពីការទាំងប៉ុន្មានដែលព្រះអង្គបានប្រព្រឹត្ត ដើម្បីល្បងលលោកអប្រាហាំ លោកអ៊ីសាក! ចូរនឹកគិតដល់អ្វីៗដែលកើតឡើងចំពោះលោកយ៉ាកុប នៅស្រុកមេសូប៉ូតាមី កាលលោកឃ្វាលចៀមលោកឡាបាន់ ជាឪពុកមារបស់លោក។ 27 ព្រះអង្គប្រើភ្លើង ដើម្បីល្បងលចិត្តអស់លោក ប៉ុន្តែ ព្រះអង្គមិនបានប្រព្រឹត្តចំពោះយើងដូចអស់លោកទេ ព្រះអង្គមិនដាក់ទោសយើងឡើយ គឺព្រះអង្គគ្រាន់តែដាស់តឿនថា ព្រះអង្គតែងតែធ្វើទោសអស់អ្នកដែលមកនៅជិតព្រះអង្គ»។ 28 លោកអសារីយ៉ាឆ្លើយតបមកនាងយូឌីតថា៖ «សេចក្ដីទាំងប៉ុន្មានដែលនាងនិយាយនេះសុទ្ធតែមានអត្ថន័យល្អណាស់! គ្មាននរណាម្នាក់អាចជំទាស់ឡើយ។ 29 ថ្ងៃនេះ មិនមែនជាលើកដំបូង ដែលនាងបានបង្ហាញប្រាជ្ញាដ៏ឈ្លាសវៃទេ គឺប្រជាជនទាំងអស់បានស្គាល់ប្រាជ្ញា និងឆន្ទៈល្អរបស់នាងតាំងពីនាងនៅក្មេងម្ល៉េះ។ 30 ប៉ុន្តែ ប្រជាជនស្រេកទឹកខ្លាំងពេក ពួកគេបង្ខំយើងឲ្យប្រព្រឹត្ត និងពោលពាក្យដូចយើងបានប្រាប់គេ ព្រមទាំងស្បថជាឱឡារិកផង។ យើងមិនអាចបំពានពាក្យសម្បថនោះឡើយ។ 31 ដូច្នេះ សូមនាងអង្វរព្រះអម្ចាស់ឲ្យយើងផង ព្រោះនាងជាស្ត្រីដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់។ សូមព្រះអម្ចាស់ប្រោសប្រទានឲ្យភ្លៀងធ្លាក់មកបំពេញអាងរបស់យើង នោះយើងមានកម្លាំងវិញហើយ!»។ 32 នាងយូឌីតឆ្លើយថា៖ «សូមស្ដាប់ខ្ញុំសិន! ខ្ញុំនឹងធ្វើកិច្ចការមួយដែលប្រជាជនជំនាន់ក្រោយមិនអាចបំភ្លេចបាន។ 33 នៅយប់នេះ សូមអ្នករាល់គ្នាចេញទៅមុខទ្វារក្រុង ហើយអនុញ្ញាតឲ្យនាងខ្ញុំ ព្រមទាំងអ្នកបម្រើចេញទៅ។ ព្រះអម្ចាស់នឹងសង្គ្រោះប្រជាជនអ៊ីស្រាអែល តាមរយៈខ្ញុំ មុនពេលកំណត់ដែលលោកទាំងបីប្រគល់ក្រុងនេះឲ្យខ្មាំងសត្រូវ។ 34 ប៉ុន្តែ សូមកុំចង់ដឹងពីកិច្ចការដែលខ្ញុំបម្រុងនឹងធ្វើនោះ ខ្ញុំមិនជម្រាបអស់លោកទេ មុនពេលខ្ញុំធ្វើការនេះបានសម្រេច»។ 35 លោកអសារីយ៉ា និងមេដឹកនាំពីរនាក់ទៀតពោលទៅកាន់នាងថា៖ «សូមអញ្ជើញទៅដោយសុខសាន្តចុះ! សូមព្រះជាអម្ចាស់នាំផ្លូវនាងហើយដាក់ទោសបច្ចាមិត្តរបស់យើងផង»។ 36 បន្ទាប់មកលោកទាំងបីនាក់ចាកចេញពីផ្ទះនាងយូឌីត ហើយត្រឡប់ទៅកាន់កន្លែងរៀងខ្លួនវិញ។