ជំពូក ៧
កងទ័ពរបស់លោកហូឡូភែរឡោមព័ទ្ធក្រុងបេតធូលី
1 ស្អែកឡើង លោកហូឡូភែរបញ្ជាកងទ័ពទាំងមូល និងប្រជាជនទាំងអស់ដែលមកចូលរួមជួយច្បាំង ឲ្យចេញដំណើរឆ្ពោះទៅវាយក្រុងបេតធូលី ហើយកាន់កាប់ផ្លូវទៅកាន់តំបន់ភ្នំ ព្រមទាំងប្រយុទ្ធជាមួយជនជាតិអ៊ីស្រាអែលផង។ 2 នៅថ្ងៃនោះ ប្រុសៗដែលមានកម្លាំងមាំមួន អាចច្បាំងបាន ក៏ចេញដំណើរទៅដែរ។ កងទ័ពនោះមានពលថ្មើរជើងចំនួនមួយសែនប្រាំពីរម៉ឺននាក់ ពលសេះចំនួន មួយសែនពីរម៉ឺននាក់ ដោយមិនរាប់បញ្ចូលទាំងអ្នកដែលដឹកសម្ភារៈទេ គឺមានចំនួនច្រើនសន្ធឹកសន្ធាប់។ 3 កងទ័ពបានបោះជំរំនៅតាមវាលទំនាបក្បែរប្រភពទឹក ជិតក្រុងបេតធូលី រួចពួកគេកាន់កាប់តំបន់ទាំងមូល ដែលលាតសន្ធឹងចាប់ពីដូតាអ៊ីម រហូតដល់បែលបាអ៊ីម និងចាប់ពីក្រុងបេតធូលីរហូតដល់ក្រុងគីយ៉ាម៉ូន ដែលស្ថិតនៅទល់មុខ នឹងស្រុកអេស្រ្តឡូន។ 4 កាលជនជាតិអ៊ីស្រាអែលឃើញកងទ័ព ដែលមានចំនួនសន្ធឹកសន្ធាប់បែបនេះ គេជ្រួលច្របល់ជាខ្លាំង ហើយនិយាយគ្នាថា៖ «ទាហានទាំងនេះចូលមកបំផ្លាញស្រុកទេសយើងទាំងមូល ទាំងភ្នំធំភ្នំតូច ទាំងជ្រលងភ្នំក៏មិនអាចទប់ទល់បានដែរ»។ 5 ពួកគេប្រដាប់អាវុធគ្រប់ដៃដុតភ្នក់ភ្លើងនៅលើកំពូលប៉ម ហើយនាំគ្នាយាមពេញមួយយប់។ 6 ថ្ងៃបន្ទាប់មក លោកហូឡូភែរបញ្ជាឲ្យកងទ័ពសេះទាំងមូល ចេញទៅប្រឈមមុខនឹងជនជាតិអ៊ីស្រាអែល នៅក្រុងបេតធូលី។ 7 លោកហូឡូភែរត្រួតពិនិត្យផ្លូវនានាឡើងទៅទីក្រុង និងប្រភពទឹកទាំងប៉ុន្មាន។ លោកចាត់គេឲ្យកាន់កាប់ និងយាមប្រភពទឹកទាំងនោះ រួចលោកត្រឡប់ចូលជំរំវិញ។ 8 ពួកនាយទាហានរបស់ជនជាតិអេដុម និងពួកនាយទាហានជនជាតិម៉ូអាប់ ព្រមទាំងពួកអ្នកដឹកនាំប្រជាជន ដែលរស់នៅក្នុងតំបន់តាមឆ្នេរសមុទ្រ ចូលមកជម្រាបលោកហូឡូភែរថា៖ 9 «សូមលោកម្ចាស់មេត្តាស្ដាប់យើងខ្ញុំផង! សូមកុំឲ្យកងទ័ពលោកណាម្នាក់ត្រូវបាត់បង់ជីវិតឡើយ។ 10 ប្រជាជនអ៊ីស្រាអែលនេះមិនពឹងផ្អែកលើគ្រឿងសាស្ត្រាវុធរបស់គេទេ គឺគេពឹងផ្អែកទីតាំងនៅលើកំពូលភ្នំដ៏ខ្ពស់ ជាកន្លែងដែលពួកគេរស់នៅ ព្រោះកំពូលភ្នំនោះមិនងាយឡើងទេ។ 11 ឥឡូវនេះ សូមលោកម្ចាស់កុំប្រយុទ្ធនឹងពួកគេ ដូចយើងធ្លាប់ប្រយុទ្ធនឹងកងទ័ពឯទៀតៗឡើយ ធ្វើដូច្នេះ ទើបលោកម្ចាស់មិនបាត់បង់កងទ័ព សូម្បីតែទាហានម្នាក់ក៏ដោយ។ 12 សូមលោកម្ចាស់ទុកកងទ័ពទាំងមូលនៅក្នុងជំរំនេះសិនចុះ។ យើងខ្ញុំនឹងយាមប្រភពទឹកដែលហូរចេញពីជើងភ្នំមក 13 ព្រោះអ្នកក្រុងបេតធូលីធ្លាប់មកដងទឹកនៅកន្លែងនេះ។ ពេលពួកគេស្រេកទឹកខ្លាំង ពួកគេមុខជាសុំចុះចាញ់យើងមិនខាន។ រីឯយើងខ្ញុំ និងប្រជាជនរបស់យើងខ្ញុំ នឹងឡើងទៅបោះទ័ពនៅលើកំពូលភ្នំដែលនៅជិតខាង ហើយហាមឃាត់មិនឲ្យនរណាចេញពីក្រុងបានទេ។ 14 ចំណែកឯពួកគេ ព្រមទាំងប្រពន្ធ និងកូន មុខជាស្លាប់ដោយអត់អាហារជាមិនខាន។ សាកសពរបស់ពួកគេ មុខជាមានពាសពេញតាមផ្លូវទីក្រុង មុនពេលយើងចូលកាប់សម្លាប់គេទៅទៀត។ 15 ពេលនោះ លោកម្ចាស់នឹងដាក់ទោសពួកគេយ៉ាងធ្ងន់បំផុត ព្រោះពួកគេ បានប្រឆាំងនឹងលោក ហើយមិនព្រមមកចរចាសុំសន្តិភាព»។
16 លោកហូឡូភែរ និងមេទ័ពទាំងប៉ុន្មាន ពេញចិត្តនឹងពាក្យទាំងនេះ ហើយបញ្ជាឲ្យពួកគេធ្វើតាម។ 17 កងទ័ពរបស់ជនជាតិអាំម៉ូន និងទាហានជនជាតិអាស្ស៊ីរី ចំនួនប្រាំពាន់នាក់ បានបោះជំរំតាមវាលទំនាប ហើយកាន់កាប់ប្រភពទឹករបស់ជនជាតិអ៊ីស្រាអែល។ 18 ជនជាតិអេដុម និងជនជាតិអាំម៉ូន ឡើងទៅបោះជំរំតាមតំបន់ភ្នំទល់មុខនឹងក្រុងដូតន។ គេចាត់ទាហានខ្លះឲ្យទៅប៉ែកខាងត្បូង និងប៉ែកខាងកើត នៅទល់មុខភូមិអេគីបែល ដែលនៅជិតភូមិឃូស ស្ថិតនៅតាមមាត់ស្ទឹងម៉ុកមួរ។ រីឯពួកទាហានអាស្ស៊ីរីដែលនៅសល់ទាំងប៉ុន្មាន បោះជំរំតាមទីវាល។ ជំរំ និងឃ្លាំងផ្ទុកសម្ភារៈរបស់ពួកគេ នៅពាសពេញតាមទីវាល មានច្រើនសន្ធឹកសន្ធាប់។ 19 គ្រានោះ ជនជាតិអ៊ីស្រាអែលនាំគ្នាស្រែកអង្វរព្រះអម្ចាស់ ជាព្រះរបស់គេ ព្រោះគេបាក់ទឹកចិត្តដោយឃើញខ្មាំងសត្រូវឡោមព័ទ្ធជុំជិត គ្មានច្រកអាចរត់គេចបានឡើយ។ 20 កងទ័ពអាស្ស៊ីរីទាំងមូល ទាំងពលថ្មើរជើង ទាំងពលសេះ ទាំងរទេះចម្បាំង បានឡោមព័ទ្ធជនជាតិអ៊ីស្រាអែល អស់រយៈពេលសាមសិបបួនថ្ងៃ។ ក្រោយមក អ្នកក្រុងបេតធូលីអស់ទឹកប្រើ។
21 អាងក៏រីងស្ងួត ពួកគេគ្មានទឹកបរិភោគគ្រប់គ្រាន់ ព្រោះគេចែកទឹកតែបន្តិចបន្តួចប៉ុណ្ណោះ។ 22 ទារកកាន់តែស្គមទៅៗ ស្ត្រី និងយុវជនស្រេកទឹកយ៉ាងខ្លាំង ដួលតាមផ្លូវក្បែរទ្វារទីក្រុង ព្រោះពួកគេអស់កម្លាំង។ 23 ប្រជាជនទាំងមូល យុវជនយុវនារី និងក្មេងចាស់ប្រុសស្រី បានប្រមូលផ្ដុំគ្នាជុំវិញលោកអសារីយ៉ា និងអស់មេដឹកនាំក្រុង។ ពួកគេស្រែកតវ៉ានៅចំពោះមុខព្រឹទ្ធាចារ្យទាំងឡាយថា៖ 24 «សូមព្រះជាម្ចាស់រកខុសត្រូវរវាងអស់លោក និងពួកយើងខ្ញុំផង!។ អស់លោកបានធ្វើបាបពួកយើងយ៉ាងខ្លាំង ដោយមិនព្រមទៅចរចាសុំសន្តិភាពពីជនជាតិអាស្ស៊ីរី។ 25 គ្មាននរណាម្នាក់ អាចជួយពួកយើងបានទេ! ព្រះជាម្ចាស់បានប្រគល់ពួកយើងឲ្យទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ហើយយើងមុខជាដាច់ទឹកស្លាប់យ៉ាងវេទនា មិនខានឡើយ! 26 ឥឡូវនេះ ចូរហៅពួកគេមក! ប្រគល់ក្រុងទាំងមូលឲ្យកងទ័ពរបស់លោកហូឡូភែរ ហើយឲ្យគេរឹបអូសយកទ្រព្យសម្បត្តិចុះ។ 27 ប្រសិនបើយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ពួកគេ នោះប្រសើរជាងស្លាប់ដោយអត់ទឹក! ពួកយើងនឹងក្លាយជាទាសកររបស់ពួកគេ តែពួកយើងនៅមានជីវិតរស់តទៅទៀត ដោយមិនឃើញកូនចៅ និងប្រពន្ធរបស់ពួកយើងត្រូវវិនាសដែរ។ 28 ដោយមានមេឃ និងដីជាសាក្សី ព្រមទាំងក្នុងព្រះនាមព្រះរបស់យើង ជាព្រះអម្ចាស់នៃបុព្វបុរស ដែលតែងតែដាក់ទោសពួកយើង ស្របតាមអំពើបាបរបស់យើង និងដូនតា សូមមេត្តាប្រព្រឹត្តតាមសំណូមពររបស់យើងនៅថ្ងៃនេះ។
29 អង្គប្រជុំទាំងមូលនាំគ្នាត្អូញត្អែរ ហើយស្រែកអង្វរព្រះអម្ចាស់យ៉ាងខ្លាំង។ 30 ពេលនោះ លោកអូស្យាសមានប្រសាសន៍ប្រាប់គេថា៖ «បងប្អូនអើយ! ចូរក្លាហានឡើង យើងត្រូវទ្រាំប្រាំថ្ងៃទៀត ព្រះជាម្ចាស់ជាព្រះរបស់យើងមុខជាអាណិតមេត្តាដល់យើងមិនខាន ដ្បិតព្រះអង្គមិនបោះបង់ចោលយើងរហូតទេ។ 31 លុះផុតប្រាំថ្ងៃហើយ ប្រសិនព្រះអង្គមិនសង្គ្រោះយើងទេ ខ្ញុំនឹងធ្វើតាមសំណូមពររបស់បងប្អូន!»។ 32 លោកអសារីយ៉ា សូមឲ្យប្រជាជនវិលទៅកាន់កន្លែងរៀងៗខ្លួន គឺបុរសៗទៅយាមនៅលើកំពែង និងលើប៉មក្រុង ហើយស្រីៗ និងក្មេងៗត្រឡប់ទៅផ្ទះវិញ។ អ្នកក្រុងបាក់ទឹកចិត្តយ៉ាងខ្លាំង។