ជំពូក ១០

នាង​យូឌីត​ចូល​ដល់​ជំរំ​របស់​លោក​ហូឡូភែរ

1 កាល​នាង​យូឌីត​ស្រែក​អង្វរ​ព្រះ​នៃ​ប្រជាជន​អ៊ីស្រា‌អែល ចប់​រួច​រាល់​ហើយ 2 នាង​ក្រោក​ឡើង​ហៅ​អ្នក​បម្រើ។ នាង​ក៏​ចុះ​ដើរ​មក​ចូល​ក្នុង​ផ្ទះ ត្រង់​កន្លែង ដែល​នាង​ធ្លាប់​មក​នៅ​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ។ 3 នាង​ដោះ​អាវ​ធ្វើ​ពី​បាវ និង​សម្លៀក‌បំពាក់​មេ‌ម៉ាយ​ចេញ រួច​ងូត​ទឹក​សំអាត​ខ្លួន ហើយ​យក​ទឹក​អប់​យ៉ាង​ក្រអូប​មក​លាប​ខ្លួន​នាង។ នាង​សិត​សក់ ហើយ​យក​ឈ្នួត​យ៉ាង​ល្អ​បំផុត​មក​ពាក់ ព្រម​ទាំង​ស្លៀក​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីត ដែល​នាង​ធ្លាប់​ស្លៀក‌ពាក់ កាល​ដែល​លោក​ម៉ាណាសេ​ជា​ប្ដី​របស់​នាង​នៅ​រស់​នៅ​ឡើយ។ 4 នាង​ក៏​យក​ស្បែក​ជើង​មក​ពាក់ ព្រម​ទាំង​យក​ខ្សែ‌ក ខ្សែ‌ដៃ ចិញ្ចៀន ក្រវិល និង​គ្រឿង​អលង្ការ​ទាំង​ប៉ុន្មាន មក​តុប​តែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​បំផុត ដើម្បី​ទាក់​ទាញ​អារម្មណ៍​ប្រុសៗ​ដែល​ឃើញ​រូប​នាង។ 5 នាង​យក​ថូ​ប្រេង និង​ថង់​ស្បែក​ស្រា​ឲ្យ​ស្រី​បម្រើ​ទូល។ នាង​ក៏​យក​ម្សៅ​នំ ដំណាប់​នំបុ័ង​ដាក់​ពេញ​ថង់​មួយ។ នាង​ខ្ចប់​ស្បៀង​អាហារ​ទាំង​នេះ ដោយ​ប្រយ័ត្ន‌ប្រយែង ហើយ​ប្រគល់​ឲ្យ​អ្នក​បម្រើ​យួរ​ដែរ។ 6 បន្ទាប់​មក អ្នក​ទាំង​ពីរ​ចាក​ចេញ​ពី​ផ្ទះ តម្រង់​ទៅ​កាន់​ទ្វារ​ក្រុង​បេតធូលី។ នៅ​ទី​នោះ នាង​បាន​ជួប​នឹង​លោក​អសា‌រីយ៉ា លោក​ខា​ព្រីស និង​លោក​ខារមីស ជា​ព្រឹទ្ធា‌ចារ្យ​នៅ​ទី​នោះ។ 7 ពេល​លោក​ទាំង​បី​ឃើញ​នាង​តុប‌តែង​ខ្លួន និង​ផ្លាស់‌ប្ដូរ​សម្លៀក‌បំពាក់​ដូច្នេះ គេ​នាំ​គ្នា​សរសើរ​សម្ផស្ស​របស់​នាង​យ៉ាង​ខ្លាំង។ លោក​ទាំង​បី​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ 8 «សូម​ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង ប្រោស​ប្រទាន​ឲ្យ​នាង​បាន​ជា​ទី​គាប់​ចិត្ត​របស់​គេ ព្រម​ទាំង​សម្រេច​តាម​គម្រោង‌ការ​របស់​នាង ដើម្បី​ជា​កិត្តិ‌យស​របស់​ជន​ជាតិ​អ៊ីស្រា‌អែល និង​លើក‌តម្កើង​ក្រុង​យេរូ‌សាឡឹម​ផង»។ 9 នាង​យូឌីត​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក ទាំង​បី​ថា៖ «សូម​បញ្ជា​គេ​ឲ្យ​បើក​ទ្វារ​ក្រុង​ឲ្យ​នាង​ខ្ញុំ​ផង ដើម្បី​ឲ្យ​នាង​ខ្ញុំ អាច​ចេញ​ទៅ​ធ្វើ​កិច្ច‌ការ​ដែល​យើង បាន​និយាយ​ជា​មួយ​គ្នា​នោះ»។ អស់​លោក​ក៏​បញ្ជា​ឲ្យ​ឆ្មាំ​បើក​ទ្វារ​ជូន​តាម​សម្ដី​របស់​នាង។ 10 នាង​យូឌីត និង​អ្នក​បម្រើ​ចេញ​ទៅ​ជាមួយ​គ្នា។ អ្នក​ក្រុង​មើល​នាង​រហូត​ទាល់​តែ​នាង​ចុះ​ទៅ​ដល់​ជើង​ភ្នំ ហើយ​ឆ្លង​ជ្រលង​ភ្នំ​ផុត​ដាច់​កន្ទុយ​ភ្នែក មើល​នាង​លែង​ឃើញ។ 11 នាង​ទាំង​ពីរ​នាក់​កំពុង​តែ​ដើរ​កាត់​ជ្រលង​ភ្នំ​ត្រង់​ទៅ​មុខ ស្រាប់​តែ​ក្រុម​ទាហាន​ជន​ជាតិ​អាស្ស៊ីរី ដែល​នៅ​ការ‌ពារ​តាម​ខ្សែ​ត្រៀម ចេញ​មក​ស្ទាក់​ដំណើរ​នាង​ទាំង​ពីរ។ 12 ពួក‌គេ​ចាប់​នាង​យូឌីត ហើយ​សួរ​ថា៖ «តើ​នាង​ជា​ជន​ជាតិ​អ្វី? មក​ពី​ណា? ទៅ​ណា?»។ នាង​យូឌីត​ឆ្លើយ​តប​ថា៖ “«ខ្ញុំ​ជា​ជន​ជាតិ​ហេប្រឺ ខ្ញុំ​រត់​ចោល​ពួក‌គេ​មក ព្រោះ​បន្តិច​ទៀត ពួក‌គេ​ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់‌ដៃ​របស់​អ្នក​រាល់​គ្នា​ជា​ពុំ​ខាន។ 13 នាង​ខ្ញុំ​មក​ជួប​លោក​ហូឡូភែរ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​របស់​អ្នក​រាល់​គ្នា ដើម្បី​នាំ​ព័ត៌‌មាន​ច្បាស់​លាស់ មក​ជម្រាប​លោក។ នាង​ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​ដែល​លោក​ត្រូវ​ដើរ ដើម្បី​ទៅ​កាន់​កាប់​តំបន់​ភ្នំ ទាំង​មូល​នេះ​ដោយ​មិន​បាច់​ចំណាយ​ជីវិត​ទាហាន​ណា​ម្នាក់​ឡើយ»។ 14 ពួក​គេ​ស្ដាប់​ពាក្យ​របស់​នាង ទាំង​សម្លឹង​មើល​នាង​មិន​ដាក់​ភ្នែក ពី​ព្រោះ​នាង​មាន​រូប​ឆោម​ស្អាត​ណាស់។ ពួក‌គេ​តប​ទៅ​វិញ​ថា៖ 15 «នាង​ប្រញាប់​មក​ជួប​លោក​ម្ចាស់​យើង​ដូច្នេះ ពិត​ជា​បាន​រួច​ជីវិត​ហើយ។ ឥឡូវ​នេះ អញ្ជើញ​ទៅ​ជួប​លោក​ចុះ! យើង​នឹង​ចាត់​គ្នា​យើង​ខ្លះ ដើម្បី​ជូន​ដំណើរ​នាង​ទៅ​ជួប​លោក​ម្ចាស់​យើង​ផ្ទាល់។ 16 ពេល​នាង​នៅ​ចំពោះ​មុខ​ម្ចាស់​យើង ចូរ​នាង​កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! នាង​ត្រូវ​តែ​ជម្រាប​លោក ដូច​ដែល​សេចក្ដី​ដែល​នាង​បាន​ប្រាប់​យើង​នេះ លោក​មុខ​ជា​ទទួល​នាង​យ៉ាង​រាក់‌ទាក់​មិន​ខាន!»។ 17 ពួក​គេ​ចាត់​ចែង​ឲ្យ​ពល‌ទាហាន​ចំនួន​មួយ‌រយ​នាក់ ជូន​ដំណើរ​នាង​យូឌីត និង​ស្រ្តី​បម្រើ​របស់​នាង​ទៅ​ជំរំ​របស់​លោក​ហូឡូភែរ។ 18 ពេល​នោះ ទាហាន​រត់​មក​ពី​គ្រប់​ទី​កន្លែង​ក្នុង​ជំរំ ដ្បិត​ពួក‌គេ​បាន​ឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ពី​ការ​មក​ដល់​របស់​នាង។ ទាហាន​ទាំង​នោះ មក​ចោម​រោម​មើល​នាង​ដែល​កំពុង​ឈរ​នៅ​ខាង​ក្រៅ​ជំរំ​របស់​លោក​ហូឡូភែរ រង់​ចាំ​គេ​ទៅ​ជម្រាប​លោក។ 19 ពួក‌គេ​នាំ​គ្នា​ស្ងើច​សរសើរ​ពី​សម្ផស្ស​របស់​នាង​យ៉ាង​ខ្លាំង ហើយ​ស្ងើច​សរសើរ​ជន​ជាតិ​អ៊ីស្រា‌អែល​ដោយ​សារ​នាង គឺ​គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​នរណា​ហ៊ាន​មើល​ងាយ​ប្រជាជន​ដែល​មាន​ស្ត្រី​រូប​ស្អាត​យ៉ាង​នេះ? មិន​គួរ​ឲ្យ​បុរស​ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​មាន​ជីវិត​ឡើយ ព្រោះ​អ្នក​ដែល​សេស​សល់​ពី​ស្លាប់ មុខ​ជា​អាច​បញ្ឆោត​ពិភព‌លោក​ទាំង​មូល​បាន»។ 20 ពល‌ទាហាន​របស់​លោក​ហូឡូភែរ និង​នាយ​ទាហាន​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក ហើយ​នាំ​នាង​ចូល​ទៅ​ក្នុង​ជំរំ។ 21 លោក​ហូឡូភែរ​កំពុង​សម្រាន្ត​នៅ​លើ​គ្រែ​ក្នុង​មុង​ធ្វើ​ពី​អំបោះ លាយ​ខ្សែ​មាស មាន​ដាំ​ត្បូង​មរកត និង​ពេជ្រ​ឯ​ទៀតៗ​ជាប់​តាម​សាច់​ក្រណាត់​ផង។ 22 កាល​គេ​ជម្រាប​លោក​ថា នាង​យូឌីត​មក​ហើយ លោក​ក៏​ចេញ​ទៅ​មាត់​ទ្វារ​ជំរំ ដោយ​មាន​អ្នក​បម្រើ​កាន់​ចន្លុះ​មាន​ជើង ធ្វើ​ពី​ប្រាក់​ដើរ​បំភ្លឺ​ផ្លូវ​ពី​មុខ។ 23 ពេល​នាង​យូឌីត​មក​ដល់​មុខ​លោក​ហូឡូភែរ និង​នាយ​ទាហាន ពួក‌គេ​នាំ​គ្នា ស្ងើច​សរសើរ​សម្ផស្ស​របស់​នាង។ នាង​ក៏​ឱន​មុខ​ក្រាប​ដល់​ដី​នៅ​ចំពោះ​មុខ​លោក​ហូឡូភែរ ប៉ុន្តែ​អ្នក​បម្រើ​របស់​លោក​បាន​មក​លើក​នាង​ឲ្យ​ក្រោក​ឈរ​ឡើង។