ជំពូក ១៥
1 ពលទាហាននៅក្នុងជំរំបានឮ ស្រឡាំងកាំងគ្រប់ៗគ្នា។ 2 ពួកគេភ័យញាប់ញ័រ ហើយរត់បែកខ្ញែកចោលជំរំទាំងអស់គ្នា ខ្លះរត់ទៅតាមផ្លូវវាល និងតាមតំបន់ភ្នំ ដោយរត់ប្រាសអាយុទាំងអស់គ្នា។ 3 ទាហានដែលត្រៀមតាមតំបន់ភ្នំជុំវិញក្រុងបេតធូលី ក៏នាំគ្នារត់ដែរ។ ពេលនោះជនជាតិអ៊ីស្រាអែលប្រដាប់អាវុធគ្រប់ដៃ នាំគ្នាសម្រុកដេញតាមវាយពួកគេ ដោយគ្មានសំចៃ។ 4 លោកអសារីយ៉ាចាត់អ្នកនាំសារទៅក្រុងបេតូមេសតាអ៊ីម បេបៃខូបាកូឡា និងក្នុងក្រុងអ៊ីស្រាអែលទាំងមូល ដើម្បីប្រកាសប្រាប់ពីព្រឹត្តិការណ៍ដែលបានកើតឡើង។ អំពាវនាវឲ្យជនជាតិអ៊ីស្រាអែល ដេញវាយខ្មាំង ដើម្បីសម្លាប់ចោលទាំងអស់។ 5 កាលបានទទួលដំណឹងនេះ ជនជាតិអ៊ីស្រាអែលរួមគ្នាសម្រុកទៅរកសត្រូវ វាយកម្ចាត់ពួកគេឲ្យវិនាសរហូតដល់ក្រុងខូបា។ អ្នកក្រុងយេរូសាឡឹម និងប្រជាជនដែលរស់តាមតំបន់ភ្នំ ចូលមកជួយវាយដែរ ព្រោះគេបានដឹងព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងជំរំខ្មាំង។ អ្នកស្រុកកាឡាដ និងអ្នកស្រុកកាលីឡេ ក៏វាយសម្រុកយ៉ាងខ្លាំង ហើយដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ ដេញពួកគេរហូតដល់ក្រុងដាម៉ាស់ និងតំបន់នៅជុំវិញទីក្រុងនោះផង។ 6 ចំណែកអ្នកក្រុងបេតធូលីទាំងអស់ដែលនៅសេសសល់ ក៏ចូលមកជំរំរបស់ជនជាតិអាស្ស៊ីរី ហើយនាំគ្នារឹបអូសយកជយភណ្ឌជាច្រើន។ 7 ជនជាតិអ៊ីស្រាអែលវិលត្រឡប់ពីដេញសម្លាប់សត្រូវវិញ ពួកគេប្រមែប្រមូលទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅសេសសល់ក្នុងជំរំ។ អ្នកភូមិនៅតាមតំបន់ភ្នំ និងតាមវាល ក៏រឹបអូសបានជយភណ្ឌយ៉ាងច្រើន ព្រោះក្នុងជំរំមានទ្រព្យសម្បត្តិច្រើនអនេក។
ជនជាតិអ៊ីស្រាអែលអរព្រះគុណព្រះជាម្ចាស់
8 មហាបូជាចារ្យយ៉ូអាគីម និងក្រុមប្រឹក្សានៃប្រជាជនអ៊ីស្រាអែល នៅក្រុងយេរូសាឡឹម អញ្ជើញមកក្រុងបេតធូលី ដើម្បីចង់ឃើញផ្ទាល់នឹងភ្នែកនូវរបៀប ដែលព្រះអម្ចាស់បានសង្គ្រោះប្រជាជនអ៊ីស្រាអែល និងមកសួរសុខទុក្ខនាងយូឌីតដែរ។ លុះចូលដល់ផ្ទះនាង អស់លោកលើកសរសើរនាងថា៖ 9 «នាងផ្ដល់សិរីរុងរឿងដល់ក្រុងយេរូសាឡឹម! នាងធ្វើឲ្យប្រជាជាតិអ៊ីស្រាអែលមានមោទនភាព! នាងធ្វើឲ្យជាតិសាសន៍របស់យើងមានកិត្តិយសយ៉ាងខ្លាំង! 10 នាងបានប្រព្រឹត្តការទាំងនេះដោយដៃនាងផ្ទាល់! នាងនាំសុភមង្គលមកឲ្យប្រជាជនអ៊ីស្រាអែល ហើយព្រះជាម្ចាស់ ក៏សព្វព្រះហឫទ័យនឹងកិច្ចការដែលនាងបានធ្វើនោះដែរ។ សូមព្រះអម្ចាស់ដែលមានតេជានុភាពសព្វប្រការប្រទានពរឲ្យនាងរហូតតរៀងទៅ»។ ប្រជាជនទាំងមូលឆ្លើយថា៖ «អាម៉ែន!»។
11 ប្រជាជនអ៊ីស្រាអែលទាំងមូលរឹបអូសយកជយភណ្ឌក្នុងជំរំអស់រយៈពេលសាមសិបថ្ងៃ។ គេយកពន្លារបស់លោកហូឡូភែរ ព្រមទាំងប្រដាប់ប្រដាធ្វើអំពីប្រាក់ គ្រែ ចានមាស តុ ទូទាំងប៉ុន្មានរបស់លោកហូឡូភែរ ប្រគល់ឲ្យនាងយូឌីត។ នាងក៏យកគ្រឿងបរិក្ខារទាំងនោះមួយចំនួនដាក់លើខ្នងលារបស់នាង ហើយយកគ្រឿងដែលសេសសល់ដាក់លើរទេះដឹកចេញទៅ។ 12 ស្ត្រីអ៊ីស្រាអែលទាំងអស់រត់មកមើល និងជូនពរនាង។ មានស្ត្រីខ្លះ នាំគ្នាច្រៀង ហើយរាំជូនជាកិត្តិយសដល់នាង។ នាងយូឌីតយកកម្រងស្លឹកឈើមកបំពាក់ឲ្យស្ត្រីដែលដើរជាមួយនាង។ នាងយូឌីត និងស្ត្រីដែលនៅជាមួយនាង ក៏យកមែកតូចៗនៃដើមអូលីវ មកក្រងជាភួងពាក់លើក្បាល រួចដង្ហែជាក្បួននៅមុខប្រជាជនទាំងអស់។ ប្រុសៗនៃជនជាតិអ៊ីស្រាអែលទាំងប៉ុន្មាន ដើរតាមពួកនាងទាំងប្រដាប់អាវុធ និងពាក់ភួងជ័យលើក្បាលផង ហើយនាំគ្នាច្រៀងបទសរសើរ។ 13 ពេលនោះនៅនាងយូឌីតចាប់ច្រៀងបទអរព្រះគុណព្រះជាម្ចាស់ នៅកណ្ដាលចំណោមជនជាតិអ៊ីស្រាអែលទាំងមូល។ ប្រជាជនទាំងមូលបន្លឺសំឡេងរួមជាមួយនាងយូឌីត សរសើរព្រះជាអម្ចាស់។