ជំពូក ១២

នាង​យូឌីត​ស្នាក់​អា‌ស្រ័យ​នៅ​ក្នុង​ជំរំ​ខ្មាំង​សត្រូវ

1 លោក​ហូឡូភែរ​នាំ​នាង​ទៅ​កាន់​តុ​របស់​លោក ដែល​មាន​សុទ្ធ​តែ​ចាន និង​កែវ​ដែល​ធ្វើ​ពី​ប្រាក់។ លោក​បញ្ជា​ឲ្យ​គេ​យក​ម្ហូប​អាហារ និង​ស្រា​របស់​លោក​ផ្ទាល់ មក​ជូន​នាង​ពិសា។ 2 ប៉ុន្តែ នាង​យូឌីត​ពោល​ថា៖ «នាង​ខ្ញុំ​មិន​អាច​បរិភោគ​អាហារ​របស់​លោក​ទេ ក្រែង​នាំ​ឲ្យ​នាង​ខ្ញុំ​ប្រព្រឹត្ត​ល្មើស​នឹង​វិន័យ។ នាង​ខ្ញុំ​នឹង​បរិភោគ​អាហារ ដែល​នាង​ខ្ញុំ​បាន​យក​មក​ជាមួយ»។ 3 លោក​ហូឡូភែរ​សួរ​ថា៖ «នៅ​ពេល​ស្បៀង​អាហារ​ទាំង​នេះ​អស់ តើ​ឲ្យ​យើង​ទៅ​រក​អាហារ​ដូច​នេះ​សម្រាប់​នាង​ឯណា! បើ​គ្មាន​ជន​ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​នៅ​ក្នុង​ជំរំ​នេះ​ផង?»។ 4 នាង​យូឌីត​តប​វិញ​ថា៖ «ក្នុង​នាម​លោក​ម្ចាស់​ដែល​មាន​ជីវិត ព្រះ‌អម្ចាស់​នឹង​សម្រេច​គម្រោង‌ការ​របស់​ព្រះ‌អង្គ​ដោយ​សារ​នាង​ខ្ញុំ មុន​ពេល​ដែល​ត្រូវ​អស់​ស្បៀង​អាហារ​នេះ​ទៅ​ទៀត»។ 5 នាយ​ទាហាន​របស់​លោក​ហូឡូភែរ​នាំ​នាង​ចូល​ទៅ​ក្នុង​ជំរំ ហើយ​នាង​ក៍​សម្រាន្ដ​លក់​រហូត​ដល់​កណ្ដាល​អធ្រាត្រ។ លុះ​ថ្ងៃ​ជិត​រះ នាង​ក្រោក​ពី​ដំណេក 6 ហើយ​ឲ្យ​គេ​ទៅ​ជម្រាប​លោក​ហូឡូភែរ​ថា៖ «សូម​លោក​ម្ចាស់ អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ចេញ​ទៅ​ក្រៅ ដើម្បី​អធិដ្ឋាន»។ 7 លោក​ហូឡូភែរ​បញ្ជា​ដល់​អង្គ‌រក្ស​របស់​លោក​អនុញ្ញាត​ឲ្យ​នាង​ចេញ​ទៅ។ នាង​យូឌីត​ស្នាក់​ក្នុង​ជំរំ​អស់‌រយៈ​ពេល​បី​ថ្ងៃ។ នៅ​ពេល​យប់ នាង​តែង​តែ​ចេញ​ពី​ជំរំ​ទៅ​ជ្រលង​ភ្នំ​ក្បែរ​ក្រុង​បេតធូលី នាង​តែង​តែ​ចុះ​ងូត​ទឹក​នៅ​ត្រង់​ប្រភព​ទឹក​នោះ។ 8 ពេល​នាង​ឡើង​មក​វិញ នាង​អង្វរ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល សូម​ព្រះ‌អង្គ​នាំ​ផ្លូវ​នាង ដើម្បី​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ។ 9 បន្ទាប់​ពី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ហើយ នាង​ក៏​ត្រឡប់​មក​ជំរំ​វិញ ហើយ​ស្នាក់​នៅ​ទី​នោះ រហូត​ដល់​ពេល​គេ​យក​អាហារ​សម្រាប់​ពេល​ល្ងាច មក​ជូន​នាង​បរិភោគ។

ពិធី​ជប់​លៀង​របស់​លោក​ហូឡូភែរ

10 ដល់​ថ្ងៃ​ទី​បួន លោក​ហូឡូភែរ​អញ្ជើញ​តែ​នាយ​ទាហាន ដែល​ជា​សហការី​ជិត​ដិត​នឹង​លោក​តែ​ប៉ុណ្ណោះ។ លោក​មិន​បាន​អញ្ជើញ​នាយ​ទាហាន​ឯទៀតៗ​ទេ។ 11 លោក​មាន​ប្រសាសន៍ ទៅ​កាន់​លោក​បាកូអាស ដែល​ជា​មហា​តលិក​ទទួល​ខុស​ត្រូវ​លើ​កិច្ច‌ការ​ទាំង​អស់​របស់​លោក​ថា៖ «សូម​ទៅ​និយាយ​លួង‌លោម បញ្ចុះ​បញ្ចូល ស្ត្រី​ជន​ជាតិ​ហេប្រឺ​ដែល​លោក​មើល​ថែ​រក្សា ឲ្យ​មក​ពិសា​អាហារ និង​ស្រា​ជា​មួយ​ពួក​យើង។ 12 ប្រសិន‌បើ​យើង​បណ្ដោយ​ឲ្យ​ស្ត្រី​ដ៏​ល្អ​ស្អាត​បែប​នេះ​រួច​ខ្លួន ដោយ​មិន​បាន​ឆក់​ឱកាស​សប្បាយ​ជា​មួយ​នាង​ទេ​នោះ​គួរ​ឲ្យ​អាម៉ាស់​ខ្លាំង​ណាស់។ បើ​យើង​មិន​បាន​ឆ្លៀត​ឱកាស​ទេ នាង​ប្រាកដ​ជា​សើច​ចំអក​ដាក់​យើង​មិន​ខាន»។ 13 ពេល​នោះ លោក​បាកូអាស​ក៏​ចាក​ចេញ​ពី​លោក​ហូឡូភែរ ទៅ​ជួប​នាង​យូឌីត ហើយ​ប្រាប់​នាង​ថា៖ «ស្រស់​ស្រី​អើយ! ម្ចាស់​ខ្ញុំ​អញ្ជើញ​នាង​ទៅ​ជំរំ​របស់​លោក កុំ​រួញ​រា​ឡើយ! សូម​នាង​អញ្ជើញ​ចូល​រួម​ពិសា​ស្រា​ជាមួយ​ពួក​យើង នាង​នឹង​ទទួល​កិត្តិ‌យស ហើយ​បាន​សប្បាយ​ដូច​ពួក​ស្រីៗ​របស់​ជន​ជាតិ​អាស្ស៊ីរី​នៅ​ក្នុង​រាជ‌វាំង​របស់​ព្រះ‌បាទ​នេប៊ូកា‌នេសារ​ដែរ»។ 14 នាង​យូឌីត​ឆ្លើយ​តប​វិញ​ថា៖ «តើ​នាង​ជា​នរណា ទើប​ហ៊ាន​បដិសេធ​ការ​អញ្ជើញ​របស់​ម្ចាស់​នាង​ខ្ញុំ​កើត!។ នាង​ខ្ញុំ​មិន​រា​រែក​ធ្វើ​អ្វីៗ​ទាំង​អស់ ដែល​គាប់​ចិត្ត​លោក​ម្ចាស់ ដោយ​សប្បាយ​រីក​រាយ​អស់​មួយ​ជីវិត!»។ 15 នាង​ក្រោក​ឡើង យក​សម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីត និង​គ្រឿង​អលង្ការ​មក​ពាក់។ ស្រី​បម្រើ​របស់​នាង​ចូល​ទៅ​ក្នុង​ជំរំ​លោក​ហូឡូភែរ ហើយ​យក​ស្បែក​ចៀម​ដែល​លោក​បាកូអាស​បាន​ប្រគល់​ឲ្យ​នាង​ប្រើ‌ប្រាស់​ជា​រៀង‌រាល់​ថ្ងៃ នៅ​ពេល​បរិភោគ។ 16 នាង​យូឌីត​ចូល​ទៅ​ក្នុង​ជំរំ ហើយ​ទម្រេត​ខ្លួន​លើ​ស្បែក​ចៀម​នោះ។ ពេល​នោះ លោក​ហូឡូភែរ​រំភើប‌ចិត្ត ហើយ​ស្រើប‌ស្រាល​ជា​ខ្លាំង ដោយ​ចង់​រួម​រស់​ជា​មួយ​នាង។ តាំង​ពី​លោក​ឃើញ​នាង​ជា​លើក​ដំបូង​ម្ល៉េះ លោក​តែង​រង់​ចាំ​ឱកាស​ល្អ ដើម្បី​លួង​លោម​បញ្ចុះ​បញ្ចូល​នាង។ 17 លោក​ហូឡូភែរ មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «សូម​នាង​ពិសា​ស្រា​សប្បាយ​ជា​មួយ​យើង»។ 18 នាង​យូឌីត​តប​វិញ​ថា៖ «លោក​ម្ចាស់ ថ្ងៃ​នេះ​នាង​ខ្ញុំ​យល់​ព្រម​ផឹក​ស្រា ព្រោះ​តាំង​ពី​កើត​មក​រហូត​ដល់​សព្វ​ថ្ងៃ នាង​ខ្ញុំ​ពុំ​ដែល​មាន​កិត្តិ‌យស​ដូច​ថ្ងៃ‌នេះ​ទេ!»។ 19 នាង​យូឌីត​បរិភោគ​ម្ហូប​អាហារ​ដែល​អ្នក​បម្រើ​បាន​រៀប​ចំ​ពី​ផ្ទះ​នៅ​ទល់​មុខ​លោក​ហូឡូភែរ។ 20 លោក​ហូឡូភែរ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​តែ​នាង​យូឌីត។ លោក​ផឹក​ស្រា​យ៉ាង​ច្រើន​លើស​ពី​ពេល​ណាៗ​ទាំង​អស់។