ជំពូក ២
សង្គ្រាមប្រឆាំងនឹងប្រជាជននៅភូមិភាគប៉ែកខាងលិច
1 នៅថ្ងៃទីម្ភៃពីរខែដំបូង ក្នុងឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទនេប៊ូកានេសារ ជាស្ដេចស្រុកអាស្ស៊ីរី ព្រះចៅ និងមន្ត្រីទាំងប៉ុន្មានពិគ្រោះគ្នា គិតពីការសងសឹកនឹងប្រជាជនទាំងអស់ ដែលមិនព្រមចូលរួមច្បាំងជាមួយ ស្របតាមរាជឱង្ការស្បថកាលពីមុននោះ 2 ព្រះចៅកោះហៅមេទ័ព និងមន្ត្រីជាន់ខ្ពស់ទាំងអស់ មកជួបប្រជុំគ្នាជាសម្ងាត់ ហើយសម្រេចសងសឹកដាក់ទោសដែនដីទាំងមូល។
3 មន្ត្រីទាំងប៉ុន្មានក៏យល់ព្រមប្រហារជីវិតប្រជាជនទាំងអស់ ដែលពុំព្រមចូលរួមទៅច្បាំង តាមរាជឱង្ការរបស់ស្ដេច។ 4 លុះការពិភាក្សាបានចប់សព្វគ្រប់ហើយ ព្រះបាទនេប៊ូកានេសារ ជាស្ដេចស្រុកអាស្ស៊ីរី ហៅលោកហូឡូភែរ(ជាមេបញ្ជាការកងទ័ពបន្ទាប់ពីស្ដេច) មក ហើយមានរាជឱង្ការថា៖ 5 «ព្រះមហាក្សត្រដែលជាម្ចាស់ផែនដីទាំងមូល បញ្ជាដូចតទៅ៖ ចូរទៅប្រមូលពលទាហានដ៏ខ្លាំងពូកែអង់អាច គឺកងពលថ្មើរជើងចំនួនយ៉ាងតិចណាស់មួយសែនពីរម៉ឺននាក់ ព្រមទាំងពលសេះចំនួនមួយម៉ឺនពីរពាន់នាក់ និងសេះជាច្រើនផង។ 6 លោកត្រូវចេញទៅប្រយុទ្ធ ជាមួយប្រជាជនទាំងអស់នៅប៉ែកខាងលិច ព្រោះពួកគេមិនគោរពតាមរាជឱង្ការរបស់យើងទេ។ 7 លោកត្រូវទាមទារឲ្យពួកគេចុះចូលក្រោមអំណាចរបស់យើង ដ្បិតយើងខ្ញាល់ខ្លាំងណាស់ ហើយបញ្ជាឲ្យកងទ័ពចេញទៅវាយពួកគេ។ ទាហានរបស់យើងនឹងដើរជាន់កម្ទេចទឹកដីទាំងមូលរបស់គេ ហើយរឹបអូសយកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ពួកគេថែមទៀតផង។ 8 អ្នករបួសខាងពួកគេ នឹងមានពាសពេញជ្រលងភ្នំ ហើយនៅតាមដងស្ទឹង និងដងទន្លេ មានពាសពេញទៅដោយសាកសព។ 9 យើងនឹងកៀរពួកគេទៅជាឈ្លើយ រហូតដល់ចុងបំផុតនៃផែនដី។ 10 រីឯលោក ចូរចេញទៅវាយយកតំបន់ទាំងប៉ុន្មានរបស់ពួកគេ មកឲ្យយើង។ កាលពួកគេចុះចូលនឹងលោកហើយ លោកត្រូវទុកពួកគេរហូតដល់ថ្ងៃដែលយើងដាក់ទោសពួកគេ។ 11 រីឯអស់អ្នកដែលមិនព្រមចុះចូលវិញ ចូរកុំត្រាប្រណីពួកគេឲ្យសោះ ចូរសម្លាប់ ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេឲ្យអស់នៅលើផែនដីទាំងមូល! 12 យើងបានស្បថក្នុងនាមរាជសម្បត្តិ និងជីវិតយើងផ្ទាល់ថា យើងនឹងប្រព្រឹត្តដូច្នេះដោយខ្លួនយើង។ 13 ចំណែកឯលោក ចូរកុំប្រព្រឹត្តបំពាននឹងបញ្ជារបស់ម្ចាស់លោកឡើយ សូម្បីតែមួយម៉ាត់ក៏មិនត្រូវបំពានដែរ! ចូរធ្វើតាមរាជបញ្ជាទាំងនេះជាកំហិត កុំបង្អែបង្អង់ឡើយ!»។ 14 លោកមេទ័ពហូឡូភែរ ចាកចេញពីព្រះភ័ក្រ្តស្ដេចដែលជាម្ចាស់របស់លោក រួចកោះហៅពួកស្ដេចត្រាញ់ មេទ័ព និងនាយទាហាននៅស្រុកអាស្ស៊ីរីមក។ 15 លោកបានកែនកងទ័ពស្រួចពិសេស ចំនួនមួយសែនពីរម៉ឺននាក់ តាមបញ្ជារបស់ព្រះចៅអធិរាជ ព្រមទាំងពលសេះដែលចេះបាញ់ធ្នូចំនួនមួយសែនពីរម៉ឺននាក់ទៀត។ 16 លោករៀបចំទាហានដ៏ច្រើននោះជាកងពល ដើម្បីចេញទៅច្បាំង។ 17 លោកយកអូដ្ឋ លា និងសេះ សម្រាប់ដឹកជញ្ជូន គ្រឿងឧបករណ៍ប្រើប្រាស់ ព្រមទាំងចៀម គោ ពពែជាច្រើនទៅជាមួយ សម្រាប់ធ្វើជាអាហារ។ 18 លោកក៏រៀបចំស្បៀងអាហារយ៉ាងច្រើន សម្រាប់ពលទាហានម្នាក់ៗ ព្រមទាំងមាស និងប្រាក់មួយចំនួនធំពីឃ្លាំងរាជទ្រព្យ។ 19 លោកហូឡូភែរ ព្រមទាំងកងទ័ពទាំងមូលចេញដំណើរទៅច្បាំងនឹងតំបន់ទាំងប៉ុន្មាននៅប៉ែកខាងលិច ឲ្យបានមុនព្រះបាទនេប៊ូកានេសារ ដោយមានរទេះច្បាំង ទ័ពសេះ និងកងទ័ពស្រួចយ៉ាងសន្ធឹកសន្ធាប់ មានពាសពេញនៅលើផែនដី។ 20 កងទ័ពដទៃទៀតក៏ចេញដំណើរជាមួយ កងទ័ពរបស់លោកហូឡូភែរយ៉ាងច្រើនអនេក ដូចហ្វូងកណ្ដូប ឬដូចគ្រាប់ខ្សាច់នៅលើដី ដ្បិតគ្មាននរណាអាចរាប់ឡើយ។ 21 កងទ័ពទាំងនោះចេញដំណើរពីទីក្រុងនីនីវេ ហើយដើរអស់រយៈពេលបីថ្ងៃ ឆ្ពោះទៅកាន់វាលទំនាបបេកទីលេត ហើយចេញពីបេកទីលេតទៅបោះជំរំនៅភ្នំដែលស្ថិតនៅប៉ែកខាងជើងនៃស្រុកស៊ីលីស៊ី។ 22 លោកហូឡូភែរ នាំកងទ័ពទាំងអស់ គឺទាំងកងពលថ្មើរជើង ទាំងកងពលសេះ ទាំងរទេះចម្បាំង ចេញពីកន្លែងនោះទៅកាន់តំបន់ភ្នំ។ 23 លោកវាយដណ្ដើមយកទីក្រុងភូដ និងទីក្រុងលូដ ព្រមទាំងរឹបអូសយក ទ្រព្យសម្បត្តិរបស់កូនចៅរ៉ាស៊ីស និងកូនចៅអ៊ីស្មាអែលដែលស្នាក់អាស្រ័យនៅតាមវាលរហោស្ថានខាងត្បូងខេលេអូនទៀតផង។ 24 លោកនាំកងទ័ពឆ្លងទន្លេអឺប្រាត និងឆ្លងកាត់តំបន់មេសូប៉ូតាមី ហើយវាយកម្ទេចក្រុងទាំងឡាយ ដែលមានកំពែងរឹងមាំ នៅតាមជ្រោះអប្រូណា រហូតទៅដល់សមុទ្រ។ 25 លោកកាន់កាប់តំបន់ស៊ីលីស៊ី ហើយកម្ទេចអស់អ្នកដែលប្រឆាំងតទល់នឹងលោក។ បន្ទាប់មកលោកទៅដល់ព្រំប្រទល់ស្រុកយ៉ាផែត ដែលនៅខាងត្បូង ទល់មុខស្រុកអារ៉ាប៊ី។ 26 លោកឡោមព័ទ្ធជនជាតិម៉ាឌីយ៉ានទាំងអស់ ដុតជំរំរបស់ពួកគេចោល ហើយរឹបអូសយកហ្វូងសត្វរបស់ពួកគេផង។ 27 លោកហូឡូភែរ លើកទ័ពចុះទៅដល់វាលនៃក្រុងដាម៉ាស់ ក្នុងរដូវចម្រូត ហើយដុតស្រែទាំងអស់ចោល កម្ទេចហ្វូងចៀម ហ្វូងគោរបស់គេ រឹបអូសយកទ្រព្យសម្បត្តិដែលមាននៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ពួកគេ បំផ្លាញវាលទំនាប ហើយសម្លាប់រង្គាលយុវជនទាំងអស់ចោល ដោយមុខដាវទៀតផង។ 28 នៅគ្រានោះ អ្នកក្រុងស៊ីដូន អ្នកក្រុងទីរូស អ្នកក្រុងសួរ អ្នកក្រុងអូគីណា និងអ្នកក្រុងយ៉ាមនីយ៉ាទាំងអស់ ដែលរស់នៅតាមឆ្នេរសមុទ្រ នាំគ្នាភ័យតក់ស្លុតយ៉ាងខ្លាំង។ អ្នកក្រុងអាសូត និងអ្នកក្រុងអាស្កាឡូន ក៏ភ័យខ្លាចតក់ស្លុតខ្លាំងណាស់ដែរ។