ជំពូក ៤
ជនជាតិយូដាមានគម្រោងការការពារខ្លួន
1 ប្រជាជនអ៊ីស្រាអែលដែលរស់នៅក្នុងស្រុកយូដា បានទទួលដំណឹងអំពីហេតុការណ៍ ទាំងប៉ុន្មានដែលលោកហូឡូភែរ ជាមេទ័ពរបស់ព្រះបាទនេប៊ូកានេសារ ស្ដេចស្រុកអាស្ស៊ីរី ធ្វើចំពោះប្រជាជាតិទាំងអស់ ហើយដឹងពីរបៀបដែលលោកបានបំផ្លាញទីសក្ការៈ និងរឹបអូសយកទ្រព្យសម្បត្តិពីទីនោះ។ 2 ពួកគេភ័យខ្លាចតក់ស្លុតខ្លាំងណាស់ ហើយព្រួយបារម្ភពីវាសនាក្រុងយេរូសាឡឹម និងព្រះវិហាររបស់ព្រះជាម្ចាស់ ជាព្រះរបស់ពួកគេ 3 ព្រោះពួកគេទើបនឹងវិលត្រឡប់ពីជាប់ជាឈ្លើយមកវិញថ្មីៗ។ ប្រជាជនយូដា បានប្រមូលគ្រឿងបរិក្ខារ និងអាសនៈព្រមទាំងធ្វើពិធីញែកលើគ្រឿងប្រើប្រាស់លើអាសនៈ និងលើព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលពួកខ្មាំងបានបង្អាប់បង្ឱនឲ្យបរិសុទ្ធឡើងវិញ។ 4 ពួកគេចាត់អ្នកនាំសារទៅតំបន់សាម៉ារីទាំងមូល តំបន់កូណា តំបន់បែតហូរ៉ូន អរបែលម៉ាអ៊ីម យេរីខូ រហូតដល់ទៅខូបា អៃស៊រ និងរហូតទៅដល់វាលទំនាបសាឡឹម។ 5 ពួកគេកាន់កាប់កំពូលភ្នំខ្ពស់ៗទាំងឡាយ ដោយ សង់កំពែងជុំវិញភូមិនៅតាមតំបន់ភ្នំ ដើម្បីផ្ទុកស្បៀងអាហារសម្រាប់ទប់ទល់នៅពេលមានចម្បាំង ព្រោះពួកគេទើបតែច្រូតស្រូវហើយថ្មីៗ។ 6 លោកយ៉ូអាគីមជាមហាបូជាចារ្យ នៅក្រុងយេរូសាឡឹមក្នុងសម័យនោះ គាត់បានសរសេរលិខិតមួយច្បាប់ទៅប្រជាជននៃក្រុងបេតធូលី និងក្រុងបេតូមេសតាអ៊ីម ដែលនៅមុខក្រុងអេស្ត្រឡូន និងនៅមុខវាលដូតន។ 7 ក្នុងលិខិតនេះ លោកបញ្ជាឲ្យគេកាន់កាប់ច្រកភ្នំ ដ្បិតទាហានដែលចង់ចូលទៅស្រុកយូដា ត្រូវតែឆ្លងកាត់ច្រកនេះ។ ម្យ៉ាងទៀត នៅកន្លែងនោះស្រួលវាយស្ទាក់ទាហាន ព្រោះពួកគេពុំអាចដើរទន្ទឹមគ្នា លើសពីពីរនាក់ឡើយ ដោយសារច្រកភ្នំនេះចង្អៀតពេក។ 8 ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមសេចក្ដីដែលលោកមហាបូជាចារ្យយ៉ូអាគីម និងក្រុមប្រឹក្សាព្រឹទ្ធាចារ្យរបស់ប្រជាជនអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម បានបញ្ជាគេ។ 9 ជនជាតិអ៊ីស្រាអែលទាំងមូលទូលអង្វរព្រះជាម្ចាស់យ៉ាងខ្លាំង ដោយស្មោះអស់ពីចិត្ត 10 ហើយនាំគ្នាធ្វើពិធីតមអាហារយ៉ាងតឹងរ៉ឹង ទាំងបុរស ទាំងស្ត្រី ទាំងកូនចៅ ទាំងហ្វូងសត្វរបស់ពួកគេ។ ពួកអន្តោប្រវេសន៍ ព្រមទាំងកូនឈ្នួល និងទាសាទាសីរបស់គេក៏នាំគ្នាស្លៀកសម្លៀកបំពាក់កាន់ទុក្ខដែរ។ 11 អ្នកក្រុងយេរូសាឡឹមទាំងអស់ ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ក្រាបថ្វាយបង្គំនៅមុខព្រះវិហារ ហើយយកផេះមករោយលើក្បាលរបស់គេ ព្រមទាំងលាតសម្លៀកបំពាក់កាន់ទុក្ខធ្វើពីបាវ ទូលអង្វរព្រះអម្ចាស់ផង។ 12 ពួកគេយកក្រណាត់កាន់ទុក្ខមកក្រាលជុំវិញអាសនៈ រួចនាំគ្នាទូលអង្វរព្រះអម្ចាស់យ៉ាងខ្លាំង សូមព្រះអង្គកុំបណ្ដោយឲ្យខ្មាំងសត្រូវចាប់យកប្រពន្ធ និងកូនចៅរបស់ពួកគេបាន សូមកុំបណ្ដោយឲ្យខ្មាំងបំផ្លាញក្រុងទាំងប៉ុន្មានរបស់គេ ដែលព្រះអង្គប្រទានឲ្យទុកជាកេរមត៌កសូមកុំបណ្ដោយឲ្យប្រជាជាតិដទៃមានជ័យជម្នះ បង្អាប់ព្រះវិហាររបស់ពួកគេដែរ។ 13 ព្រះអម្ចាស់ព្រះអង្គព្រះសណ្ដាប់សម្រែករបស់ពួកគេ ព្រះអង្គក៏ទតឃើញទុក្ខវេទនារបស់គេដែរ។ ប្រជាជននៅស្រុកយូដាទាំងមូល និងនៅស្រុកយេរូសាឡឹម បន្តពិធីតមអាហារនៅមុខព្រះវិហាររបស់ព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការអស់ពេលយ៉ាងយូរ។ 14 លោកមហាបូជាចារ្យយ៉ូអាគីម អស់លោកបូជាចារ្យ ព្រមទាំងអ្នកបម្រើព្រះអម្ចាស់ នៅក្នុងព្រះវិហារបានស្លៀកសម្លៀកបំពាក់កាន់ទុក្ខ ហើយនាំគ្នាថ្វាយតង្វាយដុតទាំងមូលជាប្រចាំ តង្វាយលាបំណន់ និងតង្វាយស្ម័គ្រចិត្តរបស់ប្រជាជន។ 15 ពួកគេយកផេះដាក់លើឈ្នួត ហើយនៅតែស្រែកទូលអង្វរព្រះអ