ជំពូក ១១

នាង​យូឌីត​នៅ​ចំពោះ​មុខ​លោក​ហូឡូភែរ

1 លោក​ហូឡូភែរ​និយាយ​ទៅ​កាន់​នាង​យូឌីត​ថា៖ «ចូរ​នាង​ទុក‌ចិត្ត​ចុះ​កុំ​ភ័យ​ខ្លាច​ឡើយ! ខ្ញុំ​មិន​ធ្វើ​បាប​ជន​ណា​ម្នាក់​ដែល​សុខ​ចិត្ត​បម្រើ​ព្រះ‌បាទ​នេប៊ូកា‌នេសារ ជា​ព្រះ‌មហា​ក្សត្រ​នៃ​ផែន​ដី​ទាំង​មូល​ទេ។ 2 តាម​ពិត ប្រសិន‌បើ​ប្រជាជន​របស់​នាង ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​នេះ មិន​បាន​មើល‌ងាយ​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​កាន់​អាវុធ​មក​ច្បាំង​នឹង​គេ​ដែរ ពួក​អ៊ីស្រា‌អែល​ខ្លួន​ឯង​ទេ​តើ ដែល​ធ្វើ​បាប​ខ្លួន​នោះ! 3 ឥឡូវ​នេះ សូម​ប្រាប់​ខ្ញុំ​មក ហេតុ​អ្វី​បាន​ជា​នាង​រត់​ចោល​ពួក‌គេ ហើយ​មក​សុំ​ចុះ​ចូល​ខាង​ខ្ញុំ​ទៅ​វិញ? នាង​រត់​មក​ដូច្នេះ​រួច​ខ្លួន​ហើយ! ចូរ​ទុក​ចិត្ត​ចុះ ចាប់​ពី​យប់​នេះ​ត​ទៅ ជីវិត​នាង​នឹង​រស់​រាន​ជា​រៀង​រហូត។ 4 គ្មាន​នរណា​ធ្វើ​បាប​នាង​ទេ ផ្ទុយ​ទៅ​វិញ គេ​នឹង​ធ្វើ​ល្អ ចំពោះ​នាង ដូច​គេ​ធ្លាប់​ធ្វើ​ចំពោះ​អ្នក​បម្រើ​របស់​ព្រះ‌បាទ​នេប៊ូកា‌នេសារ ជា‌ម្ចាស់​របស់​ខ្ញុំ​ដែរ»។ 5 នាង​យូឌីត​ពោល​ទៅ​កាន់​លោក​មេ​បញ្ជា‌ការ​ថា៖ «សូម​លោក​មេត្តា​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​សិន សូម​លោក​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ជម្រាប​ផង! អ្វីៗ​ដែល​នាង​ខ្ញុំ​ជម្រាប​លោក​ម្ចាស់​នៅ​ពេល​យប់​នេះ គឺ​សុទ្ធ​តែ​ជា​ពាក្យ​ពិត​ទាំង​អស់ គ្មាន​កុហក​ភូតភរ​ឡើយ។ 6 ប្រសិន​បើ​លោក​ម្ចាស់​សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​ដែល​នាង​ខ្ញុំ​ជម្រាប​នោះ ព្រះ‌ជាម្ចាស់​មុខ​ជា​ជួយ​លោក​ម្ចាស់​ឲ្យ​សម្រេច​ការ​អស្ចារ្យ​ពុំ​ខាន ហើយ​លោក​ម្ចាស់​ត្រូវ​តែ​ទទួល​ជោគ‌ជ័យ​ជា‌និច្ច​ដែរ។ 7 នាង​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌ចៅ​នេប៊ូកា‌នេសារ ជា​ព្រះ‌មហា​ក្សត្រ​នៃ​ផែន​ដី​ទាំង​មូល ដែល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ និង​មាន​អំណាច​ដ៏​ខ្លាំង​ក្លា​ថា ព្រះ‌រាជា​បាន​ចាត់​លោក​ម្ចាស់​ឲ្យ​មក​តំរែ​តម្រង់​សត្វ​លោក​ទាំង​អស់ ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ ហើយ​ដោយ​សារ​លោក​ម្ចាស់ មនុស្ស​ទាំង​អស់​នឹង​បម្រើ​ព្រះ‌រាជា។ មិន​តែ​ប៉ុណ្ណោះ​សោត សត្វ​ព្រៃ សត្វ​ស្រុក បក្សា‌បក្សី នឹង​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បាទ​នេប៊ូកា‌នេសារ និង​រស់​ដោយ​សារ​អំណាច​លោក​ដែរ។ 8 យើង​ខ្ញុំ​ទាំង‌អស់​គ្នា​បាន​ឮ​គេ​និយាយ​គ្រប់​មាត់ ពី​ប្រាជ្ញា​ឈ្លាស‌វៃ​របស់​លោក​ម្ចាស់​នៅ​លើ​ផែន​ដី​ទាំង​មូល គេ​រៀប​រាប់​ថា​ក្នុង​រាជា‌ណា​ចក្រ​ទាំង​មូល មាន​តែ​លោក​ម្ចាស់​ទេ​ដែល​មាន​ចិត្ត​សប្បុរស ចេះ​ដឹង ស្ទាត់​ជំនាញ ព្រម​ទាំង​ចំណាន​ក្នុង​ការ​ធ្វើ​សង្គ្រាម​ទៀត​ផង។ 9 ចំពោះ​ពាក្យ​សម្ដី​ដែល​លោក​អឃីយ័រ​បាន​ពោល​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា យើង​ខ្ញុំ​ក៏​បាន​ឮ​ដែរ ដ្បិត​អ្នក​ស្រុក​បេតធូលី បាន​សង្គ្រោះ​ជន​នោះ ហើយ​គាត់​បាន​ប្រាប់​យើង​ខ្ញុំ​នូវ​អ្វីៗ ដែល​គាត់​បាន​និយាយ​នៅ​ចំពោះ​មុខ​លោក​ម្ចាស់។ 10 បពិត្រ​លោក​ម្ចាស់​ដ៏​ជា​ទី​គោរព! សូម​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​សម្ដី​របស់​លោក​អឃីយ័រ​បាន​ជម្រាប។ សូម​ចង​ចាំ​ពាក្យ​របស់​គាត់ ព្រោះ​សេចក្ដី​ទាំង​នោះ​ជា​ការ​ពិត។ ប្រសិន​បើ​ជាតិ​សាសន៍​យើង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ គ្មាន​នរណា​អាច​ធ្វើ​ទោស​ជាតិ​សាសន៍​យើង​ខ្ញុំ ឬ​គ្មាន​នរណា​អាច​កាប់​សម្លាប់​យើង​ខ្ញុំ​ដោយ​ដាវ​បាន​ឡើយ។ 11 ប៉ុន្ដែ​ឥឡូវ​នេះ ពួក‌គេ​បាន​ប្រព្រឹត្ត​អំពើ​បាប បណ្ដាល​ឲ្យ​ព្រះ​របស់​គេ ព្រះ‌អង្គ​ព្រះ‌ពិរោធ ដូច​ពេល​ពួក‌គេ​ប្រព្រឹត្ត​បទ​ល្មើស ជា​រៀង​រាល់​លើក​ដែរ។ ដូច្នេះ ពួក‌គេ​មុខ​ជា​ត្រូវ​ស្លាប់​មិន​ខាន ហើយ​លោក​នឹង​មាន​ជ័យ‌ជម្នះ​អាច​ត្រឡប់​ទៅ​ស្រុក​វិញ​ទៀត​ផង។ 12 ពួក​គេ​ខ្វះ​ស្បៀង​អាហារ​យ៉ាង​ខ្លាំង ហើយ​ទឹក​ក៏​កាន់​តែ​ជិត​អស់ ពួក‌គេ​បាន​សម្រេច​ចិត្ត​សម្លាប់​សត្វ​របស់​គេ​ដើម្បី​បរិភោគ ដែល​នាំ​ឲ្យ​ប្រាស​ចាក​ពី​វិន័យ​របស់​ព្រះ‌ជាម្ចាស់ ហាម​ឃាត់​មិន​ឲ្យ​សម្លាប់​សត្វ​ធ្វើ​ជា​អាហារ។ 13 សូម្បី​តែ​ផល​ស្រូវ​ដំបូង ព្រម‌ទាំង​ចំណែក​មួយ​ភាគ​ដប់​នៃ​ស្រា និង​ប្រេង​ចំនួន​មួយ​ភាគ​ដប់ ដែល​ពួក‌គេ​ទុក​សម្រាប់​បូជា‌ចារ្យ ជា​អ្នក​បម្រើ​នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​របស់​ព្រះ​នៃ​យើង នៅ​ក្រុង​យេរូ‌សាឡឹម ក៏​ពួក‌គេ​សម្រេច​យក​ទៅ​បរិភោគ​ដែរ។ តាម​វិន័យ គ្មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់​មាន​សិទ្ធិ​ប៉ះ​ពាល់​អាហារ​ទាំង​នោះ​ជា​ដាច់​ខាត។ 14 ប៉ុន្តែ អ្នក​ក្រុង​យេរូ‌សាឡឹម​បាន​ធ្វើ​ដូច្នេះ​ហើយ ទើប​អ្នក​ក្រុង​បេតធូលី​ចាត់​គ្នា​ឲ្យ​ទៅ​ជួប​ក្រុម​ប្រឹក្សា​ព្រឹទ្ធា‌ចារ្យ​នៃ​ក្រុង​យេរូ‌សាឡឹម ដើម្បី​សុំ​ច្បាប់​អនុញ្ញាត​ធ្វើ​បែប​នេះ។ 15 នៅ​ថ្ងៃ​ណា​ពួក‌គេ​បាន​ច្បាប់​អនុញ្ញាត​ហើយ ពួក‌គេ​នឹង​បរិភោគ​អាហារ​ទាំង​នេះ។ នៅ​ថ្ងៃ​នោះ ព្រះ‌ជាម្ចាស់​នឹង​ប្រគល់​ពួក‌គេ មក​ក្នុង​កណ្ដាប់‌ដៃ​លោក​ម្ចាស់ ហើយ​លោក​ម្ចាស់​នឹង​បំផ្លាញ​ពួក‌គេ ឲ្យ​វិនាស​អន្ត‌រាយ។
16 នាង​ខ្ញុំ​ដឹង​សេចក្ដី​ទាំង​នេះ​ហើយ ទើប​នាង​ខ្ញុំ​រត់​ចោល​ពួក‌គេ។ ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​នាង​ខ្ញុំ​មក​ទី​នេះ រួម​ជា​មួយ​លោក​ម្ចាស់ ដើម្បី​សម្រេច​កិច្ច‌ការ​មួយ ដែល​មនុស្ស​នៅ​លើ​ផែន​ដី​គ្រប់ៗ​រូប​នឹង​ស្រឡាំង‌កាំង​ពេល​គេ​ឮ​ដំណឹង​នេះ។ 17 នាង​ខ្ញុំ​តែង‌តែ​ស្មោះ​ស្ម័គ្រ​គោរព​ប្រណិ‌ប័តន៍ និង​បម្រើ​ព្រះ‌ជាម្ចាស់​នៅ​ស្ថាន‌បរម​សុខ ទាំង​ថ្ងៃ​ទាំង​យប់។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ នាង​ខ្ញុំ​នឹង​ស្នាក់​នៅ​ក្នុង​ជំរំ​របស់​លោក​ម្ចាស់។ ប៉ុន្តែ​រៀង​រាល់​យប់ នាង​ខ្ញុំ​នឹង​ចេញ​ទៅ​ជ្រលង​ភ្នំ ដើម្បី​សុំ​អង្វរ​ព្រះ‌ជាម្ចាស់។ ពេល​ណា​ពួក‌គេ​ប្រព្រឹត្ត​អំពើ​បាប ព្រះ‌អង្គ មុខ​ជា​មាន​ព្រះ‌បន្ទូល​ប្រាប់​នាង​ខ្ញុំ​មិន​ខាន។ 18 ពេល​នោះ នាង​ខ្ញុំ​នឹង​នាំ​ដំណឹង​នោះ​មក​ជម្រាប​លោក​ម្ចាស់ ហើយ​លោក​ម្ចាស់​នឹង​នាំ​ទ័ព​ទាំង​អស់​ទៅ​វាយ​សម្រុក​ពួក‌គេ ក្នុង​ចំណោម​ពួក​គេ​គ្មាន​នរណា​ម្នាក់ អាច​ទប់​ទល់​នឹង​លោក​ម្ចាស់​ឡើយ។ 19 នាង​ខ្ញុំ​នឹង​នាំ​ផ្លូវ​លោក​ម្ចាស់​ឲ្យ​ដើរ​កាត់​ស្រុក​យូដា រហូត​ដល់​ស្រុក​យេរូ‌សាឡឹម។ នាង​ខ្ញុំ​នឹង​តាំង​បល្ល័ង្ក​របស់​លោក​ម្ចាស់​នៅ​កណ្ដាល​ក្រុង​នោះ។ លោក​ម្ចាស់​នឹង​ដឹក​នាំ​ពួក‌គេ​ដូច​សត្វ​ចៀម​ដែល​គ្មាន​គង្វាល ហើយ​ក៏​គ្មាន​ឆ្កែ​ណា​មួយ​ហ៊ាន​ព្រូស​ប្រឆាំង​នឹង​លោក​ម្ចាស់​ដែរ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​នាង​ខ្ញុំ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​នាង​ខ្ញុំ ដឹង​សេចក្ដី​ទាំង​នេះ​ជា​មុន ហើយ​ព្រះ‌អង្គ​ក៏​ចាត់​នាង​ខ្ញុំ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់​ដែរ»។
20 លោក​ហូឡូភែរ និង​នាយ​ទាហាន​របស់​លោក​ពេញ​ចិត្ត​នឹង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​នាង​យូឌីត​ពោល​នោះ ហើយ​នាំ​គ្នា​សរសើរ​ប្រាជ្ញា​ដ៏​ឈ្លាស‌វៃ​របស់​នាង។ អស់​លោក​និយាយ​គ្នា​ថា៖ 21 «ក្នុង​ពិភព‌លោក​ទាំង​មូល​មិន​អាច​រក​ស្ត្រី​ណា​ដែល​ស្អាត ហើយ​មាន​ប្រាជ្ញា​ដូច​នាង​នេះ​ទេ»។ 22 លោក​ហូឡូភែរ មាន​ប្រសាសន៍​ទៅ​កាន់​នាង​យូឌីត​ថា៖ «ព្រះ‌ជាម្ចាស់​ចាត់​នាង​ឲ្យ​មក​ទី​នេះ ឃ្លាត​ឆ្ងាយ​ពី​ប្រជាជន​របស់​នាង ព្រះ‌អង្គ​នឹង​ប្រទាន​ជ័យ‌ជម្នះ​មក​យើង ព្រះ‌អង្គ​នឹង​បំផ្លាញ​អ្នក​ដែល​មើល​ងាយ​ព្រះ‌ចៅ​នេប៊ូកា‌នេសារ ជា​ម្ចាស់​របស់​ខ្ញុំ ព្រះ‌អង្គ​ប្រព្រឹត្ត​ដូច្នេះ​ប្រសើរ​ណាស់។ 23 ចំណែក​នាង​វិញ នាង​មិន​ត្រឹម​តែ​ស្អាត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាច​និយាយ​បាន​ល្អ​ទៀត​ផង។ ប្រសិន​បើ​នាង​ធ្វើ​ដូច​ពាក្យ​ដែល​នាង​ប្រាប់​មែន ព្រះ​របស់​នាង​នឹង​ទៅ​ជា​ព្រះ​របស់​ខ្ញុំ​ដែរ។ នាង​នឹង​ទៅ​រស់​នៅ​ក្នុង​រាជ‌វាំង របស់​ព្រះ‌បាទ​នេប៊ូកា‌នេសារ ហើយ​នាង​នឹង​មាន​ឈ្មោះ​ល្បី​ក្នុង​ពិភព‌លោក​ទាំង​មូល​ដែរ»។