ជំពូក ៩

ពាក្យ​អង្វរ​របស់​នាង​យូឌីត

1 នៅ​ពេល​គេ​នាំ​គ្នា​ថ្វាយ​គ្រឿង​ក្រអូប​ពេល​ល្ងាច​ក្នុង​ព្រះ‌វិហារ នៅ​ក្រុង​យេរូ‌សាឡឹម នាង​យូឌីត​ក្រាប​មុខ​ដល់​ដី រោយ​ផេះ​នៅ​លើ​ក្បាល ហើយ​លេច​ចេញ​អាវ​ធ្វើ​ពី​បាវ ដែល​នាង​តែង​តែ​ពាក់​ជាប់​ក្នុង​សម្លៀក‌បំពាក់​របស់​នាង។ 2 នាង​បន្លឺ​សំឡេង​ខ្លាំងៗ ទូល​អង្វរ​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះ‌អង្គ​ជា​ព្រះ​របស់​លោក​ស៊ីម៉ូន ជា​បុព្វ‌បុរស​របស់​នាង​ខ្ញុំ។ ព្រះ‌អង្គ​បាន​ប្រទាន​ដាវ​មក​ក្នុង​ដៃ​លោក ដើម្បី​ដាក់​ទោស​ជន​ជាតិ​ដទៃ ដែល​រំលោភ​លើ​រូប​កាយ ប្អូន‌ស្រី​របស់​លោក។ ពួក​វា​បាន​ហែក​សម្លៀក‌បំពាក់​របស់​នាង ហើយ​ធ្វើ​ឲ្យ​នាង​អាម៉ាស់ ពួក​វា​រំលោភ​នាង​យ៉ាង​ព្រៃ‌ផ្សៃ គឺ​ប្រ‌ព្រឹត្ត​អំពើ​ដែល​ព្រះ‌អង្គ​មិន​ឲ្យ​ប្រ‌ព្រឹត្ត។ 3 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រគល់​មេ‌ដឹក​នាំ​របស់​ពួក​គេ ឲ្យ​លោក​ស៊ីម៉ូន​បញ្ឆោត​យក​ទៅ​ប្រហារ​ជីវិត​ចោល​អស់។ រីឯ​គ្រែ​ដែល​ជា​កន្លែង​ដែល​ពួក​វា​បាន​បញ្ឆោត​នាង​នោះ ត្រូវ​ជោក‌ជាំ​ដោយ​ឈាម​របស់​គេ​ដែរ។ ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត​ទាំង​ខ្ញុំ​បម្រើ ទាំង​ចៅហ្វាយ​របស់​ពួក​គេ ព្រះ‌អង្គ​ក៏​បាន​ប្រហារ​ជីវិត​មេ‌ដឹក​នាំ នៅ​លើ​រាជ​បល្ល័ង្ក​ដែរ។ 4 ព្រះ‌អង្គ​បាន​ប្រគល់​ប្រពន្ធ និង​កូន‌ស្រី​របស់​ពួក​គេ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​កៀរ​យក​ទៅ​ជា​ឈ្លើយ និង​ជា​ទាសី។ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ ដែល​ខិត​ខំ​គោរព​បម្រើ​ព្រះ‌អង្គ រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​មក​ចែក​គ្នា ដ្បិត​គេ​ស្អប់ ហើយ​នាំ​គ្នា​អង្វរ​ព្រះ‌អង្គរ។
ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​នាង​ខ្ញុំ​អើយ! សូម​ព្រះ‌អង្គ​មេត្តា​ស្ដាប់​ពាក្យ​អង្វរ​របស់​នាង​ខ្ញុំ ជា​ស្ត្រី​មេ‌ម៉ាយ​ផង! 5 មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ធ្វើ​ឲ្យ​ព្រឹត្តិ‌ការណ៍​ជំនាន់​ដើម ព្រឹត្តិ‌ការណ៍​សព្វ​ថ្ងៃ‌នេះ និង​ព្រឹត្តិ‌ការណ៍​អនាគត​កើត​ឡើង​បាន។ ព្រឹត្តិ‌ការណ៍​ទាំង‌អស់​កើត​ឡើង តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គ។ 6 ព្រឹត្តិ‌ការណ៍​ទាំង‌អស់​ដែល​ព្រះ‌អង្គ​គ្រោង​ទុក​បាន​មក​ដល់ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​មក​ដល់​ហើយ»។ រាល់​កិច្ច‌ការ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​បាន​គ្រោង​ទុក​ជា​មុន។ ហើយ​ព្រះ‌អង្គ​តែង​ជ្រាប​អ្វីៗ​ទាំង​អស់​ជា​មុន។ 7 ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ទត​មើល​ជន​ជាតិ​អាស្ស៊ីរី​លើក​ទ័ព​ទាំង​អស់ មក​ទី​នេះ។ ពួក​គេ​អួត​អាង​ដោយ​មាន​កង‌ទ័ព‌សេះ​ជា​ច្រើន។ គេ​វាយ​ឫក​ដោយ​អាង​កម្លាំង​ថ្មើរ​ជើង គេ​ពឹង​ផ្អែក​លើ​គ្រឿង​សាស្ត្រា‌វុធ​គ្រប់​ធុន​របស់​គេ។ ប៉ុន្តែ ពួក‌គេ​មិន​ស្គាល់​ថា​ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់​ដែល​អាច​ពន្លត់​ភ្លើង​សង្គ្រាម​ឡើយ។ 8 ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា “ព្រះ‌អម្ចាស់”។ សូម​ព្រះ‌អង្គ​មេត្តា​សម្ដែង​ឫទ្ធា‌នុភាព មក​បំបាត់​ភាព​ឃោរ‌ឃៅ​របស់​ពួក‌គេ​ផង សូម​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ បង្ក្រាប​កម្លាំង​របស់​ពួក‌គេ​ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។ ពួក‌គេ​មាន​គម្រោង​បន្ទាប​បន្ថោក​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ឲ្យ​ព្រះ‌ពន្លា​ជា​កន្លែង​តាំង​ព្រះ‌នាម​ដ៏​រុង‌រឿង​របស់​ព្រះ‌អង្គ​គង់​នៅ ត្រូវ​សៅ​ហ្មង ព្រម​ទាំង​រំលំ​អាសនៈ​របស់​ព្រះ‌អង្គ​ចោល​ទៀត​ផង។ 9 សូម​ព្រះ‌អង្គ​ទត​មើល​ចុះ ពួក‌គេ​អួត​អាង​ខ្លាំង​ណាស់! សូម​ព្រះ‌អង្គ​ព្រះ‌ពិរោធ​បង្ក្រាប​ពួក​គេ​ផង! សូម​ប្រោស​ប្រទាន​ឲ្យ​នាង​ខ្ញុំ​ជា​ស្រ្តី​មេ‌ម៉ាយ មាន​កម្លាំង​អនុវត្ត​គម្រោង‌ការ​ដែល​នាង​ខ្ញុំ​បាន​រៀប​ចំ 10 សូម​ប្រហារ​ទាំង​ទាសា​ទាសី ទាំង​ចៅ‌ហ្វាយ ទាំង​មេ‌ទ័ព និង​ទាំង​ពល‌ទាហាន​របស់​គេ ដោយ​សារ​តែ​ពាក្យ​បញ្ឆោត​របស់​នាង​ខ្ញុំ​ផង។ សូម​ឲ្យ​ការ​អួត​បំប៉ោង​របស់​ពួក​គេ ត្រូវ​កម្ទេច​ដោយ‌សារ​តែ​ដៃ​ស្ត្រី​ម្នាក់។ 11 ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ មិន​មែន​ស្ថិត​លើ​ពល‌ទាហាន​ដ៏​ច្រើន​នោះ​ទេ ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ​ក៏​មិន​អា‌ស្រ័យ​លើ​អ្នក​កាន់​អំណាច​ដែរ គឺ​ព្រះ‌អង្គ​ពិត​ជា​ព្រះ​របស់​មនុស្ស​ទន់​ទាប ព្រះ‌អង្គ​តែង​សង្គ្រោះ​អ្នក​តូច​តាច ការ‌ពារ​ជន​ទន់​ខ្សោយ គាំ​ទ្រ​ជន​ដែល​គ្មាន​ទី​ពឹង ហើយ​សង្គ្រោះ ជន​ដែល​អស់​សង្ឃឹម។ 12 ឱ​ព្រះ​របស់​ដូន‌តា​ឪពុក​នាង​ខ្ញុំ​អើយ! ព្រះ‌អង្គ​ជា​ព្រះ​របស់​ប្រជាជន​អ៊ីស្រា‌អែល ដែល​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ! ព្រះ‌អង្គ​ជា‌ម្ចាស់​ផ្ទៃ​មេឃ និង​ផែន‌ដី​ព្រះ‌អង្គ​បាន​បង្កើត​ទឹក ហើយ​ជា​ព្រះ‌មហា​ក្សត្រ​នៃ​សត្វ​លោក​ទាំង‌ឡាយ! សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​នាង​ខ្ញុំ​ផង។ 13 សូម​ឲ្យ​អស់​អ្នក​ដែល​មាន​គម្រោង‌ការ​ដ៏​អា‌ក្រក់ ចង់​ប្រឆាំង​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ ចង់​បំផ្លាញ​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ ចង់​បំផ្លាញ​កំពូល​ភ្នំ​ស៊ីយ៉ូន និង​ទឹក​ដី​របស់​ប្រជាជន​ព្រះ‌អង្គ ត្រូវ​របួស និង​ស្លាប់​ដោយ​សារ​ពាក្យ​សម្ដី​ដែល​នាង​ខ្ញុំ​បញ្ឆោត​គេ។ 14 សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជាតិ និង​កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធានុភាព និង​ព្រះ‌ចេស្ដា​គ្រប់​បែប​យ៉ាង គ្មាន​ព្រះ​ឯណា​ក្រៅ​ពី​ព្រះ‌អង្គ ដែល​តាម​ថែ​រក្សា ការ‌ពារ​ជន​ជាតិ​អ៊ីស្រា‌អែល​ឡើយ»។