ជំពូក ១៦
1 នាងយូឌីតច្រៀងថា៖ «ចូរច្រៀងតម្កើងព្រះជាម្ចាស់របស់នាងខ្ញុំដោយវាយស្គរផង! ចូរច្រៀងសរសើរព្រះអង្គដោយវាយឈឹង។ ចូរច្រៀងបទសរសើរតម្កើងព្រះអង្គ! សូមលើកតម្កើងព្រះអង្គ និងអង្វររកព្រះនាមព្រះអង្គផង! 2 ព្រះអម្ចាស់ពិតជាព្រះដែលពន្លត់ភ្លើងសង្គ្រាមមែន ព្រះអង្គបានរំដោះនាងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំង ដែលដេញតាមនាងខ្ញុំ។ ព្រះអង្គនាំនាងខ្ញុំឲ្យវិលត្រឡប់មកវិញ ដោយសុខសាន្ត ក្នុងចំណោមប្រជាជនរបស់ព្រះអង្គ។ 3 កងទ័ពអាស្ស៊ីរីមកពីភ្នំខាងជើង គឺកងទ័ពដែលមានទាហានច្រើនឥតគណនា។ ទាហានទាំងនោះនៅពាសពេញជ្រលងភ្នំ ពលសេះរបស់គេនៅពាសពេញមីរដេដាស តាមតំបន់ភ្នំទាំងប៉ុន្មាន 4 ពួកខ្មាំងមានបំណងដុតបំផ្លាញទឹកដីរបស់យើង បម្រុងនឹងកម្ទេចយុវជនរបស់យើង ដោយមុខដាវឲ្យអស់ បម្រុងបោកសម្លាប់ទារកនៅនឹងដី ចាប់កូនយើងយកទៅធ្វើជាឈ្លើយ ព្រមទាំងចាប់ពង្រាត់យុវនារីរបស់យើង យកទៅទៀតផង។ 5 តែព្រះអម្ចាស់ដែលមានតេជានុភាពសព្វប្រការ បានប្រើដៃស្ត្រីម្នាក់មកឃាត់ពួកគេ។ 6 មិនមែនយុវជនពេញកម្លាំងទេ ដែលបានផ្តួលរំលំមេដឹកនាំដ៏ខ្លាំងក្លារបស់គេ! មិនមែនពលទាហានទេដែលវាយសម្លាប់គេ! មិនមែនប្រុសៗមានមាឌមាំទេ ដែលបង្ក្រាបគេ! គឺនាងយូឌីតកូនស្រីរបស់លោកមេរ៉ារីទេតើ ដែលបានយកជ័យលើគេ ដោយគ្រាន់តែប្រើសម្ផស្សរបស់នាងប៉ុណ្ណោះ។ 7 នាងបានផ្លាស់សម្លៀកបំពាក់ស្រីមេម៉ាយចេញ ដើម្បីរំដោះប្រជាជនអ៊ីស្រាអែលឲ្យរួចពីការកៀបសង្កត់ នាងយកគ្រឿងក្រអូបមកលាបមុខ 8 ហើយពាក់ក្បាំងជាប់នឹងសក់នាង។ នាងស្លៀកសម្លៀកបំពាក់ធ្វើអំពីក្រណាត់សំពត់ដ៏ល្អ ដើម្បីទាក់ទាញទឹកចិត្តខ្មាំង។ 9 ស្បែកជើងរបស់នាង ទាក់ទាញភ្នែករបស់គេ ហើយសម្ផស្សរបស់នាងធ្វើឲ្យគេវង្វេងស្មារតី នាងយកដាវរបស់គេមកកាប់ផ្ដាច់កគេ។ 10 ជនជាតិពែរ្សភ័យញាប់ញ័រ ដោយសារសេចក្ដីក្លាហានរបស់នាង ជនជាតិម៉ែដ ក៏ភ័យតក់ស្លុតដោយសារ ចិត្តអង់អាចរបស់នាងដែរ។ 11 ពេលនោះ ប្រជាជនយើងដែលត្រូវគេមើលងាយ បានស្រែកជយឃោស ហើយទាហានអាស្ស៊ីរីភិតភ័យតក់ស្លុត! ប្រជាជនដែលទន់ខ្សោយស្រែកឡើង ហើយខ្មាំងសត្រូវ ដ៏ខ្លាំងក្លាត្រូវបាក់ស្មារតី។ ប្រជាជនបន្លឺសំឡេងយ៉ាងខ្លាំង ហើយពួកគេក៏ជ្រួលច្របល់! 12 អ្នកដែលខ្មាំងមើលងាយ បានចាក់ទម្លុះ ហើយវាយពួកគេឲ្យរបួសជិតស្លាប់ ព្រមទាំងរត់គេចខ្លួនដូចមនុស្សកំសាក។ ខ្មាំងសត្រូវវិនាសអន្តរាយដូច្នេះ ព្រះអម្ចាស់របស់ខ្ញុំបានរួមប្រយុទ្ធជាមួយដែរ។ 13 នាងខ្ញុំនឹងច្រៀងបទថ្មីថ្វាយព្រះជាម្ចាស់របស់នាងខ្ញុំ។ បពិត្រព្រះអម្ចាស់! ព្រះអង្គពិតជាប្រសើរឧត្ដុង្គឧត្ដម ប្រកបដោយសិរីរុងរឿងមែន! ព្រះអង្គមានឫទ្ធិបារមីខ្លាំងអស្ចារ្យលើសអ្វីៗទាំងអស់។ 14 សូមឲ្យសត្វលោកទាំងអស់ដែលព្រះអង្គបានបង្កើតមក សុខចិត្តបម្រើព្រះអង្គ។ គ្រាន់តែព្រះអង្គមានព្រះបន្ទូលនោះអ្វីៗទាំងអស់ក៏កើតមានភ្លាម គ្រាន់តែព្រះអង្គចាត់ព្រះវិញ្ញាណមក នោះ អ្វីៗទាំងអស់ក៏ត្រូវរៀបចំឡើងដែរ គ្មាននរណាម្នាក់ជំទាស់ នឹងព្រះបន្ទូលរបស់ព្រះអង្គឡើយ។ 15 ពេលព្រះអង្គយាងមក ភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះ ហើយធ្លាក់ក្នុងសមុទ្រ សូម្បីតែដុំថ្ម ក៏ត្រូវរលាយ ដូចក្រមួនត្រូវថ្ងៃដែរ។ ប៉ុន្តែ ព្រះអង្គតែងតែអាណិតអាសូរដល់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ។ 16 គ្មានយញ្ញបូជាណាអាចគាប់ព្រះហឫទ័យព្រះអង្គឡើយ ទោះបីគេយកសាច់ចំឡកមកដុតថ្វាយព្រះអង្គ ក៏មិនសមដែរ ប៉ុន្តែ អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរឧត្ដមជាដរាប។ 17 ប្រជាជាតិទាំងប៉ុន្មានដែលប្រឆាំងនឹងជនជាតិរបស់នាងខ្ញុំ មុខជាត្រូវវេទនាជាពុំខាន! ព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ព្រះអង្គនឹងផ្តន្ទាទោសពួកគេ នៅថ្ងៃដែលព្រះអង្គវិនិច្ឆ័យ។ ព្រះអង្គធ្វើឲ្យភ្លើងឆេះពួកគេ និងធ្វើឲ្យដង្កូវចោះសាច់គេ ធ្វើឲ្យគេស្រែកឈឺចុកចាប់ អស់កល្បជាអង្វែងតរៀងទៅ»។ 18 ពេលក្បួនដង្ហែមកដល់ក្រុងយេរូសាឡឹម គេនាំគ្នាចូលព្រះវិហារក្រាបថ្វាយបង្គំព្រះជាម្ចាស់។ ប្រជាជនធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ រួចធ្វើយញ្ញបូជា ព្រមទាំងថ្វាយតង្វាយដោយស្មោះស្ម័គ្រ និងតង្វាយផ្សេងៗទៀត។ 19 រីឯនាងយូឌីតវិញ នាងយកប្រដាប់ប្រដាទាំងប៉ុន្មានរបស់លោកហូឡូភែរ ដែលប្រជាជនបានប្រគល់ឲ្យនាង មកថ្វាយទាំងអស់។ នាងយកមុងដែលនាងយកពីលើគ្រែលោកហូឡូភែរមកថ្វាយ ទុកជាជយភណ្ឌផ្ទាល់របស់ព្រះអង្គ។ 20 ប្រជាជននៅតែបន្តការសប្បាយនៅមុខព្រះវិហារក្រុងយេរូសាឡឹមអស់រយៈពេលបីខែ នាងយូឌីតក៏ស្នាក់នៅទីនោះ ជាមួយនឹងពួកគេដែរ។
21 បន្ទាប់មក គេត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន នាងយូឌីតក៏វិលត្រឡប់ទៅក្រុងបេតធូលី ហើយរស់នៅលើដីជាកម្មសិទ្ធិរបស់នាងវិញ។ នាងមានឈ្មោះល្បីទូទាំងស្រុក ក្នុងអំឡុងពេលដែលនាងមានជីវិតនៅឡើយ។ 22 បុរសជាច្រើននាក់ចង់រៀបការជាមួយនាង ក៏ប៉ុន្តែ ក្រោយពីលោកម៉ាណាសេជាប្តីនាងទទួលមរណភាពទៅ នាងមិនព្រមរៀបការជាមួយបុរសណាទៀតទេ។ 23 នាងយូឌីតមានអាយុវែងណាស់ ព្រមទាំងមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ផង។ នាងរស់នៅលើផ្ទះប្តីរបស់នាង រហូតដល់អាយុមួយរយប្រាំឆ្នាំ។ នាងឲ្យស្រីបម្រើរបស់នាងមានសេរីភាពទៅជាអ្នកជា រួចនាងក៏ទទួលមរណភាពនៅក្រុងបេតធូលី។ គេបានបញ្ចុះសពរបស់នាងក្នុងផ្នូរប្តីនាង។ 24 ប្រជាជនអ៊ីស្រាអែលបានកាន់ទុក្ខនាងយូឌីតអស់រយៈពេលប្រាំពីរថ្ងៃ។ មុននឹងទទួលមរណភាព នាងចែកទ្រព្យសម្បត្តិ ឲ្យញាតិសន្តានរបស់លោកម៉ាណាសេជាស្វាមីនាង និងញាតិសន្តានរបស់នាងផ្ទាល់។ 25 ក្នុងអំឡុងពេលដែលនាងយូឌីតនៅរស់ និងច្រើនឆ្នាំក្រោយមកទៀត គ្មាននរណាហ៊ានគំរាមកំហែងប្រជាជនអ៊ីស្រាអែលទៀតឡើយ។