ជំពូក ៣

1 ជន​ជាតិ​ទាំង​នោះ​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​លោក​ហូឡូភែរ ដើម្បី​ចរចា​សុំ​សន្តិ‌ភាព។ ពួក​គេ​និយាយ​ថា៖ 2 «យើង​ខ្ញុំ​ប្រ‌បាទ​ទាំង​អស់​គ្នា​ជា​ខ្ញុំ​បម្រើ​ព្រះ‌បាទ​នេប៊ូកា‌នេសារ ដែល​ជា​ព្រះ‌មហា​ក្សត្រ! សូម​លោក​ប្រើ​យើង​ខ្ញុំ​ប្រ‌បាទ​តាម​ចិត្ត​របស់​លោក​ចុះ។ 3 វាល​ស្មៅ​សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ប្របាទ ដី​ធ្លី ស្រែ​ចម្ការ ហ្វូង​ចៀម ហ្វូង​គោ​របស់​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន យើង​ខ្ញុំ​សូម​ប្រគល់​ជូន​លោក​ទាំង​អស់ សូម​លោក​ប្រើ​ប្រាស់​តាម​តែ​លោក​យល់​ឃើញ​ទៅ​ចុះ។ 4 ក្រុង​របស់​យើង​ខ្ញុំ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​លោក និង​អ្នក​ក្រុង​ទាំង​នោះ​ក៏​សុទ្ធ​តែ​ទាសា​ទាសី​របស់​លោក​ដែរ សូម​លោក​អញ្ជើញ​ចូល​ក្នុង​ក្រុង​ទាំង​នោះ តាម​តែ​ការ​យល់​ឃើញ​ទៅ​ចុះ»។ 5 អ្នក​នាំ​សារ​ទាំង​នោះ​មក​ជួប​លោក​ហូឡូភែរ ហើយ​ក៏​ជម្រាប​លោក​ដូច្នេះ។ 6 ពេល​នោះ លោក​ហូឡូភែរ និង​កង‌ទ័ព​ទាំង​មូល ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​តាម​ឆ្នេរ​សមុទ្រ ហើយ​តាំង​ទ័ព​នៅ​ក្នុង​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង រួច​លោក​កែន​ទាហាន​ដ៏​ខ្លាំង​ពូកែ​ពី​ក្រុង​ទាំង​នោះ​ឲ្យ​ទៅ​ជួយ​ច្បាំង។ 7 ប្រជាជន​នៅ​តំបន់​ជុំវិញ​ក្រុង​ទាំង​នោះ​នាំ​គ្នា​ទទួល​ស្វាគមន៍​លោក​ហូឡូភែរ ហើយ​បំពាក់​កម្រង​ផ្កា វាយ​ស្គរ និង​ច្រៀង​រាំ​ជួន​លោក​ទៀត​ផង។ 8 ប៉ុន្តែ លោក​បាន​បំផ្លាញ​ទឹក​ដី​របស់​ពួក​គេ ហើយ​កាប់​ដើម​ឈើ​ជា​ទី​សក្ការៈ​របស់​ពួក​គេ​ចោល ព្រោះ​លោក​បាន​ទទួល​ព្រះ‌រាជ‌បញ្ជា​ឲ្យ​បំផ្លាញ កម្ទេច​ព្រះ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​គោរព​ថ្វាយ‌បង្គំ​តែ​ព្រះ‌បាទ​នេប៊ូកា‌នេសារ​មួយ​អង្គ​គត់ និង​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា បួង​សួង​អង្វរ​ព្រះ‌រាជា ទុក​ដូច​ជា​ព្រះ​របស់​គេ។ 9 លោក​ទៅ​ដល់​មុខ​ក្រុង​អេស្រ្ត‌ឡូន នៅ​ក្បែរ​ក្រុង​ដូតន ដែល​ស្ថិត​នៅ​ទន្ទឹម​នឹង​ជួរ​ភ្នំ​ដ៏​ខ្ពស់​របស់​ស្រុក​យូដា។ 10 ពេល​នោះ លោក​បាន​បោះ​ជំរំ​ទ័ព​នៅ​ចន្លោះ​ក្រុង​កេបា និង​ក្រុង​ស៊ីថូ‌ប៉ូលីស ហើយ​ស្នាក់​នៅ​ទី​នោះ អស់‌រយៈ​ពេល​មួយ​ខែ ដើម្បី​រៀប​ចំ​ស្បៀង​បម្រុង​សម្រាប់​កង‌ទ័ព។