ជំពូក ៣៣

លោក​យ៉ាកុប និង​លោក​អេសាវ​ជា​នា​គ្នា​វិញ

1 លោក​យ៉ាកុប​ងើប​មុខ​ឡើង ឃើញ​លោក​អេសាវ​មក​ដល់ ដោយ​មាន​គ្នា​បួន‌រយ​នាក់​មក​ជា​មួយ​ផង លោក​ក៏​ចែក​កូន​ឲ្យ​លោក​ស្រី​លេអា លោក​ស្រី​រ៉ាខែល និង​ស្ត្រី​បម្រើ​ទាំង​ពីរ។ 2 លោក​ដាក់​ស្ត្រី​បម្រើ​ទាំង​ពីរ និង​កូន​របស់​នាង ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក លោក​ស្រី​លេអា និង​កូន​របស់​គាត់ ហើយ​លោក​ស្រី​រ៉ាខែល និង​យ៉ូសែប ដើរ​ក្រោយ​គេ។ 3 រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ដើរ​មុខ​គេ​បង្អស់ ហើយ​លោក​ក្រាប​សំពះ​ដល់​ដី​ប្រាំ​ពីរ​ដង រហូត​ទៅ​ជិត​ដល់​លោក​អេសាវ។ 4 លោក​អេសាវ​រត់​មក​ជួប​លោក រួច​ឱប​លោក​ទៀត​ផង។ គាត់​ឱប​ក​លោក ថើប​លោក ហើយ​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​យំ។ 5 លោក​អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​ក្មេងៗ លោក​សួរ​ថា៖ «តើ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ប្អូន​នេះ ជា​នរណា​ដែរ?»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ​ប្របាទ»។ 6 ស្ត្រី​បម្រើ​ក៏​នាំ​គ្នា​ចូល​មក​ជា​មួយ​កូនៗ​របស់​នាង រួច​ក្រាប​សំពះ​លោក​អេសាវ។ 7 លោក​ស្រី​លេអា និង​កូនៗ​របស់​គាត់ ក៏​ចូល​មក​ក្រាប​សំពះ ហើយ​យ៉ូសែប និង​លោក​ស្រី​រ៉ាខែល នាំ​គ្នា​ចូល​មក​ក្រាប​សំពះ​ដែរ។
8 លោក​អេសាវ​ពោល​ថា៖ «តើ​ប្អូន​មាន​បំណង​យក​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​ដែល​បង​បាន​ជួប​នោះ ទៅ​ធ្វើ​អ្វី?»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «ខ្ញុំ​យក​មក​ជូន​លោក​បង ដើម្បី​សុំ​លោក​បង​មេត្តា​អធ្យាស្រ័យ​ដល់​ខ្ញុំ»។ 9 លោក​អេសាវ​តប​ថា៖ «ប្អូន​អើយ បង​មាន​ច្រើន​បរិបូណ៌​ហើយ ចូរ​រក្សា​ទុក​អ្វីៗ​ដែល​ជា​របស់​ប្អូន​ទៅ»។ 10 លោក​យ៉ាកុប​ឆ្លើយ​វិញ​ថា៖ «ទេ ប្រសិន​បើ​លោក​បង​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ​មែន សូម​ទទួល​យក​ជំនូន​នេះ​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ។ ពេល​ខ្ញុំ​ឃើញ​មុខ​លោក​បង ក៏​ដូច​ជា​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ដូច្នោះ​ដែរ ព្រោះ​លោក​បង​បាន​ទទួល​ខ្ញុំ​យ៉ាង​រាក់‌ទាក់។ 11 ដូច្នេះ សូម​លោក​បង​ទទួល​យក​ជំនូន ដែល​ខ្ញុំ​ជូន​នេះ​ទៅ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​មាន​សព្វ​គ្រប់​ទាំង​អស់»។ ដោយ​លោក​យ៉ាកុប​ចេះ​តែ​បង្ខំ​ខ្លាំង​ពេក លោក​អេសាវ​ក៏​យល់​ព្រម​ទទួល។
12 លោក​អេសាវ​ពោល​ថា៖ «តោះ យើង​ចេញ​ដំណើរ​ទៅ បង​នឹង​ទៅ​ជា​មួយ​ប្អូន»។ 13 លោក​យ៉ាកុប​តប​វិញ​ថា៖ «លោក​បង​ជ្រាប​ស្រាប់​ហើយ​ថា ធ្វើ​ដំណើរ​ជា​មួយ​កូន​ក្មេង​មិន​ស្រួល​ទេ ហើយ​ខ្ញុំ​ក៏​មាន​ចៀម និង​គោ​ដែល​បំបៅ​កូន​មក​ជា​មួយ​ដែរ។ បើ​យើង​បង្ខំ​ឲ្យ​ដើរ​លឿន​តែ​មួយ​ថ្ងៃ ហ្វូង​ចៀម​មុខ​ជា​ត្រូវ​វិនាស​អស់​មិន​ខាន។ 14 ដូច្នេះ សូម​លោក​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ដើរ​សន្សឹម​តាម​ក្រោយ ជា​មួយ​ហ្វូង​សត្វ និង​ក្មេងៗ រហូត​ទៅ​ដល់​ទី​លំ‌នៅ​របស់​លោក​បង នៅ​ស្រុក​សៀរ»។ 15 លោក​អេសាវ​ពោល​ថា៖ «យ៉ាង​ហោច​ណាស់​ក៏​បង​ចង់​ទុក​គ្នា​បង​ខ្លះ ឲ្យ​រួម​ដំណើរ​ជា​មួយ​ប្អូន​ដែរ»។ លោក​យ៉ាកុប​តប​ថា៖ «មិន​ចាំ‌បាច់​ទេ លោក​បង​បាន​អធ្យាស្រ័យ​ដល់​រូប​ខ្ញុំ​តែ​ប៉ុណ្ណេះ ក៏​ល្មម​ហើយ»។ 16 នៅ​ថ្ងៃ​ដដែល​នោះ លោក​អេសាវ​វិល​ត្រឡប់​ទៅ​ស្រុក​សៀរ​វិញ។ 17 រីឯ​លោក​យ៉ាកុប លោក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ស៊ូកូត។ លោក​បាន​សង់​ផ្ទះ​មួយ​សម្រាប់​លោក និង​សង់​រោង​សម្រាប់​ហ្វូង​សត្វ​របស់​លោក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូត។

លោក​យ៉ាកុប​តាំង​ទី​លំនៅ​នៅ​ជិត​ស៊ីគែម

18 លោក​យ៉ាកុប​បាន​វិល​ពី​ស្រុក​ប៉ាដន-‌អា‌រ៉ាម​វិញ មក​ដល់​ក្រុង​ស៊ីគែម ក្នុង​ស្រុក​កាណាន ដោយ​សុខ‌សាន្ត ហើយ​លោក​ក៏​បោះ​ជំរំ​ទល់​មុខ​នឹង​ទី‌ក្រុង​នោះ។ 19 លោក​បាន​ទិញ​ដី​មួយ​កន្លែង​ពី​កូន​ចៅ​របស់​លោក​ហាម័រ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម តម្លៃ​ប្រាក់​សុទ្ធ​មួយ‌រយ​ស្លឹង សម្រាប់​បោះ​ជំរំ​នោះ។ 20 លោក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ដែល​លោក​ដាក់​ឈ្មោះ​ថា «ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​អ៊ីស្រា‌អែល»។