ជំពូក ១៣
លោកឡុតបែកចេញពីលោកអប្រាម
1 លោកអប្រាមបានវិលត្រឡប់មកពីស្រុកអេស៊ីបវិញ ឆ្ពោះទៅកាន់តំបន់ណេកិប ជាមួយភរិយា និងអ្វីៗដែលជាកម្មសិទ្ធិរបស់លោក។ លោកឡុតក៏មកជាមួយដែរ។ 2 លោកអប្រាមមានហ្វូងសត្វ និងមានមាសប្រាក់ជាច្រើន។ 3 លោកបានធ្វើដំណើរជាច្រើនដំណាក់ ពីតំបន់ណេកិបរហូតទៅដល់បេតអែល ជាកន្លែងដែលលោកធ្លាប់បោះជំរំកាលពីដំបូង នៅចន្លោះបេតអែល និងក្រុងអៃ 4 គឺនៅកន្លែងដែលលោកបានសង់អាសនៈមួយកាលពីមុន។ លោកក៏គោរពបម្រើព្រះនាមព្រះអម្ចាស់នៅទីនោះ។
5 លោកឡុតដែលមកជាមួយលោកអប្រាម ក៏មានហ្វូងចៀម ហ្វូងគោ និងមានជំរំជាច្រើនដែរ។ 6 ស្រុកនោះពុំមានលទ្ធភាពឲ្យលោកទាំងពីរនៅជាមួយគ្នាឡើយ ដ្បិតលោកទាំងពីរមានសម្បត្តិច្រើនពេក ជាហេតុធ្វើឲ្យរស់នៅជាមួយគ្នាមិនកើត។ 7 ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់លោកអប្រាម និងពួកគង្វាលហ្វូងសត្វរបស់លោកឡុត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និងជនជាតិភេរីស៊ី ក៏រស់នៅក្នុងស្រុកនោះដែរ។ 8 លោកអប្រាមមានប្រសាសន៍ទៅកាន់លោកឡុតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។ 9 មើលនៅចំពោះមុខក្មួយ មានស្រុកទាំងមូលនៅទំនេរ ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយទៅខាងឆ្វេង អ៊ំនឹងទៅខាងស្តាំ ហើយបើក្មួយទៅខាងស្តាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។
10 លោកឡុតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលព្រះអម្ចាស់រំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់ព្រះអម្ចាស់ គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។ 11 លោកឡុតជ្រើសរើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសម្រាប់គាត់ ហើយក៏ចេញឆ្ពោះទៅទិសខាងកើត។ លោកទាំងពីរបានបែកពីគ្នា តាមរបៀបនេះឯង។ 12 លោកអប្រាមរស់នៅក្នុងស្រុកកាណាន រីឯលោកឡុតរស់នៅតាមទីក្រុងនានាក្នុងតំបន់នោះ ហើយបោះជំរំនៅក្បែរក្រុងសូដុម។ 13 អ្នកក្រុងសូដុមសុទ្ធតែជាជនពាល ដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ប្រឆាំងនឹងព្រះអម្ចាស់។
ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់
14 ក្រោយពេលលោកឡុតបែកចេញពីលោកអប្រាមទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាមថា៖ «ចូរងើបមុខមើលពីកន្លែងដែលអ្នកនៅនោះ ហើយសម្លឹងឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទិសខាងកើត និងទិសខាងលិចទៅ! 15 ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូលដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នករហូតតទៅ។ 16 យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនដូចធូលីដី គ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។ 17 ចូរក្រោកឡើង ដើរឲ្យសព្វទីកន្លែងក្នុងស្រុកនេះទៅ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។ 18 លោកអប្រាមរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ ជិតក្រុងហេប្រូន។ នៅទីនោះ លោកបានសង់អាសនៈមួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។