ជំពូក ២៣

ផ្នូរ​របស់​លោក​ស្រី​សារ៉ា

1 លោក​ស្រី​សារ៉ា​រស់​បាន​ទាំង​អស់​មួយ‌រយ​ម្ភៃ​ប្រាំ​ពីរ​ឆ្នាំ។ 2 ក្រោយ​មក គាត់​ក៏​បាន​ទទួល​មរណ‌ភាព​នៅ​ក្រុង​គៀរីយ៉ាត‌អារបា ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។ លោក​អប្រា‌ហាំ​មក​រៀប‌ចំ​បញ្ចុះ​សព​លោក​ស្រី​សារ៉ា និង​ធ្វើ​ពិធី​កាន់​ទុក្ខ។ 3 បន្ទាប់​មក លោក​អប្រា‌ហាំ​ចាក​ចេញ​ពី​សាក‌សព​ភរិយា​ទៅ​និយាយ​នឹង​ជន​ជាតិ​ហេត​ដូច​ត​ទៅ៖ 4 «ខ្ញុំ​ជា​ជន​បរទេស ដែល​មក​ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន។ សូម​បង‌ប្អូន​មេត្តា​ចែក​ដី​បញ្ចុះ​សព​មួយ​កន្លែង ក្នុង​ស្រុក​របស់​បង‌ប្អូន​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ ដែល​ទើប​នឹង​ចែក​ស្ថាន​ទៅ»។ 5 ជន​ជាតិ​ហេត​តប​មក​លោក​អប្រា‌ហាំ​វិញ​ថា៖ 6 «លោក​ម្ចាស់ សូម​មេត្តា​ស្តាប់​យើង​ខ្ញុំ​សិន! ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​លោក​មាន​ឋានៈ​ខ្ពស់ ក្នុង​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​លោក​បញ្ចុះ​សព​ភរិយា​របស់​លោក នៅ​ក្នុង​ចំណោម​ផ្នូរ​ដ៏​ល្អ​ណា​មួយ​របស់​យើង​ខ្ញុំ​ក៏​បាន។ ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ម្នាក់​បដិសេធ​មិន​ឲ្យ​លោក​ប្រើ​ផ្នូរ​របស់​ខ្លួន សម្រាប់​បញ្ចុះ​សព​ភរិយា​របស់​លោក​ឡើយ»។ 7 លោក​អប្រា‌ហាំ​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ គឺ​នៅ​មុខ​ជន​ជាតិ​ហេត។ 8 លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​បង‌ប្អូន​ពិត​ជា​យល់​ព្រម​ឲ្យ​ខ្ញុំ​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នេះ​មែន សូម​មេត្តា​ជួយ​និយាយ​នឹង​លោក​អេប្រូន ជា​កូន​របស់​លោក​សូហារ​ឲ្យ​ខ្ញុំ​ផង 9 គឺ​សូម​ឲ្យ​គាត់​ផ្ទេរ​គុហា​ម៉ាកពេ‌ឡា ដែល​ជា​កម្ម‌សិទ្ធិ​របស់​គាត់​មក​ខ្ញុំ គឺ​គុហា​ដែល​នៅ​ចុង​ចម្ការ​របស់​គាត់។ សូម​ឲ្យ​គាត់​លក់​គុហា​នោះ​មក​ខ្ញុំ គិត​តាម​តម្លៃ​ពិត​ប្រាកដ ដើម្បី​ខ្ញុំ​យក​ទី​បញ្ចុះ​សព​នោះ ធ្វើ​ជា​កម្ម‌សិទ្ធិ​របស់​ខ្ញុំ នៅ​កណ្ដាល​ចំណោម​បង‌ប្អូន​ទាំង​អស់​គ្នា»។
10 លោក​អេប្រូន ជា​ជន​ជាតិ​ហេត ក៏​អង្គុយ​រួម​ជា​មួយ​ជន​រួម​ជាតិ​របស់​គាត់​ឯ​ទៀតៗ​ដែរ។ គាត់​ឆ្លើយ​ទៅ​លោក​អប្រា‌ហាំ​វិញ នៅ​ចំពោះ​មុខ​ជន​ជាតិ​ហេត និង​នៅ​ចំពោះ​មុខ​មនុស្ស‌ម្នា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ថា៖ 11 «លោក​ម្ចាស់ សូម​ស្តាប់​ខ្ញុំ​ប្របាទ​សិន ខ្ញុំ​ប្របាទ​សូម​ប្រគល់​ដី​ចម្ការ ព្រម​ទាំង​គុហា​នៅ​ក្នុង​ចម្ការ​នោះ​ជូន​លោក​ម្ចាស់។ ខ្ញុំ​ប្របាទ​ជូន​លោក​ម្ចាស់​នៅ​ចំពោះ​មុខ​ជន​ជាតិ​ខ្ញុំ​ប្របាទ​ទាំង​អស់។ សូម​លោក​ម្ចាស់​បញ្ចុះ​សព​ភរិយា​របស់​លោក​ម្ចាស់​នៅ​ទី​នោះ​ទៅ»។
12 លោក​អប្រា‌ហាំ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ 13 ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេប្រូន​នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «សូម​លោក​ស្តាប់​ខ្ញុំ​វិញ! ខ្ញុំ​សូម​ជូន​ប្រាក់​លោក​តាម​តម្លៃ​ដី សូម​លោក​ទទួល​យក​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ ខ្ញុំ​នឹង​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នោះ»។ 14 ប៉ុន្តែ លោក​អេប្រូន​តប​ទៅ​លោក​អប្រា‌ហាំ​ថា៖ 15 «លោក​ម្ចាស់ សូម​ស្តាប់​ខ្ញុំ! ដី​នេះ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​តែ​មួយ‌រយ​ម្ភៃ​តម្លឹង​ប៉ុណ្ណោះ ដូច្នេះ គ្មាន​អ្វី​សំខាន់​រវាង​លោក​ម្ចាស់ និង​ខ្ញុំ​ទេ សូម​បញ្ចុះ​សព​ភរិយា​របស់​លោក​ទៅ!»។ 16 លោក​អប្រា‌ហាំ​ក៏​ព្រម​ព្រៀង​ជា​មួយ​លោក​អេប្រូន ហើយ​ថ្លឹង​ប្រាក់​ឲ្យ​គាត់ តាម​ចំនួន​ដែល​គាត់​បាន​និយាយ​នៅ​មុខ​ជន​ជាតិ​ហេត គឺ​ប្រាក់​សុទ្ធ​មួយ‌រយ​ម្ភៃ​តម្លឹង គិត​តាម​តម្លៃ​ដែល​គេ​លក់​ដី​នៅ​សម័យ​នោះ។
17 តាំង​ពី​ពេល​នោះ​មក ដី​ចម្ការ​របស់​លោក​អេប្រូន​នៅ​ម៉ាកពេ‌ឡា ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ គឺ​ទាំង​ដី​ចម្ការ ទាំង​គុហា និង​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ចម្ការ​នោះ​ទាំង​មូល 18 បាន​ត្រឡប់​មក​ជា​កម្ម‌សិទ្ធិ​របស់​លោក​អប្រា‌ហាំ ដោយ​មាន​ជន​ជាតិ​ហេត និង​មនុស្ស‌ម្នា​ទាំង​អស់​ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ជា​សាក្សី។
19 បន្ទាប់​មក លោក​អប្រា‌ហាំ​ក៏​បាន​បញ្ចុះ​សព​លោក​ស្រី​សារ៉ា ជា​ភរិយា ក្នុង​គុហា នៅ​ចម្ការ​ម៉ាក‌ពេឡា ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។ 20 ដូច្នេះ ជន​ជាតិ​ហេត​បាន​ផ្ទេរ​ដី​ចម្ការ និង​គុហា​ដែល​នៅ​លើ​ដី​នោះ មក​ជា​កម្ម‌សិទ្ធិ​របស់​លោក​អប្រា‌ហាំ ទុក​ជា​កន្លែង​បញ្ចុះ​សព​ក្រុម​គ្រួសារ​លោក។