ជំពូក ២៦

លោក​អ៊ីសាក និង​ព្រះ‌បាទ​អប៊ី‌មេឡេក

1 នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​ក្នុង​ស្រុក ជា​ទុរ្ភិក្ស​មួយ​ផ្សេង​ពី​ទុរ្ភិក្ស​ដែល​កើត​មាន​នៅ​ជំនាន់​លោក​អប្រា‌ហាំ។ លោក​អ៊ីសាក​ក៏​ទៅ​នៅ​ក្រុង​កេរ៉ា ជ្រក​កោន​នឹង​ព្រះ‌បាទ​អប៊ី‌មេឡេក ជា​ស្តេច​នៃ​ជន​ជាតិ​ភីលី‌ស្ទីន។ 2​ ​ព្រះ‌អម្ចាស់​បាន​យាង​មក​ជួប​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ តែ​ត្រូវ​ទៅ​រស់​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក​វិញ។ 3 ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក។ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​អប្រា‌ហាំ ជា​ឪពុក​របស់​អ្នក។ 4 យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ ដោយ‌សារ​ពូជ‌ពង្ស​របស់​អ្នក 5 ដ្បិត​អប្រា‌ហាំ​បាន​ស្តាប់​តាម​ពាក្យ​យើង គាត់​បាន​ធ្វើ​តាម​បង្គាប់ តាម​បទ​បញ្ជា តាម​ក្បួន​ច្បាប់ និង​តាម​វិន័យ​របស់​យើង»។ 6 លោក​អ៊ីសាក​ក៏​រស់​នៅ​ក្នុង​ក្រុង​កេរ៉ា​នោះ។ 7 ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​លោក​អំពី​ភរិយា​របស់​លោក លោក​តែង​ពោល​ថា នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ។ លោក​មិន​ហ៊ាន​ប្រាប់​គេ​ថា នាង​ជា​ភរិយា​របស់​លោក​ឡើយ ព្រោះ​លោក​ខ្លាច​អ្នក​ស្រុក​នោះ​សម្លាប់​លោក ដ្បិត​លោក​ស្រី​រេបេកា​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។ 8 លោក​ស្នាក់​នៅ​យ៉ាង​យូរ​ក្នុង​ស្រុក​នោះ ជួន​ជា​មាន​ថ្ងៃ​មួយ ព្រះ‌បាទ​អប៊ី‌មេឡេក ជា​ស្តេច​របស់​ជន​ជាតិ​ភីលី‌ស្ទីន ក្រឡេក​មើល​តាម​បង្អួច ឃើញ​លោក​អ៊ីសាក​កំពុង​តែ​ប្រឡែង​លេង​ជា​មួយ​លោក​ស្រី​រេបេកា ជា​ភរិយា​របស់​លោក។ 9 ព្រះ‌បាទ​អប៊ី‌មេឡេក​បាន​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​លោក​អ៊ីសាក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «នាង​ជា​ភរិយា​របស់​លោក​ទេ​តើ! ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ថា “នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ” ទៅ​វិញ?»។ លោក​អ៊ីសាក​ទូល​ស្តេច​ថា៖ «ទូល‌បង្គំ​និយាយ​ដូច្នេះ មក​ពី​ទូល‌បង្គំ​ខ្លាច​គេ​សម្លាប់ ព្រោះ​តែ​ភរិយា​របស់​ទូល‌បង្គំ»។ 10 ព្រះ‌បាទ​អប៊ី‌មេឡេក​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ម្តេច​ក៏​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? ប្រសិន​បើ​មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង យក​ភរិយា​របស់​លោក នោះ លោក​មុខ​ជា​បណ្តាល​ឲ្យ​យើង​ទាំង​អស់​គ្នា មាន​ទោស​មិន​ខាន»។ 11 ព្រះ‌បាទ​អប៊ី‌មេឡេក​ចេញ​បញ្ជា​ទៅ​ប្រជា‌រាស្ត្រ​ទាំង​មូល ដូច​ត​ទៅ​នេះ៖ «ប្រសិន​បើ​នរណា​ម្នាក់​ប៉ះ‌ពាល់​បុរស​នេះ និង​ភរិយា​របស់​គាត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។

លោក​អ៊ីសាក​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ស្តេច​អប៊ី‌មេឡេក

12 លោក​អ៊ីសាក​សាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយ​ច្រូត​បាន​ផល​មួយ​ជា​មួយ‌រយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​លោក។ 13 លោក​ក៏​ទៅ​ជា​អ្នក​មាន ហើយ​រក​បាន​សម្បត្តិ​កាន់​តែ​ច្រើន​ឡើងៗ រហូត​បាន​ទៅ​ជា​មហា​សេដ្ឋី។ 14 លោក​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​មាន​អ្នក​បម្រើ​ជា​ច្រើន​ផង។ ដូច្នេះ ជន​ជាតិ​ភីលី‌ស្ទីន​មាន​ចិត្ត​ច្រណែន​នឹង​លោក 15 ហើយ​យក​ដី​មក​លុប​បំពេញ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​បម្រើ​របស់​ឪពុក​លោក​បាន​ជីក កាល​ពី​ជំនាន់​លោក​អប្រា‌ហាំ​នៅ​រស់​នៅ​ឡើយ។ 16 ព្រះ‌បាទ​អប៊ី‌មេឡេក​មាន​រាជ‌ឱង្ការ​មក​លោក​អ៊ីសាក​ថា៖ «សូម​លោក​ចាក​ចេញ​ពី​ស្រុក​យើង​ទៅ ដ្បិត​លោក​មាន​សម្បត្តិ​ស្តុក‌ស្តម្ភ​ជាង​យើង​ណាស់»។
17 លោក​អ៊ីសាក​ក៏​ចាក​ចេញ​ពី​ស្រុក​នោះ ទៅ​បោះ​ជំរំ​នៅ​ក្នុង​ជ្រលង​ភ្នំ​កេរ៉ា ហើយ​ស្នាក់​នៅ​ទី​នោះ​ទៅ។ 18 លោក​អ៊ីសាក​ឲ្យ​គេ​ស្តារ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ជីក​កាល​ពី​ជំនាន់​លោក​អប្រា‌ហាំ ជា​ឪពុក​លោក ហើយ​ត្រូវ​ពួក​ភីលី‌ស្ទីន​ចាក់​ដី​បំពេញ ក្រោយ​ពេល​លោក​អប្រា‌ហាំ​ទទួល​មរណ‌ភាព។ លោក​ដាក់​ឈ្មោះ​អណ្ដូង​ទឹក​ទាំង​នោះ តាម​ឈ្មោះ​ដែល​ឪពុក​លោក​បាន​ដាក់​ឲ្យ​កាល​ពី​មុន។ 19 ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​ជីក​អណ្ដូង​មួយ​ទៀត នៅ​ក្នុង​ជ្រលង​ភ្នំ​នោះ ហើយ​មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ​មក។ 20 ពេល​នោះ ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​រក​រឿង​នឹង​ពួក​គង្វាល​របស់​លោក​អ៊ីសាក ដោយ​ពោល​ថា «ទឹក​នេះ​ជា​របស់​យើង​ទេ!»។ លោក​អ៊ីសាក​ក៏​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា“អេសេក” ព្រោះ​គេ​បាន​រក​រឿង​ជា​មួយ​នឹង​លោក។ 21 ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​មួយ​ទៀត ហើយ​អ្នក​ស្រុក​ក៏​រក​រឿង​ម្តង​ទៀត ដូច្នេះ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “ស៊ីត‌ណា”។ 22 លោក​រើ​ជំរំ​ពី​ទី​នោះ ហើយ​ជីក​អណ្ដូង​មួយ​ទៀត ដែល​គ្មាន​នរណា​រក​រឿង​ទៀត​ទេ។ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “រេហូ‌បុត” ដ្បិត​លោក​ពោល​ថា «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បើក​ចំហ​ផ្លូវ​ឲ្យ​យើង​ហើយ យើង​នឹង​បាន​ចម្រុង​ចម្រើន​ក្នុង​ស្រុក​នេះ»។
23 លោក​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ក្រុង​បៀរ‌សេបា។ 24 នៅ​ពេល​យប់ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ​របស់​អប្រា‌ហាំ ឪពុក​អ្នក។ សូម​កុំ​ភ័យ​ខ្លាច​អី ដ្បិត​យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដោយ​យល់​ដល់​អប្រា‌ហាំ​ជា​អ្នក​បម្រើ​របស់​យើង»។ 25 លោក​អ៊ីសាក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​គោរព​បម្រើ​ព្រះ‌អង្គ ដោយ​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ‌អម្ចាស់។ លោក​បាន​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​អ្នក​បម្រើ​របស់​លោក​ក៏​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​នៅ​ទី​នោះ​ដែរ។
26 ព្រះ‌បាទ​អប៊ី‌មេឡេក​បាន​ចេញ​ពី​ក្រុង​កេរ៉ា​មក​ជួប​លោក​អ៊ីសាក ដោយ​មាន​លោក​អហ៊ូ‌សាត​ជា​ទី​ប្រឹក្សា​របស់​ស្តេច និង​លោក​ពីកុល ជា​មេ‌ទ័ព​របស់​ស្តេច​មក​ជា​មួយ​ផង។ 27 លោក​អ៊ីសាក​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជា និង​អស់​លោក យាង និង​អញ្ជើញ​មក​ជួប​ទូល‌បង្គំ​ដូច្នេះ ដ្បិត​ព្រះ‌រាជា និង​អស់​លោក ស្អប់​ទូល‌បង្គំ ព្រម​ទាំង​បណ្តេញ​ទូល‌បង្គំ ចេញ​ពី​ស្រុក​របស់​ព្រះ‌រាជា និង​អស់​លោក​ថែម​ទៀត​ផង!»។ 28 ព្រះ‌បាទ​អប៊ី‌មេឡេក និង​អស់​អ្នក​ដែល​មក​ជា​មួយ​ស្តេច​តប​ទៅ​លោក​វិញ​ថា៖ «យើង​សង្កេត​ឃើញ​ថា ព្រះ‌អម្ចាស់​ពិត​ជា​គង់​ជា​មួយ​លោក​មែន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​គិត​គ្នា​ថា យើង​គួរ​តែ​ធ្វើ​កិច្ច​សន្យា​មួយ ដោយ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា។ 29 រីឯ​ល័ក្ខ‌ខ័ណ្ឌ​នៃ​សម្ពន្ធ‌មេត្រី​នោះ គឺ​សូម​លោក​ស្បថ​នឹង​យើង​ថា លោក​មិន​ប្រព្រឹត្ត​អំពើ​អ្វី​ទាស់​នឹង​យើង ហើយ​យើង​ក៏​ស្បថ​មិន​ធ្វើ​បាប​លោក​ដែរ។ យើង​តែង‌តែ​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក និង​ឲ្យ​លោក​ចាក​ចេញ​មក​ដោយ​សុខ‌សាន្ត ហើយ​ឥឡូវ​នេះ លោក​ក៏​បាន​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌អម្ចាស់​ថែម​ទៀត​ផង»។
30 លោក​អ៊ីសាក​ធ្វើ​ពិធី​ជប់‌លៀង​ថ្វាយ​ស្តេច និង​ជូន​លោក​ទាំង​នោះ ហើយ​ពួក​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា។ 31 បន្ទាប់​មក ពួក​គេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្បថ​សន្យា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​អ៊ីសាក​ជូន​ដំណើរ​ស្តេច និង​អស់​លោក​ដែល​មក​ជា​មួយ ហើយ​ពួក​គេ​នាំ​គ្នា​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។
32 នៅ​ថ្ងៃ​ដដែល​នោះ អ្នក​បម្រើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​មក​ជម្រាប​លោក អំពី​អណ្ដូង​ដែល​គេ​កំពុង​ជីក​ថា៖ «យើង​ខ្ញុំ​រក​ឃើញ​ទឹក​ហើយ!»។ 33 លោក​អ៊ីសាក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “ស៊ីបា” ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ក្រុង​នោះ​ថា “បៀរ‌សេបា” រហូត​មក​ទល់​សព្វ​ថ្ងៃ។
34 ពេល​លោក​អេសាវ​អាយុ​សែ‌សិប​ឆ្នាំ លោក​រៀប‌ការ​ជា​មួយ​នាងយេ​ហ៊ូឌីត ជា​កូន​របស់​លោក​បេរី ជន​ជាតិ​ហេត ព្រម​ទាំង​រៀប‌ការ​ជា​មួយ​នឹង​នាង​បាស‌ម៉ាត់ ជា​កូន​របស់​លោក​អេឡូន ជន​ជាតិ​ហេត។ 35 នាង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​លោក​អ៊ីសាក និង​លោក​ស្រី​រេបេកា​ពិបាក​ចិត្ត​ជា​ខ្លាំង។