ជំពូក ៦
ទឹកជំនន់ធំ
ព្រះជាម្ចាស់សម្រេចដាក់ទោសមនុស្សលោក
1 មនុស្សលោកចាប់ផ្តើមកើនចំនួនកាន់តែច្រើនឡើងពាសពេញលើផែនដី ហើយគេក៏បង្កើតកូនស្រីៗ។ 2 កូនប្រុសៗរបស់ព្រះជាម្ចាស់ឃើញថាកូនស្រីៗរបស់មនុស្សមានរូបឆោមល្អស្អាត គេក៏នាំគ្នាជ្រើសរើសប្រពន្ធពីចំណោមស្ត្រីៗទាំងនោះ។
3 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាមនុស្សលោកីយ៍ ដូច្នេះ អាយុជីវិតគេនឹងត្រូវកម្រិតមកនៅត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
4 សម័យនោះ មានមនុស្សមាឌធំៗរស់នៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ។ អ្នកទាំងនោះកើតនៅជំនាន់ ដែលកូនប្រុសៗរបស់ព្រះជាម្ចាស់ នាំគ្នាមកយកកូនស្រីៗរបស់មនុស្សធ្វើជាប្រពន្ធ គឺអ្នកទាំងនោះហើយដែលជាវីរជនដ៏មានឈ្មោះល្បីនៅសម័យបុរាណ។
5 ព្រះអម្ចាស់ទតឃើញថា មនុស្សលោកនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ នៅលើផែនដី ហើយពីព្រឹកដល់ល្ងាច ចិត្តរបស់គេចេះតែលំអៀងទៅប្រព្រឹត្តអំពើអាក្រក់។ 6 ព្រះអម្ចាស់នឹកស្តាយដោយបានបង្កើតមនុស្សមកលើផែនដីនេះ ហើយព្រះអង្គព្រួយព្រះហប្ញទ័យ។ 7 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោកដែលយើងបានបង្កើតមកឲ្យអស់ពីផែនដី គឺចាប់តាំងពីមនុស្សរហូតដល់សត្វស្រុក ចាប់តាំងពីសត្វលូនវារ រហូតដល់សត្វដែលហើរនៅលើមេឃ ដ្បិតយើងស្តាយដោយបានបង្កើតគេមក»។
8 ប៉ុន្តែ ព្រះអម្ចាស់គាប់ព្រះហប្ញទ័យនឹងលោកណូអេ។
ព្រះជាម្ចាស់រក្សាទុកក្រុមគ្រួសារលោកណូអេ
9 នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកណូអេ។
លោកណូអេជាមនុស្សសុចរិត ទៀងត្រង់ នៅក្នុងចំណោមអស់អ្នកដែលរស់នៅជំនាន់លោក។ លោកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។
10 លោកណូអេបានបង្កើតកូនប្រុសបីនាក់ឈ្មោះសិម ហាំ និងយ៉ាផេត។
11 គ្រានោះ មនុស្សលោកនៅលើផែនដីប្រែជាអាក្រក់ខិលខូចអស់ ហើយពោរពេញដោយអំពើឃោរឃៅទៀតផង។ 12 ព្រះជាម្ចាស់ទតឃើញថាផែនដីអាក្រក់ខូចអស់ ដ្បិតមនុស្សលោកទាំងប៉ុន្មាននៅលើផែនដី សុទ្ធតែមានកិរិយាមារយាទខិលខូចអាក្រក់។ 13 ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងបានសម្រេចចិត្តផ្ដាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។
14 ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។ 15 អ្នកត្រូវធ្វើដូចតទៅនេះ : ទូកធំនោះមានបណ្តោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ។ 16 អ្នកត្រូវធ្វើដំបូលមួយដាក់ភ្ជាប់ពីលើទូក កម្ពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។ 17 រីឯយើងវិញ យើងនឹងធ្វើឲ្យទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ 18 ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រី*ជាមួយអ្នក អ្នកនឹងចូលទៅក្នុងទូកធំជាមួយកូនប្រុសទាំងបី ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។ 19 អ្នកក៏ត្រូវនាំយកសត្វមួយគូៗពីបណ្តាសត្វទាំងអស់ ចូលទៅក្នុងទូកធំ ដើម្បីឲ្យវាបានរួចជីវិតរួមជាមួយអ្នកដែរ គឺត្រូវយកឈ្មោលមួយញីមួយ។ 20 សត្វមួយគូៗ ក្នុងពូជនីមួយៗនឹងនាំគ្នាមករកអ្នក ដើម្បីឲ្យបានរួចជីវិត គឺមានសត្វស្លាប សត្វស្រុក សត្វលូនវារនៅលើដី។ 21 អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារសម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។
22 លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកធ្វើសព្វគ្រប់ទាំងអស់ ដូចព្រះជាម្ចាស់បានបង្គាប់។