ជំពូក ៥
បញ្ជីរាយនាមបុព្វបុរស ពីលោកអដាំដល់លោកណូអេ
1 នេះជាបញ្ជីរាយនាមក្រុមគ្រួសាររបស់លោកអដាំ:
នៅថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្ស ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះជាម្ចាស់ 2 ព្រះអង្គបង្កើតគេជាបុរស ជាស្ត្រី និងប្រទានពរឲ្យគេ ហើយនៅថ្ងៃដែលព្រះអង្គបង្កើតគេមកនោះ ព្រះអង្គហៅគេថា «មនុស្ស»។
3 ពេលលោកអដាំមានអាយុមួយរយសាមសិបឆ្នាំ លោកបង្កើតបានកូនប្រុសមួយ មានលក្ខណៈដូចលោក និងជាតំណាងរបស់លោក ហើយដាក់ឈ្មោះថា «សេថ»។ 4 ក្រោយពីលោកអដាំបង្កើតលោកសេថមក លោករស់បា នប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 5 លោករស់បានទាំងអស់ប្រាំបួនរយសាមសិបឆ្នាំ រួចលោកក៏ទទួលមរណភាព។
6 ពេលលោកសេថមានអាយុមួយរយប្រាំឆ្នាំ លោកបង្កើតបានអេណុស។ 7 ក្រោយពីបង្កើតអេណុសមក លោកសេថរស់បានប្រាំបីរយប្រាំពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 8 លោករស់បានទាំងអស់ប្រាំបួនរយដប់ពីរឆ្នាំ។ 9 ពេលលោកអេណុសមានអាយុកៅសិបឆ្នាំ លោកបង្កើតបានកេណន។ 10 ក្រោយពីបង្កើតកេណនមក លោកអេណុសរស់បានប្រាំបីរយដប់ប្រាំឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 11 លោករស់បានទាំងអស់ប្រាំបួនរយប្រាំឆ្នាំ រួចលោកក៏ទទួលមរណភាព។
12 ពេលលោកកេណនមានអាយុចិតសិបឆ្នាំ លោកបង្កើតបានម៉ាហាឡាឡេអែល។ 13 ក្រោយពីបង្កើតម៉ាហាឡាឡេអែលមក លោកកេណនរស់បានប្រាំបីរយសែសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 14 លោករស់បានទាំងអស់ប្រាំបួនរយដប់ឆ្នាំ រួចលោកក៏ទទួលមរណភាព។
15 ពេលលោកម៉ាហាឡាឡេអែលមានអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានយេរ៉េដ។ 16 ក្រោយពីបង្កើតយេរ៉េដមក លោកម៉ាហាឡាឡេអែលរស់បានប្រាំបីរយសាមសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 17 លោករស់បានទាំងអស់ប្រាំបីរយកៅសិបប្រាំឆ្នាំ រួចលោកក៏ទទួលមរណភាព។
18 ពេលលោកយេរ៉េដមានអាយុមួយរយហុកសិបពីរឆ្នាំ លោកបង្កើតបានហេណុក។ 19 ក្រោយពីបង្កើតហេណុកមក លោកយេរ៉េដរស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 20 លោករស់បានទាំងអស់ប្រាំបួនរយហុកសិបពីរឆ្នាំ រួចលោកក៏ទទួលមរណភាព។
21 ពេលលោកហេណុកអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានម៉ាធូសាឡឹម។ 22 ក្រោយពីបង្កើតម៉ាធូសាឡឹម លោកហេណុកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់អស់រយៈពេលបីរយឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន 23 លោករស់បានទាំងអស់បីរយហុកសិបប្រាំឆ្នាំ។ 24 លោកហេណុកដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ បន្ទាប់មក គេលែងឃើញគាត់នៅលើផែនដីទៀតហើយ ព្រោះព្រះជាម្ចាស់បានលើកគាត់ឡើងទៅ។
25 ពេលលោកម៉ាធូសាឡឹមមានអាយុមួយរយប៉ែតសិបប្រាំពីរឆ្នាំ លោកបង្កើតបានឡាម៉េក។ 26 ក្រោយពីបង្កើតឡាម៉េកមក លោកម៉ាធូសាឡឹមរស់បានប្រាំពីររយប៉ែតសិបពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 27 លោករស់បានទាំងអស់ប្រាំបួនរយហុកសិបប្រាំបួនឆ្នាំ រួចលោកក៏ទទួលមរណភាព។
28 ពេលលោកឡាម៉េកមានអាយុមួយរយប៉ែតសិបពីរឆ្នាំ លោកបង្កើតបានកូនប្រុសម្នាក់ 29 ដែលលោកដាក់ឈ្មោះថា “ណូអេ” ព្រោះលោកពោលថា “កូននេះនឹងជួយសម្រាលទុក្ខលំបាក និងការនឿយហត់របស់យើង ព្រោះតែដីដែលព្រះអម្ចាស់បានដាក់បណ្ដាសា”។ 30 ក្រោយពីបង្កើតណូអេមក លោកឡាម៉េករស់បានប្រាំរយកៅសិបប្រាំឆ្នាំទៀត ហើយបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ 31 លោករស់បានទាំងអស់ប្រាំពីររយចិតសិបប្រាំពីរឆ្នាំ រួចលោកក៏ទទួលមរណភាព។
32 ពេលលោកណូអេអាយុប្រាំរយឆ្នាំ លោកបង្កើតបាន សិម ហាំ និងយ៉ាផេត។