ជំពូក ៤២

លោក​យ៉ាកុប​ចាត់​កូន​ឲ្យ​ទៅ​ស្រុក​អេស៊ីប

1 នៅ​គ្រា​នោះ លោក​យ៉ាកុប​បាន​ឮ​ដំណឹង​ថា​មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប លោក​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​កូនៗ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​មើល​មុខ​គ្នា​ដូច្នេះ?»។ 2 លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ពុក​បាន​ឮ​ដំណឹង​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កូន​នាំ​គ្នា​ចុះ​ទៅ​ស្រុក​អេស៊ីប រក​ទិញ​ស្បៀង​អាហារ​មក ដើម្បី​យើង​បាន​រួច​ជីវិត កុំ​ឲ្យ​យើង​អត់​បាយ​ស្លាប់​ឡើយ»។ 3 បងៗ​របស់​លោក​យ៉ូសែប​ទាំង​ដប់​នាក់ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​រក​ទិញ​ស្រូវ​នៅ​ស្រុក​អេស៊ីប 4 តែ​លោក​យ៉ាកុប​ពុំ​បាន​ចាត់​បេនយ៉ា‌មីន ជា​ប្អូន​របស់​លោក​យ៉ូសែប ឲ្យ​ទៅ​ជា​មួយ​បងៗ​ឡើយ ព្រោះ​លោក​គិត​ថា “ក្រែង​លោ​មាន​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា”។ 5 កូនៗ​របស់​លោក​អ៊ីស្រា‌អែល​បាន​នាំ​គ្នា​មក​ទិញ​ស្រូវ ដូច​អ្នក​ឯ​ទៀតៗ​ដែរ ដ្បិត​មាន​កើត​ទុរ្ភិក្ស​នៅ​ស្រុក​កាណាន។ 6 នៅ​គ្រា​នោះ លោក​យ៉ូសែប​មាន​អំណាច​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប ហើយ​លោក​ចាត់​ចែង​លក់​ស្រូវ​ឲ្យ​អ្នក​ស្រុក​នោះ​ទាំង​មូល។ បងៗ​របស់​លោក​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​លោក ឱន​មុខ​ចុះ​ដល់​ដី។ 7 កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ស្គាល់​ភ្លាម តែ​លោក​មិន​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​វិញ​ទេ។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?»។ គេ​តប​ថា៖ «យើង​ខ្ញុំ​ប្របាទ​មក​ពី​ស្រុក​កាណាន រក​ទិញ​ស្បៀង​អាហារ»។ 8 លោក​យ៉ូសែប​ស្គាល់​បងៗ តែ​ពួក​គេ​មិន​បាន​ស្គាល់​លោក​ទេ។ 9 ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សុបិន​របស់​លោក​ស្តី​អំពី​បងៗ​ថ្វាយ‌បង្គំ​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ពួក​ឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ទី​នេះ ប្រាថ្នា​រក​មើល​កន្លែង ដែល​គ្មាន​ទី​តាំង​មាំ​ទាំ​តែ​ប៉ុណ្ណោះ»។ 10 ពួក​គេ​តប​វិញ​ថា៖ «ប្របាទ​ទេ លោក​ម្ចាស់! យើង​ខ្ញុំ​មក​នេះ ដើម្បី​សុំ​ទិញ​ស្បៀង​ទេ​តើ។ 11 យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​បង‌ប្អូន​បង្កើត មាន​ឪពុក​តែ​មួយ យើង​ខ្ញុំ​ប្របាទ​សុទ្ធ​តែ​ជា​មនុស្ស​ទៀង​ត្រង់ យើង​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ»។ 12 លោក​យ៉ូសែប​តប​ថា៖ «មិន​ពិត​ទេ! ពួក​ឯង​មក​ទី​នេះ​ក្នុង​គោល​បំណង​រក​មើល​កន្លែង​ដែល​គ្មាន​ទី​តាំង​មាំ​ទាំ»។ 13 ពួក​គេ​ឆ្លើយ​វិញ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មាន​បង‌ប្អូន​ទាំង​អស់​ដប់‌ពីរ​នាក់ ហើយ​យើង​ខ្ញុំ​មាន​ឪពុក​តែ​មួយ នៅ​ស្រុក​កាណាន។ ឥឡូវ​នេះ ប្អូន​ពៅ​របស់​យើង​ខ្ញុំ​នៅ​ជា​មួយ​ឪពុក រីឯ​ប្អូន​ម្នាក់​ទៀត​បាន​ស្លាប់​បាត់​ទៅ​ហើយ»។ 14 លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «ឃើញ​ទេ ពិត​ដូច​ពាក្យ​ខ្ញុំ​ថា​មែន គឺ​ឯង​រាល់​គ្នា​ជា​អ្នក​ស៊ើប‌ការណ៍! 15 ខ្ញុំ​ត្រូវ​តែ​ល​មើល​ចិត្ត​របស់​ពួក​ឯង។ ដរាប​ណា​ព្រះ‌ចៅ​ផារ៉ោន​នៅ​មាន​ព្រះ‌ជន្ម ឯង​រាល់​គ្នា​នឹង​មិន​ចាក​ចេញ​ពី​ទី​នេះ​ជា​ដាច់​ខាត លើក‌លែង​តែ​ប្អូន​ពៅ​របស់​ឯង​រាល់​គ្នា​មក​ដល់​ទី​នេះ! 16 ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា ឲ្យ​ទៅ​ហៅ​ប្អូន​ពៅ​ពួក​ឯង​មក រីឯ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ជាប់​គុក​សិន។ ធ្វើ​ដូច្នេះ យើង​នឹង​ដឹង​ថា​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​មុខ​ជា​ដឹង​ថា ឯង​រាល់​គ្នា​ជា​អ្នក​ស៊ើប‌ការណ៍​មែន។ សូម​ព្រះ‌ចៅ​ផារ៉ោន​ធ្វើ​ជា​សាក្សី!»។ 17 បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​ឲ្យ​គេ​ឃុំ‌ឃាំង​បងៗ អស់‌រយៈ​ពេល​បី​ថ្ងៃ។ 18 នៅ​ថ្ងៃ​ទី​បី លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បងៗ​ថា៖ «ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ បើ​ពួក​ឯង​ចង់​បាន​រួច​ជីវិត ត្រូវ​ធ្វើ​ដូច​ត​ទៅ: 19 ប្រសិន​បើ​ឯង​រាល់​គ្នា​ពិត​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ទុក​នរណា​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​របស់​ពួក​ឯង ឲ្យ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នេះ​សិន រីឯ​អ្នក​ឯ​ទៀតៗ​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​យក​ស្បៀង​អាហារ​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដែល​កំពុង​តែ​អត់​ឃ្លាន​នោះ​ចុះ។ 20 បន្ទាប់​មក ត្រូវ​នាំ​ប្អូន​របស់​ឯង​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​មើល​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ។ ដូច្នេះ ឯង​រាល់​គ្នា​មិន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ»។ 21 គេ​ក៏​យល់​ស្រប​ធ្វើ​តាម ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ឃើញ​ទេ យើង​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ប្អូន​របស់​យើង​ហើយ យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​វា នៅ​ពេល​ដែល​វា​ទទូច​អង្វរ​យើង តែ​យើង​ពុំ​បាន​ស្តាប់​វា​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​កើត​ទុក្ខ​លំបាក​ដូច្នោះ​ដែរ»។ 22 លោក​រូបេន​ពោល​ថា៖ «បង​បាន​ប្រាប់​ឯង​រាល់​គ្នា​ហើយ​ថា កុំ​សម្លាប់​ប្អូន​យើង​ឲ្យ​សោះ តែ​ឯង​រាល់​គ្នា​ពុំ​ព្រម​ស្តាប់​ទេ។ ឥឡូវ​នេះ យើង​ត្រូវ​រង​ទុក្ខ​ទោស ព្រោះ​តែ​យើង​បាន​បង្ហូរ​ឈាម​ប្អូន​របស់​យើង»។ 23 ពួក​គេ​ពុំ​ដឹង​ថា លោក​យ៉ូសែប​ស្តាប់​បាន​ទាំង​អស់​ទេ ដ្បិត​ពេល​លោក​និយាយ​ជា​មួយ​ពួក​គេ មាន​អ្នក​បក​ប្រែ​ជូន។ 24 លោក​យ៉ូសែប​ចេញ​ពី​ពួក​គេ​បន្តិច ដើម្បី​ទៅ​ពួន​យំ រួច​លោក​វិល​មក​និយាយ​ជា​មួយ​ពួក​គេ​វិញ។ លោក​យ៉ូសែប​បាន​យក​លោក​ស៊ីម៉ូន​ចេញ​ពី​ចំណោម​បងៗ ទៅ​ដាក់​គុក​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។ 25 លោក​យ៉ូសែប​បញ្ជា​អ្នក​បម្រើ​ឲ្យ​ច្រក​ស្រូវ​បំពេញ​បាវ​របស់​បងៗ ហើយ​ដាក់​ប្រាក់​ទៅ​ក្នុង​ថង់​របស់​គេ​រៀងៗ​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​សម្រាប់​បរិភោគ​តាម​ផ្លូវ​ទៀត​ផង។ លោក​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​បងៗ។ 26 ពួក​បងៗ​ក៏​នាំ​គ្នា​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា រួច​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ។ 27 លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​នៅ​តាម​ផ្លូវ មាន​ពួក​គេ​ម្នាក់​ស្រាយ​បាវ យក​ស្មៅ​ឲ្យ​លា​ស៊ី ហើយ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​មាត់​បាវ។ 28 គាត់​ក៏​ប្រាប់​បង‌ប្អូន​ថា៖ «គេ​សង​ប្រាក់​ខ្ញុំ​វិញ​ហើយ មើល​នែ៎ ប្រាក់​ខ្ញុំ​នៅ​ក្នុង​បាវ!»។ ពេល​នោះ គេ​ភាំង​ស្មារតី តក់‌ស្លុត​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មិន​ដឹង​ជា​ព្រះ‌ជាម្ចាស់​ចង់​ធ្វើ​យ៉ាង​ណា​ចំពោះ​យើង​ទេ!»។
29 ពេល​ពួក​គេ​បាន​ទៅ​ជួប‌ជុំ​នឹង​លោក​យ៉ាកុប ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ គេ​ក៏​រៀប​រាប់​ប្រាប់​លោក​នូវ​ហេតុ‌ការណ៍​ទាំង​អស់ ដែល​កើត​មាន​ដល់​ពួក​គេ។ 30 ពួក​គេ​ជម្រាប​ឪពុក​ថា៖ «លោក​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​បាន​និយាយ​មក​ពួក​កូន​យ៉ាង​តឹង‌រ៉ឹង ព្រម​ទាំង​ចោទ​ពួក​កូន​ថា ជា​អ្នក​ស៊ើប‌ការណ៍​ទៀត​ផង។ 31 ពួក​កូន​បាន​ឆ្លើយ​វិញ​ថា “យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ យើង​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ។ 32 យើង​ខ្ញុំ​មាន​បង‌ប្អូន​ដប់‌ពីរ​នាក់ ឪពុក​តែ​មួយ ប្អូន​យើង​ខ្ញុំ​ម្នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ រីឯ​ប្អូន​ពៅ​នៅ​ជា​មួយ​ឪពុក នៅ​ស្រុក​កាណាន”។ 33 លោក​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​នោះ មាន​ប្រសាសន៍​មក​ពួក​កូន​វិញ​ថា “តោង​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ថា ឯង​រាល់​គ្នា​ពិត​ជា​និយាយ​ត្រង់​មែន​ឬ​យ៉ាង​ណា គឺ​ទុក​ម្នាក់​ឲ្យ​នៅ​ទី​នេះ​ជា​មួយ​ខ្ញុំ​សិន ហើយ​អ្នក​ឯ​ទៀតៗ​យក​ស្រូវ​តាម​សេចក្តី​ត្រូវ​ការ​របស់​គ្រួសារ ដែល​កំពុង​អត់​ឃ្លាន 34 រួច​នាំ​គ្នា​ទៅ​ចុះ។ បន្ទាប់​មក ចូរ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នេះ ហើយ​អ្នក​រាល់​គ្នា​អាច​រក​ស៊ី​លក់​ដូរ​នៅ​ស្រុក​នេះ​បាន”»។
35 ពេល​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់ៗ​បាន​ឃើញ​ថង់​ប្រាក់​របស់​គេ​រៀងៗ​ខ្លួន។ ពេល​ឃើញ​ថង់​ប្រាក់​ទាំង​នោះ ពួក​គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ខ្លាច​ជា​ខ្លាំង។ 36 លោក​យ៉ាកុប ជា​ឪពុក​មាន​ប្រសាសន៍​ថា៖ «ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ពុក​បាត់​កូន​ទាំង​អស់​ហើយ គឺ​យ៉ូសែប​ក៏​បាត់ ស៊ីម៉ូន​ក៏​បាត់ ឥឡូវ​នេះ ឯង​រាល់​គ្នា​ចង់​យក​បេនយ៉ា‌មីន​ទៅ​ទៀត! ការ​ទាំង​នេះ​ធ្វើ​ឲ្យ​ពុក​ខ្លោច‌ផ្សា​ខ្លាំង​ណាស់»។ 37 លោក​រូបេន​ជម្រាប​ឪពុក​ថា៖ «ប្រសិន​បើ​កូន​មិន​នាំ​បេនយ៉ា‌មីន​មក​ជូន​លោក​ឪពុក​វិញ​ទេ​នោះ សូម​សម្លាប់​កូន​ប្រុស​ទាំង​ពីរ​របស់​កូន​ទៅ! កូន​សូម​ធានា​ខុស​ត្រូវ​ទាំង​ស្រុង គឺ​កូន​មុខ​ជា​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​មិន​ខាន»។ 38 លោក​យ៉ាកុប​មាន​ប្រសាសន៍​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ពុក​ទៅ​ជា​មួយ​កូន​ទាំង​អស់​គ្នា​ជា​ដាច់​ខាត! បង​វា​ស្លាប់​បាត់​ទៅ​ហើយ គឺ​នៅ​សល់​តែ​វា​ម្នាក់​ប៉ុណ្ណោះ។ ប្រសិន​បើ​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា នៅ​តាម​ផ្លូវ ដែល​កូនៗ​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​នោះ កូនៗ​ទាំង​អស់​គ្នា​នឹង​ធ្វើ​ឲ្យ​ឪពុក​ដែល​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​កើត​ទុក្ខ​ជា​មិន​ខាន»។