ជំពូក ១៧
សញ្ញាសម្គាល់នៃសម្ពន្ធមេត្រី
1 នៅពេលលោកអប្រាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះអម្ចាស់យាងមកឲ្យលោកអប្រាមឃើញ ហើយមានព្រះបន្ទូលមកលោកថា៖ «យើងជាព្រះដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុត ចូរអ្នករស់នៅក្នុងមាគ៌ារបស់យើងឲ្យបានល្អឥតខ្ចោះចុះ។ 2 យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនជាអនេក»។ 3 លោកអប្រាមក្រាបចុះឱនមុខដល់ដី ហើយព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ 4 «ចំណែកយើង យើងចងសម្ពន្ធមេត្រីជាមួយអ្នកដូចតទៅ: អ្នកនឹងបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន 5 គេលែងហៅអ្នកថា“អប្រាម”ទៀតហើយ តែអ្នកនឹងមានឈ្មោះថា“អប្រាហាំ”វិញ ដ្បិតយើងនឹងធ្វើឲ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។ 6 យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើនជាអនេក យើងនឹងធ្វើឲ្យអ្នកបង្កើតប្រជាជាតិជាច្រើន ហើយនឹងមានស្តេចជាច្រើនកើតចេញពីអ្នកដែរ។ 7 យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាព្រះរបស់អ្នក ហើយជាព្រះរបស់ពូជពង្សអ្នកដែលកើតមកតាមក្រោយដែរ។ 8 យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាព្រះរបស់ពូជពង្សអ្នក»។
9 ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ចំណែកឯអ្នកវិញ អ្នកត្រូវគោរពសម្ពន្ធមេត្រីរបស់យើង គឺទាំងអ្នក ទាំងពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយត្រូវគោរពតាមគ្រប់តំណតទៅ។ 10 អ្នករាល់គ្នាត្រូវគោរពសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយ ដូចតទៅនេះ គឺត្រូវកាត់ស្បែក*ឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា។ 11 អ្នករាល់គ្នាកាត់ស្បែកជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា។ 12 នៅពេលកើតបានប្រាំបីថ្ងៃ ប្រុសៗទាំងអស់ គ្រប់តំណតទៅ ទោះបីកើតនៅក្នុងគ្រួសាររបស់អ្នកក្តី ឬក៏ទិញមកពីអ្នកដទៃដែលមិនមែនជាពូជពង្សរបស់អ្នកក្តី ត្រូវតែទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា។ 13 គេត្រូវកាត់ស្បែកឲ្យប្រុសៗ ដែលកើតនៅក្នុងគ្រួសាររបស់អ្នក និងប្រុសៗដែលអ្នកទិញមកដោយប្រាក់ ទុកជាសញ្ញាសម្គាល់លើរូបកាយរបស់អ្នករាល់គ្នា ដើម្បីបញ្ជាក់អំពីសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាប។ 14 រីឯបុរសណាដែលគ្មានសញ្ញាសម្គាល់កាត់ស្បែកនៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្ដាច់សម្ពន្ធមេត្រីរបស់យើងហើយ»។
15 ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំទៀតថា៖ «រីឯសារ៉ាយជាភរិយារបស់អ្នកវិញ មិនត្រូវហៅនាងថា“សារ៉ាយ”ទៀតទេ គឺនាងនឹងមានឈ្មោះថា“សារ៉ា”វិញ។ 16 យើងនឹងឲ្យពរនាង ហើយយើងនឹងឲ្យអ្នកមានកូនមួយតាមរយៈនាង។ យើងនឹងឲ្យពរនាង នាងនឹងបង្កើតប្រជាជាតិជាច្រើន ហើយក៏នឹងមានស្តេចរបស់សាសន៍នានា កើតចេញពីនាងដែរ»។ 17 លោកអប្រាហាំក្រាបចុះ ឱនមុខដល់ដី លោកអស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះអាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសម្រាលកូនបានឬ?»។ 18 លោកអប្រាហាំទូលព្រះជាម្ចាស់ថា៖ «បើព្រះអង្គទុកឲ្យអ៊ីស្មាអែលមានជីវិតរស់នោះ ក៏គ្រប់គ្រាន់ហើយ!»។ 19 ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ទេ គឺសារ៉ាជាភរិយារបស់អ្នក នឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន! អ្នកត្រូវដាក់ឈ្មោះកូននោះថា “អ៊ីសាក”។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ និងពូជពង្សដែលកើតមកតាមក្រោយ ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាបតទៅ។ 20 ចំពោះអ៊ីស្មាអែលវិញ យើងបានឮពាក្យរបស់អ្នកហើយ យើងនឹងឲ្យពរវា យើងនឹងធ្វើឲ្យវាមានកូនចៅជាច្រើន ហើយធ្វើឲ្យពូជពង្សវាកើនចំនួនយ៉ាងច្រើនអនេក។ ស្តេចដប់ពីរអង្គនឹងកើតចេញពីវា ហើយយើងក៏នឹងធ្វើឲ្យមានប្រជាជាតិមួយដ៏ធំកើតចេញពីវាដែរ។ 21 ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ៊ីសាក គឺកូនដែលសារ៉ានឹងបង្កើតឲ្យអ្នក នៅឆ្នាំក្រោយក្នុងខែនេះ»។ 22 បន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីលោកអប្រាហាំឡើងទៅ។
23 នៅថ្ងៃដដែលនោះ លោកអប្រាហាំបាននាំអ៊ីស្មាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក ព្រមទាំងអស់អ្នកដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ គឺប្រុសៗទាំងអស់ដែលនៅក្នុងផ្ទះរបស់លោក មកធ្វើពិធីកាត់ស្បែក*ឲ្យ ស្របតាមព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ដល់លោក។ 24 ពេលលោកអប្រាហាំទទួលពិធីកាត់ស្បែកនោះ លោកមានអាយុកៅសិបប្រាំបួនឆ្នាំហើយ 25 រីឯអ៊ីស្មាអែលជាកូនរបស់លោក មានអាយុដប់បីឆ្នាំ នៅពេលទទួលពិធីកាត់ស្បែក។ 26 លោកអប្រាហាំ និងអ៊ីស្មាអែល ជាកូន បានទទួលពិធីកាត់ស្បែកនៅថ្ងៃជាមួយគ្នា 27 ហើយអស់អ្នកដែលរស់នៅក្នុងផ្ទះរបស់លោក គឺអស់អ្នកដែលកើតក្នុងផ្ទះរបស់លោក ឬអ្នកក្រៅដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ ក៏បានទទួលពិធីកាត់ស្បែកជាមួយលោកដែរ។