ជំពូក ២០
លោកអប្រាហាំ និងស្តេចអប៊ីមេឡេក
1 លោកអប្រាហាំចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ណេកិប។ លោកបានតាំងទីលំនៅនៅចន្លោះក្រុងកាដែស និងក្រុងសួរ បន្ទាប់មក លោកបានទៅនៅក្រុងកេរ៉ា។ 2 លោកអប្រាហាំតែងប្រាប់គេថា លោកស្រីសារ៉ា ជាភរិយារបស់លោកនោះ ត្រូវជាប្អូនស្រីរបស់លោកទេ។ ព្រះបាទអប៊ីមេឡេក ជាស្តេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់លោកស្រីសារ៉ាមក។ 3 ពេលនោះ ព្រះជាម្ចាស់យាងមកជួបស្តេចអប៊ីមេឡេក ក្នុងសុបិននិមិត្តនៅពេលយប់ ហើយមានព្រះបន្ទូលថា៖ «អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានចាប់មកនោះជាមិនខាន ដ្បិតនាងមានប្តីហើយ»។ 4 ព្រះបាទអប៊ីមេឡេកពុំទាន់បានប៉ះពាល់លោកស្រីសារ៉ានៅឡើយទេ ស្តេចទូលវិញថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គនឹងប្រហារជីវិតប្រជាជាតិមួយ ទោះបីជាតិនោះសុចរិតក៏ដោយឬ? 5 បុរសនោះទេតើដែលបានប្រាប់ទូលបង្គំថា “នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ទូលបង្គំថា“គាត់ត្រូវជាបងខ្ញុំដែរ”។ ទូលបង្គំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃទូលបង្គំក៏ឥតសៅហ្មងដែរ»។ 6 ព្រះជាម្ចាស់មានព្រះបន្ទូលមកស្តេចវិញ ក្នុងសុបិននិមិត្តនោះថា៖ «យើងក៏ដឹងច្បាស់ដែរថា អ្នកធ្វើដូច្នេះ ដោយចិត្តស្អាតស្អំ ហេតុនេះហើយបានជាយើងមកឃាត់អ្នក កុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងយើង។ យើងមិនបណ្តោយឲ្យអ្នកប៉ះពាល់នាងឡើយ។ 7 ឥឡូវនេះ ចូរប្រគល់នាងទៅឲ្យបុរសនោះវិញទៅ ដ្បិតគាត់ជាព្យាការីមួយរូប គាត់នឹងទូលអង្វរឲ្យអ្នក ដើម្បីឲ្យអ្នកបានរួចជីវិត។ ប្រសិនបើអ្នកមិនប្រគល់នាងទៅឲ្យគាត់វិញទេ តោងដឹងថា អ្នកមុខជាត្រូវស្លាប់ជាមួយញាតិវង្សរបស់អ្នកមិនខាន»។
8 ព្រះបាទអប៊ីមេឡេកក្រោកឡើងពីព្រលឹម ស្តេចកោះហៅអ្នកបម្រើទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីហេតុការណ៍អស់ទាំងនេះ។ ពួកបម្រើរបស់ស្តេចព្រឺខ្លាចជាខ្លាំង។ 9 ព្រះបាទអប៊ីមេឡេកហៅលោកអប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុដូចម្តេចបានជាលោកធ្វើដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះលោក បានជាលោកនាំទាំងនគររបស់ខ្ញុំ ទាំងខ្ញុំ ឲ្យប្រព្រឹត្តអំពើបាបដ៏ធ្ងន់បែបនេះ? លោកប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ!»។ 10 បន្ទាប់មក ព្រះបាទអប៊ីមេឡេកមានរាជឱង្ការទៅកាន់លោកអប្រាហាំទៀតថា៖ «តើលោកមានគោលបំណងអ្វីបានជាប្រព្រឹត្តបែបនេះ?»។ 11 លោកអប្រាហាំតបថា៖ «ទូលបង្គំនឹកគិតថា នៅស្រុកនេះ ប្រហែលជាគ្មាននរណាម្នាក់កោតខ្លាចព្រះជាម្ចាស់ទេមើលទៅ គេមុខជាប្រហារជីវិតទូលបង្គំ ព្រោះតែប្រពន្ធទូលបង្គំមិនខាន។ 12 មួយវិញទៀត នាងពិតជាប្អូនស្រីរបស់ទូលបង្គំមែន ព្រោះនាងជាកូនស្រីរបស់ឪពុកទូលបង្គំដែរ តែម្តាយទីទៃពីគ្នា រួចនាងក៏បានរៀបការជាមួយទូលបង្គំ។ 13 នៅពេលព្រះជាម្ចាស់នាំទូលបង្គំចាកចេញឆ្ងាយពីញាតិសន្តានរបស់ទូលបង្គំ ទូលបង្គំបានប្រាប់នាងសារ៉ាថា “នៅទីណាដែលយើងទៅ សុំអាណិតមេត្តាបងផង តោងប្រាប់គេថា បងត្រូវជាបងបង្កើតរបស់ប្អូន”»។
14 ព្រះបាទអប៊ីមេឡេកបានយកចៀម យកគោ ពីក្នុងហ្វូងសត្វរបស់ស្តេច ព្រមទាំងនាំខ្ញុំបម្រើប្រុសស្រីមកជូនលោកអប្រាហាំ ហើយក៏បានប្រគល់លោកស្រីសារ៉ាជូនលោកវិញដែរ។ 15 ព្រះបាទអប៊ីមេឡេកមានរាជឱង្ការថា៖ «មើល៍ ស្រុករបស់ខ្ញុំស្ថិតនៅចំពោះមុខលោកស្រាប់ហើយ លោកចង់តាំងទីលំនៅនៅទីណាក៏បាន តាមតែលោកពេញចិត្ត»។ 16 ព្រះអង្គមានរាជឱង្ការទៅកាន់លោកស្រីសារ៉ាថា៖ «ខ្ញុំបានឲ្យប្រាក់សុទ្ធទៅបងរបស់នាងចំនួនមួយពាន់តម្លឹង ដើម្បីទុកជាសញ្ញាបញ្ជាក់ចំពោះអស់អ្នកដែលនៅជាមួយនាងថា នាងពុំបានបង់កិត្តិយសឡើយ»។ 17 លោកអប្រាហាំបានទូលអង្វរព្រះជាម្ចាស់ សូមមេត្តាប្រោសព្រះបាទអប៊ីមេឡេក ព្រមទាំងមហេសី និងពួកស្រីស្នំរបស់ព្រះអង្គ ឲ្យបានជាសះស្បើយ ហើយនាងទាំងនោះអាចមានកូនតទៅទៀតបាន 18 ដ្បិតព្រះអម្ចាស់បានធ្វើឲ្យស្ត្រីៗ ក្នុងព្រះរាជវង្សរបស់ព្រះបាទអប៊ីមេឡេកទាំងមូល ក្លាយទៅជាស្ត្រីអារ ព្រោះតែលោកស្រីសារ៉ាជាភរិយារបស់លោកអប្រាហាំ។