ជំពូក ២១

កំណើត​របស់​អ៊ីសាក

1 ព្រះ‌អម្ចាស់​បាន​ប្រោស‌ប្រណី​លោក​ស្រី​សារ៉ា ស្រប​តាម​សេចក្តី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក គឺ​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​គាត់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ 2 លោក​ស្រី​សារ៉ា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​អប្រា‌ហាំ ក្នុង​ពេល​លោក​មាន​វ័យ​ចាស់​ជរា ត្រូវ​តាម​ពេល​កំណត់​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។ 3 លោក​ដាក់​ឈ្មោះ​កូន​ដែល​កើត​មក​នោះ គឺ​កូន​ដែល​លោក​ស្រី​សារ៉ា​បាន​បង្កើត​ជូន​លោក​ថា “អ៊ីសាក”។ 4 ពេល​អ៊ីសាក​ជា​កូន​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រា‌ហាំ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ស្រប​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់។ 5 ពេល​អ៊ីសាក​ជា​កូន​កើត​មក​នោះ លោក​អប្រា‌ហាំ​មាន​អាយុ​មួយ‌រយ​ឆ្នាំ​ហើយ។ 6 ពេល​នោះ លោក​ស្រី​សារ៉ា​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​អស់​សំណើច​ពី​ខ្ញុំ គឺ​អ្នក​ណា​ដឹង​រឿង​ខ្ញុំ គេ​មុខ​ជា​សើច​មិន​ខាន»។ 7 គាត់​ពោល​ទៀត​ថា៖ «តើ​នរណា​អាច​នឹក​ភ្នក​និយាយ​ទៅ​លោក​អប្រា‌ហាំ​ថា “ថ្ងៃ​មួយ អ្នក​សារ៉ា​ត្រូវ​បំបៅ​កូន”? ក៏​ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​លោក ក្នុង​គ្រា​ដែល​លោក​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ»។

នាង​ហាការ និង​អ៊ីស្មា‌អែល នៅ​វាល​រហោ‌ស្ថាន

8 លុះ​អ៊ីសាក​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្ដាច់​ដោះ លោក​អប្រា‌ហាំ​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ នៅ​ថ្ងៃ​ផ្ដាច់​ដោះ​នោះ។ 9 លោក​ស្រី​សារ៉ា​ឃើញ​អ៊ីស្មា‌អែល ជា​កូន​ដែល​នាង​ហាការ ស្ត្រី​សាសន៍​អេស៊ីប បង្កើត​ជូន​លោក​អប្រា‌ហាំ កំពុង​តែ​សើច​លេង 10 គាត់​ជម្រាប​លោក​អប្រា‌ហាំ​ថា៖ «សូម​បណ្តេញ​ស្រី​បម្រើ​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​មិន​ត្រូវ​ឲ្យ​កូន​របស់​ស្រី​បម្រើ​នេះ​ទទួល​មត៌ក​រួម​ជា​មួយ​អ៊ីសាក កូន​របស់​ខ្ញុំ​ឡើយ»។ 11 ពាក្យ​នេះ​ធ្វើ​ឲ្យ​លោក​អប្រា‌ហាំ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​អ៊ីស្មា‌អែល​ក៏​ជា​កូន​របស់​លោក​ដែរ។ 12 ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រា‌ហាំ​ថា៖ «កុំ​ពិបាក​ចិត្ត ព្រោះ​តែ​ក្មេង​នេះ ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក​ឡើយ។ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​អស់​ដែល​សារ៉ា​សុំ​នោះ​ទៅ ដ្បិត​មាន​តែ​កូន​ចៅ​របស់​អ៊ីសាក​ប៉ុណ្ណោះ​ទេ ដែល​នឹង​ស្នង​ត្រកូល​ឲ្យ​អ្នក។ 13 រីឯ​កូន​ប្រុស​របស់​ស្រី​បម្រើ​នោះ​វិញ យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ ដ្បិត​វា​ក៏​ជា​ពូជ‌ពង្ស​របស់​អ្នក​ដែរ»។
14 ស្អែក​ឡើង លោក​អប្រា‌ហាំ​ក្រោក​ពី​ព្រលឹម យក​ស្បៀង​អាហារ និង​បំពង់​ទឹក ប្រគល់​ឲ្យ​នាង​ហាការ ដោយ​លើក​ដាក់​លើ ក​នាង។ លោក​ក៏​ប្រគល់​កូន​ទៅ​ឲ្យ​នាង រួច​ប្រាប់​នាង​ឲ្យ​ចេញ​ទៅ។ នាង​ហាការ​ចាក​ចេញ​ពី​ទី​នោះ ហើយ​វិល‌វល់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ជិត​ក្រុង​បៀរ‌សេបា។ 15 ពេល​អស់​ទឹក​ពី​បំពង់​ហើយ នាង​ទុក​កូន​ចោល​នៅ​ក្រោម​ដើម​ឈើ​តូច​មួយ 16 រួច​នាង​ទៅ​អង្គុយ​ដាច់​ឡែក​ពី​កូន ចម្ងាយ​ប្រមាណ​មួយ​សន្ទុះ​ព្រួញ ដ្បិត​នាង​ពោល​ថា៖ «ខ្ញុំ​មិន​ចង់​ឃើញ​កូន​ស្លាប់​នៅ​មុខ​ខ្ញុំ​ឡើយ!»។ ដូច្នេះ នាង​ក៏​អង្គុយ​ដាច់​ឡែក​ពី​កូន ហើយ​ចាប់​ផ្តើម​ទ្រហោ​យំ។ 17 ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្តាប់​ឮ​សម្រែក​របស់​ក្មេង​នោះ ហើយ​ទេវទូត​របស់​ព្រះ‌ជាម្ចាស់​ហៅ​នាង​ហាការ​ពី​លើ​មេឃ​មក​ថា៖ «ហាការ​អើយ តើ​នាង​មាន​រឿង​អ្វី? កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្តាប់​ឮ​សម្រែក​កូន​របស់​នាង នៅ​កន្លែង​ដែល​វា​អង្គុយ​នោះ​ហើយ។ 18 ចូរ​ក្រោក​ឡើង ទៅ​យក​កូន​ប្រុស​នាង ហើយ​ចាប់​ដៃ​វា​លើក​ឡើង ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ»។ 19 ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​នាង​ឃើញ​អណ្ដូង​មួយ​ដែល​មាន​ទឹក នាង​ក៏​ដាក់​ទឹក​ពេញ​បំពង់ រួច​យក​ទៅ​ឲ្យ​កូន​ផឹក។
20 ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ក្មេង​នោះ វា​មាន​វ័យ​ចម្រើន​ឡើង ហើយ​រស់​នៅ​តាម​វាល​រហោ‌ស្ថាន និង​ពូកែ​បាញ់​ធ្នូ។ 21 អ៊ីស្មា‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ស្រុក​ប៉ារ៉ន ហើយ​ម្តាយ​ក៏​ដណ្ដឹង​កូន​ស្រី​ជាតិ​អេស៊ីប​ម្នាក់​មក​ឲ្យ​ធ្វើ​ជា​ភរិយា។

លោក​អប្រា‌ហាំ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌បាទ​អប៊ី‌មេឡេក

22 នៅ​គ្រា​នោះ ព្រះ‌បាទ​អប៊ី‌មេឡេក​យាង​មក​ជួប​លោក​អប្រា‌ហាំ ដោយ​មាន​លោក​ពីកុល ជា​មេ‌ទ័ព​របស់​ព្រះ‌អង្គ​មក​ជា​មួយ​ដែរ។ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​លោក​ដូច​ត​ទៅ៖ «ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​លោក​ធ្វើ។ 23 ដូច្នេះ សូម​លោក​ស្បថ​ជា​មួយ​ខ្ញុំ​នៅ​ពេល​នេះ ដោយ​មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​នៅ​ទី​នេះ ថា​លោក​នឹង​មិន​ក្បត់​ខ្ញុំ កូន​ចៅ​ខ្ញុំ ឬ​ពូជ‌ពង្ស​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​លោក​យ៉ាង​ណា សូម​លោក​មាន​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ និង​ទឹក​ដី​ដែល​លោក​ស្នាក់​នៅ​នេះ​យ៉ាង​នោះ​ដែរ»។ 24 លោក​អប្រា‌ហាំ​ទូល​ស្តេច​ថា៖ «ទូល‌បង្គំ​សូម​ស្បថ​ដូច្នេះ!»។ 25 ប៉ុន្តែ លោក​អប្រា‌ហាំ​ប្ដឹង​ព្រះ‌បាទ​អប៊ី‌មេឡេក​ស្តី​អំពី​អណ្ដូង​ទឹក ដែល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌បាទ​អប៊ី‌មេឡេក​បាន​ដណ្ដើម​យក​ពី​លោក។ 26 ព្រះ‌បាទ​អប៊ី‌មេឡេក​តប​វិញ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​នរណា​បាន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​លោក​ពុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង គឺ​ខ្ញុំ​ទើប​តែ​ដឹង​នៅ​ពេល​នេះ​ប៉ុណ្ណោះ»។
27 លោក​អប្រា‌ហាំ​បាន​យក​ចៀម និង​គោ មក​ថ្វាយ​ព្រះ‌បាទ​អប៊ី‌មេឡេក រួច​លោក​ទាំង​ពីរ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា។ 28 លោក​អប្រា‌ហាំ​ញែក​ចៀម​ញី​ស្ទាវៗ​ប្រាំ​ពីរ​ក្បាល​ទុក​ដោយ​ឡែក។ 29 ព្រះ‌បាទ​អប៊ី‌មេឡេក​សួរ​លោក​ថា៖ «លោក​ញែក​ចៀម​ប្រាំ​ពីរ​ក្បាល​នេះ​ទុក​សម្រាប់​ធ្វើ​អ្វី?»។ 30 លោក​តប​ថា៖ «សូម​ព្រះ‌អង្គ​មេត្តា​ទទួល​យក​ចៀម​ទាំង​ប្រាំ​ពីរ​នេះ​ពី​ដៃ​ទូល‌បង្គំ​ផ្ទាល់ ដើម្បី​បញ្ជាក់​ថា ទូល‌បង្គំ​ពិត​ជា​បាន​ជីក​អណ្ដូង​ទឹក​នោះ​មែន»។ 31 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “បៀរ‌សេបា” ដ្បិត​នៅ​កន្លែង​នោះ​ហើយ​ដែល​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ 32 ដូច្នេះ លោក​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​នៅ​បៀរ‌សេបា។ បន្ទាប់​មក ព្រះ‌បាទ​អប៊ី‌មេឡេក​ក៏​ចេញ​ដំណើរ​ជា​មួយ​លោក​ពីកុល មេ‌ទ័ព​របស់​ស្តេច វិល​ត្រឡប់​ទៅ​ស្រុក​ភីលី‌ស្ទីន​វិញ។ 33 លោក​អប្រា‌ហាំ​បាន​ដាំ​ដើម​អំពិល​មួយ​ដើម​នៅ​បៀរ‌សេបា ហើយ​លោក​គោរព​បម្រើ​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប‌ជានិច្ច ដោយ​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ‌អម្ចាស់។ 34 លោក​អប្រា‌ហាំ​ស្នាក់​នៅ​ស្រុក​ភីលី‌ស្ទីន អស់‌រយៈ​ពេល​យ៉ាង​យូរ។