ជំពូក ១៤
លោកអប្រាមច្បាំងឈ្នះស្តេចជាច្រើន
1 នៅគ្រានោះ ព្រះបាទអាំរ៉ាផែលជាស្តេចស្រុកស៊ីណេអារ ព្រះបាទអើយ៉ុកជាស្តេចស្រុកអេឡាសារ ព្រះបាទកេឌ័រឡោមែរជាស្តេចស្រុកអេឡាំ និងព្រះបាទទីដាលជាស្តេចស្រុកកូយីម 2 បាននាំគ្នាលើកទ័ពទៅច្បាំងនឹងព្រះបាទបេរ៉ាជាស្តេចក្រុងសូដុម ព្រះបាទប៊ីសារជាស្តេចក្រុងកូម៉ូរ៉ា ព្រះបាទឃីណាប់ជាស្តេចក្រុងអាដម៉ា ព្រះបាទសេមេប៊ែរជាស្តេចក្រុងសេបូអ៊ីម និងស្តេចក្រុងបេឡា គឺក្រុងសូអារ។ 3 ស្តេចទាំងនេះបានមកបោះទ័ពជាមួយគ្នា នៅជ្រលងភ្នំស៊ីឌីម គឺនៅសមុទ្រប្រៃ។ 4 ស្តេចទាំងនេះនៅជារណបរបស់ព្រះបាទកេឌ័រឡោមែរ អស់រយៈពេលដប់ពីរឆ្នាំ ហើយនៅឆ្នាំទីដប់បីក៏នាំគ្នាបះបោរឡើង។ 5 ប៉ុន្តែ នៅឆ្នាំទីដប់បួន ព្រះបាទកេឌ័រឡោមែរ និងស្តេចទាំងប៉ុន្មាន ដែលនៅជាមួយព្រះអង្គ បានលើកគ្នាមកវាយជនជាតិរេផាអ៊ីម នៅក្រុងអាសតេរ៉ូត-ការណាអ៊ីម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីន នៅក្រុងខាវេគីរីយ៉ាតាអ៊ីម 6 និងជនជាតិហូរី នៅតំបន់ភ្នំសេអៀរ រហូតដល់ជួរភ្នំប៉ារ៉ន ដែលនៅជិតវាលរហោស្ថាន។ 7 បន្ទាប់មក ស្តេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេយីន-មីសប៉ាត គឺក្រុងកាដែស គេវាយជនជាតិអាម៉ាឡេកនៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅស្រុកហាត់សាត់សន-តាម៉ារ។
8 ពេលនោះ ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាដម៉ា ស្តេចក្រុងសេបូអ៊ីម និងស្តេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្តេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម 9 គឺតទល់នឹងព្រះបាទកេឌ័រឡោមែរជាស្តេចស្រុកអេឡាំ ព្រះបាទទីដាលជាស្តេចស្រុកកូយីម ព្រះបាទអាំរ៉ាផែលជាស្តេចស្រុកស៊ីណេអារ និងព្រះបាទអរីយ៉ុកជាស្តេចស្រុកអេឡាសារ គឺស្តេចបួនអង្គតទល់នឹងស្តេចប្រាំអង្គ។ 10 នៅជ្រលងភ្នំស៊ីឌីម មានអណ្ដូងប្រេងជាច្រើន។ ស្តេចក្រុងសូដុម និងស្តេចក្រុងកូម៉ូរ៉ា បានបាក់ទ័ព រត់ទៅធ្លាក់ក្នុងអណ្ដូងនោះ ហើយស្តេចឯទៀតៗនាំគ្នារត់ទៅតាមភ្នំ។ 11 រីឯស្តេចដែលច្បាំងឈ្នះ បាននាំគ្នារឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។ 12 គេក៏នាំលោកឡុតជាក្មួយលោកអប្រាម ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ទៅជាមួយដែរ។ លោកឡុតរស់នៅក្នុងក្រុងសូដុម។ 13 មានម្នាក់ដែលរត់រួច បាននាំដំណឹងមកជម្រាបលោកអប្រាម ជាជនជាតិហេប្រឺ។ លោកអប្រាមតាំងទីលំនៅនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ។ លោកម៉ាមរ៉េជាជនជាតិអាម៉ូរី ហើយត្រូវជាបងប្អូនរបស់លោកអេកុល និងលោកអនែរ ដែលជាសម្ពន្ធមិត្តរបស់លោកអប្រាម។ 14 កាលលោកអប្រាមទទួលដំណឹងថា គេបានចាប់ក្មួយរបស់លោកយកទៅជាឈ្លើយសឹក លោកក៏ចែកអាវុធឲ្យអស់អ្នកដែលនៅជាមួយលោក ចំនួនបីរយដប់ប្រាំបីនាក់ ជាញាតិសន្តាននៅក្នុងក្រុមគ្រួសាររបស់លោក ហើយដេញតាមស្តេចទាំងនោះហូតទៅដល់ក្រុងដាន់។ 15 លោកបានចែកកងទ័ពរបស់លោកជាក្រុមៗ រួចវាយស្តេចទាំងនោះនៅពេលយប់។ លោកវាយឈ្នះស្តេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។ 16 លោកយកទ្រព្យសម្បត្តិទាំងអស់មកវិញ ហើយក៏នាំលោកឡុតជាបងប្អូនរបស់លោក ដោយមានទាំងទ្រព្យសម្បត្តិ ប្រពន្ធ និងក្រុមញាតិទាំងអស់មកជាមួយដែរ។
លោកអប្រាម និងស្តេចមែលគីសេដែក
17 ក្រោយពេលដែលលោកអប្រាមត្រឡប់មកពីធ្វើសឹកឈ្នះស្តេចកេឌ័រឡោមែរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយ ស្តេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ គឺជ្រលងភ្នំហ្លួង។ 18 ព្រះបាទមែលគីសេដែក ជាមហាក្សត្រនៅក្រុងសាឡឹម បានឲ្យគេយកនំបុ័ង និងស្រាទំពាំងបាយជូរមកជូនលោកអប្រាម។ ស្តេចជាបូជាចារ្យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ 19 ស្តេចបានឲ្យពរលោកអប្រាមថា៖
«សូមព្រះដ៏ខ្ពង់ខ្ពស់បំផុត
ដែលបានបង្កើតផ្ទៃមេឃ និងផែនដី
ប្រទានពរដល់លោកអប្រាម
20 សូមលើកតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុត
ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ
មកក្នុងកណ្ដាប់ដៃរបស់លោក!»។
លោកអប្រាមបានយកអ្វីៗទាំងអស់ដែលលោករឹបអូសបាន មកថ្វាយព្រះបាទមែលគីសេដែកមួយភាគដប់។
21 ស្តេចក្រុងសូដុមមានរាជឱង្ការទៅកាន់លោកអប្រាមថា៖ «សូមលោកប្រគល់ប្រជាជនមកយើង ហើយទុកទ្រព្យសម្បត្តិសម្រាប់លោកទៅ»។ 22 លោកអប្រាមទូលស្តេចសូដុមវិញថា៖ «ទូលបង្គំសូមយកព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ធ្វើជាសាក្សីថា 23 ទូលបង្គំមិនយកអ្វីៗដែលជាសម្បត្តិរបស់ព្រះករុណាសោះឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយ ក៏ទូលបង្គំមិនយកដែរ កុំឲ្យព្រះករុណាមានរាជឱង្ការថា “យើងបានធ្វើឲ្យអប្រាមទៅជាអ្នកមាន”។ 24 ទូលបង្គំមិនចង់បានអ្វីឡើយ គឺសុំតែម្ហូបអាហារសម្រាប់ពួកយុវជន ដែលមកច្បាំងជាមួយទូលបង្គំ និងសុំយកអ្វីៗជាចំណែករបស់អស់អ្នកដែលមកជាមួយទូលបង្គំប៉ុណ្ណោះ គឺរបស់លោកអានែរ លោកអេកុល និងលោកម៉ាមរ៉េ។ អ្នកទាំងនោះនឹងយកអ្វីៗដែលជាចំណែករបស់ខ្លួន ដោយខ្លួនឯងផ្ទាល់»។