ជំពូក ៣៩
លោកយ៉ូសែបនៅស្រុកអេស៊ីប
1 ជនជាតិអ៊ីស្មាអែលបាននាំយ៉ូសែបចុះទៅស្រុកអេស៊ីប ហើយលក់លោកឲ្យជនជាតិអេស៊ីបម្នាក់ ឈ្មោះប៉ូទីផារ ជាមន្ត្រីរបស់ព្រះចៅផារ៉ោន និងជាមេបញ្ជាការកងរក្សាស្តេច។ 2 ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប ការអ្វីដែលលោកធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ លោករស់នៅក្នុងផ្ទះម្ចាស់របស់លោក ដែលជាជនជាតិអេស៊ីបនោះ។ 3 ម្ចាស់របស់លោកឃើញថា ព្រះអម្ចាស់គង់នៅជាមួយលោក ហើយការអ្វីដែលលោកធ្វើ ព្រះអង្គប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។ 4 លោកប៉ូទីផារពេញចិត្តនឹងលោកយ៉ូសែបណាស់ គាត់ក៏ឲ្យលោកធ្វើជាអ្នកបម្រើជំនិតរបស់គាត់ ហើយតែងតាំងលោកឲ្យមើលខុសត្រូវលើផ្ទះសំបែង និងគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់។ 5 ចាប់ពីពេលលោកប៉ូទីផារតែងតាំងលោកយ៉ូសែបឲ្យមើលខុសត្រូវលើផ្ទះសំបែង និងលើទ្រព្យសម្បត្តិរបស់គាត់មក ព្រះអម្ចាស់ប្រទានពរដល់ជនជាតិអេស៊ីបនេះ ព្រោះតែលោកយ៉ូសែប ហើយព្រះអង្គក៏ប្រទានពរដល់អ្វីៗទាំងអស់ ដែលជាកម្មសិទ្ធិរបស់គាត់ គឺទាំងផ្ទះសំបែង ទាំងស្រែចម្ការ។ 6 គាត់ប្រគល់ឲ្យលោកយ៉ូសែបគ្រប់គ្រងលើអ្វីៗទាំងអស់ដែលគាត់មាន ហើយក្រៅតែពីបរិភោគ គាត់មិនខ្វល់ខ្វាយនឹងកិច្ចការអ្វីទៀតឡើយ។ លោកយ៉ូសែបមានរូបរាងសង្ហាណាស់។
7 ក្រោយមក ភរិយាម្ចាស់របស់លោកយ៉ូសែបចាប់ចិត្តស្រឡាញ់លោក ហើយបបួលលោកថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។ 8 លោកយ៉ូសែបបានបដិសេធ លោកពោលទៅភរិយាម្ចាស់របស់លោកថា៖ «លោកម្ចាស់របស់ខ្ញុំបានប្រគល់ឲ្យខ្ញុំគ្រប់គ្រងលើអ្វីៗទាំងអស់ដែលលោកមាន គឺលោកមិនខ្វល់ខ្វាយនឹងកិច្ចការក្នុងផ្ទះសំបែងរបស់លោកឡើយ។ 9 ក្នុងផ្ទះនេះ គ្មាននរណាធំជាងខ្ញុំទេ លោកអនុញ្ញាតឲ្យខ្ញុំប៉ះពាល់អ្វីៗនៅក្នុងផ្ទះទាំងអស់ វៀរលែងតែលោកស្រីម្នាក់ប៉ុណ្ណោះ ព្រោះលោកស្រីជាភរិយារបស់លោក។ ដូច្នេះ ខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏អាក្រក់បំផុតនេះឡើយ ហើយខ្ញុំក៏ពុំអាចប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យព្រះជាម្ចាស់ដែរ»។ 10 ស្ត្រីនោះលួងលោមលោកយ៉ូសែប ជារៀងរាល់ថ្ងៃ ឲ្យរួមរ័កជាមួយនាង តែលោកពុំព្រមធ្វើតាមពាក្យនាងឡើយ។ 11 ថ្ងៃមួយ លោកយ៉ូសែបបានចូលទៅបំពេញកិច្ចការរបស់លោកនៅក្នុងផ្ទះ ពេលនោះ គ្មានអ្នកបម្រើណានៅក្នុងផ្ទះទេ 12 ភរិយារបស់លោកប៉ូទីផារក៏ទាញអាវលោកយ៉ូសែបជាប់ ទាំងពោលថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។ លោកក៏ទុកអាវលោកចោលក្នុងដៃនាង ហើយរត់ចេញមកខាងក្រៅ។ 13 ពេលនាងឃើញលោកទុកអាវលោកក្នុងដៃនាង និងឃើញលោករត់ចេញមកក្រៅដូច្នេះ 14 នាងក៏ស្រែកហៅពួកអ្នកបម្រើមកប្រាប់ថា៖ «មើលចុះ ប្តីខ្ញុំបានយកជនជាតិហេប្រឺនេះមកឲ្យមាក់ងាយយើង។ វាចូលមកបម្រុងនឹងរំលោភលើខ្ញុំ ប៉ុន្តែ ខ្ញុំបានស្រែកយ៉ាងខ្លាំង។ 15 ពេលវាឮខ្ញុំស្រែកហៅគេយ៉ាងខ្លាំងដូច្នេះ វាក៏ទុកអាវចោលនៅនឹងខ្ញុំ ហើយរត់ចេញទៅខាងក្រៅ»។ 16 នាងបានទុកអាវរបស់លោកយ៉ូសែបនៅជាមួយនាង រហូតទាល់តែប្តីវិលត្រឡប់មកផ្ទះវិញ។ 17 នាងបាននិយាយពាក្យដដែលទៅកាន់ប្តីថា៖ «ទាសករជាតិហេប្រឺដែលបងបានយកមកនោះ វាមករករំលោភលើខ្ញុំ 18 តែដោយខ្ញុំស្រែកហៅគេយ៉ាងខ្លាំង វាក៏ទុកអាវចោលនៅនឹងខ្ញុំ ហើយរត់ចេញទៅខាងក្រៅ»។
19 ក្រោយពីបានឮភរិយាពោលថា “ទាសកររបស់បងប្រព្រឹត្តបែបនេះមកលើខ្ញុំ!” ម្ចាស់របស់លោកយ៉ូសែបក្ដៅក្រហាយយ៉ាងខ្លាំង។ 20 គាត់ឲ្យគេចាប់លោកយកទៅដាក់ក្នុងពន្ធនាគារ ដែលគេឃុំឃាំងអ្នកទោសរបស់ស្តេច។
លោកយ៉ូសែបនៅក្នុងពន្ធនាគារ
ពេលលោកយ៉ូសែបជាប់ឃុំឃាំងនៅទីនោះ 21 ព្រះអម្ចាស់គង់ជាមួយលោក ហើយសម្ដែងព្រះហប្ញទ័យសប្បុរសចំពោះលោក គឺធ្វើឲ្យនាយកពន្ធនាគារមានចិត្តសន្តោសដល់លោក។ 22 នាយកពន្ធនាគារប្រគល់ឲ្យលោកយ៉ូសែបមើលខុសត្រូវលើអ្នកទោសទាំងអស់ ហើយលោកមានភារកិច្ចចាត់ចែងកិច្ចការទាំងប៉ុន្មាននៅក្នុងពន្ធនាគារ។ 23 នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យលោកយ៉ូសែបធ្វើនោះហើយ ដ្បិតព្រះអម្ចាស់គង់ជាមួយលោកយ៉ូសែប កិច្ចការអ្វីដែលលោកធ្វើ ព្រះអម្ចាស់ប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។