ជំពូក ១១
ប្រាសាទនៅក្រុងបាបិល
1 នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលនិយាយភាសាតែមួយ មានពាក្យសម្ដីតែមួយ។ 2 ពេលគេធ្វើដំណើរពីទិសខាងកើតមកដល់វាលរាបមួយក្នុងស្រុកស៊ីណេអារ គេក៏តាំងទីលំនៅក្នុងតំបន់នោះ។ 3 គេនិយាយគ្នាទៅវិញទៅមកថា៖ «តោះយើងនាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវា»។ គេប្រើដុំឥដ្ឋនោះជាថ្ម និងប្រើជ័រខ្មៅជាបាយអ។ 4 បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប្រាសាទមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នាទៅពាសពេញលើផែនដីឡើយ»។
5 ព្រះអម្ចាស់យាងចុះមកទតមើលទីក្រុង និងប្រាសាទដែលមនុស្សលោកបានសង់ 6 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកគេទាំងអស់គ្នាជាប្រជាជនតែមួយ និយាយភាសាតែមួយ! បើគេធ្វើការនេះកើត គេក៏នឹងអាចធ្វើអ្វីៗផ្សេងទៀត តាមតែគេប្រាថ្នាចង់ធ្វើនោះបានដែរ គ្មានឧបសគ្គណារារាំងពួកគេឡើយ។ 7 ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។ 8 ព្រះអម្ចាស់ក៏ធ្វើឲ្យគេបែកខ្ញែកគ្នាចេញឆ្ងាយពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល ហើយគេក៏ឈប់សង់ក្រុងនោះទៀត។ 9 ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា “បាបិល” ដ្បិតនៅទីនោះហើយដែលព្រះអម្ចាស់បានបំបែកភាសារបស់មនុស្សលោកទាំងមូល ហើយព្រះអង្គធ្វើឲ្យមនុស្សបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល។
បញ្ជីរាយនាមបុព្វបុរសរបស់លោកអប្រាហាំ
10 នេះជាបញ្ជីរាយនាមកូនចៅរបស់លោកសិម។ ពេលលោកសិមអាយុមួយរយឆ្នាំ គឺពីរឆ្នាំក្រោយទឹកជំនន់ធំ លោកបង្កើតបានអារប៉ាកសាដ។ 11 ក្រោយកំណើតអារប៉ាកសាដ លោកសិមរស់បានប្រាំរយឆ្នាំទៀត ហើយបង្កើតកូនប្រុស កូនស្រីជាច្រើន។
12 ពេលលោកអារប៉ាកសាដអាយុសាមសិបប្រាំឆ្នាំ លោកបង្កើតបានសេឡា។ 13 ក្រោយកំណើតសេឡា លោកអារប៉ាកសាដរស់បានបួនរយបីឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 14 ពេលលោកសេឡាអាយុសាមសិបឆ្នាំ លោកបង្កើតបានហេប៊ែរ។ 15 ក្រោយកំណើតហេប៊ែរ លោកសេឡារស់បានបួនរយបីឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
16 ពេលលោកហេប៊ែរអាយុសាមសិបបួនឆ្នាំ លោកបង្កើតបានពេឡេក។ 17 ក្រោយកំណើតពេឡេក លោកហេប៊ែររស់បានបួនរយសាមសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
18 ពេលលោកពេឡេកអាយុសាមសិបឆ្នាំ លោកបង្កើតបានរេអ៊ូ។ 19 ក្រោយកំណើតរេអ៊ូ លោកពេឡេករស់បានពីររយប្រាំបួនឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
20 ពេលលោករេអ៊ូអាយុសាមសិបពីរឆ្នាំ លោកបង្កើតបានសេរូក។ 21 ក្រោយកំណើតសេរូក លោករេអ៊ូរស់បានពីររយប្រាំពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
22 ពេលលោកសេរូកអាយុសាមសិបឆ្នាំ លោកបង្កើតបានណាហ៊រ។ 23 ក្រោយកំណើតណាហ៊រ លោកសេរូករស់បានពីររយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
24 ពេលលោកណាហ៊រអាយុម្ភៃប្រាំបួនឆ្នាំ លោកបង្កើតបានតេរ៉ា។ 25 ក្រោយកំណើតតេរ៉ា លោកណាហ៊ររស់បានមួយរយដប់ប្រាំបួនឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
26 ពេលលោកតេរ៉ាអាយុចិតសិបឆ្នាំ លោកបង្កើតបានអប្រាម ណាហ៊រ និងហារ៉ន។
27 នេះជាបញ្ជីរាយនាមកូនចៅលោកតេរ៉ា។ លោកតេរ៉ាបង្កើតលោកអប្រាម លោកណាហ៊រ និងលោកហារ៉ន។ លោកហារ៉នបង្កើតឡុត។ 28 លោកហារ៉នបានទទួលមរណភាព នៅក្រុងអួរនៃស្រុកខាល់ដេ ជាស្រុកកំណើតរបស់លោក ក្នុងពេលលោកតេរ៉ានៅរស់នៅឡើយ។ 29 លោកអប្រាម និងលោកណាហ៊រ បានរៀបអាពាហ៍ពិពាហ៍។ ភរិយារបស់លោកអប្រាមឈ្មោះនាងសារ៉ាយ រីឯភរិយារបស់លោកណាហ៊រឈ្មោះនាងមីលកា ជាកូនរបស់លោកហារ៉ន ដែលត្រូវជាឪពុករបស់មីលកា និងយីសកា។ 30 នាងសារ៉ាយជាស្ត្រីអារ នាងគ្មានកូនទេ។
31 លោកតេរ៉ាបាននាំលោកអប្រាមជាកូន និងលោកឡុតដែលជាកូនរបស់លោកហារ៉ន ហើយត្រូវជាចៅរបស់លោក ព្រមទាំងនាំនាងសារ៉ាយជាកូនប្រសាស្រី ដែលត្រូវជាភរិយារបស់លោកអប្រាម កូនប្រុសរបស់លោក ចេញដំណើរជាមួយគ្នាពីក្រុងអួរនៃស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ ពួកលោកបាននាំគ្នាមកដល់ស្រុកហារ៉ន ហើយតាំងទីលំនៅក្នុងស្រុកនោះ។
32 លោកតេរ៉ារស់បានពីររយប្រាំឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ។