ជំពូក ៤៥

លោក​យ៉ូសែប​បង្ហាញ​ខ្លួន​ឲ្យ​បង‌ប្អូន​ស្គាល់

1 ដោយ​លោក​យ៉ូសែប​ពុំ​អាច​ទប់​ចិត្ត នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​លោក លោក​ក៏​បញ្ជា​ឲ្យ​ពួក​គេ​ចេញ​ទៅ។ ពេល​លោក​យ៉ូសែប​បង្ហាញ​ឲ្យ​បងៗ​ស្គាល់​លោក​នោះ គ្មាន​អ្នក​ឯ​ទៀតៗ​នៅ​ជា​មួយ​ទេ។ 2 លោក​ទ្រហោ​យំ​យ៉ាង​ខ្លាំង រហូត​ដល់​ជន​ជាតិ​អេស៊ីប​បាន​ឮ សូម្បី​តែ​អ្នក​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ចៅ​ផារ៉ោន​ក៏​បាន​ឮ​ដែរ។ 3 លោក​មាន​ប្រសាសន៍​ទៅ​បង‌ប្អូន​លោក​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប! តើ​ឪពុក​យើង​នៅ​រស់​ទេ​ឬ?»។ ប៉ុន្តែ បង‌ប្អូន​របស់​លោក​រក​ឆ្លើយ​ពុំ​បាន​ទេ គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ដោយ​ឃើញ​លោក​នៅ​នឹង​មុខ​ដូច្នេះ។ 4 លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «សូម​ខិត​ចូល​មក​ជិត​ខ្ញុំ​មក៍» ពួក​គេ​ក៏​ខិត​ចូល​ទៅ​ជិត​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់​ឲ្យ​គេ​នាំ​យក​មក​ស្រុក​អេស៊ីប​នេះ។ 5 ប៉ុន្តែ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​ធ្វើ​អ្វី ហើយ​ក៏​កុំ​ស្តាយ​ក្រោយ ព្រោះ​តែ​បាន​លក់​ប្អូន​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​ការ‌ពារ​អាយុ​ជីវិត​របស់​បងៗ។ 6 មើល៍ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក​អស់‌រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ក្នុង‌រយៈ​ពេល​ប្រាំ​ឆ្នាំ​ត​ទៅ​មុខ​ទៀត ក៏​គ្មាន​នរណា​អាច​ភ្ជួរ​រាស់ និង​ច្រូត​កាត់​បាន​ដែរ។ 7 ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​ប្រមែ‌ប្រមូល​ស្បៀង​អាហារ​បង្ការ​ទុក សម្រាប់​រក្សា​ជីវិត​បងៗ​ឲ្យ​បាន​រស់​នៅ​ក្នុង​ស្រុក ដោយ‌សារ​ការ​សង្គ្រោះ​ដ៏​អស្ចារ្យ​នេះ។ 8 ដូច្នេះ ពុំ​មែន​បងៗ​ទេ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​តើ ដែល​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ ព្រះ‌អង្គ​បាន​តែង‌តាំង​ប្អូន​ឲ្យ​ធ្វើ​ជា​មន្ត្រី​ដ៏​ខ្ពស់​បំផុត​របស់​ព្រះ‌ចៅ​ផារ៉ោន គឺ​ឲ្យ​ប្អូន​ត្រួត‌ត្រា​លើ​ព្រះ​រាជ​វាំង​របស់​ស្តេច និង​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល។ 9 សូម​បងៗ​វិល​ទៅ​រក​ឪពុក​យើង​ជា​ប្រញាប់ ហើយ​ជម្រាប​លោក​ថា “យ៉ូសែប ជា​កូន​លោក​ឪពុក សូម​ផ្តាំ​មក​ថា ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​កូន​ឲ្យ​ធ្វើ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល ដូច្នេះ សូម​លោក​ឪពុក​ចុះ​មក​រក​កូន​កុំ​បង្អង់​ឡើយ 10 លោក​ឪពុក​នឹង​រស់​នៅ​ក្នុង​ស្រុក​កូសែន ក្បែរ​កូន គឺ​ទាំង​លោក​ឪពុក ទាំង​កូន ទាំង​ចៅ​របស់​លោក​ឪពុក ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន​នោះ​ផង​ដែរ។ 11 កូន​នឹង​ជួយ​ឧបត្ថម្ភ​លោក​ឪពុក មិន​ឲ្យ​លោក​ឪពុក និង​ក្រុម​គ្រួសារ ព្រម​ទាំង​ហ្វូង​សត្វ​របស់​លោក​ឪពុក ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​នៅ​មាន​កើត​ទុរ្ភិក្ស​ក្នុង​រវាង​ប្រាំ​ឆ្នាំ​ទៀត”។ 12 បងៗ​បាន​ឃើញ​ប្អូន​ផ្ទាល់​នឹង​ភ្នែក ប្អូន​បេនយ៉ា‌មីន​ក៏​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ដែរ​ថា គឺ​ពិត​ជា​ខ្ញុំ​ហ្នឹង​ហើយ ដែល​កំពុង​តែ​និយាយ​ជា​មួយ​បងៗ។ 13 សូម​បងៗ​រៀប​រាប់​ជម្រាប​លោក​ឪពុក​ឲ្យ​បាន​ជ្រាប​ផង​ថា ខ្ញុំ​មាន​មុខ​តំណែង​ធំ​យ៉ាង​ណា​នៅ​ស្រុក​អេស៊ីប​នេះ និង​ឲ្យ​គាត់​បាន​ជ្រាប​នូវ​អ្វីៗ​ទាំង​អស់ ដែល​បងៗ​បាន​ឃើញ។ សូម​បងៗ​ទៅ​អញ្ជើញ​លោក​ឪពុក​ឲ្យ​ចុះ​មក​ទី​នេះ កុំ​បង្អង់​ឡើយ»។
14 លោក​យ៉ូសែប​ស្ទុះ​ទៅ​ឱប​បេនយ៉ា‌មីន ជា​ប្អូន រួច​យំ រីឯ​បេនយ៉ា‌មីន​ក៏​យំ​ឱប​លោក​យ៉ូសែប​ដែរ។ 15 បន្ទាប់​មក លោក​ថើប​បងៗ​ទាំង​អស់ ទាំង​យំ​ទៀត​ផង រួច​ហើយ បង‌ប្អូន​លោក​ក៏​និយាយ​សំណេះ‌សំណាល​ជា​មួយ​លោក។
16 ដំណឹង​នេះ​បាន​លេច​ឮ​ទៅ​ដល់​វាំង​របស់​ព្រះ‌ចៅ​ផារ៉ោន​ថា បង‌ប្អូន​របស់​លោក​យ៉ូសែប​មក​ដល់​ហើយ ធ្វើ​ឲ្យ​ទាំង​ស្តេច ទាំង​ក្រុម​មន្ត្រី​សប្បាយ​ចិត្ត។ 17 ព្រះ‌ចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «សុំ​ប្រាប់​បង‌ប្អូន​របស់​លោក​ថា “ចូរ​នាំ​គ្នា​រៀប‌ចំ​សត្វ​ពាហនៈ​ចេញ​ដំណើរ​ទៅ​ស្រុក​កាណាន​យ៉ាង​ប្រញាប់ 18 រួច​នាំ​ឪពុក និង​ក្រុម​គ្រួសារ​ត្រឡប់​មក​រក​យើង​វិញ យើង​នឹង​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ នៅ​ស្រុក​អេស៊ីប​នេះ​ឲ្យ​អ្នក​រាល់​គ្នា ព្រម​ទាំង​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​ភោគ‌ផល​ដ៏​ល្អ​ជាង​គេ នៅ​ក្នុង​ស្រុក​នេះ​ផង”។ 19 សុំ​លោក​ប្រាប់​ពួក​គេ​ទៀត​ថា “ចូរ​យក​រទេះ​ពី​ស្រុក​អេស៊ីប ទៅ​ដឹក​ជញ្ជូន​ប្រពន្ធ​កូន និង​ឪពុក​អ្នក​រាល់​គ្នា​មក​ទី​នេះ។ 20 មិន​ត្រូវ​នឹក​ស្តាយ​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​នៅ​ស្រុក​អេស៊ីប​អ្នក​រាល់​គ្នា​នឹង​បាន​កន្លែង​ដ៏​ល្អ​ជាង​គេ”»។ 21 កូនៗ​របស់​លោក​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​រាជ‌ឱង្ការ​នេះ។ លោក​យ៉ូសែប​យក​រទេះ​មក​ឲ្យ​ពួក​គេ តាម​បញ្ជា​របស់​ព្រះ‌ចៅ​ផារ៉ោន ហើយ​លោក​ក៏​ឲ្យ​ស្បៀង​អាហារ​គេ សម្រាប់​បរិភោគ​តាម​ផ្លូវ​ដែរ។ 22 លោក​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​បងៗ​ទាំង​អស់​គ្នា។ រីឯ​បេនយ៉ា‌មីន​វិញ លោក​ឲ្យ​ប្រាក់​សុទ្ធ​ប្រមាណ​កៅ‌សិប​តម្លឹង និង​ឲ្យ​សម្លៀក‌បំពាក់​ប្រាំ​បន្លាស់។ 23 លោក​ក៏​ផ្ញើ​លា​ឈ្មោល​ដប់​ក្បាល ដែល​មាន​ផ្ទុក​ភោគ‌ផល​ដ៏​ល្អ​បំផុត​នៅ​ស្រុក​អេស៊ីប ព្រម​ទាំង​លា​ញី​ដប់​ក្បាល​ដែល​ផ្ទុក​ស្រូវ និង​ស្បៀង​អាហារ​ផ្សេងៗ ទៅ​ជូន​ឪពុក​របស់​លោក ទុក​សម្រាប់​ធ្វើ​ដំណើរ​មក។ 24 បន្ទាប់​មក លោក​ឲ្យ​បង‌ប្អូន​ចេញ​ដំណើរ​ទៅ ទាំង​ផ្តាំ​ថា៖ «កុំ​ឈ្លោះ​ប្រកែក​គ្នា​នៅ​តាម​ផ្លូវ​ឡើយ»។25 ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប មក​ជួប​លោក​យ៉ាកុប ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ។ 26 គេ​នាំ​គ្នា​ជម្រាប​លោក​យ៉ាកុប​ថា៖ «យ៉ូសែប​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​កំពុង​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​ផង»។ ប៉ុន្តែ លោក​យ៉ាកុប​មិន​រំភើប​ចិត្ត​សោះ ព្រោះ​លោក​មិន​ជឿ​សម្ដី​របស់​ពួក​គេ​ទេ។ 27 ពួក​គេ​ក៏​ជម្រាប​ជូន​នូវ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូសែប​បាន​ផ្តាំ​មក។ ពេល​ឃើញ​រទេះ​ដែល​លោក​យ៉ូសែប​បញ្ជូន​មក ដើម្បី​ដឹក​លោក​ទៅ​ស្រុក​អេស៊ីប លោក​យ៉ាកុប ជា​ឪពុក ក៏​ភ្ញាក់​ស្មារតី​ឡើង​វិញ 28 ហើយ​មាន​ប្រសាសន៍​ថា៖ «បាន​ហើយ ពុក​ជឿ! យ៉ូសែប​កូន​ប្រុស​ឪពុក​នៅ​រស់​នៅ​ឡើយ! ពុក​ចង់​ទៅ​ជួប​មុខ​វា មុន​នឹង​ពុក​លា​ចាក​លោក​នេះ»។