ជំពូក ៣៦

លោក​អេសាវ​តាំង​ទី​លំ‌នៅ​នៅ​ស្រុក​អេដុម

1 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ពោល​គឺ​លោក​អេដុម។ 2 លោក​អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា គឺ​មាន​នាង​អដា ជា​កូន​របស់​លោក​អេឡូន ជន​ជាតិ​ហេត នាង​អូហូលី‌បាម៉ា ជា​កូន​របស់​លោក​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​លោក​ស៊ីបូន ជន​ជាតិ​ហេវី 3 និង​នាង​បាស‌ម៉ាត ជា​កូន​របស់​លោក​អ៊ីស្មា‌អែល គឺ​ប្អូន​ស្រី​របស់​លោក​ណេបា‌យ៉ុត។ 4 នាង​អដា​បង្កើត​បាន​អេលី‌ផាស​ជូន​លោក​អេសាវ នាង​បាស‌ម៉ាត​បង្កើត​រេអ៊ូអែល 5 ហើយ​នាង​អូហូលី‌បាម៉ា​បង្កើត​បាន​យេអ៊ូស យេឡាំ និង​កូរ៉ា។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។
6 លោក​អេសាវ​បាន​នាំ​ប្រពន្ធ​កូន ព្រម​ទាំង​អ្នក​បម្រើ ហ្វូង​សត្វ ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​រក​បាន​នៅ​ស្រុក​កាណាន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​មួយ​ទៀត ឆ្ងាយ​ពី​លោក​យ៉ាកុប​ជា​ប្អូន​របស់​លោក 7 ដ្បិត​លោក​ទាំង​ពីរ​មាន​ទ្រព្យ‌សម្បត្តិ​ច្រើន​ពេក ពុំ​អាច​រស់​នៅ​ជា​មួយ​គ្នា​ឡើយ។ រីឯ​ស្រុក​ដែល​លោក​ទាំង​ពីរ​រស់​នៅ​នោះ ក៏​ពុំ​មាន​លទ្ធ‌ភាព​ល្មម សម្រាប់​ឲ្យ​ហ្វូង​សត្វ​របស់​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​ដែរ។ 8 លោក​អេសាវ​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា អេដុម​ដែរ។

ពូជ‌ពង្ស​របស់​លោក​អេសាវ

9 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ជា​បុព្វ‌បុរស​របស់​ជន​ជាតិ​អេដុម ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ 10 កូន​ចៅ​របស់​លោក​អេសាវ​មាន​ឈ្មោះ​ដូច​ត​ទៅ: អេលី‌ផាស ជា​កូន​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។ រេអ៊ូអែល ជា​កូន​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។
11 កូន​របស់​អេលី‌ផាស គឺ​តេម៉ន អូម៉ារ សេផូ កេតាំ និង​កេណាស។ 12 អេលី‌ផាស ជា​កូន​របស់​លោក​អេសាវ មាន​ប្រពន្ធ​ចុង​ឈ្មោះ នាង​ទីមណា នាង​បង្កើត​បាន​កូន​ឈ្មោះ​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។
13 កូន​ចៅ​របស់​រេអ៊ូអែល​គឺ ណាហាត់ សេ‌រ៉ា សាំម៉ា និង​មីសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។
14 កូន​ចៅ​របស់​នាង​អូហូលី‌បាម៉ា ភរិយា​របស់​លោក​អេសាវ ដែល​ត្រូវ​ជា​កូន​របស់​លោក​អណា និង​ជា​ចៅ​របស់​លោក​ស៊ីបូន មាន​យេអ៊ូស យ៉ាឡាម និង​កូរ៉ា។
15 រីឯ​មេ‌កន្ទ្រាញ​របស់​កូន​ចៅ​លោក​អេសាវ​មាន​រាយ​នាម​ដូច​ត​ទៅ: មេ‌កន្ទ្រាញ​ដែល​នៅ​ក្នុង​អំបូរ​អេលី‌ផាស ជា​កូន​ច្បង​របស់​លោក​អេសាវ មាន​លោក​តេម៉ន លោក​អូម៉ារ លោក​សេផូ លោក​កេណាស 16 លោក​កូរ៉ា លោក​កេតាំ លោក​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ត្រូវ​ជា​មេ‌កន្ទ្រាញ​នៃ​អំបូរ​អេលី‌ផាស នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​អដា។ 17 រីឯ​មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​លោក​រេអ៊ូអែល ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាវ មាន​លោក​ណាហាត់ លោក​សេរ៉ា លោក​សាម៉ា លោក​មីសា។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​នៃ​អំបូរ​រេអ៊ូអែល នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​បាស‌ម៉ាត ជា​ភរិយា​របស់​លោក​អេសាវ។ 18 មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អូហូលី‌បាម៉ា ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អេសាវ មាន​លោក​យេអ៊ូស លោក​យ៉ាឡាម និង​លោក​កូរ៉ា។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អូហូលី‌បាម៉ា ជា​ភរិយា​របស់​លោក​អេសាវ និង​ជា​កូន​របស់​លោក​អណា។
19 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេសាវ ហើយ​ជា​មេ‌កន្ទ្រាញ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា​អេដុម​ដែរ។
20 រីឯ​កូន​ចៅ​របស់​លោក​សៀរ ជន​ជាតិ​ហូរី ដែល​ជា​ម្ចាស់​ស្រុក​នោះ​កាល​ពី​ដើម មាន​ឡូតន សូបាល ស៊ីបូន អណា 21 ឌីសូន អេ‌ស៊ែរ និង​ឌីសន។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​ជន​ជាតិ​ហូរី កូន​របស់​លោក​សៀរ នៅ​ស្រុក​អេដុម។ 22 កូន​ចៅ​របស់​ឡូតន មាន ហូរី និង​ហេ‌ម៉ម។ ប្អូន​ស្រី​របស់​ឡូតន ឈ្មោះ​នាង​ទីមណា។ 23 រីឯ​កូន​ចៅ​របស់​សូបាល មាន​ឈ្មោះ​ដូច​ត​ទៅ: អាល់‌វ៉ន ម៉ាណា‌ហាត់ អេបាល សេផូ និង​អូណាំ។ 24 រីឯ​កូន​ចៅ​របស់​ស៊ីបូន​មាន​ឈ្មោះ អវ៉ា និង​អណា គឺ​លោក​អណា​នេះ​ហើយ​ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​វាល​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​លោក​ស៊ីបូន ជា​ឪពុក។ 25 កូន​ចៅ​របស់​លោក​អណា​មាន ឌីសូន និង​នាង​អូហូលី‌បាម៉ា។ 26 កូន​ចៅ​របស់​ឌីសូន​មាន​ឈ្មោះ​ដូច​ត​ទៅ: ហេម‌ដន អេសបន យីត្រន និង​កេរ៉ន។ 27 កូន​ចៅ​របស់​អេ‌ស៊ែរ​មាន​ឈ្មោះ​ដូច​ត​ទៅ: ប៊ីល‌ហន សាវ៉ន និង​អកន។ 28 កូន​ចៅ​របស់​ឌីសូន​មាន អ៊ូស និង​អរ៉ន។
29 រីឯ​មេ‌កន្ទ្រាញ​របស់​ជន​ជាតិ​ហូរី​មាន​ឈ្មោះ​ដូច​ត​ទៅ: លោក​ឡូតន លោក​សូបាល លោក​ស៊ីបូន លោក​អណា 30 លោក​ឌីសូន លោក​អេ‌ស៊ែរ និង​លោក​ឌីសន។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​របស់​ជន​ជាតិ​ហូរី នៅ​ស្រុក​សៀរ។
31 មុន​ពេល​មាន​ស្តេច​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល ស្តេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​នាម​ដូច​ត​ទៅ 32 ព្រះ‌បាទ​បេឡា ជា​បុត្រ​របស់​លោក​បេអ៊រ បាន​គ្រង​រាជ្យ​នៅ​ក្រុង​ឌីន‌ហា‌បា ក្នុង​ស្រុក​អេដុម។ 33 លុះ​ព្រះ‌បាទ​បេឡា​បាន​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​យ៉ូបាប ជា​បុត្រ​របស់​លោក​សេ‌រ៉ា អ្នក​ក្រុង​បូសរ៉ា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ 34 ព្រះ‌បាទ​យ៉ូបាប​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​ហ៊ូសាំ ជា​អ្នក​ស្រុក​តេម៉ន បាន​ឡើង​គ្រង​រាជ្យ​ជំនួស 35 ព្រះ‌បាទ​ហ៊ូសាំ​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​ហាដាដ ជា​បុត្រ​របស់​លោក​បេដាដ មក​ពី​ក្រុង​អាវីត បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ គឺ​ស្តេច​នេះ​ហើយ​ដែល​បាន​វាយ​ឈ្នះ​ជន​ជាតិ​ម៉ាឌីយ៉ាន នៅ​ស្រុក​ម៉ូអាប់។ 36 ព្រះ‌បាទ​ហាដាដ​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​សាំឡា ជា​អ្នក​ស្រុក​ម៉ាស‌រេកា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ 37 ព្រះ‌បាទ​សាំឡា​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​សាអ៊ូល ជា​អ្នក​ក្រុង​រ៉េហូ‌បូត ដែល​នៅ​ជាប់​នឹង​ទន្លេ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ 38 ព្រះ‌បាទ​សាអ៊ូល​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​បាល‌ហា‌ណន ជា​បុត្រ​របស់​លោក​អាក់បូរ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ 39 ព្រះ‌បាទ​បាល‌ហា‌ណន ជា​បុត្រ​របស់​លោក​អាក់បូរ សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​ហាដារ ជា​អ្នក​ក្រុង​ប៉ាអ៊ូ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្តេច​មាន​នាម​ថា ម៉េហេ‌តាបេ‌អែល ជា​បុត្រី​របស់​លោក​ម៉ាត្រេត និង​ជា​ចៅ​របស់​លោក​ម៉េសេ‌ហាប់។
40 រីឯ​មេ‌កន្ទ្រាញ​របស់​ជន​ជាតិ​អេសាវ​មាន​ឈ្មោះ​តាម​អំបូរ និង​តាម​ទឹក​ដី​ដូច​ត​ទៅ: លោក​ទីមណា លោក​អាល់‌វ៉ា លោក​យេតេត 41 លោក​អូហូ‌លី‌បាម៉ា លោក​អេឡា លោក​ពីណូន 42 លោក​កេណាស លោក​តេម៉ន លោក​មីបសារ 43 លោក​ម៉ាកឌី‌អែល និង​លោក​អ៊ីរ៉ាម។ លោក​ទាំង​នោះ​ហើយ ដែល​ជា​មេ‌កន្ទ្រាញ​នៃ​ជន​ជាតិ​អេដុម តាម​ទី​លំ‌នៅ និង​តាម​តំបន់​ដែល​ជា​ទឹក​ដី​របស់​គេ។ លោក​អេសាវ​ជា​បុព្វ‌បុរស​របស់​ជន​ជាតិ​អេដុម។