ជំពូក ២៧

លោក​យ៉ាកុប​លួច​យក​ពរ​របស់​លោក​អេសាវ

1 លោក​អ៊ីសាក​មាន​វ័យ​ចាស់​ជរា ហើយ​ភ្នែក​របស់​លោក​ចុះ​អន់‌ថយ រហូត​មើល​លែង​ឃើញ​ទៀត។ ពេល​នោះ លោក​ហៅ​លោក​អេសាវ ជា​កូន​ច្បង មក​ថា៖ «កូន​អើយ!»។ លោក​អេសាវ​តប​មក​វិញ​ថា៖ «បាទ លោក​ឪពុក!»។ 2 លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ឪពុក​ចាស់​ហើយ ពុំ​ដឹង​ជា​ស្លាប់​ថ្ងៃ​ណា​ទេ។ 3 ហេតុ​នេះ ចូរ​កូន​យក​ប្រដាប់​បរ​បាញ់ គឺ​ព្រួញ និង​ធ្នូ ចេញ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ យក​សាច់​មក​ឲ្យ​ឪពុក។ 4 បន្ទាប់​មក ចូរ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ឪពុក​ចូល​ចិត្ត ហើយ​យក​មក​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន មុន​ពេល​ឪពុក​ស្លាប់»។
5 ពេល​លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ លោក​ស្រី​រេបេកា​ក៏​បាន​លួច​ស្តាប់​ដែរ។ លោក​អេសាវ​ចេញ​ដំណើរ​ទៅ​ព្រៃ ដើម្បី​បរ​បាញ់​សត្វ​នាំ​យក​មក​ផ្ទះ​វិញ។ 6 ពេល​នោះ លោក​ស្រី​រេបេកា​ពោល​ទៅ​កាន់​លោក​យ៉ាកុប ជា​កូន​ថា៖ «ម្តាយ​បាន​ឮ​ឪពុក​កូន​និយាយ​ទៅ​កាន់​អេសាវ ជា​បង​របស់​កូន​ថា 7 “ចូរ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ​យក​មក ហើយ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន​នៅ​មុខ​ព្រះ‌អម្ចាស់ មុន​ពេល​ឪពុក​ស្លាប់”។ 8 ឥឡូវ​នេះ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​ម្តាយ​ប្រាប់​ឲ្យ​ធ្វើ។ 9 ចូរ​ទៅ​យក​កូន​ពពែ​ធាត់​ល្អៗ​ពីរ​មក ម្តាយ​នឹង​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​ឪពុក​កូន​ចូល​ចិត្ត។ 10 បន្ទាប់​មក កូន​នឹង​យក​ម្ហូប​នោះ​ជូន​ឪពុក​ពិសា គាត់​នឹង​ឲ្យ​ពរ​កូន​មុន​ពេល​គាត់​ស្លាប់»។ 11 លោក​យ៉ាកុប​តប​ទៅ​លោក​ស្រី​រេបេកា ជា​ម្តាយ​វិញ​ថា៖ «បង​អេសាវ​មាន​រោម​ពេញ​ខ្លួន តែ​កូន​អត់​មាន​ទេ។ 12 ប្រសិន​បើ​លោក​ឪពុក​ស្ទាប​កូន ហើយ​ឃើញ​ថា​កូន​បញ្ឆោត​លោក នោះ​កូន​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន គឺ​មិន​មែន​ទទួល​ពរ​ទេ»។ 13 ម្តាយ​តប​មក​វិញ​ថា៖ «កូន​អើយ ទុក​ឲ្យ​បណ្ដាសា​នោះ​ធ្លាក់​មក​លើ​ម្តាយ​ចុះ! រីឯ​កូន​គ្រាន់​តែ​ស្តាប់​ពាក្យ​ម្តាយ​ប៉ុណ្ណោះ ចូរ​ទៅ​យក​កូន​ពពែ​មក»។ 14 លោក​យ៉ាកុប​ក៏​ទៅ​យក​កូន​ពពែ​មក​ជូន​ម្តាយ ហើយ​ម្តាយ​ក៏​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​ឪពុក​ចូល​ចិត្ត។ 15 បន្ទាប់​មក លោក​ស្រី​រេបេកា​យក​សម្លៀក‌បំពាក់​របស់​លោក​អេសាវ​ជា​កូន​ច្បង គឺ​សម្លៀក‌បំពាក់​ស្អាត​ជាង​គេ​នៅ​ក្នុង​ផ្ទះ មក​ពាក់​ឲ្យ​លោក​យ៉ាកុប ជា​កូន​ពៅ។ 16 គាត់​ក៏​យក​រោម​ពពែ​មក​រុំ​ដៃ និង​រុំ​ក​របស់​លោក​យ៉ាកុប ត្រង់​កន្លែង​ដែល​គ្មាន​រោម។ 17 បន្ទាប់​មក​ទៀត គាត់​យក​ម្ហូប​ដ៏​ឆ្ងាញ់ និង​នំបុ័ង​ដែល​គាត់​បាន​ធ្វើ មក​ឲ្យ​លោក​យ៉ាកុប​ជា​កូន​កាន់។ 18 លោក​យ៉ាកុប​យក​ទៅ​ជូន​ឪពុក ទាំង​ពោល​ថា៖ «លោក​ឪពុក!»។ លោក​អ៊ីសាក​ឆ្លើយ​ឡើង​ថា៖ «ឪពុក​នៅ​ឯ‌ណេះ! តើ​កូន​ណា​មួយ​ហ្នឹង?»។ 19 លោក​យ៉ាកុប​ឆ្លើយ​ទៅ​ឪពុក​វិញ​ថា៖ «ខ្ញុំ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក កូន​ធ្វើ​ដូច​លោក​ឪពុក​បាន​ប្រាប់ សូម​លោក​ឪពុក​ក្រោក​ឡើង ហើយ​អញ្ជើញ​ពិសា​សាច់​ដែល​កូន​បាន​បាញ់​ពី​ព្រៃ​សិន រួច​សឹម​ឲ្យ​ពរ​កូន»។ 20 លោក​អ៊ីសាក​តប​វិញ​ថា៖ «កូន​បាញ់​សត្វ​បាន​រហ័ស​ណាស់!»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «មក​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​ឪពុក បាន​ជួយ​កូន»។ 21 លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ទៀត​ថា៖ «ចូរ​កូន​ខិត​មក​ជិត​ឪពុក​បន្តិច ឪពុក​នឹង​ស្ទាប​មើល ដើម្បី​ឲ្យ​ដឹង​ថា កូន​ពិត​ជា​អេសាវ​មែន ឬ​មិន​មែន»។ 22 លោក​យ៉ាកុប​ចូល​ទៅ​ជិត​លោក​អ៊ីសាក ជា​ឪពុក ហើយ​លោក​ក៏​ស្ទាប​មើល​គាត់ ទាំង​ពោល​ថា៖ «សំឡេង​ជា​សំឡេង​យ៉ាកុប តែ​ដៃ​ជា​ដៃ​របស់​អេសាវ»។ 23 លោក​ពុំ​បាន​ដឹង​ថា​ជា​លោក​យ៉ាកុប​ទេ ព្រោះ​ដៃ​គាត់​មាន​រោម​ដូច​ដៃ​របស់​លោក​អេសាវ​ដែរ។ ប៉ុន្តែ មុន​នឹង​ឲ្យ​ពរ 24 លោក​សួរ​បញ្ជាក់​ថា៖ «កូន​ពិត​ជា​អេសាវ​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន!»។ 25 លោក​អ៊ីសាក​ក៏​មាន​ប្រសាសន៍​ថា៖ «លើក​ម្ហូប​ឲ្យ​ឪពុក​មក ឪពុក​នឹង​បរិភោគ​សាច់​ដែល​កូន​បាញ់​បាន រួច​សឹម​ឪពុក​ឲ្យ​ពរ​កូន»។ លោក​យ៉ាកុប​រៀប‌ចំ​ជូន​ឪពុក​ពិសា គាត់​បាន​ចាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ជូន​លោក​ពិសា​ដែរ។ 26 បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត​ឪពុក ហើយ​ថើប​ឪពុក​សិន»។ 27 លោក​យ៉ាកុប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ លោក​អ៊ីសាក​ស្គាល់​ក្លិន​សម្លៀក‌បំពាក់​របស់​លោក​អេសាវ ក៏​ឲ្យ​ពរ​លោក​យ៉ាកុប ដូច​ត​ទៅ​នេះ៖
«ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការ
មួយ​ដែល​ទទួល​ពរ​ពី​ព្រះ‌អម្ចាស់។
28 សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ទឹក​សន្សើម
ពី​លើ​មេឃ​មក​ឲ្យ​កូន
ព្រម​ទាំង​ដី​ដែល​មាន​ជី‌ជាតិ​ល្អ​ផង​ដែរ។
ព្រះ‌អង្គ​ប្រទាន​ឲ្យ​កូន​មាន​ស្រូវ
និង​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី​យ៉ាង​បរិបូណ៌។
29 សូម​ឲ្យ​ជាតិ​សាសន៍​នានា​បាន​ទៅ​ជា
ខ្ញុំ​បម្រើ​របស់​កូន
ហើយ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន
ក្រាប​ថ្វាយ‌បង្គំ​កូន!។
សូម​ឲ្យ​កូន​គ្រប់‌គ្រង​លើ​បង‌ប្អូន​របស់​កូន!
សូម​ឲ្យ​បង‌ប្អូន​បង្កើត​ទាំង​ប៉ុន្មាន​របស់​កូន
ក្រាប​ថ្វាយ‌បង្គំ​កូន!
អ្នក​ណា​ដាក់​បណ្ដាសា​កូន
អ្នក​នោះ​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន!
រីឯ​អ្នក​ណា​ឲ្យ​ពរ​កូន
អ្នក​នោះ​ក៏​នឹង​ទទួល​ពរ​ដែរ»។
30 ពេល​លោក​អ៊ីសាក​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​សព្វ​គ្រប់​ហើយ លោក​យ៉ាកុប​ក៏​ចាក​ចេញ​ពី​ឪពុក​ទៅ។ លោក​អេសាវ​វិល​ត្រឡប់​មក​ពី​បាញ់​សត្វ​វិញ។ 31 គាត់​រៀប‌ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ រួច​សឹម​ឲ្យ​ពរ​កូន»។ 32 លោក​អ៊ីសាក​ជា​ឪពុក​សួរ​ថា៖ «នរណា​ហ្នឹង?» លោក​អេសាវ​តប​ថា៖ «ខ្ញុំ អេសាវ ជា​កូន​ច្បង​របស់​លោក​ឪពុក»។ 33 លោក​អ៊ីសាក​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​ឲ្យ​ឪពុក អំបាញ់‌មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​ឲ្យ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។
34 ពេល​លោក​អេសាវ​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំង ព្រោះ​ក្ដៅ​ក្រហាយ​ពេក គាត់​អង្វរ​ឪពុក​ថា៖ «លោក​ឪពុក សូម​ឲ្យ​ពរ​មក​កូន​ផង​ដែរ!»។ 35 លោក​អ៊ីសាក​ឆ្លើយ​វិញ​ថា៖ «ប្អូន​របស់​កូន​បាន​ប្រើ​កល‌ល្បិច ដណ្ដើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ!»។ 36 លោក​អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា “យ៉ាកុប” ដូច្នេះ ត្រូវ​ហើយ ព្រោះ​វា​បាន​បោក​បញ្ឆោត​ខ្ញុំ​ដល់​ទៅ​ពីរ​ដង គឺ​វា​ដណ្ដើម​យក​សិទ្ធិ​ជា​កូន​ច្បង​ពី​ខ្ញុំ រួច​ស្រេច​ទៅ​ហើយ ឥឡូវ​នេះ វា​បោក​យក​ពរ​ពី​ខ្ញុំ​ទៀត! តើ​លោក​ឪពុក​នៅ​មាន​សល់​ពរ​ណា​ទៀត​សម្រាប់​កូន​ឬ​ទេ?»។ 37 លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ​វិញ​ថា៖ «ឪពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ម្ចាស់​លើ​កូន​ឯង និង​ឲ្យ​បង‌ប្អូន​របស់​វា​ទាំង​អស់​ទៅ​ជា​អ្នក​បម្រើ​របស់​វា​ហើយ។ ឪពុក​ក៏​បាន​ឲ្យ​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី​ទៅ​វា​ដែរ ដូច្នេះ ឪពុក​មិន​អាច​ធ្វើ​អ្វី​ទៀត​សម្រាប់​កូន​ទេ»។ 38 លោក​អេសាវ​អង្វរ​ឪពុក​ទៀត​ថា៖ «តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង​ដែរ!»។ ពេល​នោះ លោក​អេសាវ​ទ្រហោ​យំ។
39 លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា៖
«កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី‌ជាតិ
ហើយ​ក៏​គ្មាន​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក​ដែរ។
40 កូន​នឹង​ចិញ្ចឹម​ជីវិត​ដោយ​មុខ​ដាវ
កូន​នឹង​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ប្អូន​កូន
ក៏​ប៉ុន្តែ សន្សឹមៗ​កូន​នឹង​រើ‌បម្រះ​ចេញ​ផុត​ពី
នឹម​របស់​ប្អូន​កូន»។

លោក​យ៉ាកុប​ទៅ​នៅ​ជា​មួយ​លោក​ឡាបាន់

41 លោក​អេសាវ​ចង​គំនុំ​លោក​យ៉ាកុប​យ៉ាង​ខ្លាំង ព្រោះ​លោក​យ៉ាកុប​បាន​ទទួល​ពរ​ពី​ឪពុក។ គាត់​គិត​នៅ​ក្នុង​ចិត្ត​ថា៖ «ឪពុក​អញ​នឹង​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ពេល​ឆាប់ៗ ចាំ​ដល់​ពេល​នោះ សឹម​អញ​សម្លាប់​យ៉ាកុប​ចោល»។ 42 មាន​គេ​ជម្រាប​លោក​ស្រី​រេបេកា​អំពី​បំណង​កូន​ច្បង​របស់​គាត់ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ាកុប ជា​កូន​ពៅ មក​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន​ចង់​សម្លាប់​កូន ដើម្បី​សង​គំនុំ។ 43 ឥឡូវ​នេះ កូន​អើយ ចូរ​ស្តាប់​ម្តាយ គឺ​កូន​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​នៅ​ជា​មួយ​លោក​ឡាបាន់ ជា​ឪពុក​ធំ​របស់​កូន នៅ​ឯ​ស្រុក​ហារ៉ន​ទៅ។ 44 កូន​ត្រូវ​ទៅ​នៅ​ជា​មួយ​គាត់​មួយ‌រយៈ​សិន ទម្រាំ​បង​របស់​កូន​ត្រជាក់​ចិត្ត​វិញ។ 45 ពេល​ណា​បង​របស់​កូន​បាត់​ខឹង​នឹង​កូន ព្រម​ទាំង​ភ្លេច​នូវ​អំពើ​ដែល​កូន​បាន​ប្រព្រឹត្ត​ចំពោះ​វា​ហើយ​នោះ ម្តាយ​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​កូន​មក​វិញ ដ្បិត​ម្តាយ​មិន​ចង់​ឲ្យ​កូន​ទាំង​ពីរ​នាក់​បាត់​បង់​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ»។
46 លោក​ស្រី​រេបេកា​ជម្រាប​លោក​អ៊ីសាក​ថា៖ «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ស្ត្រី​ជន​ជាតិ​ហេត​នេះ​ណាស់។ បើ​យ៉ាកុប​រៀប‌ការ​នឹង​ស្ត្រី​ជន​ជាតិ​ហេត​នៅ​ស្រុក​នេះ​ដែរ នោះ​ជីវិត​ខ្ញុំ​នឹង​គ្មាន​ន័យ​អ្វី​ទៀត​ឡើយ!»។