ជំពូក ១១

ប្រាសាទ​នៅ​ក្រុង​បាបិល

1 នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​និយាយ​ភាសា​តែ​មួយ មាន​ពាក្យ​សម្ដី​តែ​មួយ។ 2 ពេល​គេ​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​វាល​រាប​មួយ​ក្នុង​ស្រុក​ស៊ី‌ណេអារ គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​តំបន់​នោះ។ 3 គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តោះ​យើង​នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា»។ គេ​ប្រើ​ដុំ​ឥដ្ឋ​នោះ​ជា​ថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយ‌អ។ 4 បន្ទាប់​មក គេ​ពោល​ថា៖ «តោះ​យើង​នាំ​គ្នា​សង់​ក្រុង​មួយ និង​ប្រាសាទ​មួយ ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​មាន​ឈ្មោះ​ល្បី ហើយ​យើង​នឹង​មិន​បែក‌ខ្ញែក​គ្នា​ទៅ​ពាស‌ពេញ​លើ​ផែន‌ដី​ឡើយ»។
5 ព្រះ‌អម្ចាស់​យាង​ចុះ​មក​ទត​មើល​ទី‌ក្រុង និង​ប្រាសាទ​ដែល​មនុស្ស​លោក​បាន​សង់ 6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​គេ​ទាំង​អស់​គ្នា​ជា​ប្រជាជន​តែ​មួយ និយាយ​ភាសា​តែ​មួយ! បើ​គេ​ធ្វើ​ការ​នេះ​កើត គេ​ក៏​នឹង​អាច​ធ្វើ​អ្វីៗ​ផ្សេង​ទៀត តាម​តែ​គេ​ប្រាថ្នា​ចង់​ធ្វើ​នោះ​បាន​ដែរ គ្មាន​ឧបសគ្គ​ណា​រា‌រាំង​ពួក​គេ​ឡើយ។ 7 ដូច្នេះ យើង​ត្រូវ​តែ​ចុះ​ទៅ​បំបែក​ភាសា​របស់​គេ កុំ​ឲ្យ​គេ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត»។ 8 ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​គេ​បែក‌ខ្ញែក​គ្នា​ចេញ​ឆ្ងាយ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល ហើយ​គេ​ក៏​ឈប់​សង់​ក្រុង​នោះ​ទៀត។ 9 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អម្ចាស់​បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មនុស្ស​បែក‌ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល។

បញ្ជី​រាយ​នាម​បុព្វ‌បុរស​របស់​លោក​អប្រា‌ហាំ

10 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​សិម។ ពេល​លោក​សិម​អាយុ​មួយ‌រយ​ឆ្នាំ គឺ​ពីរ​ឆ្នាំ​ក្រោយ​ទឹក​ជំនន់​ធំ លោក​បង្កើត​បាន​អារប៉ាក‌សាដ។ 11 ក្រោយ​កំណើត​អារប៉ាក‌សាដ លោក​សិម​រស់​បាន​ប្រាំ‌រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស កូន​ស្រី​ជា​ច្រើន។
12 ពេល​លោក​អារប៉ាក‌សាដ​អាយុ​សាម‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​សេឡា។ 13 ក្រោយ​កំណើត​សេឡា លោក​អារប៉ាក‌សាដ​រស់​បាន​បួន‌រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 14 ពេល​លោក​សេឡា​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​ហេប៊ែរ។ 15 ក្រោយ​កំណើត​ហេប៊ែរ លោក​សេឡា​រស់​បាន​បួន‌រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
16 ពេល​លោក​ហេប៊ែរ​អាយុ​សាម‌សិប​បួន​ឆ្នាំ លោក​បង្កើត​បាន​ពេឡេក។ 17 ក្រោយ​កំណើត​ពេឡេក លោក​ហេប៊ែរ​រស់​បាន​បួន‌រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
18 ពេល​លោក​ពេឡេក​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​រេអ៊ូ។ 19 ក្រោយ​កំណើត​រេអ៊ូ លោក​ពេឡេក​រស់​បាន​ពីរ‌រយ​ប្រាំ​បួន​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
20 ពេល​លោក​រេអ៊ូ​អាយុ​សាម‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​សេរូក។ 21 ក្រោយ​កំណើត​សេរូក លោក​រេអ៊ូ​រស់​បាន​ពីរ‌រយ​ប្រាំ​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
22 ពេល​លោក​សេរូក​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​ណាហ៊រ។ 23 ក្រោយ​កំណើត​ណាហ៊រ លោក​សេរូក​រស់​បាន​ពីរ‌រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
24 ពេល​លោក​ណាហ៊រ​អាយុ​ម្ភៃ​ប្រាំ​បួន​ឆ្នាំ លោក​បង្កើត​បាន​តេរ៉ា។ 25 ក្រោយ​កំណើត​តេរ៉ា លោក​ណាហ៊រ​រស់​បាន​មួយ‌រយ​ដប់​ប្រាំ​បួន​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
26 ពេល​លោក​តេរ៉ា​អាយុ​ចិត‌សិប​ឆ្នាំ លោក​បង្កើត​បាន​អប្រាម ណាហ៊រ និង​ហារ៉ន។
27 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​លោក​តេរ៉ា។ លោក​តេរ៉ា​បង្កើត​លោក​អប្រាម លោក​ណាហ៊រ និង​លោក​ហារ៉ន។ លោក​ហារ៉ន​បង្កើត​ឡុត។ 28 លោក​ហារ៉ន​បាន​ទទួល​មរណ‌ភាព នៅ​ក្រុង​អួរ​នៃ​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​លោក ក្នុង​ពេល​លោក​តេរ៉ា​នៅ​រស់​នៅ​ឡើយ។ 29 លោក​អប្រាម និង​លោក​ណាហ៊រ បាន​រៀប​អាពាហ៍‌ពិពាហ៍។ ភរិយា​របស់​លោក​អប្រាម​ឈ្មោះ​នាង​សារ៉ាយ រីឯ​ភរិយា​របស់​លោក​ណាហ៊រ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​លោក​ហារ៉ន ដែល​ត្រូវ​ជា​ឪពុក​របស់​មីលកា និង​យីស‌កា។ 30 នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ។
31 លោក​តេរ៉ា​បាន​នាំ​លោក​អប្រាម​ជា​កូន និង​លោក​ឡុត​ដែល​ជា​កូន​របស់​លោក​ហារ៉ន ហើយ​ត្រូវ​ជា​ចៅ​របស់​លោក ព្រម​ទាំង​នាំ​នាង​សារ៉ាយ​ជា​កូន​ប្រសា​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អប្រាម កូន​ប្រុស​របស់​លោក ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អួរ​នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​លោក​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ន ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។
32 លោក​តេរ៉ា​រស់​បាន​ពីរ‌រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។