ជំពូក ១៦

1 នាង​យូឌីត​ច្រៀង​ថា៖ «ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់​របស់​នាង​ខ្ញុំ​ដោយ​វាយ​ស្គរ​ផង! ចូរ​ច្រៀង​សរសើរ​ព្រះ‌អង្គ​ដោយ​វាយ​ឈឹង។ ចូរ​ច្រៀង​បទ​សរសើរ​តម្កើង​ព្រះ‌អង្គ! សូម​លើក​តម្កើង​ព្រះ‌អង្គ និង​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អង្គ​ផង! 2 ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ​ដែល​ពន្លត់​ភ្លើង​សង្គ្រាម​មែន ព្រះ‌អង្គ​បាន​រំដោះ​នាង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង ដែល​ដេញ​តាម​នាង​ខ្ញុំ។ ព្រះ‌អង្គ​នាំ​នាង​ខ្ញុំ​ឲ្យ​វិល​ត្រឡប់​មក​វិញ ដោយ​សុខ‌សាន្ត ក្នុង​ចំណោម​ប្រជាជន​របស់​ព្រះ‌អង្គ។ 3 កង‌ទ័ព​អាស្ស៊ីរី​មក​ពី​ភ្នំ​ខាង​ជើង គឺ​កង‌ទ័ព​ដែល​មាន​ទាហាន​ច្រើន​ឥត​គណនា។ ទាហាន​ទាំង​នោះ​នៅ​ពាស​ពេញ​ជ្រលង​ភ្នំ ពល‌សេះ​របស់​គេ​នៅ​ពាស‌ពេញ​មីរដេដាស តាម​តំបន់​ភ្នំ​ទាំង​ប៉ុន្មាន 4 ពួក​ខ្មាំង​មាន​បំណង​ដុត​បំផ្លាញ​ទឹក​ដី​របស់​យើង បម្រុង​នឹង​កម្ទេច​យុវជន​របស់​យើង ដោយ​មុខ​ដាវ​ឲ្យ​អស់ បម្រុង​បោក​សម្លាប់​ទារក​នៅ​នឹង​ដី ចាប់​កូន​យើង​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ព្រម​ទាំង​ចាប់​ពង្រាត់​យុវ‌នារី​របស់​យើង យក​ទៅ​ទៀត​ផង។ 5 តែ​ព្រះ‌អម្ចាស់​ដែល​មាន​តេជា‌នុភាព​សព្វ​ប្រការ បាន​ប្រើ​ដៃ​ស្ត្រី​ម្នាក់​មក​ឃាត់​ពួក​គេ។ 6 មិន​មែន​យុវជន​ពេញ​កម្លាំង​ទេ ដែល​បាន​ផ្តួល​រំលំ​មេ​ដឹក​នាំ​ដ៏​ខ្លាំង​ក្លា​របស់​គេ! មិន‌មែន​ពល‌ទាហាន​ទេ​ដែល​វាយ​សម្លាប់​គេ! មិន​មែន​ប្រុសៗ​មាន​មាឌ​មាំ​ទេ ដែល​បង្ក្រាប​គេ! គឺ​នាង​យូឌីត​កូន​ស្រី​របស់​លោក​មេរ៉ារី​ទេ​តើ ដែល​បាន​យក​ជ័យ​លើ​គេ ដោយ​គ្រាន់​តែ​ប្រើ​សម្ផស្ស​របស់​នាង​ប៉ុណ្ណោះ។ 7 នាង​បាន​ផ្លាស់​សម្លៀក‌បំពាក់​ស្រី​មេ‌ម៉ាយ​ចេញ ដើម្បី​រំដោះ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​ការ​កៀប​សង្កត់ នាង​យក​គ្រឿង​ក្រអូប​មក​លាប​មុខ 8 ហើយ​ពាក់​ក្បាំង​ជាប់​នឹង​សក់​នាង។ នាង​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​អំពី​ក្រណាត់​សំពត់​ដ៏​ល្អ ដើម្បី​ទាក់​ទាញ​ទឹក​ចិត្ត​ខ្មាំង។ 9 ស្បែក​ជើង​របស់​នាង ទាក់​ទាញ​ភ្នែក​របស់​គេ ហើយ​សម្ផស្ស​របស់​នាង​ធ្វើ​ឲ្យ​គេ​វង្វេង​ស្មារតី នាង​យក​ដាវ​របស់​គេ​មក​កាប់​ផ្ដាច់​ក​គេ។ 10 ជន​ជាតិ​ពែរ្ស​ភ័យ​ញាប់‌ញ័រ ដោយ​សារ​សេចក្ដី​ក្លាហាន​របស់​នាង ជន​ជាតិ​ម៉ែដ ក៏​ភ័យ​តក់​ស្លុត​ដោយ​សារ ចិត្ត​អង់​អាច​របស់​នាង​ដែរ។ 11 ពេល​នោះ ប្រជាជន​យើង​ដែល​ត្រូវ​គេ​មើល​ងាយ បាន​ស្រែក​ជយ‌ឃោស ហើយ​ទាហាន​អាស្ស៊ីរី​ភិត‌ភ័យ​តក់​ស្លុត! ប្រជាជន​ដែល​ទន់​ខ្សោយ​ស្រែក​ឡើង ហើយ​ខ្មាំង​សត្រូវ ដ៏​ខ្លាំង​ក្លា​ត្រូវ​បាក់​ស្មារតី។ ប្រជាជន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​ក៏​ជ្រួល​ច្របល់! 12 អ្នក​ដែល​ខ្មាំង​មើល​ងាយ បាន​ចាក់​ទម្លុះ ហើយ​វាយ​ពួក​គេ​ឲ្យ​របួស​ជិត​ស្លាប់ ព្រម​ទាំង​រត់​គេច​ខ្លួន​ដូច​មនុស្ស​កំសាក។ ខ្មាំង​សត្រូវ​វិនាស​អន្ត‌រាយ​ដូច្នេះ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​បាន​រួម​ប្រយុទ្ធ​ជា​មួយ​ដែរ។ 13 នាង​ខ្ញុំ​នឹង​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌ជាម្ចាស់​របស់​នាង​ខ្ញុំ។ បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ពិត​ជា​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ប្រកប​ដោយ​សិរី‌រុង​រឿង​មែន! ព្រះ‌អង្គ​មាន​ឫទ្ធិ‌បារមី​ខ្លាំង​អស្ចារ្យ​លើស​អ្វីៗ​ទាំង​អស់។ 14 សូម​ឲ្យ​សត្វ​លោក​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក សុខ​ចិត្ត​បម្រើ​ព្រះ‌អង្គ។ គ្រាន់​តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នោះ​អ្វីៗ​ទាំង​អស់​ក៏​កើត​មាន​ភ្លាម គ្រាន់​តែ​ព្រះ‌អង្គ​ចាត់​ព្រះ‌វិញ្ញាណ​មក នោះ អ្វីៗ​ទាំង​អស់​ក៏​ត្រូវ​រៀប​ចំ​ឡើង​ដែរ គ្មាន​នរណា​ម្នាក់​ជំទាស់ នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។ 15 ពេល​ព្រះ‌អង្គ​យាង​មក ភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ ហើយ​ធ្លាក់​ក្នុង​សមុទ្រ សូម្បី​តែ​ដុំ​ថ្ម ក៏​ត្រូវ​រលាយ ដូច​ក្រមួន​ត្រូវ​ថ្ងៃ​ដែរ។ ប៉ុន្តែ ព្រះ‌អង្គ​តែង​តែ​អាណិត‌អាសូរ​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។ 16 គ្មាន​យញ្ញ‌បូជា​ណា​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ឡើយ ទោះបី​គេ​យក​សាច់​ចំឡក​មក​ដុត​ថ្វាយ​ព្រះ‌អង្គ ក៏​មិន​សម​ដែរ ប៉ុន្តែ អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ប្រសើរ​ឧត្ដម​ជា​ដរាប។ 17 ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ប្រឆាំង​នឹង​ជន​ជាតិ​របស់​នាង​ខ្ញុំ មុខ​ជា​ត្រូវ​វេទនា​ជា​ពុំ​ខាន! ព្រះ‌អម្ចាស់​ដ៏​មាន​តេជា‌នុភាព​សព្វ​ប្រការ ព្រះ‌អង្គ​នឹង​ផ្តន្ទា‌ទោស​ពួក​គេ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​វិនិច្ឆ័យ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ពួក​គេ និង​ធ្វើ​ឲ្យ​ដង្កូវ​ចោះ​សាច់​គេ ធ្វើ​ឲ្យ​គេ​ស្រែក​ឈឺ​ចុក‌ចាប់ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។ 18 ពេល​ក្បួន​ដង្ហែ​មក​ដល់​ក្រុង​យេរូ‌សាឡឹម គេ​នាំ​គ្នា​ចូល​ព្រះ‌វិហារ​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌ជាម្ចាស់។ ប្រជាជន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ រួច​ធ្វើ​យញ្ញ‌បូជា ព្រម​ទាំង​ថ្វាយ​តង្វាយ​ដោយ​ស្មោះ‌ស្ម័គ្រ និង​តង្វាយ​ផ្សេងៗ​ទៀត។ 19 រីឯ​នាង​យូឌីត​វិញ នាង​យក​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​របស់​លោក​ហូឡូភែរ ដែល​ប្រជាជន​បាន​ប្រគល់​ឲ្យ​នាង មក​ថ្វាយ​ទាំង​អស់។ នាង​យក​មុង​ដែល​នាង​យក​ពី​លើ​គ្រែ​លោក​ហូឡូភែរ​មក​ថ្វាយ ទុក​ជា​ជយ‌ភណ្ឌ​ផ្ទាល់​របស់​ព្រះ‌អង្គ។ 20 ប្រជាជន​នៅ​តែ​បន្ត​ការ​សប្បាយ​នៅ​មុខ​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម​អស់‌រយៈ​ពេល​បី​ខែ នាង​យូឌីត​ក៏​ស្នាក់​នៅ​ទី​នោះ ជា​មួយ​នឹង​ពួក​គេ​ដែរ។
21 បន្ទាប់​មក គេ​ត្រឡប់​ទៅ​លំនៅ‌ដ្ឋាន​រៀងៗ​ខ្លួន នាង​យូឌីត​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​បេតធូលី ហើយ​រស់​នៅ​លើ​ដី​ជា​កម្ម‌សិទ្ធិ​របស់​នាង​វិញ។ នាង​មាន​ឈ្មោះ​ល្បី​ទូ​ទាំង​ស្រុក ក្នុង​អំឡុង​ពេល​ដែល​នាង​មាន​ជីវិត​នៅ​ឡើយ។ 22 បុរស​ជា​ច្រើន​នាក់​ចង់​រៀប​ការ​ជា​មួយ​នាង ក៏​ប៉ុន្តែ ក្រោយ​ពី​លោក​ម៉ាណាសេ​ជា​ប្តី​នាង​ទទួល​មរណ‌ភាព​ទៅ នាង​មិន​ព្រម​រៀប​ការ​ជា​មួយ​បុរស​ណា​ទៀត​ទេ។ 23 នាង​យូឌីត​មាន​អាយុ​វែង​ណាស់ ព្រម​ទាំង​មាន​កិត្តិ‌យស​យ៉ាង​ខ្ពង់‌ខ្ពស់​ផង។ នាង​រស់​នៅ​លើ​ផ្ទះ​ប្តី​របស់​នាង រហូត​ដល់​អាយុ​មួយ‌រយ​ប្រាំ​ឆ្នាំ។ នាង​ឲ្យ​ស្រី​បម្រើ​របស់​នាង​មាន​សេរី‌ភាព​ទៅ​ជា​អ្នក​ជា រួច​នាង​ក៏​ទទួល​មរណ‌ភាព​នៅ​ក្រុង​បេតធូលី។ គេ​បាន​បញ្ចុះ​សព​របស់​នាង​ក្នុង​ផ្នូរ​ប្តី​នាង។ 24 ប្រជាជន​អ៊ីស្រា‌អែល​បាន​កាន់​ទុក្ខ​នាង​យូឌីត​អស់‌រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ មុន​នឹង​ទទួល​មរណ‌ភាព នាង​ចែក​ទ្រព្យ‌សម្បត្តិ ឲ្យ​ញាតិ​សន្តាន​របស់​លោក​ម៉ាណាសេ​ជា​ស្វាមី​នាង និង​ញាតិ​សន្តាន​របស់​នាង​ផ្ទាល់។ 25 ក្នុង​អំឡុង​ពេល​ដែល​នាង​យូឌីត​នៅ​រស់ និង​ច្រើន​ឆ្នាំ​ក្រោយ​មក​ទៀត គ្មាន​នរណា​ហ៊ាន​គំរាម‌កំហែង​ប្រជាជន​អ៊ីស្រា‌អែល​ទៀត​ឡើយ។