ជំពូក ១០
នាងយូឌីតចូលដល់ជំរំរបស់លោកហូឡូភែរ
1 កាលនាងយូឌីតស្រែកអង្វរព្រះនៃប្រជាជនអ៊ីស្រាអែល ចប់រួចរាល់ហើយ 2 នាងក្រោកឡើងហៅអ្នកបម្រើ។ នាងក៏ចុះដើរមកចូលក្នុងផ្ទះ ត្រង់កន្លែង ដែលនាងធ្លាប់មកនៅថ្ងៃសប្ប័ទ និងថ្ងៃបុណ្យ។ 3 នាងដោះអាវធ្វើពីបាវ និងសម្លៀកបំពាក់មេម៉ាយចេញ រួចងូតទឹកសំអាតខ្លួន ហើយយកទឹកអប់យ៉ាងក្រអូបមកលាបខ្លួននាង។ នាងសិតសក់ ហើយយកឈ្នួតយ៉ាងល្អបំផុតមកពាក់ ព្រមទាំងស្លៀកសម្លៀកបំពាក់យ៉ាងល្អប្រណីត ដែលនាងធ្លាប់ស្លៀកពាក់ កាលដែលលោកម៉ាណាសេជាប្ដីរបស់នាងនៅរស់នៅឡើយ។ 4 នាងក៏យកស្បែកជើងមកពាក់ ព្រមទាំងយកខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល និងគ្រឿងអលង្ការទាំងប៉ុន្មាន មកតុបតែងខ្លួនយ៉ាងស្រស់ស្អាតបំផុត ដើម្បីទាក់ទាញអារម្មណ៍ប្រុសៗដែលឃើញរូបនាង។ 5 នាងយកថូប្រេង និងថង់ស្បែកស្រាឲ្យស្រីបម្រើទូល។ នាងក៏យកម្សៅនំ ដំណាប់នំបុ័ងដាក់ពេញថង់មួយ។ នាងខ្ចប់ស្បៀងអាហារទាំងនេះ ដោយប្រយ័ត្នប្រយែង ហើយប្រគល់ឲ្យអ្នកបម្រើយួរដែរ។ 6 បន្ទាប់មក អ្នកទាំងពីរចាកចេញពីផ្ទះ តម្រង់ទៅកាន់ទ្វារក្រុងបេតធូលី។ នៅទីនោះ នាងបានជួបនឹងលោកអសារីយ៉ា លោកខាព្រីស និងលោកខារមីស ជាព្រឹទ្ធាចារ្យនៅទីនោះ។ 7 ពេលលោកទាំងបីឃើញនាងតុបតែងខ្លួន និងផ្លាស់ប្ដូរសម្លៀកបំពាក់ដូច្នេះ គេនាំគ្នាសរសើរសម្ផស្សរបស់នាងយ៉ាងខ្លាំង។ លោកទាំងបីមានប្រសាសន៍ទៅកាន់នាងថា៖ 8 «សូមព្រះនៃបុព្វបុរសរបស់យើង ប្រោសប្រទានឲ្យនាងបានជាទីគាប់ចិត្តរបស់គេ ព្រមទាំងសម្រេចតាមគម្រោងការរបស់នាង ដើម្បីជាកិត្តិយសរបស់ជនជាតិអ៊ីស្រាអែល និងលើកតម្កើងក្រុងយេរូសាឡឹមផង»។ 9 នាងយូឌីតក្រាបថ្វាយបង្គំព្រះជាម្ចាស់ ហើយមានប្រសាសន៍ទៅកាន់លោក ទាំងបីថា៖ «សូមបញ្ជាគេឲ្យបើកទ្វារក្រុងឲ្យនាងខ្ញុំផង ដើម្បីឲ្យនាងខ្ញុំ អាចចេញទៅធ្វើកិច្ចការដែលយើង បាននិយាយជាមួយគ្នានោះ»។ អស់លោកក៏បញ្ជាឲ្យឆ្មាំបើកទ្វារជូនតាមសម្ដីរបស់នាង។ 10 នាងយូឌីត និងអ្នកបម្រើចេញទៅជាមួយគ្នា។ អ្នកក្រុងមើលនាងរហូតទាល់តែនាងចុះទៅដល់ជើងភ្នំ ហើយឆ្លងជ្រលងភ្នំផុតដាច់កន្ទុយភ្នែក មើលនាងលែងឃើញ។ 11 នាងទាំងពីរនាក់កំពុងតែដើរកាត់ជ្រលងភ្នំត្រង់ទៅមុខ ស្រាប់តែក្រុមទាហានជនជាតិអាស្ស៊ីរី ដែលនៅការពារតាមខ្សែត្រៀម ចេញមកស្ទាក់ដំណើរនាងទាំងពីរ។ 12 ពួកគេចាប់នាងយូឌីត ហើយសួរថា៖ «តើនាងជាជនជាតិអ្វី? មកពីណា? ទៅណា?»។ នាងយូឌីតឆ្លើយតបថា៖ “«ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំរត់ចោលពួកគេមក ព្រោះបន្តិចទៀត ពួកគេត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាជាពុំខាន។ 13 នាងខ្ញុំមកជួបលោកហូឡូភែរ ជាមេបញ្ជាការកងទ័ពរបស់អ្នករាល់គ្នា ដើម្បីនាំព័ត៌មានច្បាស់លាស់ មកជម្រាបលោក។ នាងខ្ញុំនឹងបង្ហាញផ្លូវដែលលោកត្រូវដើរ ដើម្បីទៅកាន់កាប់តំបន់ភ្នំ ទាំងមូលនេះដោយមិនបាច់ចំណាយជីវិតទាហានណាម្នាក់ឡើយ»។ 14 ពួកគេស្ដាប់ពាក្យរបស់នាង ទាំងសម្លឹងមើលនាងមិនដាក់ភ្នែក ពីព្រោះនាងមានរូបឆោមស្អាតណាស់។ ពួកគេតបទៅវិញថា៖ 15 «នាងប្រញាប់មកជួបលោកម្ចាស់យើងដូច្នេះ ពិតជាបានរួចជីវិតហើយ។ ឥឡូវនេះ អញ្ជើញទៅជួបលោកចុះ! យើងនឹងចាត់គ្នាយើងខ្លះ ដើម្បីជូនដំណើរនាងទៅជួបលោកម្ចាស់យើងផ្ទាល់។ 16 ពេលនាងនៅចំពោះមុខម្ចាស់យើង ចូរនាងកុំភ័យខ្លាចអ្វីឡើយ! នាងត្រូវតែជម្រាបលោក ដូចដែលសេចក្ដីដែលនាងបានប្រាប់យើងនេះ លោកមុខជាទទួលនាងយ៉ាងរាក់ទាក់មិនខាន!»។ 17 ពួកគេចាត់ចែងឲ្យពលទាហានចំនួនមួយរយនាក់ ជូនដំណើរនាងយូឌីត និងស្រ្តីបម្រើរបស់នាងទៅជំរំរបស់លោកហូឡូភែរ។ 18 ពេលនោះ ទាហានរត់មកពីគ្រប់ទីកន្លែងក្នុងជំរំ ដ្បិតពួកគេបានឮពីមាត់មួយទៅមាត់មួយ ពីការមកដល់របស់នាង។ ទាហានទាំងនោះ មកចោមរោមមើលនាងដែលកំពុងឈរនៅខាងក្រៅជំរំរបស់លោកហូឡូភែរ រង់ចាំគេទៅជម្រាបលោក។ 19 ពួកគេនាំគ្នាស្ងើចសរសើរពីសម្ផស្សរបស់នាងយ៉ាងខ្លាំង ហើយស្ងើចសរសើរជនជាតិអ៊ីស្រាអែលដោយសារនាង គឺគេនិយាយគ្នាទៅវិញទៅមកថា៖ «តើនរណាហ៊ានមើលងាយប្រជាជនដែលមានស្ត្រីរូបស្អាតយ៉ាងនេះ? មិនគួរឲ្យបុរសជាតិអ៊ីស្រាអែលណាម្នាក់មានជីវិតឡើយ ព្រោះអ្នកដែលសេសសល់ពីស្លាប់ មុខជាអាចបញ្ឆោតពិភពលោកទាំងមូលបាន»។ 20 ពលទាហានរបស់លោកហូឡូភែរ និងនាយទាហានទាំងប៉ុន្មានក៏ចេញមក ហើយនាំនាងចូលទៅក្នុងជំរំ។ 21 លោកហូឡូភែរកំពុងសម្រាន្តនៅលើគ្រែក្នុងមុងធ្វើពីអំបោះ លាយខ្សែមាស មានដាំត្បូងមរកត និងពេជ្រឯទៀតៗជាប់តាមសាច់ក្រណាត់ផង។ 22 កាលគេជម្រាបលោកថា នាងយូឌីតមកហើយ លោកក៏ចេញទៅមាត់ទ្វារជំរំ ដោយមានអ្នកបម្រើកាន់ចន្លុះមានជើង ធ្វើពីប្រាក់ដើរបំភ្លឺផ្លូវពីមុខ។ 23 ពេលនាងយូឌីតមកដល់មុខលោកហូឡូភែរ និងនាយទាហាន ពួកគេនាំគ្នា ស្ងើចសរសើរសម្ផស្សរបស់នាង។ នាងក៏ឱនមុខក្រាបដល់ដីនៅចំពោះមុខលោកហូឡូភែរ ប៉ុន្តែអ្នកបម្រើរបស់លោកបានមកលើកនាងឲ្យក្រោកឈរឡើង។