ជំពូក ៦
1 កាលអស់អ្នកដែលនៅជុំវិញក្រុមប្រឹក្សាស្ងៀមស្ងាត់ហើយ លោកហូឡូភែរដែលជាមេទ័ពរបស់ជនជាតិអាស្ស៊ីរី មានប្រសាសន៍ទៅកាន់លោកអឃីយ័រនៅចំពោះមុខជនជាតិដទៃ និងជនជាតិម៉ូអាប់ទាំងអស់ថា៖ « 2 លោកអឃីយ័រ និងអស់អ្នកដែលលក់ខ្លួនឲ្យអ៊ីស្រាអែល! តើអស់លោកស្មានថាខ្លួនជានរណា បានជាហ៊ានទាយដូច្នេះ? ហើយហានទូន្មានយើងមិនឲ្យធ្វើសង្គ្រាមប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ព្រោះព្រះរបស់ពួកគេមុខជាការពារពួកគេមិនខាន។ តើមានព្រះឯណាទៀតក្រៅពីព្រះបាទនេប៊ូកាកាសារ? ព្រះរាជានឹងចាត់កងទ័ពមកវាយកម្ទេចពួកគេ ឲ្យអស់ពីផែនដី។ ព្រះរបស់ពួកគេមិនអាចរំដោះពួកគេឡើយ។ 3 ចំណែកយើងជាអ្នកបម្រើរបស់ស្ដេចវិញ យើងនឹងរួបរួមគ្នាជាធ្លុងតែមួយវាយពួកគេ ហើយពួកគេមិនអាចទប់ទល់នឹងទ័ពសេះរបស់យើងឡើយ។ 4 យើងនឹងដុតគេទាំងរស់។ ភ្នំដែលពួកគេរស់នៅ មុខជាជោកជាំដោយឈាមរបស់ពួកគេ ហើយនឹងមានសាកសពរបស់ពួកគេនៅពាសពេញតាមវាលទំនាបដែរ។ ពួកគេមិនអាចតទល់នឹងយើង ហើយត្រូវវិនាសអន្តរាយ គ្មានសេសសល់អ្វីឡើយ។ នេះជារាជឱង្ការរបស់ព្រះបាទនេប៊ូកានេសារ ជាម្ចាស់នៃផែនដីទាំងមូល។ ព្រះរាជាមានព្រះរាជឱង្ការហើយ ត្រូវតែសម្រេចជាមិនពុំខាន។ 5 រីឯអឃីយ័រឯង ដែលជាជនជាតិអាំម៉ូន ស៊ីឈ្នួលច្បាំងវិញ ឯងក្បត់ដោយហ៊ាននិយាយសេចក្ដីទាំងនេះ។ ឯងនឹងលែងឃើញមុខខ្ញុំ ចាប់តាំងពីថ្ងៃនេះទៅ ទាល់តែខ្ញុំសងសឹកពូជសាសន៍ ដែលរត់ពីស្រុកអេស៊ីបនេះ។ 6 ពេលខ្ញុំត្រឡប់មកវិញ កងទ័ពខ្ញុំ ព្រមទាំងនាយទាហានរបស់ខ្ញុំ នឹងយកលំពែងមកចាក់ទម្លុះដើមទ្រូង ប្រហារជីវិតឯង! គេនឹងចោលឯង នៅក្នុងចំណោមជនរងគ្រោះអ៊ីស្រាអែលដែរ។ 7 ឥឡូវនេះ ទាហានរបស់ខ្ញុំនឹងនាំយកឯងទៅតំបន់ភ្នំនោះ ហើយទុកឯងចោលក្នុងក្រុងមួយតាមជម្រាលភ្នំ។ 8 ទីកន្លែងនោះហើយ ដែលឯងរង់ចាំគេប្រហារជីវិតរួមជាមួយពួកអ៊ីស្រាអែល។ 9 ប្រសិនបើឯងជឿជាក់ក្នុងចិត្តថា ពួកគេមិនបរាជ័យទេ ចូរកុំព្រួយបារម្ភអ្វីឡើយ! ខ្ញុំនិយាយយ៉ាងណា ពាក្យរបស់ខ្ញុំក៏នឹងសម្រេចយ៉ាងនោះដែរ»។ 10 ខណៈនោះ លោកហូឡូភែរបញ្ជាឲ្យទាហាន ដែលនៅក្នុងជំរំរបស់គាត់ ចាប់លោកអឃីយ័រ នាំយកទៅក្រុងបេតធូលី ដើម្បីបញ្ជូនគាត់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ 11 ទាហានទាំងនេះក៏ចាប់គាត់នាំចេញពីជំរំ តម្រង់ទៅវាលទំនាប ឆ្ពោះទៅតំបន់ភ្នំ។ គេទៅដល់ប្រភពទឹកនៅខាងក្រោមក្រុងបេតធូលី។ 12 ពេលអ្នកយាមការពារទីក្រុង ឃើញពួកទាហានអាស្ស៊ីរី ពួកគេក៏ទៅយកអាវុធរៀងៗខ្លួន ហើយនាំគ្នាចេញពីក្រុងបេតធូលី ដែលស្ថិតនៅលើកំពូលភ្នំ។ យុទ្ធជនកាន់ដង្ហក់គ្រប់ៗដៃ បាញ់គ្រាប់ថ្មរារាំងទាហានអាស្ស៊ីរី មិនឲ្យឡើងបានឡើយ។ 13 ពួកទាហានអាស្ស៊ីរីថយចុះទៅជើងភ្នំ ហើយទុកលោកអឃីយ័រចោលនៅទីនោះ ទាំងជាប់ចំណង រួចវិលត្រឡប់ទៅរកម្ចាស់គេវិញ។ 14 រីឯជនជាតិអ៊ីស្រាអែលក៏ចុះពីក្រុងបេតធូលី មករកលោកអឃីយ័រ ហើយស្រាយចំណង ព្រមទាំងនាំលោកចូលក្រុងបេតធីលី ដើម្បីទៅបង្ហាញ នៅចំពោះមុខពួកអ្នកដឹកនាំក្រុងរបស់គេ។ 15 ក្នុងសម័យនោះ ពួកអ្នកដឹកនាំក្រុងមានលោកអសារីយ៉ា ជាកូនរបស់លោកមីខា នៃកុលសម្ព័ន្ធស៊ីម៉ូន លោកកាព្រីស ជាកូនរបស់លោក អូថនីអែល ព្រមទាំងលោកកាមី ជាកូនរបស់លោកមែលឃីអែល។ 16 អ្នកដឹកនាំទាំងបីនាក់នេះ កោះហៅព្រឹទ្ធាចារ្យទាំងអស់មកប្រជុំ។ យុវជន និងស្ត្រីទាំងអស់ ក៏រត់មករួមប្រជុំដែរ។ ពួកគេនាំលោកអឃីយ័រ មកឈរនៅកណ្ដាលចំណោមប្រជាជនទាំងមូល រួចលោកអសារីយ៉ាសាកសួរគាត់ ពីហេតុការណ៍ដែលកើតមាននោះ។ 17 លោកអឃីយ័ររៀបរាប់ប្រាប់ពួកគេពីសេចក្ដីទាំងប៉ុន្មាន ដែលពួកមេទ័ពបានពិគ្រោះជាមួយលោកហូឡូភែរ។ គាត់ក៏រៀបរាប់ពាក្យទាំងប៉ុន្មាន ដែលលោកហូឡូភែរបានលើកក្នុងអង្គប្រជុំ ពួកមេដឹកនាំរបស់ជនជាតិអាស្ស៊ីរី ព្រមទាំងពាក្យក្រអឺតក្រទម ដែលលោកហូឡូភែរបានប្រកាស ប្រឆាំងនឹងជនជាតិអ៊ីស្រាអែលដែរ។ 18 ពេលនោះ ប្រជាជននាំគ្នា ក្រាបថ្វាយបង្គំព្រះជាម្ចាស់ ហើយស្រែកអង្វរថា៖ 19 «ឱព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខអើយ! សូមទតមើលសត្រូវដ៏ព្រហើនរបស់យើងខ្ញុំ! សូមអាណិតអាសូរយើងខ្ញុំដែលត្រូវអាម៉ាស់នៅពេលនេះ។ យើងខ្ញុំជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ សូមមេត្តាអាណិតអាសូរយើងខ្ញុំផង»។ 20 បន្ទាប់មក ពួកគេលើកទឹកចិត្តលោកអឃីយ័រ ហើយសរសើរគាត់យ៉ាងខ្លាំង។ 21 លោកអសារីយ៉ានាំគាត់ចេញពីអង្គប្រជុំចូលទៅក្នុងផ្ទះ ហើយអញ្ជើញក្រុមព្រឹទ្ធាចារ្យនៅទីនោះ ចូលរួមក្នុងពិធីជប់លៀងជាមួយ។ ពួកគេអង្វរព្រះរបស់ជនជាតិអ៊ីស្រាអែល សូមព្រះអង្គយាងមករំដោះពួកគេពេញមួយយប់។