ជំពូក ៥
លោកហូឡូភែរពិភាក្សាជាមួយមេទ័ព
1 នៅពេលនោះ លោកហូឡូភែរជាមេបញ្ជាការកងទ័ពជនជាតិអាស្ស៊ីរី ទទួលដំណឹងថា ជនជាតិអ៊ីស្រាអែលត្រៀមខ្លួនធ្វើសង្គ្រាម។ ពួកគេបិទច្រកភ្នំទាំងឡាយ សង់កំពែងនៅ លើកំពូលភ្នំទាំងនោះសម្រាប់ការពារខ្លួន ព្រមទាំងបង្កឧបសគ្គស្ទាក់ផ្លូវតាមវាលទំនាប 2 លោកខឹងក្ដៅក្រហាយជាខ្លាំង ហើយកោះហៅមេដឹកនាំរបស់ជនជាតិម៉ូអាប់ទាំងអស់ មេទ័ពរបស់ជនជាតិអាំម៉ូន និងទេសាភិបាលដែលត្រួតត្រានៅតាមឆ្នេរសមុទ្រ។ 3 លោកមានប្រសាសន៍ថា៖ «ជនជាតិកាណានអើយ! ចូរប្រាប់ខ្ញុំឲ្យបានដឹងផង តើប្រជាជនណាដែលរស់នៅតាមតំបន់ភ្នំនោះ? ពួកគេរស់នៅក្នុងក្រុងណាខ្លះ? មានទ័ពប៉ុន្មាន? ពួកគេមានអំណាច និងកម្លាំងដោយសារអ្វី? ស្ដេចណាដឹកនាំកងទ័ពរបស់ពួកគេ? 4 ហេតុអ្វីបានជាក្នុងចំណោមប្រជាជនទាំងប៉ុន្មាន ដែលរស់នៅប៉ែកខាងលិច មានតែពួកគេប៉ុណ្ណោះ ដែលបដិសេធមិនមកជួយយើង?»។
សុន្ទរកថាលោកអឃីយ័រ
5 លោកឃីយ័រ ជាមេដឹកនាំជនជាតិអាំម៉ូនទាំងអស់ មានប្រសាសន៍ទៅកាន់លោកហូឡូភែរថា៖ «សូមលោកម្ចាស់មេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទជម្រាបជូន។ ខ្ញុំប្របាទនឹងជម្រាបជូនសេចក្ដីពិតពីប្រជាជនដែលរស់នៅតាមតំបន់ភ្នំ ក្បែរជំរំរបស់លោកម្ចាស់។ ខ្ញុំប្របាទមិនកុហកលោកទេ។ 6 ប្រជាជននេះ ជាពូជពង្សរបស់ជនជាតិខាល់ដេមួយក្រុម។ 7 មុនដំបូង ពួកគេរស់នៅស្រុកមេសូប៉ូតាមី តែគេមិនព្រមគោរពបម្រើតាមព្រះទាំងប៉ុន្មានរបស់ដូនតាគេ ដែលរស់នៅស្រុកខាល់ដេទេ។ 8 ពួកគេឃ្លាតចាកពីមាគ៌ារបស់ដូនតាគេ ហើយនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៃស្ថានបរមសុខ ជាព្រះដែលគេទើបនឹងស្គាល់។ អ្នកស្រុកដេញពួកគេឲ្យឆ្ងាយពីព្រះទាំងនោះ រួចហើយពួកគេភៀសខ្លួនទៅនៅស្រុកមេសូប៉ូតាមីប៉ែកខាងជើងវិញ ហើយក៏រស់នៅយ៉ាងយូរក្នុងស្រុកនោះ។ 9 ព្រះរបស់ពួកគេ មានព្រះបន្ទូល ឲ្យចាកចេញពីតំបន់នោះ ទៅស្រុកកាណាន។ ពួកគេតាំងទីលំនៅនៅទីនោះ ហើយប្រមូលមាសប្រាក់ ព្រមទាំងមានហ្វូងសត្វយ៉ាងច្រើនទៀតផង។ 10 ក្រោយមក ពួកគេចុះទៅស្រុកអេស៊ីប ព្រោះមានទុរ្ភិក្ស ពេញស្រុកកាណានទាំងមូល។ ពួកគេស្នាក់អាស្រ័យនៅស្រុកអេស៊ីប ព្រោះទីនោះមានអាហារគ្រប់គ្រាន់ អាចឧបត្ថម្ភឲ្យពួកគេរស់តទៅទៀតបាន។ ពួកគេបង្កើតកូនចៅយ៉ាងច្រើននៅស្រុកអេស៊ីបនោះ ហើយបានក្លាយទៅជាប្រជាជាតិមួយដ៏ធំ មានចំនួនច្រើនឥតគណនា។ 11 ប៉ុន្តែ ស្ដេចអេស៊ីបបែរមកប្រឆាំងនឹងពួកគេ ហើយប្រើនយោបាយដ៏ឈ្លាសវៃ គឺប្រើពួកគេយ៉ាងធ្ងន់ធ្ងរឲ្យធ្វើឥដ្ឋ។ ព្រះអង្គបានជិះជាន់ពួកគេ និងចាត់ទុកពួកគេជាទាសករ។ 12 ពួកគេស្រែកអង្វរព្រះរបស់ពួកគេ ហើយព្រះអង្គធ្វើឲ្យមានគ្រោះកាចជាច្រើនធ្លាក់មកលើស្រុកអេស៊ីបទាំងមូល។ នៅពេលនោះ ប្រជាជនអេស៊ីបបណ្ដេញពួកគេចេញពីស្រុក។ 13 ព្រះជាម្ចាស់បានធ្វើឲ្យសមុទ្រក្រហមរីងស្ងួតនៅមុខពួកគេ 14 រួចនាំពួក គេធ្វើដំណើរទៅកាន់ភ្នំស៊ីណៃ និងភូមិកាដែសបារណេ។ ពួកគេបានដេញប្រជាជនទាំងអស់ ដែលរស់នៅតាមវាលរហោស្ថាន 15 រួចពួកគេមកតាំងទីលំនៅ ក្នុងទឹកដីរបស់ជនជាតិអាម៉ូរី។ ពួកគេមានកម្លាំងខ្លាំងក្លា វាយកម្ទេចជនជាតិហេសបូនអស់។ បន្ទាប់មក ពួកគេឆ្លងទន្លេយ័រដាន់ ហើយដណ្ដើមយកតំបន់ភ្នំទាំងមូលមកកាន់កាប់ ទុកជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ។ 16 ពួកគេបណ្ដេញជនជាតិកាណាន ជនជាតិពេរីស៊ី ជនជាតិយេប៊ូស ជនជាតិស៊ីគែម និងជនជាតិគៀកាស៊ីទាំងអស់ ហើយរស់នៅលើទឹកដីនេះយ៉ាងយូរ។ 17 ក្នុងរយៈពេលដែលពួកគេមិនបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះរបស់ពួកគេ ពួកគេជួបតែសេចក្ដីសុខសាន្ត ដ្បិតព្រះដែលរស់នៅជាមួយពួកគេ ស្អប់អំពើទុច្ចរិតជាខ្លាំង។ 18 ប៉ុន្តែ នៅពេលពួកគេឃ្លាតចាកពីមាគ៌ា ដែលព្រះរបស់ពួកគេចាត់ចែងឲ្យដើរតាមនោះ ពួកគេត្រូវវិនាសអន្តរាយដោយទទួលបរាជ័យយ៉ាងធ្ងន់បំផុត ក្នុងសង្គ្រាមជាច្រើនលើក។ ទីបំផុត ខ្មាំងសត្រូវកៀរពួកគេយកទៅជាឈ្លើយនៅស្រុកដទៃ ព្រមទាំងកម្ទេចព្រះវិហារព្រះរបស់ពួកគេ ហើយវាយដណ្ដើមយកក្រុងទាំងប៉ុន្មានរបស់គេទៀតផង។ 19 នៅពេលនេះ ពួកគេវិលត្រឡប់មករកព្រះរបស់ពួកគេវិញ គេត្រឡប់ពីស្រុកនានា ជាកន្លែងដែលព្រះអង្គបានកម្ចាត់កម្ចាយឲ្យពួកគេទៅនៅ។ ពួកគេកាន់កាប់ក្រុងយេរូសាឡឹមជាថ្មី គឺជាកន្លែងដែលមានព្រះវិហាររបស់គេ ហើយតាំងទីលំនៅតាមតំបន់ភ្នំ ព្រោះគ្មានប្រជាជនណារស់នៅទេ។ 20 លោកម្ចាស់! ឥឡូវនេះ ប្រសិនបើពួកគេប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យព្រះរបស់គេ ហើយប្រសិនបើយើងចាប់គេបាន ចូរវាយពួកគេចុះ យើងមុខជាឈ្នះមិនខាន។ 21 ប៉ុន្តែ បើសិនប្រជាជនទាំងនេះមិនបានប្រព្រឹត្តបទល្មើស ទាស់នឹងព្រះរបស់ពួកគេទេ សូមលោកម្ចាស់ចៀសចេញពីពួកគេទៅ! ក្រែងព្រះអម្ចាស់ជាព្រះរបស់គេជួយការពារពួកគេ។ ពេលនោះមនុស្សនៅលើផែនដីទាំងមូល នឹងមើលងាយយើងជាមិនខាន»។ 22 ពេលលោកអឃីយ័រមានប្រសាសន៍សព្វគ្រប់ហើយ ប្រជាជនដែលនៅជុំវិញជំរំហូឡូភែរនាំគ្នារអ៊ូរទាំតវ៉ាគ្រប់ៗគ្នា។ ពួកទ័ពរបស់លោកហូឡូភែរ និងអស់អ្នកដែលរស់នៅតាមឆ្នេរសមុទ្រ ព្រមទាំងប្រជាជនម៉ូអាប់ មានបំណងចង់ប្រហារជីវិតលោកអឃីយ័រ។ 23 ពួកគេពោលឡើងថា៖ «យើងមិនត្រូវខ្លាចជនជាតិអ៊ីស្រាអែលទេ! ពួកគេគ្មានកម្លាំង គ្មានទ័ពទប់ទល់ក្នុងចម្បាំងដ៏ខ្លាំងឡើយ។ 24 យើងនាំគ្នាវាយពួកវាទៅ! ពេលនោះ កងទ័ពរបស់លោកហូឡូភែរនឹងស៊ីសាច់ហុតឈាមវាជាមិនខាន»។