ជំពូក ៣៤

ព្រំប្រទល់​ស្រុក​កាណាន

1 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2 «ចូរ​បង្គាប់​កូន​ចៅ​ អ៊ីស្រាអែល ដូច​ត​ទៅ: ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ទឹក​ដី​ដែល​ត្រូវ​បាន​ជា​ចំណែក​មត៌ក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​កាណាន មាន​ព្រំដែន​ដូច​ត​ទៅ: 3 ប៉ែក​ខាង​ត្បូង​គិត​ចាប់​ តាំង​ពី​វាល​រហោស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម​ទៅ។ ព្រំដែន​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ពី​ចុង​សមុទ្រ​អំបិល ឆ្ពោះ​ទៅ​ខាង​កើត។ 4 បន្ទាប់​មក ព្រំដែន​របស់​អ្នក​រាល់​គ្នា​បត់​ទៅ​ខាង​ត្បូង​ផ្លូវ​ឡើង​ទៅ​អេក្រាប៊ីម ឆ្លង​កាត់​វាល​រហោស្ថាន​ស៊ីន ទៅ​ដល់​ខាង​ត្បូង​កាដែស-បារណេអា។ បន្ទាប់​មក ព្រំដែន​នេះ​កាត់​តាម​ហាសារ-អាដា និង​អាសម៉ូន។ 5 ពី​អាសម៉ូន ព្រំដែន​បត់​ទៅ​រក​ស្ទឹង​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​សមុទ្រ​មេឌីទែរ៉ាណេ។ 6 សមុទ្រ​មេឌីទែរ៉ាណេ​ជា​ព្រំដែន​ខាង​លិច​របស់​អ្នក​រាល់​គ្នា។ 7 ព្រំដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា លាត​សន្ធឹង​ចាប់​ពី​សមុទ្រ​មេឌីទែរ៉ាណេ រហូត​ដល់​ភ្នំ​ហ៊រ។ 8 ពី​ភ្នំ​ហ៊រ ត្រូវ​កំណត់​ព្រំដែន​ត្រឹម​ច្រក​ចូល​ក្រុង​ហាម៉ាត់ ហើយ​បង្ហួស​ទៅ​ដល់​សេដាដ។ 9 ព្រំដែន​នេះ​ត្រូវ​បន្ត​ទៅ​ដល់​ស៊ីផូន បង្ហួស​ទៅ​ដល់​ហាសារ-អេណាន។ នេះ​ហើយ​ជា​ព្រំដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា។ 10 ត្រូវ​កំណត់​ព្រំដែន​ខាង​កើត​របស់​អ្នក​រាល់​គ្នា ចាប់​ពី​ហាសារ-អេណាន​ទៅ​សេផាម។ 11 ព្រំដែន​នេះ​ត្រូវ​ចុះ​ពី​សេផាម​ទៅ​រីបឡា ដែល​នៅ​ខាង​កើត​អាយ៉ីន ចុះ​ទៅ​ដល់​ត្រើយ​ខាង​កើត​សមុទ្រ​គីនេរ៉េត។ 12 បន្ទាប់​មក ព្រំប្រទល់​ចុះ​តាម​ទន្លេ​យ័រដាន់​ទៅ​ដល់​សមុទ្រ​អំបិល។ នេះ​ហើយ​ជា​កំណត់​ព្រំដែន​នៃ​ស្រុក​របស់​អ្នក​រាល់​គ្នា»។

13 លោក​ម៉ូសេ​ នាំ​យក​ព្រះ​បញ្ជា​នេះ​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រា អែល។ លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ហើយ​ជា​ស្រុក ដែល​ព្រះអម្ចាស់​ បង្គាប់​អោយ​ប្រគល់​ដល់​មេ​ដឹក​នាំ​នៃ​កុលសម្ព័ន្ធ​ប្រាំ​បួន និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​គ្នា ដោយ​ចាប់​ឆ្នោត 14 ដ្បិត​កុលសម្ព័ន្ធ​ រូបេន តាម​អំបូរ​របស់​ពួក​គេ និង​កុលសម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​រួច​ហើយ។ រីឯ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទៀត ក៏​បាន​ទទួល​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ហើយ​ដែរ។ 15 កុលសម្ព័ន្ធ​ទាំង​ពីរ និង​កុលសម្ព័ន្ធ​ម៉ា ណាសេ​ចំនួន​ពាក់​កណ្ដាល បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​រប ស់​ខ្លួន នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​ទល់​មុខ​នឹង​ក្រុង​យេរីខូ» ។

ព្រះបញ្ជា​បែង​ចែក​ទឹក​ដី

16 ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖ 17 «អ្នក​ដែល​ត្រូវ​ចាត់​ចែង​បែង​ចែក​ទឹក​ដី គឺ​បូជាចារ្យ​អេឡាសារ និង​យ៉ូស៊ូអាជា​កូន​របស់​នូន។ 18 ក្នុង​កុលសម្ព័ន្ធ​នីមួយៗ​ត្រូវ​អោយ​មេ​ដឹក​នាំ​មួយ​រូប​ជួយ​បែង​ចែក​ទឹក​ដី​ដែរ។ 19 អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ដូច​ត​ទៅ: កាលែប ជា​កូន​របស់​យេភូនេ តំណាង​កុលសម្ព័ន្ធ​យូដា។

20 សាមូអែល ជា​កូន​របស់​អាំមីហ៊ូដ តំណាង​កុលសម្ព័ន្ធ​ស៊ីម៉ូន។

21 អេលីដាដ ជា​កូន​របស់​គីសឡូន តំណាង​កុលសម្ព័ន្ធ​បេនយ៉ាមីន។

22 ប៊ូគី ជា​កូន​របស់​យូគ្លី តំណាង​កុលសម្ព័ន្ធ​ដាន់។

23 ហាណានីអែល ជា​កូន​របស់​អេផូដ តំណាង​កុលសម្ព័ន្ធ​ម៉ាណាសេ ជា​កូន​របស់​លោក​យ៉ូសែប។

24 គើមូអែល ជា​កូន​របស់​ស៊ីបតាន តំណាង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។

25 អេលីសាផាន ជា​កូន​របស់​បាណាក់ តំណាង​កុលសម្ព័ន្ធ​សាប៊ូឡូន។

26 ប៉ាលីទីអែល ជា​កូន​របស់​អាស្សាន តំណាង​កុលសម្ព័ន្ធ​អ៊ីសាកា។

27 អហ៊ីហ៊ូដ ជា​កូន​របស់​សេឡូមី តំណាង​កុលសម្ព័ន្ធ​អស៊ែរ។

28 ពេដាហែល ជា​កូន​របស់​អាំមីហ៊ូដ តំណាង​កុលសម្ព័ន្ធ​ណែបថាលី»។

29 គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ព្រះអម្ចាស់​បញ្ជា​អោយ​បែងចែង​ស្រុក​កាណាន ដល់​ជន​ជាតិ​អ៊ីស្រាអែល។