ជំពូក ១
ការជំរឿនប្រជាជនអ៊ីស្រាអែលនៅវាលរហោស្ថានស៊ីណៃ
1 នៅថ្ងៃទីមួយ ខែពិសាខនៃឆ្នាំទីពីរ ក្រោយពេលប្រ ជាជនអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលរហោស្ថានស៊ីណៃ ក្នុងពន្លាជួបព្រះអង្គដូចតទៅ៖ 2 «ចូរជំរឿនប្រជាជនក្នុងសហគ មន៍អ៊ីស្រាអែលទាំងមូលដោយរាប់ឈ្មោះប្រុសៗទាំងអស់ តាមអំបូរ តាមគ្រួសាររបស់គេ។ 3 អរ៉ុន និងអ្នកផ្ទាល់ ត្រូវជំរឿនប្រជាជនអ៊ីស្រាអែលទាំងអស់ តាមកងពលរបស់ពួកគេ គឺអ្នកដែលអាចបំរើកងទ័ពបាន និងមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។ 4 ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវយកបុរសម្នាក់ដែលជាមេលើក្រុមគ្រួ សារ មកជួយអ្នកទាំងពីរក្នុងការជំរឿនប្រជាជន។ ៥ អស់អ្នកដែលត្រូវមកធ្វើការជាមួយអ្នកទាំងពីរ មានរាយនាមដូចតទៅ: អេលីស៊ួរ ជាកូនរបស់សេដេអួរ ពីកុលសម្ព័ន្ធរូបេន។ 6 សេលូមីអែលជាកូនរបស់ស៊ូរីសាដាយ ពីកុលសម្ព័ន្ធស៊ីម៉ូន។ 7 ណាសូនជាកូនរបស់អាំមីណាដាប់ ពីកុលសម្ព័ន្ធយូដា។ 8 នេតាណាអែលជាកូនរបស់ស៊ូអា ពីកុលសម្ព័ន្ធអ៊ីសាកា។ 9 អេលីយ៉ាប់ជាកូនរបស់ហេឡូន ពីកុលសម្ព័ន្ធសាប៊ូឡូន។ 10 ក្នុងពូជពង្សរបស់ យ៉ូសែប គឺអេលីសាម៉ាជាកូនរបស់អាំមីហ៊ូដ ពីកុលសម្ព័ន្ធអេប្រាអ៊ីម និងកាំលីអែលជាកូនរបស់ពេដាសួរ ពីកុលសម្ព័ន្ធម៉ាណាសេ។ 11 អប៊ីដានជាកូនរបស់គីដេអូនី ពីកុលសម្ព័ន្ធបេនយ៉ាមីន។ 12 អហ៊ីយេស៊ែរ ជាកូនរបស់អាំមីសាដាយ ពីកុលសម្ព័ន្ធដាន់។ 13 ប៉ាគីអែល ជាកូនរបស់អូក្រាន ពីកុលសម្ព័ន្ធអេស៊ែរ។ 14 អេលីយ៉ាសាប ជាកូនរបស់ដេអ៊ូអែល ពីកុលសម្ព័ន្ធកាដ។ 15 អហ៊ីរ៉ា ជាកូនរបស់អេណាន ពីកុលសម្ព័ន្ធណែបថាលី»។
16 អស់លោកទាំងនេះសុទ្ធតែជាតំណាងរបស់សហគមន៍ ជាមេដឹកនាំកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន និងជាមេទ័ពអ៊ីស្រាអែល។ 17 លោកម៉ូសេ និងលោកអរ៉ុន បាននាំអស់អ្នកដែលមានរាយនាមខាងលើនេះមក 18 ហើយនៅថ្ងៃទីមួយនៃ ខែពិសាខនោះ គេបានប្រមូលផ្ដុំសហគមន៍ទាំងមូល។ ជនជាតិអ៊ីស្រាអែលដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ នាំគ្នាចុះឈ្មោះក្នុងបញ្ជី តាមខ្សែស្រឡាយ តាមអំបូរ និងតាមគ្រួសាររបស់ខ្លួន។ 19 លោកម៉ូសេជំរឿនប្រជាជន នៅវាលរហោស្ថានស៊ីណៃ ដូចព្រះអម្ចាស់បានបង្គាប់មកលោក។
20 កូនចៅ លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចបំរើកងទ័ពបាន 21 ក្នុងកុលសម្ព័ន្ធរូបេនជំរឿនបានទាំងអស់ ៤៦ ៥០០ នាក់។
22 កូនចៅ លោកស៊ីម៉ូន រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ ចំនួនប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន 23 ក្នុងកុលសម្ព័ន្ធស៊ីម៉ូនជំរឿនបានទាំងអស់ ៥៩ ៣០០ នាក់។
24 កូនចៅលោកកាដ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន 25 ក្នុងកុលសម្ព័ន្ធកាដជំរឿនបានទាំងអស់ ៤៥ ៦៥០ នាក់។
26 កូនចៅលោកយូដា រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន 27 ក្នុងកុលសម្ព័ន្ធយូដាជំរឿនបានទាំងអស់ ៧៤ ៦០០ នាក់។
28 កូនចៅលោកអ៊ីសាការ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចបំរើកងទ័ពបាន 29 ក្នុងកុលសម្ព័ន្ធអ៊ីសាការ ជំរឿនបានទាំងអស់ ៥៤ ៤០០នាក់។
30 កូនចៅលោកសាប៊ូឡូន រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន 31 ក្នុងកុលសម្ព័ន្ធសាប៊ូឡូនជំរឿនបានទាំងអស់ ៥៧ ៤០០ នាក់។
32 រីឯ ពូជពង្សរបស់លោកយ៉ូសែប កូនចៅលោកអេប្រាអ៊ីម រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន 33 ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមជំរឿនបានទាំងអស់ ៤០ ៥០០ នាក់។
34 កូនចៅលោកម៉ាណាសេ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន 35 ក្នុងកុលសម្ព័ន្ធម៉ាណាសេ ជំរឿនបានទាំងអស់ ៣២ ២០០ នាក់។
36 កូនចៅលោកបេនយ៉ាមីន រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន 37 ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជំរឿនបានទាំងអស់ ៣៥ ៤០០ នាក់។
38 កូនចៅលោកដាន់ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន 39 ក្នុងកុលសម្ព័ន្ធដាន់ ជំរឿនបានទាំងអស់ ៦២ ៧០០ នាក់។
40 កូនចៅលោកអស៊ែរ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចបំរើកងទ័ពបាន 41 ក្នុងកុលសម្ព័ន្ធអស៊ែរ ជំរឿនបានទាំងអស់ ៤១ ៥០០ នាក់។
42 រីឯកូនចៅលោកណែបថាលី រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន 43 ក្នុងកុលសម្ព័ន្ធណែបថាលី ជំរឿនបានទាំងអស់ ៥៣ ៤០០ នាក់។
44 នេះជាចំនួនអស់អ្នកដែលលោកម៉ូសេ លោកអរ៉ុន និងមេដឹកនាំទាំងដប់ពីរ ជាតំណាងរបស់កុលសម្ព័ន្ធអ៊ីស្រាអែល បានជំរឿន។ 45 ចំនួនជនជាតិអ៊ីស្រាអែលទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបំរើកងទ័ពបាន រាប់តាមគ្រួសាររបស់គេ 46 ជំរឿនបានទាំងអស់ ៦០៣ ៥៥០ នាក់។
តួនាទីពិសេសរបស់កុលសម្ព័ន្ធលេវី
47 គេពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវីជាមួយអ្នកឯទៀតៗទេ 48 ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 49 «កុំជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី ជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗឡើយ។ 50 ចូរប្រគល់ភារកិច្ច អោយពួកគេមើលខុសត្រូវក្នុងព្រះពន្លានៃសន្ធិសញ្ញា និងថែរក្សាគ្រឿងបរិក្ខារទាំងប៉ុន្មានដែលមាននៅទីនោះ។ ពួកគេសែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មាននៅក្នុងព្រះពន្លា ពួកគេបំរើការងារនៅក្នុងព្រះពន្លា ហើយបោះជំរំនៅជុំវិញព្រះពន្លានោះ។ 51 ពេលណាព្រះពន្លាត្រូវ ចាកចេញ ពួកលេវីត្រូវរុះព្រះពន្លា ពេលណាព្រះពន្លាត្រូវឈប់ ពួកលេវីដំឡើងព្រះពន្លាឡើងវិញ។ រីឯអ្នកផ្សេងដែលចូលមកជិតព្រះពន្លានឹងមានទោសដល់ស្លាប់។ 52 ជនជាតិអ៊ីស្រាអែលបោះជំរំនៅតាមកន្លែងរបស់ខ្លួន ក្បែរទង់សញ្ញានៃកងពលរបស់គេរៀងៗខ្លួន។ 53 មានតែពួកលេវី ប៉ុណ្ណោះ ដែលបោះជំរំនៅជុំវិញព្រះពន្លានៃសន្ធិសញ្ញា។ ធ្វើដូច្នេះ សហគ មន៍អ៊ីស្រាអែលមិនបណ្ដាលអោយខ្លួនមានទោសឡើយ។ ពួកលេវីមានភារកិច្ចបំរើការងារ នៅក្នុងព្រះពន្លានៃសន្ធិសញ្ញា»។
54 ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមព្រះបន្ទូល ដែលព្រះ អម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានចន្លោះត្រង់ណាឡើយ។