ជំពូក ៣៦
ច្បាប់ការពារស្ត្រីដែលរៀបការជាមួយអ្នកផ្សេងក្រៅពីកុលសម្ព័ន្ធរបស់ខ្លួន
1 មេដឹកនាំរបស់ក្រុម គ្រួសារផ្សេងៗនៃអំបូរកាឡាដ ជាកូនរបស់លោកម៉ាកៀរ ក្នុងកុលសម្ព័ន្ធម៉ាណាសេដែលត្រូវជាកូនចៅរបស់លោកយ៉ូសែប នាំគ្នាចូលមកជិតលោកម៉ូសេ ជំរាបលោកនៅចំពោះមុខពួកមេដឹកនាំកុលសម្ព័ន្ធ និងមេដឹកនាំអំបូរនានានៃជនជាតិអ៊ីស្រាអែល ដូចតទៅ៖ 2 «ព្រះអម្ចាស់ បានបញ្ជាលោកម្ចាស់អោយប្រគល់ស្រុកនេះដល់ជនជាតិអ៊ីស្រាអែល ទុកជាចំណែកមត៌ក ដោយចាប់ឆ្នោត។ លោកម្ចាស់ក៏បានទទួលបញ្ជាពីព្រះអម្ចាស់ ដើម្បីប្រគល់ទឹកដីជាចំណែករបស់លោកសេឡូផាត ជាបងប្អូនរបស់យើងខ្ញុំ ទៅអោយកូនស្រីរបស់គាត់ដែរ។ 3 បើពួកនាងរៀបការជាមួយ កូនប្រុសរបស់កុលសម្ព័ន្ធណាមួយទៀតនៃជនជាតិអ៊ីស្រាអែល ទឹកដីរបស់ពួកនាងមុខជាត្រូវកាត់ចេញពីទឹកដី ដែលជាចំណែកមត៌កនៃដូនតារបស់យើងខ្ញុំ ហើយបានទៅលើកុលសម្ព័ន្ធប្ដីរបស់នាង។ ដូច្នេះ ទំហំទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ ដោយការចាប់ឆ្នោតនោះ នឹងថយចុះ។ 4 លុះដល់ឆ្នាំមេត្តា ករុណា សំរាប់ជនជាតិអ៊ីស្រាអែល ទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមត៌កកុលសម្ព័ន្ធដូនតា របស់យើងខ្ញុំ យកទៅបញ្ចូលក្នុងទឹកដីកុលសម្ព័ន្ធប្ដីរបស់នាង»។
5 លោកម៉ូសេនាំយកព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មក ទៅប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ៖ 6 «កុលសម្ព័ន្ធដែលជាកូនចៅយ៉ូសែបនិយាយត្រូវមែន។ ព្រះអម្ចាស់បង្គាប់មកកូនស្រីរបស់លោក សេឡូផាតថា: ពួកនាងអាចរៀបការជាមួយនរណាក៏បាន អោយតែរៀបការនឹងបុរសដែលមកពីអំបូរមួយ ក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង។ 7 ធ្វើដូច្នេះ ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រាអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែជនជាតិអ៊ីស្រាអែលម្នាក់ៗត្រូវរក្សាទឹកដីទុក នៅក្នុងកុលសម្ព័ន្ធរបស់ឪពុកខ្លួន។ 8 កូនស្រីទាំងអស់ដែល ទទួលចំណែកមត៌ក ក្នុងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ត្រូវរៀបការជាមួយបុរសដែលមកពីអំបូរមួយក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង ដើម្បីអោយជនជាតិអ៊ីស្រាអែលនីមួយៗគ្រងមត៌កឪពុករបស់ខ្លួន។ 9 ទឹកដីជាចំណែកមត៌ក របស់ជនជាតិអ៊ីស្រាអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល ត្រូវរក្សាទឹកដីដែលជាមត៌ករបស់ខ្លួន»។
10 កូនស្រីរបស់លោកសេឡូផាត ក៏នាំគ្នាធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ 11 នាងម៉ាឡា ទៀរសា ហូក្លា មីលកា និង ណូអា បានរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្លួន។ 12 ពួកគេបានរៀបការនឹង បុរសមកពីអំបូរកូនចៅលោកម៉ាណាសេ ជាកូនរបស់លោកយ៉ូសែប។ ដូច្នេះ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេ ស្ថិតនៅក្នុងអំបូរនៃកុលសម្ព័ន្ធរបស់ឪពុកនាង។
13 នេះជាច្បាប់ និងបទបញ្ជាផ្សេងៗដែលព្រះអម្ចាស់បានបង្គាប់មកជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។