ជំពូក ៣៥
ក្រុងរបស់ពួកលេវី
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ ដូចតទៅ៖ 2 «ចូរបង្គាប់ជនជាតិ អ៊ីស្រាអែលអោយប្រគល់ទីក្រុង ដែលស្ថិតនៅលើទឹកដីជាចំណែកមត៌ករបស់ខ្លួន អោយពួកលេវីរស់នៅផង ហើយក៏ត្រូវប្រគល់ដីនៅជុំវិញក្រុងទាំងនោះអោយពួកលេវីដែរ។ 3 ដូច្នេះ ពួកគេនឹងមានក្រុងសំរាប់រស់នៅ ហើយមានដីសំរាប់ហ្វូងសត្វ និងសំរាប់សត្វពាហនៈឯទៀតៗ ដែលជាកម្មសិទ្ធិរបស់ពួកគេ។ 4 ចូរវាស់ដីជុំវិញទីក្រុងប្រគល់អោយពួកគេ ដោយគិតចាប់ពីកំពែងក្រុងចេញទៅក្រៅប្រវែងមួយពាន់ហត្ថ។ 5 រីឯក្បាលដីនៅខាងក្រៅ ទីក្រុង ប៉ែកខាងកើតត្រូវវាស់ប្រវែងពីរពាន់ហត្ថ ប៉ែកខាងត្បូងប្រវែងពីរពាន់ហត្ថ ប៉ែកខាងលិចប្រវែងពីរពាន់ហត្ថ ប៉ែកខាងជើងប្រវែងពីរពាន់ហត្ថ។ នេះជាដីដែលនៅជុំវិញក្រុងរបស់ពួកគេ ហើយទីក្រុងត្រូវស្ថិតនៅចំកណ្ដាលដីនោះ។ 6 ក្រុងដែលអ្នករាល់គ្នា ត្រូវប្រគល់អោយពួកលេវី មានក្រុងសំរាប់ជាជំរកដល់អ្នកដែលសម្លាប់គេ ចំនួនប្រាំមួយ និងក្រុងឯទៀតៗចំនួនសែសិបពីរ។ 7 សរុបចំនួនក្រុងដែល អ្នករាល់គ្នាត្រូវប្រគល់អោយពួកលេវី មានទាំងអស់សែសិបប្រាំបី ព្រមទាំងដីដែលនៅជុំវិញក្រុងទាំងនោះផង។ 8 កុលសម្ព័ន្ធនីមួយៗនៃជន ជាតិអ៊ីស្រាអែលត្រូវប្រគល់ក្រុងអោយពួកលេវីច្រើន ឬតិច តាមទំហំទឹកដីដែលខ្លួនបានទទួលជាចំណែកមត៌ក គឺកុលសម្ព័ន្ធដែលមានទឹកដីធំ ត្រូវប្រគល់អោយច្រើន កុលសម្ព័ន្ធដែលមានទឹកដីតូច ត្រូវប្រគល់អោយតិច»។
ក្រុងដែលជាជំរក
9 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 10 «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: ពេលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណានរួចហើយ 11 ចូរជ្រើសរើសយកក្រុងខ្លះធ្វើក្រុងជំរក សំរាប់អោយអ្នកដែលសម្លាប់គេដោយអចេតនា រត់មកជ្រកកោន។ 12 ក្រុងទាំងនោះជាជំរក ការពារអ្នករាល់គ្នា អោយរួចពីអ្នកដែលមានសិទ្ធិសងសឹក។ ធ្វើដូច្នេះ អ្នកសងសឹកមិនប្រហារជីវិត អ្នកដែលសម្លាប់គេមុនពេលសហគមន៍កាត់ក្ដី ឡើយ។ 13 ក្នុងចំណោមក្រុងដែលអ្នករាល់គ្នាប្រគល់អោយពួកលេវីនោះ ត្រូវយកក្រុងប្រាំមួយធ្វើជាក្រុងជំរក។ 14 ក្រុងជំរកបីត្រូវស្ថិតនៅខាងកើតទន្លេយ័រដាន់ ក្រុងបីទៀតនៅក្នុងស្រុកកាណាន។ 15 ប្រសិនបើជនជាតិ អ៊ីស្រាអែល ឬជនបរទេសដែលស្នាក់នៅជាបណ្ដោះអាសន្នជាមួយអ្នករាល់គ្នា បានសម្លាប់នរណាម្នាក់ ដោយអចេតនា គេអាចរត់មកជ្រកកោនក្នុងក្រុងទាំងប្រាំមួយនេះ។
16 ប្រសិន បើបុរសម្នាក់យករបស់អ្វីមួយធ្វើពីដែក វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។ 17 ប្រសិនបើគេយកដុំថ្មវាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។ 18 ប្រសិនបើគេយករបស់អ្វីមួយធ្វើពីឈើ វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។ 19 អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ គឺនៅពេលណាចាប់ឃាតកបាន ត្រូវតែសម្លាប់ចោល។ 20 ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃដោយកំហឹង ឬយករបស់អ្វីមួយគប់ទៅលើគេ ដោយបានគិតជាមុន បណ្ដាលអោយគេស្លាប់ 21 ឬប្រសិនបើអ្នកនោះ លើកដៃវាយអ្នកដទៃដោយស្អប់ បណ្ដាលអោយគេស្លាប់ អ្នកដែលសម្លាប់គេត្រូវតែទទួលទោសប្រហារជីវិត ព្រោះអ្នកនោះជាឃាតក។ អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ នៅពេលចាប់គេបាន។
22 ផ្ទុយទៅវិញ ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃ ដោយអចេតនា និងដោយគ្មានបំណងអាក្រក់ ឬប្រសិនបើគាត់ចោលរបស់អ្វីមួយទៅលើគេ ដោយពុំបានគិតគូរជាមុន 23 ឬប្រសិនបើគាត់ធ្វើ អោយថ្មធ្លាក់ទៅលើគេ បណ្ដាលអោយស្លាប់ តែគាត់ធ្វើដោយមិនបានដឹង ហើយក៏គ្មានទំនាស់ ឬមានគំនិតអាក្រក់ចំពោះជនរងគ្រោះទេនោះ 24 សហគមន៍ត្រូវសំរុះសំរួលអ្នកដែលធ្វើអោយគេស្លាប់ និងអ្នកដែលមានសិទ្ធិសងសឹក តាមច្បាប់ស្ដីអំពីករណីនេះ។ 25 សហគមន៍ត្រូវរំដោះ អ្នកដែលធ្វើអោយគេស្លាប់នោះ ពីកណ្ដាប់ដៃរបស់អ្នកដែលមានសិទ្ធិសងសឹក។ សហគមន៍ត្រូវនាំអ្នកនោះវិលត្រឡប់ទៅក្រុងជំរក ដែលខ្លួនបានរត់ទៅជ្រក ហើយរស់នៅក្នុងក្រុងនោះ រហូតដល់ពេលមហាបូជាចារ្យ ដែលបានតែងតាំងដោយប្រេងសក្ការៈ ទទួលមរណភាព។ 26 ប្រសិនបើអ្នកសម្លាប់គេចេញទៅក្រៅទីក្រុងដែលខ្លួនរត់ទៅជ្រក 27 ហើយប្រសិនបើអ្នកដែល មានសិទ្ធិសងសឹក ជួបគាត់នៅខាងក្រៅទីក្រុងជំរក រួចសម្លាប់គាត់ អ្នកសងសឹកនោះគ្មានទោសអ្វីចំពោះឃាតកម្មនេះទេ។ 28 អ្នកសម្លាប់គេត្រូវ រស់នៅក្នុងក្រុងជំរក រហូតដល់មហាបូជាចារ្យទទួលមរណភាព។ ក្រោយពេលមហាបូជាចារ្យទទួលមរណភាពផុតទៅ ទើបអ្នកសម្លាប់គេអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។
29 នេះជាច្បាប់ ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។ 30 គ្រប់ឃាតកម្ម គេសម្លាប់ឃាតកបាន នៅពេលមានសាក្សីជាច្រើនដឹងឮ។ ប៉ុន្តែ បើមានសាក្សីតែម្នាក់ គេមិនអាចកាត់ទោសប្រហារជីវិតនរណាបានឡើយ។ 31 មិនត្រូវទទួលប្រាក់ ដើម្បីលោះជីវិតឃាតកណាម្នាក់ដែលគេកាត់ទោសប្រហារជីវិតឡើយ អ្នកនោះត្រូវតែស្លាប់។ 32 មិនត្រូវទទួលប្រាក់ លោះជីវិតអ្នកនោះ ហើយបើកអោយគេទៅរស់នៅក្នុងក្រុងជំរក រួចវិលត្រឡប់មកស្រុករបស់ខ្លួនវិញ ក្រោយមរណភាពរបស់មហាបូជាចារ្យ។ 33 មិនត្រូវធ្វើអោយ ស្រុកដែលអ្នករាល់គ្នាទៅរស់នៅក្លាយជាសៅហ្មងឡើយ ដ្បិតការបង្ហូរឈាមបណ្ដាលអោយស្រុកទៅជាសៅហ្មង។ កុំយកអ្វីផ្សេងទៀតមកជំរះស្រុកអោយរួចពីភាពសៅហ្មង ព្រោះតែការបង្ហូរឈាមក្រៅពីឈាមរបស់ឃាតក។ 34 កុំធ្វើអោយស្រុកដែល អ្នករាល់គ្នាចូលទៅរស់នៅ ក្លាយទៅជាសៅហ្មងឡើយ។ យើងក៏នៅក្នុងចំណោមអ្នករាល់គ្នាដែរ ដ្បិតយើងជាព្រះអម្ចាស់ ដែលស្ថិតនៅជាមួយជនជាតិអ៊ីស្រាអែល»។