ជំពូក ២៣

1 លោក​បាឡាម​ទូល​ព្រះបាទ​ បាឡាក់​ថា៖ «សូម​ព្រះករុណា​អោយ​គេ​សង់​អាសនៈ​ប្រាំពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ អោយ​ទូលបង្គំ​ផង»។ 2 ព្រះបាទ​បាឡាក់​ក៏​ធ្វើ​ តាម​ពាក្យ​របស់​លោក​បាឡាម។ ព្រះបាទ​បាឡាក់ និង​លោក​បាឡាម​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាសនៈ​នីមួយៗ។ 3 លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះករុណា​គង់​នៅ​ក្បែរ​តង្វាយ​ដុត​របស់​ព្រះករុណា​នេះ​ហើយ ទូលបង្គំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែល​ព្រះអម្ចាស់​ យាង​មក​ជួប​ទូលបង្គំ។ ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ទូលបង្គំ​យ៉ាង​ណាៗ​នោះ ទូលបង្គំ​នឹង​នាំ​យក​មក​ទូល​ថ្វាយ​ព្រះករុណា»។ លោក​បាឡាម​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ។ 4 ព្រះជា​ម្ចាស់​យាង​មក​ជួប​ លោក​បាឡាម លោក​ក៏​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​បាន​ដំឡើង​អាសនៈ​ប្រាំពីរ ហើយ​នៅ​លើ​អាសនៈ​នីមួយៗ ទូលបង្គំ​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ»។ 5 ព្រះអម្ចាស់​ក៏​ប្រាប់​លោក​បាឡាម​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​អោយ​លោក​វិល​ទៅ​ជួប​ព្រះបាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះបន្ទូល​នេះ។ 6 លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ ព្រះបាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​នាម៉ឺន​មន្ត្រី​ទាំង​អស់​នៃ​ជន​ជាតិ​ម៉ូអាប់​ឈរ​ជា​មួយ​ផង។

7 លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅនេះ៖

«ព្រះបាទ​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អារ៉ាម

ស្ដេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ចុះ​ពី​ភ្នំ​ទិស​បូព៌ា​ថា:

ចូរ​មក​ដាក់​បណ្ដាសា​កូន​ចៅ​យ៉ាកុប!

ចូរ​មក​ប្រទេចផ្ដាសា​កូន​ចៅ​អ៊ីស្រាអែល!

8  តើ​អោយ​ខ្ញុំ​ដាក់​បណ្ដាសា​អ្នក​ដែល

ព្រះជាម្ចាស់​មិន​ដាក់​បណ្ដាសា​ដូច​ម្ដេច​កើត!

តើ​អោយ​ខ្ញុំ​ប្រទេចផ្ដាសា​អ្នក​ដែល

ព្រះអម្ចាស់​មិន​ប្រទេចផ្ដាសា​ដូច​ម្ដេច​បាន!

9  ពី​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​ឃើញ​ពួក​គេ

ពី​លើ​កំពូល​ភ្នំ​នេះ ខ្ញុំ​គយគន់​មើល​ពួក​គេ

ប្រជាជន​នេះ​រស់​នៅ​ដាច់​ឡែក​ពី​អ្នក​ដទៃ

ពួក​គេ​ដឹង​ខ្លួន​ថា

ពួក​គេ​មិន​ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ទេ។

10  តើ​នរណា​អាច​រាប់​កូន​ចៅ​យ៉ាកុប

ដែល​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី

តើ​នរណា​អាច​រាប់​ចំនួន​អ៊ីស្រាអែល

ដ៏​ច្រើន​ឥត​គណនា​បាន?

ស៊ូ​អោយ​ខ្ញុំ​ស្លាប់​ដូច​មនុស្ស​សុចរិត​ទាំង​នេះ

សូម​អោយ​ជីវិត​ខ្ញុំ​ត្រូវ​បញ្ចប់​ដូច​ពួក​គេ​ដែរ!»។

11 ព្រះបាទ ​បាឡាក់​មាន​រាជឱង្ការ​មក​លោក​បាឡាម​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? យើង​បាន​អញ្ជើញ​លោក​​​មក ដើម្បី​អោយ​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែ លោក​បែរ​ជា​អោយ​ពរ​ពួក​គេ​ទៅ​វិញ!»។

12  លោក​បាឡាម​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​ត្រូវ​ថ្លែង​តែ​សេចក្ដី​ណា ដែល​ព្រះអម្ចាស់​ប្រាប់​អោយ​ថ្លែង​ប៉ុណ្ណោះ!»។ 13 ​ព្រះបាទ​បាឡាក់​មាន​ រាជឱង្ការ​ថា៖ «ដូច្នេះ សូម​លោក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​លោក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់ ព្រោះ​នៅ​ទី​នេះ លោក​ឃើញ​ពួក​គេ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ លោក​ត្រូវ​តែ​ដាក់​បណ្ដាសា​ពួក​គេ​អោយ​យើង»។

លោក​បាឡាម​អោយ​ពរ​ជន​ជាតិ​អ៊ីស្រាអែល​សា​ជា​ថ្មី

14 ស្ដេច​នាំ​លោក​បាឡាម​ទៅ ​វាល​សូភីម​ ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីស្កា។ នៅ​ទី​នោះ ស្ដេច​សង់​អាសនៈ​ប្រាំពីរ នៅ​លើ​អាសនៈ​នីមួយៗ ស្ដេច​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។ 15 លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះករុណា​គង់​នៅ​ទី​នេះ ក្បែរ​តង្វាយ​ដុត​របស់​ព្រះករុណា ទូលបង្គំ​នឹង​ចេញ​ទៅ​ជួប​ព្រះ​ជា​ម្ចាស់»។

16 ព្រះអម្ចាស់​ យាង​មក​ជួប​លោក​បាឡាម ព្រះអង្គ​ប្រាប់​លោក​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​អោយ​លោក​វិល​ទៅ​ជួប​ព្រះបាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះបន្ទូល​នេះ។ 17 លោក​បាឡាម​ក៏​វិល​ទៅ​ ជួប​ព្រះបាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ជន​ជាតិ​ម៉ូអាប់​ ឈរ​នៅ​ជា​មួយ​ផង​។ ព្រះបាទ​បាឡាក់​សួរ​លោក​ថា៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ម្ដេច?»។

18 លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖

បពិត្រ​ព្រះរាជា​បាឡាក់

សូម​ប្រុង​ប្រៀប​ព្រះសណ្ដាប់!

បពិត្រ​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​ស៊ីបពរ

សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់!

19  ព្រះជាម្ចាស់​មិន​មែន​ដូច​មនុស្ស​លោក​ទេ

ព្រះអង្គ​មិន​ចេះ​កុហក​ឡើយ

ព្រះអង្គ​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់

ដូច​ពូជពង្ស​របស់​លោក​អដាំ​​ដែរ!

ព្រះអង្គ​មាន​ព្រះបន្ទូល​យ៉ាង​ណា

ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។

ព្រះអង្គ​តែងតែ​សំរេច​តាម​ព្រះបន្ទូល

ដែល​ព្រះអង្គ​បាន​ថ្លែង។

20  ទូលបង្គំ​បាន​ទទួល​បញ្ជា​ពី​ព្រះអង្គ

ដើម្បី​អោយ​ពរ​ប្រជាជន​នេះ

បើ​ព្រះជាម្ចាស់​អោយ​ពរ

នោះ​ទូលបង្គំ​មិន​អាច​ផ្លាស់​ប្ដូរ​ទេ។

21 គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់

កូន​ចៅ​លោក​យ៉ាកុប​ឡើយ

ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​មាន​ដល់

កូន​ចៅ​អ៊ីស្រាអែល​ដែរ។

ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ

គង់​នៅ​ជា​មួយ​ពួក​គេ

ពួក​គេ​ប្រកាស​ថា

ព្រះអង្គ​ជា​ព្រះមហាក្សត្រ​របស់​ពួក​គេ។

22 ព្រះជាម្ចាស់​បាន​នាំ​ពួក​គេ​ចាក​ចេញ

ពី​ស្រុក​អេស៊ីប

ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។

23 មន្តអាគម​មិន​អាច​ធ្វើ​អ្វី​យ៉ាកុប​បាន​ទេ

អំពើ​ធ្មប់​ក៏​មិន​អាច​ធ្វើ​អ្វី​អ៊ីស្រាអែល​ដែរ។

នៅ​ពេល​កំណត់ គេ​នឹង​ថ្លែង​អំពី​ការ​អស្ចារ្យ

ដែល​ព្រះជាម្ចាស់​ធ្វើ​ចំពោះ​យ៉ាកុប

និង​អ៊ីស្រាអែល។

24 មើល​ចុះ ប្រជាជន​នេះ​ងើប​ឡើង​ដូច​សិង្ហ​ញី

ពួក​គេ​ឈរ​ដូច​សិង្ហ​ឈ្មោល

ដរាប​ណា​សិង្ហ​មិន​បាន​ចាប់​រំពា

ហើយ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​ទេ

វា​មិន​ដេក​វិញ​ឡើយ។

25 ព្រះបាទ ​បាឡាក់​មាន​រាជឱង្ការ​មក​លោក​បាឡាម​ថា៖ «ប្រសិន​បើ​លោក​មិន​ដាក់​បណ្ដាសា​ពួក​គេ​ទេ​នោះ ក៏​ហី​ទៅ​ចុះ តែ​កុំ​អោយ​ពរ​ពួក​គេ​ដូច្នេះ​ឡើយ!»។ 26 លោក​បាឡាម​តប​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះករុណា​រួច​ហើយ​ថា ទូលបង្គំ​នឹង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល»។

លោក​បាឡាម​អោយ​ពរ​ជន​ជាតិ​អ៊ីស្រាអែល​ជា​លើក​ទី​បី

27 ព្រះបាទ​បាឡាក់​មាន​ រាជឱង្ការ​មក​លោក​បាឡាម​ថា៖ «សូម​អញ្ជើញ​មក យើង​នាំ​លោក​ទៅ​កន្លែង​មួយ​ទៀត។ នៅ​កន្លែង​នោះ ព្រះជាម្ចាស់​ប្រហែល​ជា​សព្វ​ព្រះហឫទ័យ​អោយ​លោក​ដាក់​បណ្ដាសា​ពួក​គេ»។ 28 ព្រះបាទ​បាឡាក់​នាំ​លោក​បាឡាម​ទៅ​ដល់​កំពូល​ភ្នំ​ពេអ៊រ ដែល​ស្ថិត​នៅ​ពី​លើ​វាល​រហោស្ថាន។ 29 លោក​បាឡាម​ទូល​ព្រះបាទ​ បាឡាក់​ថា៖ «សូម​ព្រះករុណា​អោយ​គេ​សង់​អាសនៈ​ប្រាំពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ​អោយ​ទូលបង្គំ​ផង»។ 30 ព្រះបាទ​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម ហើយ​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ​នៅ​លើ​អាសនៈ​នីមួយៗ។