ជំពូក ១០
ត្រែធ្វើអំពីប្រាក់
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរធ្វើត្រែពីរអំពី ប្រាក់ដែលមានក្បាច់រចនា។ ត្រែទាំងពីរនេះប្រើសំរាប់កោះហៅសហគមន៍អោយជួបជុំគ្នា និងប្រកាសរើជំរំចេញដំណើរ។ 3 ពេលណាគេផ្លុំត្រែ សហគមន៍ទាំងមូលត្រូវប្រមូលគ្នានៅជុំវិញអ្នក ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 4 ប្រសិនបើគេផ្លុំត្រែមួយ ពួកមេដឹកនាំ និងពួកមេទ័ពរបស់ជនជាតិអ៊ីស្រាអែល ត្រូវប្រមូលគ្នានៅជុំវិញអ្នក។ 5 ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងកើត ត្រូវនាំគ្នាចេញដំណើរ។ 6 ពេលណាអ្នករាល់គ្នា ផ្លុំត្រែយ៉ាងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូងត្រូវនាំគ្នាចេញដំណើរ។ ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ជាសញ្ញាចេញដំណើរ។ 7 នៅពេលប្រមូលផ្ដុំអង្គប្រជុំ អ្នករាល់គ្នាក៏ត្រូវផ្លុំត្រែដែរ តែផ្លុំយ៉ាងវែង។ 8 ពួកបូជាចារ្យជាកូនចៅ របស់លោកអរ៉ុន ជាអ្នកផ្លុំត្រែ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវធ្វើតាមគ្រប់ជំនាន់រហូតតទៅ។ 9 ក្នុងស្រុករបស់អ្នក រាល់គ្នា នៅពេលអ្នករាល់គ្នាចេញទៅច្បាំងនឹងបច្ចាមិត្តដែលមកឈ្លានពានអ្នក រាល់គ្នា ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ ដើម្បីអោយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹកដល់អ្នករាល់គ្នា ហើយសង្គ្រោះអ្នករាល់គ្នាអោយរួចពីខ្មាំងសត្រូវ។ 10 នៅថ្ងៃដែលអ្នករាល់ គ្នាធ្វើបុណ្យយ៉ាងសប្បាយ បុណ្យដ៏សំខាន់ៗ និងបុណ្យចូលខែថ្មី នោះត្រូវផ្លុំត្រែនៅពេលថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ដើម្បីអោយព្រះរបស់អ្នករាល់គ្នា នឹកដល់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
ជនជាតិអ៊ីស្រាអែលធ្វើដំណើរពីវាលរហោស្ថានស៊ីណៃ ឆ្ពោះទៅព្រំប្រទល់ស្រុកម៉ូអាប់
ការចេញដំណើរពីវាលរហោស្ថានស៊ីណៃ
11 នៅឆ្នាំទីពីរ ខែទីពីរ ថ្ងៃទីម្ភៃ ពពក*បានអណ្ដែតឡើងពីព្រះពន្លានៃសន្ធិសញ្ញា។ 12 ជនជាតិអ៊ីស្រាអែលក៏ នាំគ្នាចាកចេញពីវាលរហោស្ថានស៊ីណៃ តាមលំដាប់លំដោយ ដែលកំណត់ទុកស្ដីអំពីការចេញដំណើរនេះ។ ពពកឈប់នៅវាលរហោស្ថានប៉ារ៉ាន។ 13 ពួកគេចេញដំណើរជាលើកទីមួយនេះ តាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ 14 ទង់សញ្ញានៃជំរំយូដា ចេញដំណើរមុនគេជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលយូដា ដឹកនាំដោយលោកណាសូន ជាកូនរបស់លោកអាំមីណាដាប់ 15 កងពលរបស់កុលសម្ព័ន្ធអ៊ីសាកា ដឹកនាំដោយលោកនេតាណាអែល ជាកូនរបស់លោកស៊ូអារ 16 និងកងពលរបស់កុលសម្ព័ន្ធសាប៊ូឡូន ដឹកនាំដោយលោកអេលីយ៉ាប ជាកូនរបស់លោកហេឡូន។
17 គេបានរើព្រះពន្លា ហើយកូនចៅគែរសូន និងកូនចៅមេរ៉ារី នាំគ្នាសែងព្រះពន្លានោះចេញដំណើរទៅ។ 18 បន្ទាប់មក ទង់សញ្ញានៃជំរំរូបេនចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលរូបេន ដឹកនាំដោយលោកអេលីសួរ ជាកូនរបស់លោកសេដេអួរ 19 កងពលរបស់កុលសម្ព័ន្ធស៊ីម៉ូន ដឹកនាំដោយលោកសេលូមីអែល ជាកូនរបស់លោកស៊ូរីសាដាយ 20 និងកងពលរបស់កុលសម្ព័ន្ធកាដ ដឹកនាំដោយលោកអេលីយ៉ាសាប ជាកូនរបស់លោកដេអ៊ូអែល។
21 បន្ទាប់មក កូនចៅគើហាត់ចេញដំណើរទៅ ទាំងសែងទីសក្ការៈទៅជាមួយផង។ ពួកលេវីឯទៀតៗត្រូវដំឡើងព្រះពន្លាមុនពួកគេទៅដល់។
22 បន្ទាប់ មកទៀត ទង់សញ្ញានៃជំរំអេប្រាអ៊ីមចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលអេប្រាអ៊ីម ដឹកនាំដោយលោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ 23 កងពលរបស់កុលសម្ព័ន្ធម៉ាណាសេ ដឹកនាំដោយលោកកាំលីអែល ជាកូនរបស់លោកពេដាសួរ ២៤ និងកងពលរបស់កុលសម្ព័ន្ធបេនយ៉ាមីន ដឹកនាំដោយលោកអប៊ីដាន ជាកូនរបស់លោកគីដេហូនី។
25 ក្រោយ គេបង្អស់ ទង់សញ្ញានៃជំរំដាន់ចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលដាន់ ដឹកនាំដោយលោកអហ៊ីយេស៊ែរ ជាកូនរបស់លោកអាំមីសាដាយ 26 កងពលរបស់កុលសម្ព័ន្ធអស៊ែរ ដឹកនាំដោយលោកប៉ាគីអែល ជាកូនរបស់លោកអូក្រាន 27 និងកងពលរបស់កុលសម្ព័ន្ធណែបថាលី ដឹកនាំដោយលោកអហ៊ីរ៉ា ជាកូនរបស់លោកអេណន។ 28 ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរជាក្បួនទ័ពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។
29 លោក ម៉ូសេមានប្រសាសន៍ទៅកាន់លោកហូបាប់ ជាកូនរបស់លោករេអ៊ូអែល ជនជាតិម៉ាឌីយ៉ាន ដែលត្រូវជាឪពុកក្មេករបស់លោកថា៖ «ពួកយើងចេញដំណើរឆ្ពោះទៅកាន់ទឹកដី ដែលព្រះអម្ចាស់សន្យាប្រទានអោយពួកយើង។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងផ្ដល់អោយបងមានសុភមង្គល ដែលព្រះអម្ចាស់បានសន្យាប្រទានអោយជនជាតិអ៊ីស្រាអែល»។ 30 លោកហូបាប់តបថា៖ «ខ្ញុំមិនទៅទេ គឺខ្ញុំទៅស្រុករបស់ខ្ញុំ ជួបជុំនឹងក្រុមញាតិរបស់ខ្ញុំវិញ»។ 31 លោកម៉ូសេមានប្រសាសន៍ថា៖ «សូមកុំបោះបង់ចោលពួកយើងឡើយ ដ្បិតបងស្គាល់កន្លែងដែលយើងអាចបោះជំរំក្នុងវាលរហោស្ថាន ហើយបងនឹងនាំផ្លូវពួកយើង។ 32 ប្រសិនបើបងទៅជាមួយពួកយើង នោះពួកយើងនឹងអោយបងបានសប្បាយរួមជាមួយពួកយើង នៅពេលព្រះអម្ចាស់ប្រទានព្រះពរមកពួកយើង»។
33 ជនជាតិអ៊ីស្រាអែលនាំគ្នាចាកចេញពីភ្នំ របស់ព្រះអម្ចាស់ ធ្វើដំណើរអស់រយៈពេលបីថ្ងៃ។ ក្នុងពេលធ្វើដំណើរបីថ្ងៃនោះ គេសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៅខាងមុខ ដើម្បីស្វែងរកកន្លែងស្រួលឈប់សំរាក។ 34 ពេលពួកគេរើជំរំចេញដំណើរ ពពករបស់ព្រះអម្ចាស់ស្ថិតពីលើពួកគេ នៅពេលថ្ងៃ។ 35 ពេលហិបរបស់ព្រះអម្ចាស់ចេញដំណើរ លោកម៉ូសេបន្លឺសំឡេងថា៖ «ព្រះអម្ចាស់ អើយ សូមក្រោកឡើង សូមអោយបច្ចាមិត្តរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ! សូមអោយអស់អ្នកដែលស្អប់ព្រះអង្គ ត្រូវបាក់ទ័ពនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ!»។ 36 ពេលគេដាក់ហិបចុះ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ សូមយាងមកគង់ជាមួយជនជាតិអ៊ីស្រាអែល ដែលមានចំនួនយ៉ាងច្រើនអនេកអនន្ត»។