ជំពូក ២៧
ច្បាប់អំពីកេរមត៌កសំរាប់កូនស្រី
1 ពេលនោះ កូនស្រីរបស់លោកសេឡូផាត ជាចៅរបស់លោកហេភែរ ជាចៅទួតរបស់លោកកាឡាដ ក្នុងអំបូរម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប នាំគ្នាចូលមក។ នាងទាំងនោះឈ្មោះ ម៉ាឡា ណូអា ហូក្លា មីលកា និងទៀរសា។ 2 ពួកនាងចូលមកជួបលោក ម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំ និងសហគមន៍អ៊ីស្រាអែលទាំងមូល នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពួកនាងពោលថា៖ 3 «ឪពុកយើងខ្ញុំបានទទួលមរណភាព នៅវាលរហោស្ថាន តែគាត់ពុំបានចូលដៃជាមួយបក្សពួករបស់លោកកូរេ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ គឺគាត់ស្លាប់ ព្រោះតែបាបរបស់គាត់ផ្ទាល់។ ឪពុករបស់យើងខ្ញុំគ្មានកូនប្រុសទេ។ 4 មិនគួរអោយឈ្មោះរបស់ ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកអោយយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។
5 លោកម៉ូសេនាំរឿងហេតុរបស់ពួកនាងទៅទូលព្រះអម្ចាស់។ 6 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 7 «កូនស្រីរបស់សេឡូផាត និយាយត្រូវមែន។ ចូរប្រគល់ទឹកដីមួយចំណែក ក្នុងចំណោមបងប្អូនរបស់ឪពុកពួកនាង អោយពួកនាង គឺចំណែកមត៌ករបស់ឪពុកពួកនាង នឹងត្រូវបានទៅលើពួកនាង។ 8 អ្នកត្រូវប្រាប់កូនចៅ អ៊ីស្រាអែលដូចតទៅ: “ប្រសិនបើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូនប្រុសទេ ចូរប្រគល់កេរមត៌ករបស់អ្នកនោះទៅអោយកូនស្រីរបស់គាត់។ 9 ប្រសិនបើគាត់គ្មានកូនស្រីទេ ត្រូវប្រគល់កេរមត៌កទៅអោយបងប្អូនរបស់គាត់។ 10 ប្រសិនបើគាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កទៅអោយបងប្អូនឪពុកគាត់។ 11 ប្រសិនបើឪពុករបស់ គាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កនោះទៅអោយសាច់ញាតិណាម្នាក់ ដែលជិតជាងគេ ក្នុងអំបូររបស់គាត់ គឺអ្នកនោះហើយដែលត្រូវទទួលមត៌កនេះ”»។ ជនជាតិអ៊ីស្រាអែលត្រូវអនុវត្តតាមគោលការណ៍នេះទុកជាច្បាប់ ស្របនឹងព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
លោកយ៉ូស៊ូអាទទួលមុខងារជំនួសលោកម៉ូសេ
12 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងទៅលើភ្នំអាបារីម ហើយសម្លឹងមើលស្រុកដែលយើងប្រគល់អោយជនជាតិអ៊ីស្រាអែល។ 13 អ្នកមើលឃើញស្រុកនេះ ប៉ុន្តែ អ្នកត្រូវទទួលមរណភាព ទៅជួបជុំនឹងសាច់ញាតិរបស់អ្នកវិញ ដូចអរ៉ុនជាបងរបស់អ្នកដែរ 14 ព្រោះអ្នកទាំងពីរ បានប្រឆាំងនឹងបញ្ជារបស់យើង ក្នុងពេលដែលសហគមន៍នាំគ្នាបះបោរនៅវាលរហោស្ថានស៊ីន គឺអ្នករាល់គ្នាពុំបានសំដែងអោយពួកគេឃើញភាពវិសុទ្ធរបស់យើង នៅពេលប្រជាជនបះបោរអំពីរឿងទឹកឡើយ»។ ប្រជាជនបានបះបោរអំពីរឿងទឹកនេះនៅកាដែស ក្នុងវាលរហោស្ថានស៊ីន។
16 លោកម៉ូសេទូលព្រះអម្ចាស់ថា៖ 16 «សូមព្រះអម្ចាស់ ជាព្រះនៃខ្យល់ដង្ហើមរបស់សត្វលោកទាំងអស់ មេត្តាតែងតាំងមនុស្សម្នាក់អោយដឹកនាំសហគមន៍អ៊ីស្រាអែលផង។ 17 អ្នកនោះនឹងនាំមុខប្រជាជនចេញទៅច្បាំង ហើយនាំពួកគេត្រឡប់មកវិញ ដើម្បីកុំអោយសហគមន៍របស់ព្រះអម្ចាស់ប្រៀបបាននឹងហ្វូងចៀម ដែលគ្មានគង្វាលនោះឡើយ»។
18 ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំយ៉ូស៊ូអា ជាកូនរបស់នូន ជាមនុស្សដែលមានព្រះវិញ្ញាណគង់ជាមួយមក ហើយដាក់ដៃលើគាត់។ 19 ចូរនាំគាត់ទៅឈរនៅមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល ហើយប្រកាសតែងតាំងគាត់ នៅចំពោះមុខពួកគេ។ 20 ចូរផ្ទេរអំណាចរបស់អ្នកមួយចំណែកដល់គាត់ អោយសហគមន៍អ៊ីស្រាអែលទាំងមូលដឹងឮផង។ 21 យ៉ូស៊ូអាត្រូវឈរនៅមុខបូជាចារ្យអេឡាសារ ហើយពេលនោះ អេឡាសារត្រូវសួរអ៊ូរីម* ដើម្បីដឹងពីការសំរេចរបស់ព្រះអម្ចាស់។ បន្ទាប់មក យ៉ូស៊ូអា និងសហគមន៍អ៊ីស្រាអែលទាំងមូល ចេញទៅច្បាំង ឬត្រឡប់មកវិញ តាមបញ្ជារបស់អេឡាសារ»។ 22 លោកម៉ូសេធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ លោកនាំលោកយ៉ូស៊ូអាមកឈរនៅចំពោះមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល។ 23 លោកដាក់ដៃលើលោកយ៉ូស៊ូអា ដើម្បីប្រគល់តំណែងអោយ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។