ជំពូក ១៤
ប្រជាជនបដិសេធចូលទៅក្នុងស្រុកកាណាន
1 សហគមន៍អ៊ីស្រាអែលទាំងមូលស្រែកឡើងយ៉ាងខ្លាំង ហើយប្រជាជននាំគ្នាយំពេញមួយយប់នោះ។ 2 ប្រជាជនអ៊ីស្រាអែលទាំង មូលនាំគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអរ៉ុន។ សហគមន៍ទាំងមូលពោលមកកាន់លោកទាំងពីរថា៖ «បើទុកអោយពួកយើងស្លាប់នៅស្រុកអេស៊ីបនោះ ប្រសើរជាងស្លាប់នៅវាលរហោស្ថាននេះ!។ 3 ហេតុអ្វីបានជាព្រះអម្ចាស់ នាំពួកយើងចូលទៅក្នុងស្រុកនោះ ដើម្បីអោយពួកយើងស្លាប់ដោយមុខដាវដូច្នេះ? ប្រពន្ធ និងកូនតូចៗរបស់យើង មុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេមិនខាន។ ហេតុនេះ គួរតែពួកយើងវិលត្រឡប់ទៅស្រុកអេស៊ីបវិញ ប្រសើរជាង»។ 4 ពួកគេនិយាយគ្នាថា៖ «ចូរយើងជ្រើសរើសមេដឹកនាំមួយរូប ហើយនាំគ្នាវិលត្រឡប់ទៅស្រុកអេស៊ីបវិញ»។
5 លោកម៉ូសេ និងលោកអរ៉ុន ក្រាបចុះឱនមុខដល់ដី នៅចំពោះមុខសហគមន៍អ៊ីស្រាអែល។ 6 ក្នុងចំណោមអស់អ្នកដែល បានទៅសង្កេតមើលស្រុក លោកយ៉ូស៊ូអា ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេ នាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន 7 ហើយពោលទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកមួយដ៏ល្អបំផុត។ 8 ប្រសិនបើព្រះអម្ចាស់ គាប់ព្រះហឫទ័យនឹងពួកយើង ព្រះអង្គមុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកអោយពួកយើងជាពុំខាន។ 9 សូមបងប្អូនកុំបះបោរ ប្រឆាំងនឹងព្រះអង្គ ឬភ័យខ្លាចអ្នកស្រុកនោះឡើយ ដ្បិតពួកគេនឹងធ្លាក់មកក្នុងកណ្ដាប់ដៃរបស់យើង គ្មានព្រះណាការពារពួកគេបានទេ។ ព្រះអម្ចាស់គង់ជាមួយពួកយើងហើយ កុំខ្លាចពួកគេធ្វើអ្វី!»។
10 ពេលនោះ សហគមន៍ទាំងមូលគិតគ្នាបម្រុងយកដុំថ្មគប់សម្លាប់ពួកលោក ប៉ុន្តែ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅលើពន្លាជួបព្រះអង្គ អោយជនជាតិអ៊ីស្រាអែលទាំងអស់ឃើញ។
លោកម៉ូសេទូលសូមព្រះអម្ចាស់លើកលែងទោសអោយប្រជាជន
11 ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើប្រជាជននេះនៅតែមើលងាយយើងដល់កាលណា? យើងបានសំដែងទីសំគាល់ដ៏អស្ចារ្យជាច្រើនក្នុងចំណោមពួកគេ តើពួកគេនៅតែមិនព្រមជឿលើយើងដល់កាលណាទៀត?។ 12 យើងនឹងប្រហារពួកគេ ដោយជំងឺអាសន្នរោគ ហើយលុបបំបាត់ពួកគេ។ យើងនឹងធ្វើអោយអ្នកទៅជាប្រជាជាតិមួយធំជាង និងមានកម្លាំងជាងពួកនេះ»។ 13 លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ជនជាតិអេស៊ីបដឹងថា ព្រះអង្គបាននាំប្រជាជននេះចាកចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ 14 ពួកគេនាំដំណឹងនេះទៅប្រាប់អ្នកស្រុកកាណាន។ អ្នកស្រុកនោះធ្លាប់ឮថា ព្រះអង្គដែលជាព្រះអម្ចាស់ គង់នៅជាមួយប្រជាជននេះ។ ព្រះអម្ចាស់បង្ហាញអោយពួកគេឃើញព្រះអង្គ ផ្ទាល់នឹងភ្នែក។ ពពក*របស់ព្រះអង្គស្ថិតនៅពីលើពួកគេ ព្រះអង្គយាងពីមុខពួកគេក្នុងដុំពពកនៅពេលថ្ងៃ ក្នុងដុំភ្លើងនៅពេលយប់។ 15 ប្រសិនបើព្រះអង្គប្រហារប្រជាជននេះអោយវិនាសទាំងស្រុង ដូច្នេះ ប្រជាជាតិដែលធ្លាប់ឮល្បីអំពីព្រះអង្គនឹងពោលថា: 16 ព្រះអម្ចាស់ មិនអាចនាំប្រជាជននេះចូលទៅក្នុងទឹកដី ដែលព្រះអង្គបានសន្យាប្រទានអោយពួកគេឡើយ ហេតុនេះហើយបានជាព្រះអង្គប្រល័យជីវិតពួកគេ នៅក្នុងវាលរហោស្ថាន។ 17 ឥឡូវនេះ សូមព្រះអម្ចាស់សំដែងឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតរបស់ព្រះអង្គ ដូចទ្រង់ធ្លាប់ប្រកាសថា 18 “ព្រះអម្ចាស់ មានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញដោយព្រះហឫទ័យមេត្តាករុណា។ ព្រះអង្គលើកលែងទោស និងកំហុស ប៉ុន្តែ ព្រះអង្គមិនចាត់ទុកអ្នកដែលមានកំហុសថាជាជនស្លូតត្រង់ឡើយ។ ពេលឪពុកធ្វើខុស ព្រះអង្គដាក់ទោសគេ រហូតដល់កូនចៅបីបួនតំណ”។ 19 សូមមេត្តាអត់ទោសអោយ ប្រជាជននេះ តាមព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ ដូចព្រះអង្គតែងតែអត់ទោសអោយពួកគេ ចាប់តាំងពីស្រុកអេស៊ីបរហូតមកដល់ទីនេះ»។
20 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងសុខចិត្តអត់ទោសអោយពួកគេ តាមពាក្យរបស់អ្នក! 21 ក៏ប៉ុន្តែ យើងសុំប្រកាសក្នុងនាមយើង ជាព្រះដែលមានព្រះជន្មគង់នៅ ហើយមានសិរីរុងរឿងពាសពេញលើផែនដីទាំងមូលថា: 22 អ្នកទាំងនេះបានឃើញ សិរីរុងរឿងរបស់យើង ព្រមទាំងឃើញទីសំគាល់ដ៏អស្ចារ្យដែលយើងធ្វើនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន តែពួកគេបានល្បងលយើងដល់ទៅដប់ដង ដោយមិនព្រមស្ដាប់បង្គាប់យើង។ 23 ហេតុនេះ ពួកគេនឹងមិនឃើញស្រុកដែលយើងបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានអោយពួកគេនោះឡើយ។ អស់អ្នកដែលមើលងាយយើងនឹងមិនឃើញស្រុកនោះជាដាច់ខាត។ 24 រីឯកាលែបជាអ្នកបំរើ របស់យើងវិញ ដោយគេមានចិត្តផ្សេងពីអ្នកដទៃ ហើយដើរតាមមាគ៌ារបស់យើងទាំងស្រុង នោះយើងនឹងអោយគេចូលទៅក្នុងស្រុក ដែលគេបានទៅសង្កេតមើល ពូជពង្សរបស់គេនឹងកាន់កាប់ទឹកដីនោះ។ 25 ជនជាតិអាម៉ាឡេក និងជនជាតិកាណានរស់នៅតាមវាលទំនាប។ ដូច្នេះ ស្អែកអ្នករាល់គ្នាត្រូវបកក្រោយ វិលត្រឡប់ទៅវាលរហោស្ថានឆ្ពោះទៅកាន់សមុទ្រកក់វិញ»។
26 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនដូចតទៅ៖ 27 «តើសហគមន៍ដ៏អាក្រក់ នេះនៅតែរអ៊ូរទាំប្រឆាំងនឹងយើងដល់កាលណាទៀត? យើងបានឮពាក្យដែលកូនចៅអ៊ីស្រាអែលរអ៊ូរទាំប្រឆាំងនឹងយើងហើយ។ 28 ចូរប្រាប់ពួកគេថា: យើងជាព្រះដ៏មានព្រះជន្មគង់នៅ! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា តាមពាក្យដែលយើងបានឮអ្នករាល់គ្នានិយាយ។ 29 អ្នករាល់គ្នានឹង ស្លាប់ចោលឆ្អឹងក្នុងវាលរហោស្ថាននេះ គឺអ្នកទាំងអស់គ្នាដែលគេបានជំរឿន មានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ ហើយបានរអ៊ូរទាំប្រឆាំងនឹងយើង។ 30 អ្នករាល់គ្នានឹងមិន ចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ អោយអ្នករាល់គ្នាទៅរស់នៅនោះឡើយ លើកលែងតែកាលែបជាកូនរបស់យេភូនេ និងយ៉ូស៊ូអា ជាកូនរបស់នូន។ 31 រីឯកូនរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថាគេនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងនោះ យើងនឹងនាំពួកគេចូលទៅក្នុងស្រុក ហើយពួកគេនឹងស្គាល់ស្រុក ដែលអ្នករាល់គ្នាមិនព្រមទទួលយក។ 32 ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាននេះ។ 33 កូនចៅរបស់អ្នករាល់ គ្នានឹងក្លាយទៅជាជនពនេចរ នៅក្នុងវាលរហោស្ថាននេះអស់រយៈពេលសែសិបឆ្នាំ ហើយពួកគេត្រូវរងនូវអំពើផិតក្បត់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាស្លាប់ចោលឆ្អឹងនៅក្នុងវាលរហោស្ថាន។ 34 អ្នករាល់គ្នាបានទៅ សង្កេតមើលស្រុក អស់រយៈពេលសែសិបថ្ងៃ ដូច្នេះ អ្នករាល់គ្នាត្រូវរងនូវកំហុសរបស់ខ្លួនចំនួនសែសិបឆ្នាំដែរ គឺមួយឆ្នាំសំរាប់មួយថ្ងៃ។ ពេលនោះ អ្នករាល់គ្នាមុខជាដឹងថា ពេលយើងប្រឆាំងនឹងអ្នករាល់គ្នា តើកើតមានផលវិបាកយ៉ាងណា។ ៣៥ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងនឹងប្រព្រឹត្តយ៉ាងនោះ ចំពោះសហគមន៍ដ៏អាក្រក់ដែលលើកគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេនឹងស្លាប់បាត់បង់ជីវិតទាំងអស់គ្នាក្នុងវាលរហោស្ថាននេះ»។
36 អស់ អ្នកដែលលោកម៉ូសេបានចាត់អោយទៅសង្កេតមើលស្រុក ហើយត្រឡប់មកវិញ បាននិយាយបង្ខូចស្រុកធ្វើអោយសហគមន៍ទាំងមូលរអ៊ូរទាំប្រឆាំងនឹងលោក 37 គឺពួកគេបានរាយការណ៍បង្ខូចស្រុកនោះ។ ហេតុនេះ ពួកគេត្រូវស្លាប់ដោយគ្រោះកាចមួយ នៅចំពោះព្រះភក្ត្ររបស់ព្រះអម្ចាស់។ 38 ក្នុងចំណោមអស់អ្នក ដែលបានទៅសង្កេតមើលស្រុក មានតែលោកយ៉ូស៊ូអា ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេប៉ុណ្ណោះ ដែលរួចជីវិត។
39 លោកម៉ូសេ បាននាំព្រះបន្ទូលទាំងនេះទៅប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ ធ្វើអោយប្រជាជនព្រួយចិត្តយ៉ាងខ្លាំង។ 40 ពួកគេក្រោកពីព្រលឹម ហើយនាំគ្នាឡើងទៅលើកំពូលភ្នំ ទាំងពោលថា៖ «មក៍! ពួកយើងឡើងទៅកន្លែងដែលព្រះអម្ចាស់មានព្រះបន្ទូល ដ្បិតពួកយើងបានប្រព្រឹត្តអំពើបាប»។ 41 លោកម៉ូសេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ព្រះអម្ចាស់ដូច្នេះ? អ្នករាល់គ្នានឹងពុំសំរេចតាមបំណងឡើយ។ 42 កុំឡើងទៅធ្វើអ្វី! ព្រះអម្ចាស់មិនគង់នៅជាមួយអ្នករាល់គ្នាទេ។ កុំទុកអោយខ្មាំងសត្រូវប្រហារអ្នករាល់គ្នាឡើយ។ 43 ជនជាតិអាម៉ាឡេក និងជនជាតិកាណានស្ថិតនៅខាងមុខអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ ព្រះអម្ចាស់មិនគង់នៅជាមួយអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាបានងាកចិត្តចេញពីព្រះអង្គ»។ 44 ប្រជាជនតាំងចិត្តមានះឡើងទៅលើកំពូលភ្នំ តែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ និងលោកម៉ូសេពុំបានចាកចេញពីក្នុងជំរំទេ។ 45 ពេលនោះ ជនជាតិអាម៉ាឡេក និងជនជាតិកាណាន ដែលរស់នៅលើភ្នំ នាំគ្នាចុះមក ហើយវាយប្រហារពួកគេ ព្រមទាំងដេញតាមកំទេចពួកគេ រហូតដល់ហ៊រម៉ា។