ជំពូក ២៥
ជនជាតិអ៊ីស្រាអែលនាំគ្នា ថ្វាយបង្គំព្រះក្លែងក្លាយនៅវាលទំនាបស្រុកម៉ូអាប់
1 ជនជាតិអ៊ីស្រាអែលបោះជំរំនៅស៊ីទីម ហើយនៅទីនោះ ប្រជាជននាំគ្នាប្រព្រឹត្តអំពើថោកទាបជាមួយស្ត្រីសាសន៍ម៉ូអាប់។ 2 ស្ត្រីទាំងនោះបបួល ប្រជាជនអោយទៅចូលរួមក្នុងពិធីថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។ បន្ទាប់មក ពួកគេនាំគ្នាជប់លៀង ហើយថ្វាយបង្គំព្រះទាំងនោះ។ 3 ប្រជាជនអ៊ីស្រាអែលនាំគ្នាជំពាក់ចិត្តនឹងព្រះបាលពេអ៊រ ជាហេតុបណ្ដាលអោយព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងពួកគេ។
4 ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាប់ពួកមេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជនមក ហើយព្យួរកពួកគេហាលថ្ងៃនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដើម្បីពង្វាងព្រះពិរោធរបស់ព្រះអម្ចាស់ចេញពីជនជាតិអ៊ីស្រាអែល»។ 5 លោកម៉ូសេមានប្រសាសន៍ ទៅកាន់ពួកចៅក្រមនៃជនអ៊ីស្រាអែលថា៖ «ចូរប្រហារជីវិតពួកអ្នកដែលជំពាក់ចិត្តនឹងព្រះបាលពេអ៊រទៅ!»។
6 ពេលនោះ មានបុរសម្នាក់ជាជាតិអ៊ីស្រាអែលបាននាំស្ត្រីសាសន៍ម៉ាឌីយ៉ានម្នាក់ ចូលមកក្នុងចំណោមបងប្អូនរបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខសហគមន៍អ៊ីស្រាអែលទាំងមូល ក្នុងពេលពួកគេកំពុងតែយំសោកនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 7 ឃើញដូច្នេះ លោកភីនេអាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់លោកបូជាចារ្យអរ៉ុន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។ 8 គាត់តាមបុរសនោះរហូត ដល់ក្នុងពន្លារបស់គេ ហើយចាក់ទម្លុះអ្នកទាំងពីរនាក់ គឺបុរសអ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រាអែល ក៏ស្ងប់ទៅវិញ។ 9 គ្រោះកាចនេះបណ្ដាលអោយមនុស្សស្លាប់ទាំងអស់ពីរម៉ឺនបួនពាន់នាក់។
10 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 11 «ភីនេអាស ជាកូនរបស់អេឡាសារ ដែលជាកូនរបស់បូជាចារ្យអរ៉ុន បានសំដែងចិត្តឈឺចាប់ជំនួសយើង នៅពេលឃើញអ៊ីស្រាអែលក្បត់ចិត្តយើង។ ទោះបីយើងឈឺចាប់ក្នុងចិត្ត ដោយអ៊ីស្រាអែលក្បត់ចិត្តយើងក្ដី ក៏យើងពុំបានប្រល័យពួកគេអោយវិនាសសូន្យដែរ ព្រោះភីនេអាសបានពង្វាងកំហឹងរបស់យើងចេញពីពួកគេ។ 12 ហេតុនេះ ចូរប្រាប់ភីនេអាសថាយើងនឹងចងសម្ពន្ធមេត្រីជាមួយគេ គឺសម្ពន្ធមេត្រីដែលផ្ដល់សន្តិភាព។ 13 តាមរយៈសម្ពន្ធមេត្រី នេះ យើងតែងតាំងភីនេអាស និងពូជពង្សរបស់គេ អោយបំពេញមុខងារជាបូជាចារ្យរហូតតទៅ ព្រោះភីនេអាសមានចិត្តឈឺចាប់ជំនួសព្រះរបស់ខ្លួន ហើយបានធ្វើអោយជនជាតិអ៊ីស្រាអែលរួចពីបាបផង»។
14 បុរស អ៊ីស្រាអែល ដែលលោកភីនេអាសបានប្រហារជីវិតរួមជាមួយស្ត្រីសាសន៍ម៉ាឌីយ៉ាននោះ ឈ្មោះស៊ីមរី ជាកូនរបស់លោកសាលូ និងជាមេដឹកនាំរបស់អំបូរមួយនៃកុលសម្ព័ន្ធស៊ីម៉ូន។ 15 រីឯស្ត្រីសាសន៍ ម៉ាឌីយ៉ាន ដែលត្រូវលោកភីនេអាសសម្លាប់នោះ ឈ្មោះនាងកូសប៊ី ជាកូនរបស់លោកសួរ ដែលជាមេកន្ទ្រាញនៃអំបូរមួយរបស់ជនជាតិម៉ាឌីយ៉ាន។
16 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 17 «ចូរចាត់ទុកជនជាតិម៉ាឌីយ៉ានជាបច្ចាមិត្ត ហើយវាយប្រហារពួកគេទៅ 18 ដ្បិតពួកគេតាំង ខ្លួនជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយនាំអ្នករាល់គ្នាអោយវង្វេង ក្នុងព្រឹត្តិការណ៍ដែលកើតមាននៅពេអ៊រ និងរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំម៉ាឌីយ៉ាន ដែលបានស្លាប់ក្នុងគ្រោះកាចនៅពេអ៊រនោះ»។