ជំពូក ៣៣

កន្លែង​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​បោះ​ជំរំ ចាប់​ពី​ស្រុក​អេស៊ីប​រហូត​ដល់​វាល​ទំនាប​ស្រុក​ម៉ូអាប់

1 កាល​ជន​ជាតិ​អ៊ីស្រាអែល​ ចាក​ចេញ​ពី​ស្រុក​អេស៊ីប តាម​របៀប​រៀប​រយ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​លោក​អរ៉ុន ពួក​គេ​បាន​ឈប់​តាម​ដំណាក់​ផ្សេងៗ។ 2 លោក​ម៉ូសេ​បាន​កត់ត្រា​ទុក​ពី​ដំណាក់​មួយ​ទៅ​ដំណាក់​មួយ ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​ព្រះបញ្ជា​របស់​ព្រះអម្ចាស់។ ពួក​គេ​ឆ្លង​កាត់​ដំណាក់​ដូច​ត​ទៅ:

3 ពួក​គេ​ បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាមសែស នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ខែ​ទី​មួយ។ ក្រោយ​ពិធី​បុណ្យ​ចម្លង*​មួយ​ថ្ងៃ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​មាន​សេរីភាព នៅ​ចំពោះ​មុខ​ជន​ជាតិ​អេស៊ីប​ទាំង​អស់។ ពេល​នោះ ជន​ជាតិ​អេស៊ីប​បញ្ចុះ​សព​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ដែល​ព្រះអម្ចាស់​ប្រហារ។ ធ្វើ​ដូច្នេះ ព្រះអម្ចាស់ ​បាន​វិនិច្ឆ័យ​ទោស​ព្រះ​ទាំងឡាយ​របស់​ជន​ជាតិ​អេស៊ីប។

5 ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​រ៉ាមសែស​មក​បោះ​ជំរំ​នៅ​ស៊ូកូត។ 6 ពួក​គេ​ចាក​ចេញ​ពី​ស៊ូកូត មក​បោះ​ជំរំ​នៅ​អេតាំ ដែល​ស្ថិត​នៅ​ជាយ​វាល​រហោស្ថាន។ ៧ ពួក​គេ​ចាក​ចេញ​ពី​អេតាំ វាង​ទៅ​ពីហាហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​បាលសេផុន ហើយ​បោះ​ជំរំ​នៅ​ក្បែរ​មីគដូល។ 8 ពួក​គេ​ចាក​ចេញ​ពី​ ពីហាហ៊ីរ៉ុត ឆ្លង​កាត់​បាត​សមុទ្រ ឆ្ពោះ​ទៅ​កាន់​វាល​រហោស្ថាន ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោស្ថាន​អេតាំ មក​បោះ​ជំរំ​នៅ​ម៉ារ៉ា។ 9 ពួក​គេ​ចាក​ចេញ​ពី​ម៉ារ៉ា​មក​ដល់​អេលីម នៅ​អេលីម​នេះ​មាន​ប្រភព​ទឹក​ចំនួន​ដប់ពីរ និង​លម៉ើ​ចិតសិប​ដើម ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។ 10 ពួក​គេ​ចាក​ចេញ​ពី​អេលីម ទៅ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ​កក់។ 11 ពួក​គេ​ចាក​ចេញ​ពី​សមុទ្រ​កក់ មក​បោះ​ជំរំ​នៅ​វាល​រហោស្ថាន​ស៊ីន។ 12 ពួក​គេ​ចាក​ចេញ​ពី​វាល​រហោស្ថាន​ស៊ីន មក​បោះ​ជំរំ​នៅ​ដូបកា។ 13 ពួក​គេ​ចាក​ចេញ​ពី​ដូបកា មក​បោះ​ជំរំ​នៅ​អាលូស។ 14 ពួក​គេ​ចាក​ចេញ​ពី​អាលូស មក​បោះ​ជំរំ​នៅ​រេភីឌីម។ នៅ​កន្លែង​នោះ ប្រជាជន​រក​ទឹក​ផឹក​ពុំ​បាន​ទេ។ 15 ពួក​គេ​ចាក​ចេញ​ពី​រេភីឌីម មក​បោះ​ជំរំ​នៅ​វាល​រហោស្ថាន​ស៊ីណៃ។

16 ពួក​គេ​ចាក​ចេញ​ពី​វាល​រហោស្ថាន​ស៊ីណៃ មក​បោះ​ជំរំ​នៅ​គីប្រូត-ហាត់តាវ៉ា។ 17 ពួក​គេ​ចាក​ចេញ​ពី​គីប្រូត-ហាត់តាវ៉ា មក​បោះ​ជំរំ​នៅ​ហាសេរ៉ូត។ 18 ពួក​គេ​ចាក​ចេញ​ពី​ហាសេរ៉ូត មក​បោះ​ជំរំ​នៅ​រីតម៉ា។ 19 ពួក​គេ​ចាក​ចេញ​ពី​រីតម៉ា មក​បោះ​ជំរំ​នៅ​រីម៉ូន-ពេរេស។ 20 ពួក​គេ​ចាក​ចេញ​ពី​រីម៉ូន-ពេរេស មក​បោះ​ជំរំ​នៅ​លីបណា។ 21 ពួក​គេ​ចាក​ចេញ​ពី​លីបណា មក​បោះ​ជំរំ​នៅ​រីស្សា។ 22 ពួក​គេ​ចាក​ចេញ​ពី​រីស្សា មក​បោះ​ជំរំ​នៅ​គើហេឡាតា។ 23 ពួក​គេ​ចាក​ចេញ​ពីគើហេឡាតា មក​បោះ​ជំរំ​នៅ​ភ្នំ​សេភែរ។ 24 ពួក​គេ​ចាក​ចេញ​ពី​ភ្នំ​សាភែរ មក​បោះ​ជំរំ​នៅ​ហារ៉ាដា។ 25 ពួក​គេ​ចាក​ចេញ​ពី​ហារ៉ាដា មក​បោះ​ជំរំ​នៅ​ម៉ាគេឡូត។ 26 ពួក​គេ​ចាក​ចេញ​ពី​ម៉ាគេឡូត មក​បោះ​ជំរំ​នៅ​តាហាត់។ 27 ពួក​គេ​ចាក​ចេញ​ពី​តាហាត់ មក​បោះ​ជំរំ​នៅ​តារ៉ា។ 28 ពួក​គេ​ចាក​ចេញ​ពី​តារ៉ា មក​បោះ​ជំរំ​នៅ​មីតកា។ 29 ពួក​គេ​ចាក​ចេញ​ពី​មីតកា មក​បោះ​ជំរំ​នៅ​ហាសម៉ូណា។ 30 ពួក​គេ​ចាក​ចេញ​ពី​ហាសម៉ូណា មក​បោះ​ជំរំ​នៅ​ម៉ូសេរ៉ូត។

31 ពួក​គេ​ចាក​ចេញ​ពី​ម៉ូសេរ៉ូត មក​បោះ​ជំរំ​នៅ​បេនេ-យ៉ាកាន។ 32 ពួក​គេ​ចាក​ចេញ​ពី​បេនេ-យ៉ាកាន មក​បោះ​ជំរំ​នៅ​ហ៊គីដកាដ។ 33 ពួក​គេ​ចាក​ចេញ​ពី​ហ៊រគីដកាដ មក​បោះ​ជំរំ​នៅ​យ៉ូតបាតា។ 34​ ពួក​គេ​ចាក​ចេញ​ពី​យ៉ូតបាតា មក​បោះ​ជំរំ​នៅ​អាប្រូណា។ 35 ​ពួក​​គេ​ចាក​ចេញ​ពី​អាប្រូណា មក​បោះ​ជំរំ​នៅ​អេស៊ីយ៉ូន-កេប៊ែរ។ 36 ​ពួក​គេ​ចាក​ចេញ​ពី​អេស៊ីយ៉ូន-កេប៊ែរ មក​បោះ​ជំរំ​នៅ​វាល​រហោ​ស្ថាន​​ស៊ីន គឺ​នៅ​កាដែស។37 ពួក​គេ​ចាក​ចេញ​ពី​កាដែស មក​បោះ​ជំរំ​នៅ​ភ្នំ​ហ៊រ ដែល​នៅ​ជាយ​ដែន​ស្រុក​អេដុម។

38 លោក​បូជាចារ្យ​អរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហ៊រ តាម​បង្គាប់​របស់​ព្រះអម្ចាស់ ហើយ​លោក​ទទួល​មរណភាព​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែសិប ក្រោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។ 39 ពេល​លោក​អរ៉ុន​ទទួល​មរណភាព​នៅ​លើ​ភ្នំ​ហ៊រ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។

40 ស្ដេច​ក្រុង​អារ៉ាដ គឺ​ស្ដេច​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​តំបន់​​ណេកិប ក្នុង​ស្រុក​កាណាន បាន​ឮ​ដំណឹង​ថា​ជន​ជាតិ​អ៊ីស្រាអែល​មក​ដល់​តំបន់​នោះ។

41 ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ភ្នំ​ហ៊រ មក​បោះ​ជំរំ​នៅ​សាល់ម៉ូណា។ 42 ពួក​គេ​ចាក​ចេញ​ពី​សាល់ម៉ូណា មក​បោះ​ជំរំ​នៅ​ពូណូន។ 43 ពួក​គេ​ចាក​ចេញ​ពី​ពូណូន មក​បោះ​ជំរំ​នៅ​អូបូត។ 44 ពួក​គេ​ចាក​ចេញ​ពី​អូបូត មក​បោះ​ជំរំ​នៅ​អ៊ីយេ-អាបារីម ដែល​នៅ​ជាយ​ដែន​ស្រុក​ម៉ូអាប់។

45 ពួក​គេ​ចាក​ចេញ​ពី​អ៊ីយេ-អាបារីម មក​បោះ​ជំរំ​នៅ​ឌីបូន-កាដ។ 46 ពួក​គេ​ចាក​ចេញ​ពី​ឌីបូន-កាដ មក​បោះ​ជំរំ​នៅ​អាល់ម៉ូន-ឌីបឡាតាអ៊ីម។ 47 ពួក​គេ​ចាក​ចេញ​ពីអាល់ម៉ូន-ឌីបឡាតាអ៊ីម មក​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបារីម ទល់​មុខ​នឹង​ក្រុង​នេបូ។ 48 ពួក​គេ​ចាក​ចេញ​ពី​តំបន់​ភ្នំ​អាបារីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។ 49 ពួក​គេ​បោះ​ជំរំ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​ពី​បេត-ហាយេស៊ីម៉ូត រហូត​ដល់​អេបិល-ស៊ីទីម នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់។

50 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​ក្រុង​យេរីខូ 51 ដូច​ត​ទៅ៖ «ចូរ​ប្រាប់​ប្រជាជន​អ៊ីស្រាអែល​ថា: នៅ​ពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន 52 ចូរ​បណ្ដេញ​ប្រជាជន​ដែល ​រស់​នៅ​ក្នុង​ស្រុក​នោះ​អោយ​អស់​ពី​ស្រុក ហើយ​បំផ្លាញ​រូប​ព្រះ​របស់​ពួក​គេ​ដែល​ធ្វើ​ពី​ថ្ម និង​រូប​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កំទេច​ទីសក្ការៈ​របស់​ពួក​គេ នៅ​តាម​ទួល​ខ្ពស់ៗ​ផង។ 53 ចូរ​នាំ​គ្នា​ចាប់​យក​ស្រុក រួច​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ ដ្បិត​យើង​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា ទុក​ជា​កម្មសិទ្ធិ​ហើយ។ 54 ត្រូវ​បែង​ចែក​ទឹក​ដី​ ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត តាម​អំបូរ​របស់​អ្នក​រាល់​គ្នា។ អំបូរ​ណា​មាន​គ្នា​ច្រើន ត្រូវ​អោយ​ចំណែក​មត៌ក​ច្រើន អំបូរ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​មត៌ក​អោយ​តិច។ ម្នាក់ៗ​នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន ដោយ​ចាប់​ឆ្នោត ហើយ​អ្នក​រាល់​គ្នា​ទទួល​ទឹក​ដី​តាម​ឈ្មោះ​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​ គ្នា។ 55 ប្រសិន​បើ​អ្នក​រាល់​ គ្នា​ មិន​បណ្ដេញ​ប្រជាជន​នៅ​ក្នុង​ស្រុក​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទេ ពួក​​​គេ​នឹង​ប្រៀប​ដូច​ជា​កំទេច​ឈើ​នៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា ឬ​ដូច​ម្ជុល​ជាប់​នៅ​ក្នុង​ឆ្អឹង​ជំនីរ​របស់​អ្នក​រាល់​គ្នា គឺ​ពួក​គេ​នឹង​ធ្វើ​ជា​បច្ចាមិត្ត​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។ 56 ចូរ​ប្រយ័ត្ន​ក្រែង​លោ​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា ដូច​យើង​បាន​សំរេច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដែរ»។