ជំពូក ៦

វិន័យ​ស្ដី​អំពី​ពួក​ណាសៀរ*

1 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2 «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស ឬ​ស្ត្រី​ណា​ម្នាក់​សំរេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសៀរ*​ថ្វាយ​ព្រះអម្ចាស់ 3 អ្នក​នោះ​ត្រូវ​តម​សុរា និង​គ្រឿង​ស្រវឹង មិន​ត្រូវ​បរិភោគ​ទឹក​ខ្មេះ​ធ្វើ​អំពី​ស្រា​ទំពាំងបាយជូរ ឬ​ទឹក​ខ្មេះ​ធ្វើ​ពី​គ្រឿង​ស្រវឹង​ផ្សេង​ទៀត ហើយ​ក៏​មិន​ត្រូវ​ផឹក​ទឹក​ទំពាំងបាយជូរ បរិភោគ​ផ្លែ​ទំពាំងបាយជូរ​ស្រស់ ឬ​ក្រៀម​ដែរ។ 4 ក្នុង​ពេល​ញែក​ខ្លួន​ជា​ អ្នក​ណាសៀរ គេ​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ជា​ផល​របស់​ដើម​ទំពាំង​បាយ​ជូរ​ឡើយ គឺ​សូម្បី​តែ​គ្រាប់ ឬ​សំបក​របស់​ផ្លែ​ទំពាំងបាយជូរ ក៏​មិន​ត្រូវ​ប៉ះពាល់​ជា​ដាច់​ខាត។ 5 ក្នុង​ពេល​គេ​ញែក​ខ្លួន​ជា​អ្នក​ណាសៀរ មិន​ត្រូវ​កាត់​សក់​ឡើយ។ ក្នុង​អំឡុង​ពេល​គេ​ញែក​ខ្លួន​ថ្វាយ​ព្រះអម្ចាស់ គេ​ជា​មនុស្ស​ដ៏វិសុទ្ធ គេ​ត្រូវ​ទុក​អោយ​សក់​ដុះ​វែង​រហូត​ទាល់​តែ​ផុត​ចំនួន​ថ្ងៃ ដែល​គេ​បាន​កំណត់​ទុក។ 6 ក្នុង​ពេល​គេ​ញែក​ខ្លួន​ថ្វាយ​ព្រះអម្ចាស់ គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាកសព​ឡើយ 7 សូម្បី​តែ​សព​ឪពុក​ម្ដាយ និង​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្លួន ក៏​មិន​ត្រូវ​ចូល​ទៅ​ជិត នាំ​អោយ​ខ្លួន​សៅហ្មង​ដែរ ដ្បិត​គេ​បាន​ញែក​ខ្លួន​ថ្វាយ​ព្រះអម្ចាស់ ដូច​មាន​សក់​របស់​គេ​ជា​សញ្ញា​សំគាល់​ស្រាប់។ 8 ក្នុង​អំឡុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសៀរនោះ គេ​ញែក​ខ្លួន​ជា​វិសុទ្ធ​ថ្វាយ​ព្រះអម្ចាស់។

9 ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​ក្បែរ​គាត់ ទោះ​បី​គាត់​ញែក​ខ្លួន​ថ្វាយ​ព្រះអម្ចាស់​ក្ដី ក៏​គាត់​ក្លាយ​ទៅ​ជា​សៅហ្មង​ដែរ។ ដូច្នេះ គាត់​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ជំរះ​ខ្លួន​អោយ​បរិសុទ្ធ គឺ​កោរ​សក់​នៅ​ថ្ងៃ​ទី​ប្រាំពីរ។ 10 នៅ​ថ្ងៃ​ទី​ប្រាំបី គាត់​ត្រូវ​យក​លលក​ពីរ និង​ព្រាប​ជំទើរ​ពីរ មក​ជូន​បូជាចារ្យ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ 11 បូជាចារ្យ​យក​សត្វ​មួយ​ ធ្វើ​យញ្ញបូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជាចារ្យ​ធ្វើ​ពិធី​ជំរះ​អ្នក​នោះ​អោយ​រួច​ពី​បាប ព្រោះ​តែ​បាន​ប៉ះពាល់​សាកសព។ ធ្វើ​ដូច្នេះ នៅ​ថ្ងៃ​នោះ អ្នក​ណាសៀរ​ញែក​ខ្លួន​ជា​សក្ការៈ​សា​ជា​ថ្មី។ 12 គាត់​ត្រូវ​ចាប់​ផ្ដើម​ញែក​ខ្លួន​ថ្វាយ​ព្រះអម្ចាស់ ដោយ​គិត​ពេល​វេលា​សា​ជា​ថ្មី គឺ​ថ្វាយ​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ជា​តង្វាយ​សុំ​លើកលែង​ទោស។ ពេល​វេលា​ពី​មុន​ត្រូវ​ចាត់​ទុក​ជា​អាសាបង់ ព្រោះ​គាត់​បាន​ក្លាយ​ទៅ​ជា​សៅហ្មង ក្នុង​អំឡុង​ដែល​គាត់​ញែក​ខ្លួន​ជា​អ្នក​ណាសៀរកាល​ពី​មុន​នោះ។

13 រីឯ​ វិន័យ​ស្ដី​អំពី​អ្នក​ណាសៀរ​​មាន​ដូច​ត​ទៅ: នៅ​ថ្ងៃ​គាត់​បញ្ចប់​ពេល​កំណត់​ដែល​ត្រូវ​ញែក​ខ្លួន​ជា​អ្នក​ណាសៀរហើយ គេ​នាំ​គាត់​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ 14 គាត់​ត្រូវ​យក​កូន​ចៀម​ល្អ​ឥត​ខ្ចោះ​មួយ​អាយុ​មួយ​ខួប មក​ថ្វាយ​ព្រះអម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល កូន​ចៀម​ញី​ល្អ​ឥត​ខ្ចោះ​មួយ​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​រំដោះ​បាប និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ មក​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ 15 គាត់​ក៏​ត្រូវ​យក​ល្អី​ មួយ​ដែល​មាន​ដាក់​នំបុ័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​លាប​ប្រេង​ពី​លើ ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំងបាយជូរ សំរាប់​ច្រួច​លើ​យញ្ញបូជា មក​ជា​មួយ​ផង។ 16 បូជាចារ្យ​យក​តង្វាយ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះអម្ចាស់ ព្រម​ទាំង​ថ្វាយ​យញ្ញបូជា​រំដោះ​បាប និង​តង្វាយ​ដុត​ទាំង​មូល។ 17 លោក​ថ្វាយ​ចៀម​ឈ្មោល​ទៅ​ព្រះអម្ចាស់ ជា​យញ្ញបូជា​មេត្រីភាព ថែម​ពី​លើ​ល្អី​នំបុ័ង​ឥត​មេ។ បូជាចារ្យ​ក៏​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ និង​ធ្វើ​ពិធី​ច្រួចស្រា​ទំពាំងបាយជូរ​ដែរ។ 18 ពេល​នោះ អ្នក​ណាសៀរ​ត្រូវ​កោរ​សក់​សក្ការៈ​របស់​ខ្លួន នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ រួច​យក​សក់​សក្ការៈ​របស់​ខ្លួន​ទៅ​ដុត​ក្នុង​ភ្លើង​អាសនៈ ដែល​គេ​ថ្វាយ​យញ្ញបូជា​មេត្រីភាព។ 19 បូជាចារ្យ​យក​សាច់​ចំឡក ​របស់​ចៀម​ឈ្មោល​ដែល​ដុត​ចំអិន​រួច​ហើយ ព្រម​ទាំង​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ និង​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​ពី​ក្នុង​ល្អី​នោះ មក​ដាក់​ក្នុង​ដៃ​អ្នក​ណាសៀរ ដែល​ទើប​នឹង​កោរ​សក់​សក្ការៈ។ 20 បូជាចារ្យ​ត្រូវ​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ តង្វាយ​ទាំង​នោះ​ត្រូវ​រាប់​ជា​សក្ការៈ ហើយ​ញែក​ជូន​បូជាចារ្យ​ថែម​ពី​លើ​សាច់​ទ្រូង និង​សាច់​ភ្លៅ។ បន្ទាប់​មក អ្នក​ណាសៀរ​អាច​បរិភោគ​ស្រា​ទំពាំងបាយជូរ​បាន។

21 នេះ​ជាវិន័យ​ស្ដី​អំពី​អ្នក​ដែល​សំរេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសៀរ ស្ដី​អំពី​តង្វាយ​ដែល​គេ​ត្រូវ​ថ្វាយ​ព្រះអម្ចាស់ ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសៀរ ប្រសិន​បើ​គេ​មាន​លទ្ធភាព​នោះ គេ​អាច​ថ្វាយ​តង្វាយ​ផ្សេង​ទៀត។ គេ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់ ស្រប​តាម​វិន័យ​សំរាប់​ពួក​ណាសៀរ»។

គំរូ​ពាក្យ​ជូន​ពរ

22 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 23 «ចូរ​ប្រាប់​អរ៉ុន និង​កូន​ចៅ​របស់​គាត់ អោយ​ជូន​ពរ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ:

24 “សូម​ព្រះអម្ចាស់​ប្រទាន​ពរ និង​ថែរក្សា​អ្នក។

25 សូម​ព្រះអម្ចាស់​ទត​មក​អ្នក

ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា

សូម​ព្រះអង្គ​ប្រណី​សន្ដោស​អ្នក។

26 សូម​ព្រះអម្ចាស់​សំដែង​ព្រះហឫទ័យ​សប្បុរស

ចំពោះ​អ្នក

និង​ប្រទាន​អោយ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត”។

27 ពេល​ពួក​បូជាចារ្យ​អោយ​ពរ ​ជន​ជាតិ​អ៊ីស្រាអែល​ក្នុង​នាម​យើង​ដូច្នេះ យើង​នឹង​អោយ​ពរ​ពួក​គេ»។