ជំពូក ១៧

ពាន​ដាក់​ភ្លើង​របស់​បក្ស​ពួក​លោក​កូរេ

1 (១៦.៣៦) ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2(៣៧) «ចូរ​ប្រាប់​អេឡាសារ ជា​កូន​របស់​លោក​បូជាចារ្យ​អរ៉ុន អោយ​យក​ពាន​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ទៅ​គោះ​ភ្លើង​ចោល​អោយ​ឆ្ងាយ ដ្បិត​ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ។ 3 (៣៨) ចូរ​យក​ពាន​របស់​អស់​ អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បាត់​បង់​ជីវិត​នោះ ទៅ​ដំ​ជា​បន្ទះ​លោហធាតុ​ស្រោប​អាសនៈ ទុក​ជា​ការ​ព្រមាន​ដល់​កូន​ចៅ​អ៊ីស្រាអែល។ ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ ព្រោះ​គេ​បាន​យក​មក​ថ្វាយ​ព្រះអម្ចាស់»។ 4 (៣៩) បូជាចារ្យ​អេឡាសារ​ក៏​យក​ពាន​លង្ហិន ដែល​អស់​អ្នក​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើង​យក​មក​ថ្វាយ​នោះ ទៅ​ដំ​ជា​បន្ទះ​ស្រោប​អាសនៈ 5(៤០) ទុក​ជា​ទី​រំលឹក​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ថា ក្រៅ​ពី​ពូជពង្ស​របស់​លោក​អរ៉ុន គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​អម្ចាស់​ទេ។ អ្នក​ណា​បំពាន អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដូច​លោក​កូរេ និង​បក្ស​ពួក​របស់​គាត់ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បង្គាប់​មក តាម​រយៈ​លោក​ម៉ូសេ។

ប្រជាជន​ទិតៀន​លោក​ម៉ូសេ និង​លោក​អរ៉ុន

6(៤១) នៅ​ថ្ងៃ​បន្ទាប់ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖ «លោក​ទាំង​ពីរ​បាន​ធ្វើ​អោយ​ប្រជាជន​របស់​ព្រះអម្ចាស់​បាត់​បង់​ជីវិត!»។ 7(៤២)​ សហគ​ម​ន៍​​​លើក​គ្នា​ ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អរ៉ុន ប៉ុន្តែ ពេល​ពួក​គេ​បែរ​មុខ​ទៅ​រក​ពន្លា​ជួប​ព្រះអម្ចាស់ នោះ​ស្រាប់​តែ​មាន​ពពក*​គ្រប​បាំង​ពន្លា ហើយ​សិរីរុងរឿង​របស់​ព្រះអម្ចាស់​ក៏​លេច​មក​ដែរ 8(៤៣) លោក​ម៉ូសេ និង​លោក​អរ៉ុន នាំ​គ្នា​ទៅ​ដល់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ 9(៤៤) ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 10(៤៥) «ចូរ​ដក​ខ្លួន​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កំទេច​ពួក​គេ​អោយ​វិនាស​សូន្យ​មួយ​រំពេច»។ លោក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

11(៤៦) លោក​ម៉ូសេ​មាន​ប្រសាសន៍ ​ទៅ​កាន់​លោក​អរ៉ុន​ថា៖ «សូម​បង​យក​ភ្លើង​ពី​អាសនៈ​ដាក់​ក្នុង​ពាន ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង រួច​ប្រញាប់​ទៅ​ជួប​សហគមន៍ ធ្វើ​ពិធី​រំដោះ​បាប​អោយ​ពួក​គេ​ទៅ ដ្បិត​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ ហើយ​គ្រោះ​កាច​ក៏​ចាប់​ផ្ដើម​កើត​មាន​ដែរ»។ 12(៤៧) លោក​អរ៉ុន​ក៏​យក​ពាន តាម​ពាក្យ​របស់​លោក​ម៉ូសេ រួច​លោក​រត់​ទៅ​ក្នុង​អង្គ​ប្រជុំ។ ពេល​នោះ គ្រោះ​កាច​ក៏​ចាប់​ផ្ដើម​កើត​មាន​ក្នុង​ចំណោម​ប្រជាជន។ លោក​ក៏​ថ្វាយ​គ្រឿង​ក្រអូប ធ្វើ​ពិធី​រំដោះ​បាប​អោយ​ប្រជាជន។ 12(៤៨) លោក​ឈរ​នៅ​ចន្លោះ​សាក​សព និង​អស់​អ្នក​ដែល​នៅ​រស់ ហើយ​គ្រោះ​កាច​ក៏​ឈប់។ 14(៤៩) មាន​ប្រជាជន​មួយ​ម៉ឺន​ បួន​ពាន់​ប្រាំពីរ​រយ​នាក់​ស្លាប់ ដោយ​សារ​គ្រោះ​កាច​នេះ ថែម​ពី​លើ​ចំនួន​អស់​អ្នក​ដែល​ស្លាប់​នៅ​ពេល​លោក​កូរេ​បះបោរ។ 15(៥០) លោក​អរ៉ុន​វិល​ទៅ​រក​លោក​ម៉ូសេ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​គ្រោះ​កាច​ក៏​ឈប់។

ដំបង​របស់​លោក​អរ៉ុន

16(១៧.១) ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 17(២) «ចូរ​បង្គាប់​ជន​ជាតិ​ អ៊ីស្រាអែល​អោយ​ប្រាប់​មេ​ដឹក​នាំ​កុល​សម្ព័ន្ធ​របស់​ពួក​គេ យក​ដំបង​ម្នាក់​មួយៗ​មក​អោយ​អ្នក គឺ​មាន​ដំបង​ទាំង​អស់​ដប់ពីរ តាម​ចំនួន​កុលសម្ព័ន្ធ​របស់​ពួក​គេ។ ត្រូវ​ចារ​ឈ្មោះ​កុលសម្ព័ន្ធ​របស់​ពួក​គេ​លើ​ដំបង​នោះ។ 18(៣) ចូរ​ចារ​ឈ្មោះ​អរ៉ុន​លើ​ដំបង​របស់​កុលសម្ព័ន្ធ​លេវី ដ្បិត​មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​នីមួយៗ​ត្រូវ​មាន​ដំបង​មួយ។ 19(៤) ចូរ​ដាក់​ដំបង​ទាំង​នោះ​នៅ​ពី​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ជា​កន្លែង​ដែល​យើង​មក​ជួប​អ្នក​រាល់​គ្នា។ 20(៥) ដំបង​របស់​អ្នក​ណា​ចេញ​ ផ្កា គឺ​អ្នក​នោះ​ហើយ​ដែល​យើង​បាន​ជ្រើស​រើស។ យើង​នឹង​បញ្ឈប់​ជន​ជាតិ​អ៊ីស្រាអែល លែង​អោយ​រអ៊ូរទាំ​ប្រឆាំង​អ្នក​ទាំង​ពីរ​នៅ​ចំពោះ​មុខ​យើង​ទៀត»។

21(៦) លោក​ម៉ូសេ ​នាំ​ព្រះបន្ទូល​នេះ​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ពួក​មេ​ដឹក​នាំ​ទាំង​អស់​ក៏​នាំ​គ្នា​យក​ដំបង​ម្នាក់​មួយៗ​មក​ជូន​លោក គឺ​មាន​ដំបង​ដប់ពីរ តាម​ចំនួន​កុលសម្ព័ន្ធ​របស់​ពួក​គេ។ ដំបង​របស់​លោក​អរ៉ុន​ស្ថិត​នៅ​កណ្ដាល​ដំបង​របស់​ពួក​គេ។ 22(៧) លោក​ម៉ូសេ​បាន​ដាក់​ដំបង​ទាំង​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ក្នុង​ពន្លា​នៃ​សន្ធិសញ្ញា។ 23(៨) នៅ​ថ្ងៃ​បន្ទាប់ ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពន្លា​នៃ​សន្ធិសញ្ញា លោក​ឃើញ​ដំបង​របស់​លោក​អរ៉ុន ដែល​ជា​តំណាង​កុលសម្ព័ន្ធ​លេវី មាន​ពន្លក ចេញ​ផ្កា ហើយ​មាន​ទាំង​ផ្លែ​ទៀត​ផង។​​ 24(៩) លោក​ម៉ូសេ​យក​ដំបង​ទាំង​នោះ​ចេញ​ពី​ព្រះភក្ត្រ​ព្រះអម្ចាស់ ទៅ​បង្ហាញ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ពួក​គេ​យក​ដំបង​របស់​ខ្លួន​វិញ។

25(១០) ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​ដំបង​របស់​អរ៉ុន​ទៅ​ដាក់​នៅ​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា រក្សា​ទុក​ជា​ទី​សំគាល់​ព្រមាន​ពួក​បះបោរ ដើម្បី​បញ្ឈប់​ពួក​គេ​អោយ​លែង​រអ៊ូរទាំ ហើយ​កុំ​អោយ​ពួក​គេ​ត្រូវ​ស្លាប់»។ 26(១១) លោក​ម៉ូសេ​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក។

27(១២) ជន​ជាតិ​អ៊ីស្រាអែល​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «យើង​​​ខ្ញុំ​មុខ​ជា​ផុត​ដង្ហើម វិនាស​សូន្យ​ទាំង​អស់​គ្នា​មិន​ខាន! 28(១៣)​ ដ្បិត​អ្នក​ដែល​ចូល​ជិត​ព្រះពន្លា​របស់​ព្រះអម្ចាស់ នឹង​ត្រូវ​ស្លាប់។ តើ​យើង​ខ្ញុំ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ឬ?»។