ជំពូក ២៩

យញ្ញបូជា​សំរាប់​ថ្ងៃ​បុណ្យ​ជយឃោសន៍

1 «នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំពីរ ត្រូវ​ជួបជុំ​គ្នា​ថ្វាយ បង្គំ​ព្រះអម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ជ័យឃោសន៍។ 2 ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ 3 ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​លាយ​នឹង​ប្រេង​ចំនួន​បី​ភាគ​ដប់​នៃ​អេផា សំរាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា សំរាប់​ចៀម​ឈ្មោល 4 និង​មួយ​ភាគ​ដប់​នៃ​អេផា សំរាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំពីរ។ 5 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​អោយ​អ្នក​រាល់​គ្នា 6 ថែម​ពី​លើ​តង្វាយ​ដុត​ ប្រចាំ​ខែ និង​តង្វាយ​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ ដូច​មាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា។ នេះ​ជា​យញ្ញបូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់»។

យញ្ញបូជា​សំរាប់​ថ្ងៃ​បុណ្យ​រំដោះ​បាប

7 «នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ ​ទី​ប្រាំពីរ​នេះ ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអម្ចាស់ ហើយ​តម​អាហារ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ។ 8 ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំពីរ មក​ថ្វាយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ 9 ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង សំរាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា សំរាប់​ចៀម​ឈ្មោល 10 និង​មួយ​ភាគ​ដប់​នៃ​អេផា សំរាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំពីរ។ 11 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​ មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​សុំ​រំដោះ​បាប តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។

យញ្ញបូជា​សំរាប់​បុណ្យ​បារាំ

12 «នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ ក្នុង​ខែ​ទី​ប្រាំពីរ ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអម្ចាស់ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ គឺ​ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះអម្ចាស់​ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ។ 13 ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ ដប់​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ចំនួន​ដប់បួន មក​ថ្វាយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ 14 ​ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ ​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សំរាប់​គោ​នីមួយៗ ក្នុង​ចំណោម​គោ​ទាំង​ដប់​បី ពីរ​ភាគ​ដប់​នៃ​អេផា សំរាប់​ចៀម​ឈ្មោល​នីមួយៗ ក្នុង​ចំណោម​ចៀម​ឈ្មោល​ទាំង​ពីរ 15 និង​មួយ​ភាគ​ដប់​នៃ​អេផា សំរាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ដប់បួន។ 16 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​ មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

17 នៅ​ថ្ងៃ​ទី​ពីរ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់ពីរ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់បួន 18 មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 19 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​ មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

20 នៅ​ថ្ងៃ​ទី​បី ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​មួយ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់បួន 21 មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ​ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 22 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​ មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

23 នៅ​ថ្ងៃ​ទី​បួន ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់បួន 24 មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 25 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​ មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

26 នៅ​ថ្ងៃ​ទី​ប្រាំ​ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​បួន ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់បួន 27 មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 28 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយជា​តង្វាយ​​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ថ្វាយ​ជា​មួយ។

29 នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់បួន 30 មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ​ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 31 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

32 នៅ​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំពីរ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់បួន 33 មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 34 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​ មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ។

35 នៅ​ថ្ងៃ​ទី​ប្រាំ​បី​ជា​ថ្ងៃ​បុណ្យ​ធំ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ។ 36 ត្រូវ​យក​គោ​ស្ទាវ​ ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។ 37 ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ 38 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​ មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

39 នេះ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះអម្ចាស់ ក្នុង​ឱកាស​ពិធី​បុណ្យ​ធំ​របស់​អ្នក​រាល់​គ្នា ថែម​ពី​លើ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ស្រា ព្រម​ទាំង​យញ្ញបូជា​មេត្រីភាព សំរាប់​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត»។