ជំពូក ២៦

ការ​ជំរឿន​ប្រជាជន​លើក​ទី​ពីរ

1 បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អេឡាសារ ជា​កូន​របស់​លោក​បូជាចារ្យ​អរ៉ុន​ថា៖ 2 «ចូរ​ជំរឿន​ប្រជាជន​ក្នុង ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ដោយ​គិត​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​អំបូរ​របស់​ពួក​គេ គឺ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​អាច​បំរើ​កងទ័ព​បាន​»។ 3 លោក​ម៉ូសេ និង​លោក​អេឡាសារ ក៏​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ដែល​នៅ​ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ 4 អោយ​ជំរឿន​ប្រជាជន​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ កូន​ចៅ​អ៊ីស្រាអែល ដែល​បាន​ចាក​ចេញ​មក​ពី​ស្រុក​អេស៊ីប មាន​ដូច​ត​ទៅ៖

5 កុលសម្ព័ន្ធ ​រូបេន: កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រាអែល​មាន: អំបូរ​ហេណុក ជា​ពូជពង្ស​របស់​លោក​ហេណុក អំបូរ​ប៉ាលូ​ជា​ពូជពង្ស​របស់​លោក​ប៉ាលូ 6 អំបូរ​ហេស្រូន​ជា​ពូជពង្ស​របស់​លោក​ហេស្រូន អំបូរ​កាមី​ជា​ពូជពង្ស​របស់​លោក​ការមី។ 7 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​រូបេន មាន​ចំនួន​ទាំង​អស់ ៤៣ ៧៣០ នាក់។ 8 កូន​របស់​លោក​ប៉ាលូ គឺ​អេលីយ៉ាប 9 កូន​របស់​លោក​អេលីយ៉ាប គឺ​នេមូអែល ដាតាន និង​អប៊ីរ៉ាម។ លោក​ដាតាន និង​លោក​អប៊ីរ៉ាម ជា​តំណាង​របស់​ប្រជាជន ហើយ​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ លើក​គ្នា​ប្រឆាំង​លោក​ម៉ូសេ និង​លោក​អរ៉ុន នៅ​គ្រា​ដែល​គេ​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់។ 10 ពេល​នោះ ផែនដី​បាន​បើក​ចំហ ហើយ​ស្រូប​ពួក​គេ​ជា​មួយ​លោក​កូរេ និង​បក្ស​ពួក ព្រម​ទាំង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ អស់​ពីរ​រយ​ហាសិប​នាក់ ទុក​ជា​ការ​ព្រមាន​ដល់​ប្រជាជន។ 11 ចំណែក​ឯ​កូន​ចៅ​របស់​លោក​កូរេ​ពុំ​បាន​ស្លាប់​ទេ។

12 កូន​ចៅ​ របស់​លោក​ស៊ីម៉ូន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​នេមូអែល ជា​ពូជពង្ស​របស់​លោកនេមូអែល អំបូរ​យ៉ាមីន​ជា​ពូជពង្ស​របស់​លោក​យ៉ាមីន អំបូរ​យ៉ាគីន​ជា​ពូជពង្ស​របស់​លោក​យ៉ាគីន 13 អំបូរ​សេរ៉ាជា​ពូជពង្ស​របស់​លោក​សេរ៉ា អំបូរ​សាអ៊ូល​ជា​ពូជពង្ស​របស់​លោក​សាអ៊ូល។ 14 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​ស៊ីម៉ូន មាន​ចំនួន​ទាំង​អស់ ២២ ២០០ នាក់។

15 កូន​ចៅ​ របស់​លោក​កាដ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេផូន​ជា​ពូជពង្ស​របស់​លោក​សេផូន អំបូរ​ហាគី​ជា​ពូជពង្ស​របស់​លោក​ហាគី អំបូរ​ស៊ូនី​ជា​ពូជពង្ស​របស់​លោក​ស៊ូនី 16 អំបូរ​អូសនី​ជា​ពូជពង្ស​របស់​លោក​អូសនី អំបូរ​អេរី​ជា​ពូជពង្ស​របស់​លោក​អេរី។ 17 អំបូរ​អរ៉ូដ ជា​ពូជពង្ស​របស់​លោក​អរ៉ូដ អំបូរ​អរេលី​ជា​ពូជពង្ស​របស់​លោក​អរេលី។ 18 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​កាដ ដែល​គេ​ជំរឿន​បាន ៤០ ៥០០ នាក់។

19 កូន​របស់​លោក​យូដា​ មាន​អ៊ែរ និង​អូណាន ក៏​ប៉ុន្តែ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ស្រុក​កាណាន។ 20 កូន​ចៅ​ឯ​ទៀតៗ​របស់​លោក ​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេឡា​ជា​ពូជពង្ស​របស់​លោក​សេឡា អំបូរ​ពេរេស ជា​ពូជពង្ស​របស់​លោក​ពេរេស អំបូរ​សេរ៉ា​ជា​ពូជពង្ស​របស់​លោក​សេរ៉ា។ 21 កូន​ចៅ​របស់​ពេរេស គឺ​អំបូរ​ហេស្រុន​ជា​ពូជពង្ស​របស់​លោក​ហេស្រូន អំបូរ​ហាមូល ជា​ពូជពង្ស​របស់​លោក​ហាមូល។ 22 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​យូដា ដែល​គេ​ជំរឿន​បាន ៧៦ ៥០០ នាក់។

23 កូន​ចៅ​របស់​លោក​អ៊ីសាការ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​តូឡា​ ជា​ពូជពង្ស​របស់​លោក​តូឡា អំបូរ​ពូវ៉ា​ជា​ពូជពង្ស​របស់​លោក​ពូវ៉ា 24 អំបូរ​យ៉ាស៊ូប ជា​ពូជពង្ស​របស់​លោក​យ៉ាស៊ូប អំបូរ​ស៊ីមរ៉ូន​ជា​ពូជពង្ស​របស់​លោក​ស៊ីមរ៉ូន។ 25 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​អ៊ីសាការ ដែល​គេ​ជំរឿន​បាន ៦៤ ៣០០ នាក់។

26 កូន​ចៅ​ របស់​លោក​សាប៊ូឡូន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេរ៉េដ​ជា​ពូជពង្ស​របស់​លោក​សេរ៉េដ អំបូរ​អេឡូន​ជា​ពូជពង្ស​របស់​លោក​អេឡូន អំបូរ​យ៉ាហែល​ជា​ពូជពង្ស​របស់​លោក​យ៉ាហែល។ 27 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​សាប៊ូឡូន ដែល​គេ​ជំរឿន​បាន ៦០ ៥០០ នាក់។

28 កូន​ចៅ​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ គឺ​ម៉ាណាសេ និង​អេប្រាអ៊ីម។

29 កូន​ចៅ​ របស់​លោក​ម៉ាណាសេ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូ​រ​ម៉ាកៀរ​ជា​ពូជពង្ស​របស់​លោក​ម៉ាកៀរ។ កូន​របស់​លោក​ម៉ាកៀរ គឺ​លោក​កាឡាដ ដែល​ជា​បុព្វ​បុរស​របស់​អំបូរ​កាឡាដ។ 30 កូន​ចៅ​របស់​លោក​កាឡាដ​មាន: អំបូរ​យេស៊ែរ ជា​ពូជពង្ស​របស់​លោក​យេស៊ែរ អំបូរ​ហេឡេក​ជា​ពូជពង្ស​របស់​លោក​ហេឡេក 31 អំបូរ​អាស់រីអែល​ជា​ពូជពង្ស​របស់​លោក​អាស់រីអែល អំបូរ​ស៊ីគែម​ជា​ពូជពង្ស​របស់​លោក​ស៊ីគែម 32 អំបូរ​សេមីដា​ជា​ពូជពង្ស​របស់​លោក​សេមីដា អំបូរ​ហេភែរ​ជា​ពូជពង្ស​របស់​លោក​ហេភែរ។ 33 លោក​សេឡូផាត​ដែល​ ត្រូវ​ជា​កូន​របស់​លោក​ហេភែរ គ្មាន​កូន​ប្រុស​ទេ គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​របស់​លោកសេឡូផាត​មាន: ម៉ាឡា ណូអា ហូក្លា មីលកា និង​ទៀរសា។ 34 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ ដែល​គេ​ជំរឿន​បាន ៥២ ៧០០ នាក់។

35 កូន​ចៅ​ របស់​លោក​អេប្រាអ៊ីម តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ស៊ូតេឡា​ជា​ពូជពង្ស​របស់​លោក​ស៊ូតេឡា អំបូរ​បេគែរ​ជា​ពូជពង្ស​របស់​លោក​បេគែរ អំបូរតាហាន​ជា​ពូជពង្ស​របស់​លោក​តាហាន។ 36 កូន​ចៅ​របស់​លោក​ស៊ូតេឡា​មាន: អំបូរ​អេរ៉ាន​ជា​ពូជពង្ស​របស់​លោក​អេរ៉ាន។ 37 អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម ដែល​គេ​ជំរឿន​បាន ៣២ ៥០០ នាក់។

38 កូន​ចៅ​ របស់​លោក​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូ​រ​បេឡា​ជា​ពូជពង្ស​របស់​លោក​បេឡា អំបូរ​អាសបែល​ជា​ពូជពង្ស​របស់​លោក​អាសបែល អំបូរ​អេហ៊ីរ៉ាម​ជា​ពូជពង្ស​របស់​លោក​អេហ៊ីរ៉ាម។ 39 អំបូរ​ស៊ូឡាម​ជា​ពូជពង្ស​របស់​លោក​ស៊ូឡាម អំបូរ​ហ៊ូផាម​ជា​ពូជពង្ស​របស់​លោក​ហ៊ូផាម។ 40 កូន​ចៅ​របស់​លោក​បេឡា​មាន​លោក​អាដ និង​ណាម៉ាន។ អំបូរ​អាដ​ជា​ពូជពង្ស​របស់​លោក​អាដ អំបូរ​ណាម៉ាន​ជា​ពូជពង្ស​របស់​លោក​ណាម៉ាន។ 41 អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​ដែល​គេ​ជំរឿន​បាន ៤៥ ៦០០ នាក់។

42 កូន​ចៅ​ របស់​លោក​ដាន់ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរស៊ូហាំ​ជា​ពូជពង្ស​របស់​លោកស៊ូហាំ។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​ដាន់​តាម​អំបូរ​របស់​ពួក​គេ។ 43 សរុប​អំបូរ​កូន​ចៅ​របស់​លោក​ស៊ូហាំ ដែល​គេ​ជំរឿន​បាន​មាន​ចំនួន ៦៤ ៤០០ នាក់។

44 កូន​ចៅ​ របស់​លោក​អស៊ែរ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យីមណា​ជា​ពូជពង្ស​របស់​លោក​យីមណា អំបូរ​យីសវី​ជា​ពូជពង្ស​របស់​លោក​យីសវី អំបូរ​បេរីយ៉ាជា​ពូជពង្ស​របស់​លោក​បេរីយ៉ា។ 45 កូន​ចៅ​របស់​លោក​បេរីយ៉ា​មាន​អំបូរ​ហេប៊ែរ​ជា​ពូជពង្ស​របស់​លោក​ហេប៊ែរ អំបូរ​ម៉ាល់គីអែល​ជា​ពូជពង្ស​របស់​លោក​​ម៉ាល់គីអែល។ 46 កូន​ស្រី​របស់​លោក​អស៊ែរ គឺ​នាង​សេរ៉ា។ 47 អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​អស៊ែរ តាម​អំបូរ​របស់​ពួក​គេ ដែល​គេ​ជំរឿន​បាន ៥៣ ៤០០ នាក់។

48 កូន​ចៅ​របស់​លោក​ណែបថាលី តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូ​រ​យ៉ាសេអែល​ជា​ពូជពង្ស​របស់​លោក​យ៉ាសេអែល អំបូរ​គូនី​ជា​ពូជពង្ស​របស់​លោក​គូនី 49 អំបូរ​យ៉ាស៊ែរ​ជា​ពូជពង្ស​របស់​លោក​យ៉ាស៊ែរ អំបូរ​ស៊ីឡែម​ជា​ពូជពង្ស​របស់​លោក​ស៊ីឡែម។ 50 អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​ណែបថាលី តាម​អំបូរ​របស់​ពួក​គេ​ដែល​គេ​ជំរឿន​បាន ៤៥ ៤០០ នាក់។

51 ចំនួន​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​គេ​បាន​ជំរឿន មាន​ទាំង​អស់ ៦០១ ៧៣០ នាក់។

52 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 53​ «ត្រូវ​​ចែក​ទឹក​ដី​អោយ​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទុក​ជា​កេរមត៌ក តាម​ចំនួន​របស់​ពួក​គេ 54 គឺ​កុលសម្ព័ន្ធ​ដែល​មាន ​គ្នា​ច្រើន​ត្រូវ​ចែក​ទឹក​ដី​អោយ​ច្រើន ហើយ​កុលសម្ព័ន្ធ​ដែល​មាន​គ្នា​តិច​ត្រូវ​ចែក​អោយ​តិច។ ត្រូវ​ចែក​ទឹក​ដី​អោយ​ពួក​គេ តាម​ចំនួន​ដែល​បាន​ជំរឿន។ 55 ប៉ុន្តែ ការ​បែង​ចែក​ទឹក​ដី​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត គឺ​កុលសម្ព័ន្ធ​នីមួយៗ​នឹង​ទទួល​ទឹក​ដី តាម​ឈ្មោះ​កុលសម្ព័ន្ធ​នៃ​បុព្វ​បុរស​របស់​ខ្លួន។ 56 ទឹក​ដី​នេះ​នឹង​ត្រូវ​ចែក​អោយ​ពួក​គេ តាម​ចំនួន​តិច ឬ​ច្រើន ដោយ​ការ​ចាប់​ឆ្នោត»។

57 ចំណែក​ឯ ​ពួក​លេវី​ដែល​បាន​ជំរឿន តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ: អំបូរ​គែរសូន ​ជា​ពូជពង្ស​របស់​លោក​គែសូន អំបូរ​គើហាត់​ជា​ពូជពង្ស​របស់​លោកគើហាត់ និង​អំបូរ​មេរ៉រី​ជា​ពូជពង្ស​របស់​លោក​មេរ៉ារី។ 58 រីឯ​អំបូរ​ឯ​ទៀតៗ​នៃ​ កូន​ចៅ​លេវី​មាន​អំបូរ​លីបនី អំបូរ​ហេប្រូន អំបូរ​ម៉ាលី អំបូរ​មូស៊ី និង​អំបូរ​កូរេ។ លោក​គើហាត់​ត្រូវ​ជា​ឪពុក​របស់​លោក​អាំរ៉ាម។ 59 ភរិយា​របស់​លោក​អាំរ៉ាម ​ឈ្មោះ​នាង​យ៉ូកេបិត ជា​កូន​របស់​លេវី​ដែល​កើត​នៅ​ស្រុក​អេស៊ីប។ នាង​បង្កើត​កូន​ជូន​លោក​អាំរ៉ាម​បី​នាក់ គឺ​លោក​អរ៉ុន លោក​ម៉ូសេ និង​នាង​មៀរីយ៉ាម ជា​បង​ស្រី​របស់​លោក។ 60 លោក​អរ៉ុន​បង្កើត​បាន​លោក​ណាដាប់ លោក​អប៊ីហ៊ូ លោក​អេឡាសារ និង​លោក​អ៊ីតាម៉ារ។ 61 លោក​ណាដាប់ និង​លោក​អប៊ីហ៊ូ បាន​ស្លាប់ នៅ​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ​ទៅ​ថ្វាយ​ព្រះអម្ចាស់។ 62 ចំនួន​ពួក​លេវី​ដែល​គេ​ បាន​ជំរឿន គិត​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ មាន​ចំនួន ២៣ ០០០ នាក់។ គេ​ពុំ​បាន​រាប់​ពួក​លេវី​បញ្ចូល​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ​ទេ ព្រោះ​ពួក​គេ​ពុំ​ត្រូវ​ទទួល​ចំណែក​ទឹក​ដី​ជា​កេរមត៌ក ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។

63 នេះ​ជា​ ចំនួន​ជន​ជាតិ​អ៊ីស្រាអែល​ដែល​លោក​ម៉ូសេ និង​បូជាចារ្យ​អេឡាសារ បាន​ជំរឿន នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។ 64 ក្នុង​ចំណោម​ជន​ជាតិ​ អ៊ីស្រាអែល​ទាំង​នេះ គ្មាន​នៅ​សល់​អស់​អ្នក​ដែល​លោក​ម៉ូសេ និង​បូជាចារ្យ​អរ៉ុន បាន​ជំរឿន​លើក​មុន នៅ​វាល​រហោស្ថាន​ស៊ីណៃ​ឡើយ 65 ដ្បិត​ព្រះអម្ចាស់​ បាន​ប្រកាស​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​វាល​រហោស្ថាន​ទាំង​អស់​គ្នា លើកលែង​តែ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ និង​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន​ប៉ុណ្ណោះ។