ជំពូក ២៥

ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់

1 ជន​ជាតិ​អ៊ីស្រាអែល​បោះ​ជំរំ​នៅ​ស៊ីទីម ហើយ​នៅ​ទី​នោះ ប្រជាជន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ជា​មួយ​ស្ត្រី​សាសន៍​ម៉ូអាប់។ 2 ស្ត្រី​ទាំង​នោះ​បបួល​ ប្រជាជន​អោយ​ទៅ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញបូជា ដល់​ព្រះ​របស់​ពួក​គេ។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​ជប់លៀង ហើយ​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ។ 3 ប្រជាជន​អ៊ីស្រាអែល​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាលពេអ៊រ ជា​ហេតុ​បណ្ដាល​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​ពួក​គេ។

4 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាប់​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​មក ហើយ​ព្យួរ​ក​ពួក​គេ​ហាល​ថ្ងៃ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ដើម្បី​ពង្វាង​ព្រះពិរោធ​របស់​ព្រះអម្ចាស់​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល»។ 5 លោក​ម៉ូសេ​មាន​ប្រសាសន៍​ ទៅ​កាន់​ពួក​ចៅក្រម​នៃ​ជន​អ៊ីស្រាអែល​ថា៖ «ចូរ​ប្រហារ​ជីវិត​ពួក​អ្នក​ដែល​ជំពាក់​ចិត្ត​នឹង​ព្រះ​បាលពេអ៊រ​ទៅ!»។

6 ពេល​នោះ មាន​បុរស​ម្នាក់​ជា​ជាតិ​អ៊ីស្រាអែល​បាន​នាំ​ស្ត្រី​សាសន៍​ម៉ាឌីយ៉ាន​ម្នាក់ ចូល​មក​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន នៅ​មុខ​លោក​ម៉ូសេ និង​នៅ​មុខ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ក្នុង​ពេល​ពួក​គេ​កំពុង​តែ​យំ​សោក​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ 7 ឃើញ​ដូច្នេះ លោក​ភីនេអាស ជា​កូន​របស់​លោក​អេឡាសារ ដែល​ត្រូវ​ជា​កូន​របស់​លោក​បូជាចារ្យ​អរ៉ុន ក៏​ក្រោក​ឡើង​នៅ​ចំពោះ​មុខ​សហគមន៍ ទាំង​កាន់​លំពែង​នៅ​ដៃ។ 8 គាត់​តាម​បុរស​នោះ​រហូត​ ដល់​ក្នុង​ពន្លា​របស់​គេ ហើយ​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ​នាក់ គឺ​បុរស​អ៊ីស្រាអែល និង​ស្ត្រី​នោះ​ធ្លាយ​ពោះ។ ដូច្នេះ គ្រោះ​កាច​ដែល​កើត​មាន​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ក៏​ស្ងប់​ទៅ​វិញ។ 9 គ្រោះ​​កាច​នេះ​បណ្ដាល​អោយ​មនុស្ស​ស្លាប់​ទាំង​អស់​ពីរ​ម៉ឺន​បួន​ពាន់​នាក់។

10 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 11 «ភីនេអាស ជា​កូន​របស់​អេឡាសារ ដែល​ជា​កូន​របស់​បូជាចារ្យ​អរ៉ុន បាន​សំដែង​ចិត្ត​ឈឺ​ចាប់​ជំនួស​យើង នៅ​ពេល​ឃើញ​អ៊ីស្រាអែល​ក្បត់​ចិត្ត​យើង។ ទោះ​បី​យើង​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​អ៊ីស្រាអែល​ក្បត់​ចិត្ត​យើង​ក្ដី ក៏​យើង​ពុំ​បាន​ប្រល័យ​ពួក​គេ​អោយ​វិនាស​សូន្យ​ដែរ ព្រោះ​ភីនេអាស​បាន​ពង្វាង​កំហឹង​របស់​យើង​ចេញ​ពី​ពួក​គេ។ 12 ហេតុ​នេះ ចូរ​ប្រាប់​ភីនេអាស​ថា​យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​គេ គឺ​សម្ពន្ធមេត្រី​ដែល​ផ្ដល់​សន្តិភាព។ 13 តាម​រយៈ​សម្ពន្ធមេត្រី​ នេះ យើង​តែងតាំង​ភីនេអាស និង​ពូជពង្ស​របស់​គេ អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ​រហូត​ត​ទៅ ព្រោះ​ភីនេអាស​មាន​ចិត្ត​ឈឺ​ចាប់​ជំនួស​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​រួច​ពី​បាប​ផង»។

14 បុរស​ អ៊ីស្រាអែល ដែល​លោក​ភីនេអាស​បាន​ប្រហារ​ជីវិត​រួម​ជា​មួយ​ស្ត្រី​សាសន៍​ម៉ាឌីយ៉ាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូន​របស់​លោក​សាលូ និង​ជា​មេ​ដឹក​នាំ​របស់​អំបូរ​មួយ​នៃ​កុលសម្ព័ន្ធ​ស៊ីម៉ូន។ 15 រីឯ​ស្ត្រី​សាសន៍​ ម៉ាឌីយ៉ាន ដែល​ត្រូវ​លោក​ភីនេអាស​សម្លាប់​នោះ ឈ្មោះ​នាង​កូសប៊ី ជា​កូន​របស់​លោក​សួរ ដែល​ជា​មេកន្ទ្រាញ​នៃ​អំបូរ​មួយ​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន។

16 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 17 «ចូរ​ចាត់​ទុក​ជន​ជាតិ​ម៉ាឌីយ៉ាន​ជា​បច្ចាមិត្ត ហើយ​វាយ​ប្រហារ​ពួក​គេ​ទៅ 18 ដ្បិត​ពួក​គេ​តាំង​ ខ្លួន​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដោយ​នាំ​អ្នក​រាល់​គ្នា​អោយ​វង្វេង ក្នុង​ព្រឹត្តិការណ៍​ដែល​កើត​មាន​នៅ​ពេអ៊រ និង​រឿង​នាង​កូសប៊ី ជា​កូន​របស់​មេ​ដឹក​នាំ​ម៉ាឌីយ៉ាន ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​កាច​នៅ​ពេអ៊រ​នោះ»។