ជំពូក ២២
ព្យាការីបាឡាម និងព្រះបាទបាឡាក់
1 ជនជាតិអ៊ីស្រាអែលចេញ ដំណើរពីទីនោះ ទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយខាងកើតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ 2 ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបពរ ជ្រាបអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តចំពោះជនជាតិអាម៉ូរី។ ៣ ជនជាតិម៉ូអាប់ភ័យខ្លាច ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រាអែល ដែលមានចំនួនដ៏ច្រើននេះ។ ៤ ពេលនោះ ជនជាតិម៉ូអាប់ពោលទៅកាន់ពួកចាស់ទុំនៃជនជាតិម៉ាឌីយ៉ានថា៖ «មនុស្សដ៏ច្រើននេះមុខជាបង្ហិនអ្វីៗដែលមាននៅជុំវិញពួកយើង ដូចគោស៊ីដំណាំនៅក្នុងចំការមិនខាន»។ នៅគ្រានោះ ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបពរ សោយរាជ្យនៅស្រុកម៉ូអាប់។
5 ព្រះបាទ បាឡាក់បានចាត់អ្នកនាំសារអោយទៅជួបលោកបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកភូមិពេទរ ដែលស្ថិតនៅមាត់ទន្លេ ជាស្រុកកំណើតរបស់លោក ប្រាប់ថា៖ «មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញស្រុក គឺពួកគេបោះជំរំនៅក្បែរទឹកដីរបស់យើង។ 6 ដូច្នេះ សូមលោកអញ្ជើញមកដាក់បណ្ដាសាជនជាតិនេះអោយយើងផង ព្រោះពួកគេខ្លាំងពូកែជាងយើង។ បើលោកដាក់បណ្ដាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ ហើយបណ្ដេញពួកគេចេញពីស្រុកនេះបាន ដ្បិតយើងដឹងថា ពេលលោកអោយពរអ្នកណា អ្នកនោះនឹងទទួលពរ តែបើលោកដាក់បណ្ដាសាអ្នកណា អ្នកនោះពិតជាត្រូវបណ្ដាសាមិនខាន»។
7 ចាស់ទុំរបស់ជនជាតិម៉ូអាប់ និងចាស់ទុំរបស់ជនជាតិម៉ាឌីយ៉ាន នាំគ្នាចេញដំណើរទៅ ទាំងនាំយកជំនូនសំរាប់ជូនគ្រូហោរទៅជាមួយផង។ ពួកគេបានទៅដល់ផ្ទះរបស់លោកបាឡាម ហើយរៀបរាប់ប្រាប់លោកនូវរាជឱង្ការរបស់ព្រះបាទបាឡាក់។ 8 លោកបាឡាមពោលថា៖ «សូមអស់លោកស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងជូនចម្លើយអស់លោកវិញ តាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមេដឹកនាំនៃជនជាតិម៉ូអាប់ក៏នាំគ្នាស្នាក់នៅក្នុងផ្ទះរបស់លោកបាឡាម។
9 ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «តើមនុស្សម្នាដែលស្នាក់នៅក្នុងផ្ទះរបស់អ្នកជានរណា?»។ 10 លោកបាឡាមទូល ព្រះជាម្ចាស់ថា៖ «ស្ដេចបាឡាក់ ជាបុត្ររបស់ស្ដេចស៊ីបពរដែលសោយរាជ្យនៅស្រុកម៉ូអាប់ បានចាត់ពួកគេអោយមកប្រាប់ទូលបង្គំថា 11 “មានជនជាតិមួយចេញ មកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញស្រុក។ ដូច្នេះ សូមលោកមកជួយដាក់បណ្ដាសាជនជាតិនេះអោយយើងផង។ បើលោកដាក់បណ្ដាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ និងបណ្ដេញពួកគេបាន”»។ 12 ព្រះជាម្ចាស់មាន ព្រះបន្ទូលមកកាន់លោកបាឡាមថា៖ «កុំទៅជាមួយពួកគេឡើយ ហើយក៏មិនត្រូវដាក់បណ្ដាសាប្រជាជននោះដែរ ដ្បិតយើងបានអោយពរពួកគេរួចហើយ!»។ 13 លោកបាឡាមក្រោកពីព្រលឹម ហើយមានប្រសាសន៍ទៅកាន់ពួកមេដឹកនាំដែលព្រះបាទបាឡាក់បានចាត់អោយ មកនោះថា៖ «សូមអស់លោកអញ្ជើញវិលទៅស្រុករបស់អស់លោកវិញចុះ ព្រះអម្ចាស់មិនអនុញ្ញាតអោយខ្ញុំទៅជាមួយអស់លោកទេ»។ 14 មេដឹកនាំរបស់ជនជាតិម៉ូអាប់នាំគ្នាវិលមកគាល់ព្រះបាទបាឡាក់វិញ ទូលថា៖ «លោកបាឡាមមិនព្រមមកជាមួយពួកយើងទេ»។
15 ព្រះបាទបាឡាក់បានចាត់មេដឹកនាំអោយទៅសាជាថ្មី មានគ្នាច្រើនជាងមុន និងមានយសស័ក្ដិខ្ពស់ជាងមុន។ 16 ពួកគេទៅដល់ផ្ទះ របស់លោកបាឡាម ជំរាបដូចតទៅ៖ «ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបពរ មានរាជឱង្ការថា “សូមអញ្ជើញមកជួបយើង កុំបីអាក់ខាន 17 ដ្បិតយើងបានលើក កិត្តិយសលោកច្រើនណាស់ ហើយបើលោកចង់បង្គាប់អ្វី យើងសុខចិត្តធ្វើតាមទាំងអស់ ដូច្នេះ សូមលោកអញ្ជើញមកជួយដាក់បណ្ដាសាជនជាតិនេះអោយយើងផង”»។
18 លោកបាឡាម ឆ្លើយទៅកាន់ពួកនាម៉ឺនមន្ត្រីរបស់ព្រះបាទបាឡាក់ថា៖ «ទោះបីព្រះបាទបាឡាក់ប្រទានមាស ឬប្រាក់ ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្ដី ក៏ខ្ញុំពុំអាចធ្វើការអ្វីតូច ឬធំ ខុសនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំជាដាច់ខាត។ 19 ឥឡូវនេះ សូមអស់លោកស្នាក់នៅជាមួយខ្ញុំមួយយប់សិន ខ្ញុំមុខជាដឹងអំពីសេចក្ដីដែលព្រះអម្ចាស់នឹងថ្លែងប្រាប់ខ្ញុំ»។ 20 នៅពេលយប់ ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «ដោយអ្នកទាំងនោះនាំគ្នាមកហៅអ្នកដូច្នេះ ចូរក្រោកឡើង ចេញដំណើរទៅជាមួយពួកគេចុះ។ ប៉ុន្តែ ត្រូវធ្វើតាមសេចក្ដីណាដែលយើងនឹងបង្គាប់អោយអ្នកធ្វើ»។
21 លោកបាឡាមក្រោកឡើងពីព្រលឹម លោករៀបចំកែបលា ចេញដំណើរទៅជាមួយពួកមេដឹកនាំរបស់ជនជាតិម៉ូអាប់។ 22 ពេលនោះ ព្រះជាម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ព្រោះលោកចេញដំណើរដូច្នេះ។ ទេវទូត*របស់ព្រះអម្ចាស់ឈររាំងផ្លូវរបស់លោក ដើម្បីជំទាស់នឹងលោក។ លោកបាឡាមជិះលាញីរបស់លោក ហើយមានអ្នកបំរើពីរនាក់រួមដំណើរជាមួយដែរ។ 23 លាញីបានឃើញទេវទូតរបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ទាំងកាន់ដាវផង។ លាក៏ងាកចេញពីផ្លូវ ទៅដើរនៅក្នុងចំការ។ លោកបាឡាមវាយលាអោយមកដើរតាមផ្លូវវិញ។ 24 ទេវទូតរបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ដែលមានចំការទំពាំងបាយជូរនៅសងខាង ហើយសងខាងផ្លូវមានរបង។ 25 លាញីឃើញទេវទូតរបស់ព្រះអម្ចាស់ វាក៏ងាកទៅជិតរបង ធ្វើអោយជើងរបស់លោកបាឡាមគាបទៅនឹងរបង។ លោកបាឡាមក៏វាយវាសាជាថ្មី។ 26 ទេវទូតរបស់ព្រះអម្ចាស់ទៅឆ្ងាយបន្តិច ត្រង់កន្លែងមានច្រកចង្អៀត ដែលពុំអាចវាងទៅស្ដាំ ឬទៅឆ្វេងឡើយ។ 27 លាឃើញទេវទូតរបស់ព្រះអម្ចាស់ វាក៏ក្រាបចុះ ធ្វើអោយលោកបាឡាមខឹងជាខ្លាំង ហើយយកដំបងវាយលា។ 28 ព្រះអម្ចាស់ធ្វើអោយលាញីនិយាយបាន វានិយាយទៅលោកបាឡាមថា៖ «តើខ្ញុំធ្វើអ្វីលោក បានជាលោកវាយខ្ញុំដល់ទៅបីដងដូច្នេះ?»។ 29 លោកបាឡាមតបទៅលាញីថា៖ «មកពីឯងមិនព្រមធ្វើតាមអញ! ប្រសិនបើអញមានដាវនៅដៃ នោះអញមុខជាសម្លាប់ឯងភ្លាម!»។ 30 លាញីតបថា៖ «ខ្ញុំជាលារបស់លោក ដែលលោកធ្លាប់ជិះគ្រប់ពេលវេលា រហូតមកទល់ថ្ងៃនេះ តើពីមុនៗមក ខ្ញុំធ្លាប់ធ្វើបែបនេះចំពោះលោកឬទេ?»។ លោកបាឡាមតបថា «ទេ!»។
31 ពេលនោះ ព្រះអម្ចាស់បំភ្លឺអោយលោកបាឡាមមើលឃើញទេវទូតរបស់ព្រះអម្ចាស់ដែលឈររាំងផ្លូវ ទាំងកាន់ដាវនៅដៃ លោកក៏ក្រាបចុះអោនមុខដល់ដី។ 32 ទេវទូតរបស់ព្រះអម្ចាស់ ពោលមកលោកថា៖ «ហេតុអ្វីបានជាលោកវាយលារបស់លោកដល់ទៅបីដងដូច្នេះ? ខ្ញុំបានចេញមកឃាត់លោក ដ្បិតផ្លូវដែលលោកតម្រង់ទៅនេះជាផ្លូវនាំអោយវិនាស។ 33 លាញីបានឃើញខ្ញុំ វាងាកចេញពីខ្ញុំដល់ទៅបីដង ប្រសិនបើវាមិនងាកចេញពីខ្ញុំទេនោះ ម៉្លេះសមខ្ញុំសម្លាប់លោក ហើយទុកជីវិតអោយវា»។ 34 លោកបាឡាមពោលទៅកាន់ទេវទូតរបស់ព្រះអម្ចាស់ ថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាប ដ្បិតខ្ញុំប្របាទពុំដឹងថា លោកម្ចាស់ស្ថិតនៅតាមផ្លូវពីមុខខ្ញុំប្របាទទេ។ ឥឡូវនេះ ប្រសិនបើលោកមិនពេញចិត្តអោយខ្ញុំប្របាទទៅទេ នោះខ្ញុំប្របាទបកក្រោយវិញ»។ 35 ទេវទូតរបស់ព្រះអម្ចាស់ ពោលមកកាន់លោកបាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនោះចុះ តែត្រូវនិយាយតាមសេចក្ដីដែលយើងប្រាប់អ្នកប៉ុណ្ណោះ»។ លោកបាឡាមក៏ទៅជាមួយពួកមេដឹកនាំរបស់ព្រះបាទបាឡាក់។
36 ព្រះបាទ បាឡាក់ជ្រាបថាលោកបាឡាមមកដល់ ស្ដេចក៏យាងចេញទៅទទួលលោកនៅក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអារណូន ក្បែរជាយដែន។ 37 ព្រះបាទបាឡាក់មាន រាជឱង្ការទៅកាន់លោកបាឡាមថា៖ «យើងបានចាត់គេអោយទៅអញ្ជើញលោក ហេតុអ្វីបានជាលោកមិនព្រមមកជួបយើង តើលោកស្មានថាយើងមិនអាចលើកកិត្តិយសលោកឬ?»។ 38 លោកបាឡាមទូលស្ដេច ថា៖ «ឥឡូវនេះ ទូលបង្គំមកគាល់ព្រះករុណាហើយ។ ក៏ប៉ុន្តែ ទូលបង្គំពុំអាចពោលពាក្យអ្វីផ្សេង ក្រៅពីព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់អោយទូលបង្គំថ្លែងនោះឡើយ»។ 39 លោកបាឡាមក៏ទៅជាមួយព្រះបាទបាឡាក់ រហូតដល់ក្រុងគៀរីយ៉ាត-ហ៊ូសូត។ 40 ព្រះបាទបាឡាក់បានយកគោ និងចៀម ធ្វើយញ្ញបូជា ហើយជូនសាច់ខ្លះទៅលោកបាឡាម ព្រមទាំងមេដឹកនាំដែលមកជាមួយលោក។
លោកបាឡាមអោយពរជនជាតិអ៊ីស្រាអែល
41 លុះព្រឹកឡើង ព្រះបាទបាឡាក់បាននាំលោកបាឡាមឡើងទៅបាម៉ុត-បាល។ នៅកន្លែងនោះ លោកអាចមើលឃើញប្រជាជនអ៊ីស្រាអែលមួយចំនួន។